អាជ្ញាធរ​រារាំង​អ្នក​បុរីកីឡា​មិន​ឱ្យ​ប្រារព្ធ​ខួប ៨​ឆ្នាំ នៃ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន

ដោយ ថន ថារ៉ូ
2020-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់ និង​បុរីកីឡា នាំ​គ្នា​មក​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
ក្រុម​ស្ត្រី​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់ និង​បុរីកីឡា នាំ​គ្នា​មក​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក Nim Chray

កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់ ហាមឃាត់​អ្នក​បុរី​កីឡា និង​អតីត​អ្នក​បឹងកក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ មិន​ឱ្យ​ប្រារព្ធ​ខួប ៨​ឆ្នាំ​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​បុរី​កីឡា ដែល​ពួកគាត់​រៀបចំ​ពិធី​សែន​ព្រេង នៅមុខ​រូប​សំណាក់​លោកយាយ​ពេញ ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំពេញ។ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី អ្នក​បុរី​កីឡា​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​ជា​ទឹកប្រាក់ ដែល​ពួកគាត់​អា​ចរក​ទិញ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​បាន។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស យល់ថា អាជ្ញាធរ​និង​ភាគី​ក្រុមហ៊ុន គួរ​ពន្លឿន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី ព្រោះ​ថា មក​ដល់​ពេលនេះ អ្នក​បុរីកីឡា ដែល​មិនទាន់​ទទួល​បាន​ដំណោះស្រាយ នៅសល់​ជាង ១០​គ្រួសារ​ប៉ុណ្ណោះ។

ក្នុង​ខួប ៨​ឆ្នាំ​នៃ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​បុរីកីឡា អ្នក​បុរីកីឡា ដែល​នៅ​សេសសល់ ១២​គ្រួសារ នាំគ្នា​ទៅ​រំលឹក​ព្រឹត្តិការណ៍​ហិង្សា​នោះ នៅមុខ​រូបសំណាក​យាយ​ពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា។ អ្នក​បុរីកីឡា​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​ពី​តំបន់​មាន​ជម្លោះ​ដីធ្លី ទៅ​ធ្វើ​នៅ​ក្បែរ​វត្តភ្នំ គឺ​ក្នុង​គោលបំណង​បួងសួង​ដល់​យាយ​ពេញ ឱ្យ​ជួយ​ពួកគាត់​ឆាប់​ទទួល​បាន​សំណង​ក្នុង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

ខណៈ​ពេល​ដែល​អ្នក​បុរី​កីឡា​កំពុង​រៀបចំ​លើក​បដា និង​សែន​ផ្លែ​ឈើ នៅ​ខាង​មុខ​រូប​សំណាក​យាយ​ពេញ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់ ចូល​ទៅ​ឆក់​យក​របស់​ទាំងអស់​ពី​ដៃ​អ្នក​បុរីកីឡា ដោយ​លើក​ហេតុផល​ថា ទីតាំង​មួយ​នេះ មិនមែន​ជា​កន្លែង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រឿង​ដីធ្លី​នោះ​ទេ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ភោគ សុភិន ថា ទង្វើ និង​សម្ដី​របស់​អាជ្ញាធរ​បែបនេះ រឹតតែ​ធ្វើ​ឱ្យ​ពួកគាត់​កាន់​ឈឺចាប់​មួយ​កម្រិត​ទៀត ក្នុង​រឿង​ដីធ្លី​ជាង ៨​ឆ្នាំ​កន្លង​ទៅ​នេះ ដោយ​គ្មាន​ទទួល​សំណង​ណាមួយ​នៅឡើយ៖ «ថ្ងៃនេះ ខ្ញុំ​ឈឺចាប់​។ ខ្ញុំ​មក​រក​លោកយាយ​ដូនពេញ ប្រាប់​ឱ្យ​គាត់​មក​ជួយ​ខ្ញុំ​ជា​ស្ត្រី ដែល​ធ្លាក់ខ្លួន​លេប​ថ្នាំ​ផ្លូវចិត្ត​គ្រប់គ្នា​អស់​រាល់ថ្ងៃ​នេះ​។ ហើយ​សម្រាប់​យួន​នេះ និយាយ​ប៉ះពាល់​បន្តិច ខាង​គណបក្ស​ប្រជាជន បែរ​គាត់​ថា​ខ្លាច​ប៉ះពាល់​ដល់​ជនជាតិ​វៀតណាម ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​។ ចុះ​ចំណែក​ខ្ញុំ​ជា​ខ្មែរ​ជា​ស្ត្រី​ដែល​រងគ្រោះ​ដីធ្លី ចំពោះ​ពួក​ខ្ញុំ​រាល់ថ្ងៃ រដ្ឋាភិបាល​មាន​គិតគូរ​ពី​ពួក​ខ្ញុំ​ទេ ដែល​នៅ​សេសសល់​។ ពួក​ខ្ញុំ​ជា​ស្ត្រី ឈឺចាប់​ប៉ុណ្ណា​។ ខ្ញុំ​ឈឺចាប់​ណាស់​ព្រឹក​មិញ​ដែល​គេ​រុញច្រាន​ខ្ញុំ​។ គេ​កញ្ឆក់​ផ្លែឈើ​ពី​ដៃ​ខ្ញុំ គេ​គំរាម​ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​ឈឺចាប់ ធ្វើ​ឱ្យ​ឈឺចាប់​កាន់តែ​ខ្លាំង​ឡើង​ៗ»

កាលពី​ឆ្នាំ​២០០៣ ដី​បុរី​កីឡា ដែល​មាន​ទំហំ​ជាង ១៤​ហិកតារ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ត្រូវ​បាន​រដ្ឋាភិបាល ធ្វើ​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច​របស់​អ្នកស្រី ស៊ុយ សុផាន ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម និង​សាងសង់​អគារ​លំនៅឋាន​អ្នក​បុរីកីឡា។ រដ្ឋាភិបាល​តម្រូវ​ឱ្យ​ភាគី​ក្រុមហ៊ុន​សាងសង់​អគារ​លំនៅឋាន​ចំនួន ១០​លើ​ផ្ទៃដី​ទំហំ ២​ហិកតារ ជូន​ប្រជាពលរដ្ឋ​បុរីកីឡា​ប្រមាណ​ជាង ១​ពាន់ ៧​រយ​គ្រួសារ ដើម្បី​ដោះដូរ​យក​ដី​ជាង ១២​ហិកតារ សម្រាប់​ធ្វើ​គម្រោង​អភិវឌ្ឍន៍​បុរីកីឡា។

នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​សង់​បានតែ ៨​អគារ ដោយ​ប្រកាស​ថា ខ្លួន​ក្ស័យធន គ្មាន​លទ្ធភាព​សាងសង់​អគារ​តាម​ការសន្យា​បាន​ទៀត​ឡើយ​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ៣៨០​គ្រួសារ គ្មាន​លំនៅឋាន​អចិន្ត្រៃយ៍ ដោយ​ត្រូវ​រស់នៅ​លើ​ដី​មាន​ជម្លោះ​។ ត្រង់​ចំណុច​នេះ ខាង​ក្រុមហ៊ុន ផាន អ៊ីមិច ក៏​ទទួល​បាន​ដី​បម្រុង​ទុក​សម្រាប់​សង់​អគារ​ចំនួន​ពីរ​ដែល​នៅសល់​បន្ថែម​ទៀត​។ អគារ​បុរី​កីឡា​ថ្មី​ដែល​ក្រុមហ៊ុន​សាងសង់​មាន​កម្ពស់​៦​ជាន់ អគារ​នីមួយៗ មាន​បន្ទប់​ស្នាក់នៅ​សរុប​១៧៤​បន្ទប់​។​

បច្ចុប្បន្ន​នេះ អគារ​ថ្មី​ទី​៩ និង​ទី​១០ នៅ​បុរី​កីឡា ក្លាយ​ជា​កន្លែង​ស្នាក់អាស្រ័យ​សម្រាប់​អ្នក​ចំណូល​ថ្មី​ជួល​នៅ ជា​ភោជនីយដ្ឋាន និង​ជា​យានដ្ឋាន​ជួសជុល​រថយន្ត ពោល​គឺ​គ្មាន​អ្នក​បុរី​កីឡា​មួយ​គ្រួសារ​ណា ទទួល​បាន​សិទ្ធិ​អាច​ឡើង​ទៅ​រស់នៅ​ក្នុង​អគារ​ទាំងនោះ​បាន​ឡើយ។

កាលពី​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​មករា ឆ្នាំ​២០១២ ករណី​បុរី​កីឡា​នេះ បាន​ផ្ទុះ​ជា​អំពើ​ហិង្សា នៅ​ពេល​ក្រុម​គ្រួសារ​នៅ​សេសសល់​ជាង ៣០០​គ្រួសារ ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង ពី​សំណាក់​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ព្រមទាំង​កងរាជអាវុធហត្ថ ដែល​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ករណី​នេះ។

សកម្មភាព​បណ្ដេញ​ចេញ​ទាំងនោះ ធ្វើឡើង​ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​ពលរដ្ឋ ប្រើ​ដំបង​ឆក់ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ។ ក្នុង​ពេល​បណ្ដេញ​ចេញ​នោះ ផ្ទះសម្បែង​ជាង ២០០​ខ្នង ត្រូវ​បាន​កម្ទេច ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រង​របួស និង​មួយ​ចំនួន​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ។​

ដោយ​មិន​មាន​ទីជម្រក​ច្បាស់លាស់ ក្រោយពី​ការ​បណ្ដេញ​ចេញ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​របស់​លោក កែប ជុតិមា បាន​បង្ខំ​ឱ្យ​អ្នក​បុរី​កីឡា ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​ដាច់ស្រយាល​ពីរ​កន្លែង​ផ្សេងគ្នា​។ មួយ​កន្លែង ស្ថិតនៅ​ទួល​សំបូរ ក្នុង​ឃុំ​ព្រៃវែង ចម្ងាយ ២៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មួយ​កន្លែង​ទៀត ស្ថិតនៅ​ភ្នំ​បាត ក្បែរ​ភ្នំ​ឧត្តុង្គ ចម្ងាយ​៤៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

អ្នក​បុរី​កីឡា​មួយ​ចំនួន​ខ្លះ ដែល​បាន​ទៅ​តាំង​លំនៅ​នៅ​ទីនោះ សម្រេច​នាំគ្នា​វិល​មក​រស់​នៅលើ​គំនរ​សំរាម តាម​អគារ​បុរី​កីឡា​ចាស់​វិញ ដោយសារ​ទីតាំង​ថ្មី គ្មាន​ភ្លើងអគ្គិសនី ទឹក​ស្អាត ប្រើប្រាស់ មន្ទីរពេទ្យ សាលារៀន នៅ​ស្ថិត​ឆ្ងាយ និង​គ្មាន​កន្លែងធ្វើការ​ងារ​រក​ប្រាក់ចំណូល​ជាដើម។

បច្ចុប្បន្ន ផ្ទៃដី​នៅ​បុរី​កីឡា​ជាង ១០​ហិកតារ ដែល​អាជ្ញាធរ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ កាលពី​ឆ្នាំ​២០១២ នោះ ត្រូវ​ជំនួស​មកវិញ ជា​ផ្ទះល្វែង និង​អគារ​ពាណិជ្ជកម្ម ឈ្មោះថា CEO KT Pacific ដែល​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ លី​ស៊ីន គ្រុប (LiXin Group) និង​ក្រុមហ៊ុន ខេ​ធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)​។​

ទាក់ទង​សំណង់​ថ្មី​នៅ​បុរី​កីឡា​នេះ គេហទំព័រ​អចលនទ្រព្យ​កម្ពុជា ចុះផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០១៨ បង្ហាញ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​ពាណិជ្ជកម្ម​មួយ​នេះ ដែល​មាន​កម្ពស់ ៣៣​ជាន់ ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧​មករា។

តាម​គម្រោង ក្រុមហ៊ុន​រំពឹង​ថា នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០ រួមមាន អគារ​លំនៅឋាន សាល​សន្និបាត​ពាណិជ្ជកម្ម​អន្តរជាតិ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ផ្សារ​ទំនើប កន្លែង​កម្សាន្ត និង​ភោជនីយដ្ឋាន។

ខណៈ​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សង់​អគារ​ទំនើប តំណាង​អ្នក​បុរី​កីឡា ១២​គ្រួសារ លោកស្រី ភោគ សុភិន ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សាលា​រាជធានី​ភ្នំពេញ ឱ្យ​ផ្ដល់​សំណង​ជា​សាច់ប្រាក់​ដល់​ពួកគាត់ ដើម្បី​អាច​រក​ទិញ​ផ្ទះ​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាន និង​មានឱកាស​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ដូច​ពលរដ្ឋ​ឯទៀត៖ «ខ្ញុំ​អំពាវនាវ​ដល់​មន្ត្រី​សាលាក្រុង និង​សម្ដេច ហ៊ុន សែន សូម​ឱ្យ​បញ្ចប់​ដីធ្លី​នៅ​បុរី​កីឡា​ចប់​ឆាប់​។ វា​មិន​មាន​អ្វី​ពិបាក​នៅសល់​ប៉ុណ្ណឹង រាប់​រយ​គ្រួសារ​គេ​ដោះស្រាយ​អស់ហើយ នៅ​ប៉ុណ្ណឹង​ដោះស្រាយ​បញ្ចប់​ទៅ គ្មាន​ប៉ុន្មាន​ទេ តម្លៃ​៥​ម៉ឺន​ដុល្លារ​ហ្នឹង​។ តែ​៥​ម៉ឺន ប៉ុណ្ណឹង​គ្មាន​តម្លៃ​ប៉ុន្មាន​ទេ​។ ៥​ម៉ឺន​វា​តិច​បំផុត​សម្រាប់​ពួក​ខ្ញុំ ព្រោះ​ផ្ទះសម្បែង​ពួក​ខ្ញុំ​មិនមែន​តម្លៃ​៥​ម៉ឺន​ទេ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាលរង​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា ដែល​ទទួល​ដោះស្រាយ​បញ្ហា​បុរី​កីឡា​បានទេ ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ ប៉ុន្តែ​លោក មាន ចាន់យ៉ាដា ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាលពី​កន្លងមក​ថា ការ​ផ្ដល់​ផ្ទះ​នៅ​ភូមិ​អណ្ដូង ជា​គោលការណ៍​មនុស្សធម៌ ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​មាន​លំនៅឋាន​ត្រឹមត្រូវ​។ អភិបាលរងក្រុង​រូប​នេះ បញ្ជាក់​ថា ខាង​រដ្ឋបាល​មិន​មាន​គោលនយោបាយ ឬ​លទ្ធភាព​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​នៅ​បុរី​កីឡា ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដូចដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ទេ។

ជុំវិញ​វិវាទ​ដីធ្លី​នៅ​បុរី​កីឡា​ចំ​កណ្ដាល​ក្រុងភ្នំពេញ​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួន​ពលរដ្ឋ ដែល​នៅ​សេសសល់ មិន​ច្រើន​នោះ​ទេ ដូច្នេះ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន គួរ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ដោយ​មិន​គួរ​បន្ត​អូស​បន្លាយ​តទៅទៀត៖ «បើ​តាម​ការ​សម្គាល់​មើល​ទៅ វា​អត់​មាន​អ្នកទទួលខុសត្រូវ​ច្បាស់លាស់​។ វា​មិន​ដឹង​ថា​យន្តការ​នៃ​ការ​ដោះស្រាយ​ហ្នឹង វា​នៅ​លើ​អ្នក​ណាមួយ ជា​អ្នក​សម្រេច​ច្បាស់លាស់ នៅ​លើ​ក្រុមហ៊ុន ឬ​នៅ​លើ​អាជ្ញាធរ​ទេ។ ហើយ​អាជ្ញាធរ​ហ្នឹង អ្នកណា​ជា​អ្នក​សម្រេច​ច្បាស់លាស់​។ សរុប​សេចក្ដី​មក រឿង​ហ្នឹង​វា​អត់​ចេះ​ចប់​ទេ​។ វា​ធ្វើ​ឱ្យ​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន ឈឺក្បាល​ទៅវិញ​ទេ ធ្វើការ​តែ​រឿង​ផ្សេងទៀត​មិន​អស់ ហើយ​នៅ​រង់ចាំ​ដោះស្រាយ​តែ​រឿង​ដីធ្លី មិនទាន់​ចប់​សព្វគ្រប់​ហ្នឹង​។ ហើយ​ចោទ​ប្រជាពលរដ្ឋ ចេះ​តែ​ធ្វើ​ការ​រំខាន ឬមួយ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬមួយ​ក៏​ញុះញង់ ឬក៏​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​អីចឹង​។ ហ្នឹង​គឺ​អត់​ត្រឹមត្រូវ​ទេ​។ ហ្នឹង​ជា​រឿង​មួយ​ដែល​អាជ្ញាធរ​និង​ក្រុមហ៊ុន ទទួលខុសត្រូវ​ដោះស្រាយ​ដូចគ្នា មិនមែន​តែ​អាជ្ញាធរ​ឬ​ក្រុមហ៊ុន​នោះ​ទេ»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ដល់​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន ឱ្យ​ពិចារណា​ចំពោះ​ការ​ផ្ដល់​ប្រាក់​សំណង និង​ដំឡើង​ប្រាក់​សំណង​ឱ្យ​បាន​សមស្រប​ទៅតាម​តម្លៃ​ដី​នា​ពេល​បច្ចុប្បន្ន​។ លើស​ពី​នេះ អាជ្ញាធរ​ក៏​មិន​ត្រូវ​ចាត់វិធានការ​ដោយ​បង្ខំ​ណាមួយ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា ដើម្បី​ទទួល​បាន​សំណង​សមរម្យ​ជាង​នេះ​ទេ ហើយ​ត្រូវ​គោរព​ដល់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល