ពលរដ្ឋ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ថា កាយ​ដី​ពលរដ្ឋ​លក់​ក្រោម​លេស​អភិវឌ្ឍ

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង អះអាង​ថា អាជ្ញាធរ​បាន​កាយ​ដី​ភូមិ​របស់​គាត់​យក​ទៅ​លក់​ក្រោម​ហេតុផល​ស្ដារ​អូរ​ធម្មជាតិ ដែល​បណ្ដាល​ឱ្យ​ដី​របស់​គាត់​រួម​តូច ប៉ះពាល់​ដល់​ការ​ដាំ​ដំណាំ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា គម្រោង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​អាជ្ញាធរ​នៅ​ទីនោះ​មិន​សម​ហេតុផល។

ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល ចោទ​អាជ្ញាធរ​នៅ​តំបន់​នោះ​ថា​បាន​កាយ​យក​ដី​ភូមិ​របស់​ពួកគាត់ ដែល​នៅ​ជាប់​អូរ​ធម្មជាតិ​នោះ យក​ទៅ​លក់ ក្រោម​លេស​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ។

ពលរដ្ឋ​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល លោកស្រី ប៊ិត ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១០ វិច្ឆិកា ថា កាល​ពី​ដើម​ឆ្នាំ២០២៣ អាជ្ញាធរ​ឃុំ​អូរតាគី និង​មន្ត្រី​របស់​មន្ទីរ​ធនធាន​ទឹក បាន​ដក​បង្គោល​ព្រំ​ដី​ខាងក្រោយ​ផ្ទះ​របស់​លោកស្រី និង​កាយ​យក​អាចម៍ដី អស់​ជាង​ពាក់កណ្ដាល ក្រោម​លេស​ថា ដើម្បី​ស្ដារ​អូរ។ ក៏ប៉ុន្តែ លោកស្រី ថា ការ​លើកឡើង​របស់​អាជ្ញាធរ មិន​ពិត​នោះ​ទេ ព្រោះ​ទម្រង់​ផ្ទៃដី​ដែល​អាជ្ញាធរ​កាយ មាន​ទំហំ​ធំ​ក្លាយជា​បឹង ដែល​ប៉ះពាល់​ដល់​ដី​កសិកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ស្រី​មាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ។

លោកស្រី ប៊ិត ពៅ៖ «កាល​ហៅ​បង​(​លោកស្រី ប៊ិត ពៅ​)ទៅ​ប្រជុំ​ហ្នឹង គេ​ថា បើ​បង​រករឿង​គេ ទៅ​នៅ​ឯណា ក៏​ទៅ​ទៅ​!ប៉ុន្តែ​បើ​គេ​អត់​រករឿង ទុក​ឱ្យ​គេ​ធ្វើតាម​អំពើ​ចិត្ត​គេ គេ​ឱ្យ​នៅ​លើ​ទំនប់​សំណង់ គេ​និយាយ​អ៊ីចឹង។ ដល់​ពេល​មក​ដល់​ថ្ងៃ​ប្រព្រឹត្តិ លេង​មក​លួច​ដក​របង។ ដក​បង្គោលរបង​ច្រើនណាស់ ដក​អស់​ហើយ ប៉ុន្មាន​សារ​អស់​រលីង​។ គ្នា​គេ​គប់គិត​គ្នា​ច្រើន​ណាស់ មក​លួច​ដក គេ​ថត​បាន​ឱ្យ​បង»។

រូបភាព​ចាប់ពី​ផ្កាយរណប (Google Earth) ក្នុង​ពេល​បច្ចុប្បន្ន ធៀប​នឹង​ឆ្នាំ​២០២១ ដី​ក្រោយ​ផ្ទះ​លោកស្រី ប៊ិត ពៅ និង​ពលរដ្ឋ​ដទៃទៀត ជិត ២០​គ្រួសារ ដែល​នៅ​ក្បែរ​នោះ បាន​បាត់បង់​ក្លាយ​ទៅ​ជា​ផ្ទៃ​បឹង​យ៉ាង​ធំ ខណៈ​លោកស្រី​នៅ​សល់តែ​ដី​ផ្ទះ​ប្រហែល ៣០​ម៉ែត្រ​ប៉ុណ្ណោះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ មេភូមិ​ត្រស់ លោក ហឿន សាលួត ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​មិន​បាន​កាយ​ដី​ឯកជន របស់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ការ​កាយ​ដី ដែល​លោក​អះអាង​ថា ដើម្បី​ស្ដារ​អូរ​នោះ គឺ​អាជ្ញាធរ​បាន​វាស់ដី​ចំណែក​របស់​រដ្ឋ ពី​មាត់​អូរ​ប្រវែង ៤០​ម៉ែត្រ​ដោយ​មិន​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ឡើយ។

លោក ហឿន សាលួត៖ «អូរ​វា​មាន​ទម្រង់​របស់​វា​ហើយ ប៉ុន្តែ​គេ​កាយ​ប្រប​កៀន​ហ្នឹង ទីណា​គេ​អាច​កាយ​បាន គេ​កាយ​ទី​ហ្នឹង​ទៅ»។

ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​ដែល​រស់នៅ​ជាប់​អាង​ស្តុក​ទឹកអូរ​តា​គី លើកឡើង​ថា អាជ្ញាធរ​យក​លេស ស្ដារ​អូរតាគី​នេះ ដើម្បី​កាយ​យក​អាចម៍ដី​លក់ ព្រោះ​ទីតាំង​ដែល​អាជ្ញាធរ​កាយ មាន​លក្ខណៈ​ឆក រដិបរដុប គឺ​មិនមែន​ជា​ការ​ស្ដារ​យក​ជម្រៅ ឬ​ពង្រីក​នោះ​ឡើយ ហើយ​ការ​កាយ​ដី​នេះ មាន​ប្រវែង ៧០​ម៉ែត្រ ពី​មាត់​អូរ ដែល​លើស​ពី​ការ​បកស្រាយ​របស់​អាជ្ញាធរ។ ក្នុង​នោះ មាន​ពលរដ្ឋ​ជិត ២០​គ្រួសារ​ផ្សេងទៀត ក៏​ទទួលរង​ពី​ផល​ប៉ះពាល់​ពី​ការ​កាយ​ដី​នៅ​តាម​មាត់​អូរតាគី នេះ​ដូចគ្នា។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​កម្ម​វិធី​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា គម្រោង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ធ្វើ​ទ្វារ​ទឹក​នៅ​លើ​ដី​លោកស្រី ប៊ិត ពៅ គឺជា​រឿង​មិន​សម​ហេតុផល និង​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ចេតនា​របស់​អាជ្ញាធរ​ដែល​ចង់​រំលោភ​យក​ដី​ពលរដ្ឋ ខណៈ​ជនរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ម្នាក់ឯង។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​ដល់​លោកស្រី ប៊ិត ពៅ ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ភាព​យុត្តិធម៌ និង​សំណង​ឱ្យ​បាន​សមស្រប​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​បាត់បង់។

លោក អ៊ិន គង់ជិត៖ «អ៊ីចឹង​ត្រូវ​ផ្ដល់​សំណង​ឱ្យ​គាត់​ទៅ ហើយ​បើ​មិន​ផ្ដល់​សំណង​ទេ គឺ​ត្រូវ​រក​ដី​ណា​សមរម្យ ដី​កសិកម្ម​ណា​ទំនេរ​សមរម្យ ប៉ះប៉ូវ​ឱ្យ​គាត់​វិញ​ទៅ​។ គិតថា​អាជ្ញាធរ​គាត់​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ហើយ ប៉ុន្តែ​កន្លែង​ហ្នឹង វា​អត់​គួរ​ត្រូវធ្វើ​ផង​។ វា​មាន​ទ្វារ​ទឹក​មួយ​ធំ​ទៅ​ហើយ​ហ្នឹង​។ ត្រូវតែ​ដោះស្រាយ​ឱ្យ​គាត់ ប្រកបដោយ​ភាព​យុត្តិធម៌​ដើម្បី​ឱ្យ​គាត់​មាន​អារម្មណ៍​ស្ងប់ចិត្ត ដែល​គាត់​ជា​ស្ត្រី​មាន​ជំងឺ​ផង ជា​ស្ត្រី​មេម៉ាយ​ផង ហើយ​ទៅ​ធ្វើ​អ៊ីចឹង វា​ធ្វើបាប​គាត់​ខ្លាំងក្លា​មែនទែន»។

ពលរដ្ឋ​រងគ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រាល់​គម្រោង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​មិន​ត្រូវ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដោយ​គ្មាន​សំណង និង​គ្មាន​ដំណោះស្រាយ​បែបនេះ​ឡើយ បើ​ពុំ​នោះ​ទេ នឹង​មានការ​រិះគន់​ថា អាជ្ញាធរ​ជា​ជន​ឆ្លៀតឱកាស​កេង​ចំណេញ​លើ​ពលរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។