អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ជូនដំណឹង​ដល់​ពលរដ្ឋ​រស់នៅ​តាម​ច្រាំងទន្លេ​ឱ្យ​រុះ​ផ្ទះ​ចេញ​ជាង ១០០​ខ្នង

ដោយ យន់ សាមៀន
2020-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ជូនដំណឹង​ជា​ថ្មី​ទៀត ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​ជាង ១០០​ខ្នង​ផ្ទះ​ថា ត្រូវ​រុះរើ​សំណង់​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​មេសា​ខាងមុខនេះ ដើម្បី​កែ​លម្អ​សោភ័ណភាព​ក្រុង និង​ការពារ​កុំ​ឱ្យ​បាក់​ច្រាំងទន្លេ​ប៉ះពាល់​ផ្លូវជាតិ​។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា អាជ្ញាធរ​មាន​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ចែក​ជូន​ពលរដ្ឋ​ទាំងនោះ។

អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​ថា ពលរដ្ឋ​ភាគច្រើន​ដែល​កំពុង​រស់នៅ​តាម​ច្រាំងទន្លេ​មេគង្គ និង​ទន្លេ​សេកុង បាន​យល់ព្រម​ចាកចេញ​ពី​ទីនោះ​ហើយ​។ លោក​ថា អាជ្ញាធរ​ក្រុង​កំពុង​ដោះស្រាយ​រឿង​នេះ ហើយ​ប្រសិនបើ​មាន​ពលរដ្ឋ​ណា​ជំទាស់​មិន​រុះរើ​ទេ អាជ្ញាធរ​នឹង​ព្យាយាម​ដោះស្រាយ​តាម​លទ្ធភាព​បន្ត​ទៀត​។ លោក​បញ្ជាក់​ថា ជំហរ​របស់​អាជ្ញាធរ​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវតែ​ចាកចេញ​ពី​ដី​ចំណី​ទន្លេ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​កែ​លម្អ​សោភ័ណភាព​ក្រុង​៖ «ជារួម​ចំណី​ទន្លេ គឺ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើការ​ចាកចេញ ពី​ចំណី​ទន្លេ​ហ្នឹង ព្រោះ​អី​វា​អាច​គ្រោះថ្នាក់ អាច​ពុំ​មាន​សុវត្ថិភាព ហើយ​អាច​ប៉ះពាល់​ដល់​សោភ័ណភាព​ក្នុង​ទីក្រុង​។ ចំពោះ​ពលរដ្ឋ​ភាគច្រើន​ក្នុង​នោះ ស្ទើរ​១០០​ភាគរយ បានសម្រេច​ចិត្ត​ទៅ​រស់នៅ​ទីតាំង​ថ្មី តាម​ការ​ដោះស្រាយ​សំណង​ជូន​ពួកគាត់ ដែល​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ហ្នឹង​ផ្ទាល់​ជាមួយ​ពួកគាត់​ហើយ​។ នៅសល់​ប៉ុន្មាន​ទៀត ពិភាក្សា​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី​ពួក​យើង​ស្នើ​ឱ្យ​ពួកគាត់​សម្រេចចិត្ត​រួមគ្នា ទៅ​ទាំងអស់​គ្នា ទៅ​រស់នៅ​ទីតាំង​ថ្មី»

លោក ម៉ែន គុង បន្ថែម​ថា អាជ្ញា​ធរមាន​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ពលរដ្ឋ​រួចហើយ គឺ​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង និង​ដី​មួយ​កន្លែង​ទៀត ឋិត​នៅ​តាម​ផ្លូវជាតិ​លេខ ៧៧​ចាស់ ក្នុង​ក្រុង​ស្ទឹងត្រែង។ លោក​បញ្ជាក់​ថា ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​នោះ អាជ្ញាធរ​បាន​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រួចហើយ។

នេះ​ពុំ​មែន​ជា​លើកទីមួយ​ទេ ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជូនដំណឹង​ឱ្យ​ពលរដ្ឋ ដែល​រស់​នៅ​តាម​ចំណី​មាត់ទន្លេ មាន​ចំនួន ១៣៩​ខ្នង​ផ្ទះ ឱ្យ​រុះរើ​ផ្ទះ​ចេញ ក្នុង​បំណង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​កែ​លម្អ​សោភ័ណភាព​បរិស្ថាន​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏​នៅ​គ្មាន​លទ្ធផល​ជា​វិជ្ជមាន​នៅឡើយ​។ ពលរដ្ឋ​រស់នៅ​ទីនោះ​ជាង ២០​ឆ្នាំ​មក​ហើយ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ​ខ្មែរ ប្រកបមុខរបរ​នេសាទ​ត្រី ចិញ្ចឹម​ត្រី ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត និង​កែច្នៃ​គ្រឿង​សង្ហារិម។

កាល​ពី​ពេល​កន្លងទៅ ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ដី​ចំណី​ទន្លេ ក្នុង​ភូមិ​បាចុង សង្កាត់​ព្រះបាទ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ពួកគេ​មិន​ជំទាស់​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​រុះរើ​ផ្ទះ​ទៅ​តាំងទី​លំនៅ​ថ្មី​នោះ​ឡើយ​។ ជនជាតិ​វៀតណាម​សុំ​មិន​បញ្ចេញ​ឈ្មោះថា ពួកគាត់​មិន​អាច​រស់នៅ​តំបន់​ដាច់ស្រយាល​បានទេ ព្រោះ​លំបាក​រកស៊ី ហើយ​ការដែល​រស់នៅ​តាម​មាត់​ទន្លេ​ងាយស្រួល​នេសាទ​ត្រី​ចិញ្ចឹមជីវិត​ជាដើម​៖ ៖ «បើ​គេ​ព្រម​ឱ្យ​យើង​មាន​ភ្លើង​ទឹក​គ្រប់គ្រាន់ កន្លែង​ណា​ក៏​ទៅ​ដែរ បើ​ថា​ដូច​មុន​ដេញ​ទទេៗ មិន​ដឹង​នៅ​ណា​ទេ​។ បើ​យើង​លើក​ទៅ គេ​ឱ្យ​លុយ​បន្តិចបន្តួច​ក៏បាន​ដែរ»

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក សុខ វាសនា ចាត់​ទុក​ការ​បណ្ដែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​រស់នៅ​លើ​ដី​ចំណី​មាត់ទន្លេ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុវត្ថិភាព​បរិស្ថាន និង​ទឹកទន្លេ​មេគង្គ​។ លោក​ថា ពលរដ្ឋ​រស់នៅ​ទីនោះ តែងតែ​ចោល​កាកសំណល់​រឹង​រាវ សំរាម​ថង់​ប្លាស្ទិក និង​បន្ទោបង់​ចូល​ទន្លេ​ជាដើម ដែល​បង្ក​ផល​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ប្រើប្រាស់​ទឹកទន្លេ​នោះ​។ លោក​សង្ឃឹមថា វិធានការ​របស់​អាជ្ញាធរ​ជាថ្មី​នេះ នឹង​ទទួល​លទ្ធផល​ជា​វិជ្ជមាន តម្លាភាព និង​គ្មាន​អំពើពុករលួយ​៖ «សង្ឃឹមថា យន្ត​ការ​លើក​ក្រោយនេះ​នឹង​ធ្វើ​បាន​ទទួល​ជោគជ័យ​ចុះ ប៉ុន្តែ​អ្វី​ដែល​យើង​សង្កេត​មក វា​មិនមែន​ជា​រឿង​ដំបូង ឬក៏​រឿង​ថ្មី​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​ឮ​ព័ត៌មាន​ហ្នឹង​ទេ​។ ប៉ុន្តែ​ប្រសិនជា​អាណត្តិ​នេះ​អាជ្ញាធរ​ខេត្ត​ឬ​ក្រុង គាត់​មាន​ឆន្ទៈ​ដោះស្រាយ​បាន​ជា​ការ​ល្អ​ប្រសើរ​បំផុត។ ប្រសិនជា​យើង​ទុក​នៅ​អ៊ីចឹង យើង​មើល​ទៅ​ទី​១ សោភ័ណភាព​យើង​គិត​ហើយ ទី​២​បរិស្ថាន ហើយ​ទី​៣​ទៀត ដូចជា​សំណង់​អនាធិបតេយ្យ​មួយ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់ថា អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ច្បាស់លាស់​ដោះស្រាយ​រឿង​នេះ និង​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ប្រសិនបើ​រក​ឃើញ​ថា មាន​ជនជាតិ​វៀតណាម​រស់នៅ​ទីនោះ​ខុសច្បាប់​។ លោក​ពន្យល់​ថា ទីតាំង​មាត់ទន្លេ និង​លើ​ផ្ទៃ​ទឹកទន្លេ គឺជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ មិន​អាច​មាន​មនុស្ស​មួយ​ក្រុម​រស់នៅ​ជា​កម្មសិទ្ធិ​បានទេ ហើយ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​បរិស្ថាន និង​គុណភាព​ទឹក​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ គោរព​សិទ្ធិមនុស្ស និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្រីក្រ​៖ «អាជ្ញាធរ​គួរតែ​ស្រាវជ្រាវ​មើល តើ​ជនជាតិ​វៀតណាម​មក​ឆ្នាំ​ណាៗ អ្នកខ្លះ​មាន​លិខិត​អី​?​ហើយ​គាត់​សំអាង​អី​ដែល​គាត់​រស់នៅ​បែប​ហ្នឹង គឺជា​ការរស់នៅ​មួយ​ខុសច្បាប់​អន្តោប្រវេសន៍ យើង​អាច​បញ្ជូន​គាត់​ទៅវិញ​ទៅ កុំ​ឱ្យ​គាត់​រស់នៅ​តាម​ដង​ទន្លេ​បែប​ហ្នឹង​ទៀត ដែល​វា​បង្ហាញ​ពី​ភាព​បរិស្ថាន​ទឹក​មិន​ស្អាត​។ ក្នុង​ការ​រស់នៅ​លើទឹក​របស់​ពួកគាត់ មិន​មាន​អនាម័យ​ទេ គាត់​ប្រើប្រាស់​ទឹក​ហ្នឹង ហើយ​គាត់​បត់ជើង​ចូល​ក្នុង​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ពលរដ្ឋ រស់​នៅ​តាម​ច្រាំងទន្លេ និង​លើ​ផ្ទៃ​ទឹកទន្លេ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺជា​ទង្វើ​ខុសច្បាប់ មិន​ត្រឹមតែ​ប៉ះពាល់​សុវត្ថិភាព​បរិស្ថាន និង​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ គឺ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នៃ​ការគ្រប់គ្រង​បរិស្ថាន និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ របស់​អាជ្ញាធរ​ខេត្ត​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល