អ្នក​បឹងកក់​ក្រុម​២៤​គ្រួសារ​ស្នើសុំ​សាលា​ក្រុង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់

ដោយ ប្រាជ្ញ ចេវ
2017-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ ក្រុម ២៤​គ្រួសារ ស្នើសុំ​ប្លង់​កម្មសិទ្ធិ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្នើសុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដល់​ពួក​គេ នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ​២០១៧។
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ ក្រុម ២៤​គ្រួសារ ស្នើសុំ​ប្លង់​កម្មសិទ្ធិ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្នើសុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដល់​ពួក​គេ នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Rann Samnang

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ ក្រុម ២៤​គ្រួសារ​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់ នាំ​គ្នា​ទៅ​ទាមទារ​បី​ចំណុច​ធំៗ គឺ​ស្នើសុំ​ប្លង់​កម្មសិទ្ធិ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្នើសុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដល់​ពួក​គេ។ ការ​ទាមទារ​របស់​ពលរដ្ឋ​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​ជា​លើក​ទី​ពីរ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​តំបន់​បឹងកក់។

មួយ​ថ្ងៃ​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​អភិបាល​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ ក្រុម​ពលរដ្ឋ​ដែល​សាលា​ក្រុង​ដោះស្រាយ​មិន​ទាន់​ចប់​រួច​រាល់​នោះ លើក​សំណើ​ជា​ថ្មី​ដើម្បី​សុំ​ឲ្យ​សាលា​ក្រុង​ពន្លឿន​ដោះស្រាយ​បញ្ហា​ផ្លូវ ទឹក ភ្លើង លូ និង​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​ដែល​អូស​បន្លាយ​នា​ពេល​កន្លង​ទៅ។

តំណាង​ក្រុម​ពលរដ្ឋ​តំបន់​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្តិ ដែល​បាន​ដាក់​ញត្តិ​ជូន​មន្ត្រី​សាលា​ក្រុង ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា មន្ត្រី​សាលា​ក្រុង​សន្យា​នឹង​ដោះស្រាយ​បញ្ហា​ផ្លូវ ទឹក ភ្លើង​ដល់​ពលរដ្ឋ។ ដោយឡែក​ករណី​ពលរដ្ឋ​ពីរ​គ្រួសារ​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី លោក ចាន់ ពុទ្ធិស័ក្តិ ប្រាប់​ទៀត​ថា មន្ត្រី​ជំនាញ​នឹង​ប្រជុំ​គ្នា​សិន ហើយ​ពេល​ប្រជុំ​ចប់ ពួក​គេ​នឹង​យក​លទ្ធផល​នោះ​ផ្តល់​ទៅ​អភិបាល​ក្រុង​ភ្នំពេញ​ជា​អ្នក​សម្រេច​ចិត្ត៖ «ជាពិសេស គឺ​ទឹក និង​ភ្លើង ព្រោះ​ពលរដ្ឋ​សុំ​ត​ពី​គេ​សេវា​ថ្លៃ​មែន​ទែន ទឹក​មួយ​គូប ពីរ​ពាន់​រៀល ហើយ​ភ្លើង​មួយ​គីឡូវ៉ាត់ ពីរ​ពាន់​រៀល»

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ប្រកាស​ដាក់​ឱសានវាទ​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ ចំនួន ៧​គ្រួសារ ទៅ​ទទួល​យក​ដី​ដែល​អាជ្ញាធរ​កំណត់​ឲ្យ។

ប៉ុន្តែ​តំណាង​សហគមន៍​បឹងកក់​រូប​នេះ​ប្រាប់​ថា សព្វថ្ងៃ​បញ្ហា​ដីធ្លី​នៅ​បឹងកក់​មិន​មែន​នៅ​សល់​តែ​ពលរដ្ឋ ៧​គ្រួសារ ដែល​សព្វថ្ងៃ​មិន​មាន​ឈ្មោះ​កាន់​កាប់​ដីធ្លី​នោះ​ទេ ក៏​មាន​ពលរដ្ឋ​មាន​ឈ្មោះ​ទទួល​បាន​ដីធ្លី​របស់​ខ្លួន​វិញ ប៉ុន្តែ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ និង​អ្នក​បាន​ប័ណ្ណ​កម្មសិទ្ធិ តែ​តំបន់​របស់​ពួក​គេ​មិន​ទាន់​បាន​រៀបចំ​ប្រព័ន្ធ​ផ្លូវ ទឹក ភ្លើង ជាដើម។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់​ថា សាលា​រាជធានី​នឹង​មាន​កិច្ចប្រជុំ​ជាមួយ​អ្នក​បឹងកក់​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ក្រោយ​ពី​ពលរដ្ឋ​សហគមន៍​បឹងកក់ លោកស្រី ហុង សុខហេង ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ចប់ ខណៈ​បញ្ហា​ដីធ្លី​នៅ​តំបន់​នេះ​បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ​មក​ហើយ។

ក្នុង​ពេល​នោះ​ដែរ លោក ហ៊ុន សែន សួរ​បែប​ឌឺដង​ពី​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​យុទ្ធនាការ​តស៊ូ​មតិ​នេះ ក្រុម​ពលរដ្ឋ​ធ្វើ​កាលណោះ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ..ប មួយ​រូប៖ «ស្អី! អា​ប្លែក​ម៉ានដេ​ចឹង​ហែស (Black Monday) ម៉េច​ទៅ​ហើយ! ហឹស

តំណាង​សហគមន៍​បឹងកក់​ដ៏​លេចធ្លោ អ្នកស្រី ទេព វន្នី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ពេល​អ្នកស្រី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ទាក់ទង​សំណុំ​រឿង​ចាស់​ករណី​ហិង្សា​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ ដែល​សព្វថ្ងៃ​នេះ អ្នកស្រី​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ដដែល។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ កញ្ញា សុង ស្រីលាភ យល់​ថា ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី ជា​ថ្មី​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​មតិ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​ពលរដ្ឋ​តំបន់​បឹងកក់។ កញ្ញា​បន្ត​ថា ការ​ចាប់​ខ្លួន​ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ និង​អ្នកស្រី ទេព វន្នី មិន​ឲ្យ​មាន​ការ​ទាមទារ៖ «តាំង​ពី​យើង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី ខ្ញុំ​ជឿជាក់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយសារ​អ្នកស្រី ទេព វន្នី គាត់​ក្លាហាន ហើយ​ចូលរួម​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល​យ៉ាង​សកម្ម»

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី ជាង​មួយ​ឆ្នាំ​នេះ កញ្ញា សុង ស្រីលាភ ឲ្យ​ដឹង​ថា ពលរដ្ឋ​សហគមន៍​បឹងកក់​ចំនួន ៧​នាក់​ផ្សេង​ទៀត​កំពុង​រង​បណ្តឹង​នៅ​តុលាការ។ ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ធ្វើ​ការ​អភិវឌ្ឍ​សម្រាប់​រយៈពេល ៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់​ប្រមាណ ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ផ្ទៃដី​ចំនួន​ជិត ១៣៣​ហិកតារ។

ប៉ុន្តែ​ក្រោយ​ពី​មាន​ជម្លោះ​ព្រោះ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ លោក ហ៊ុន សែន សម្រេច​កាត់​ដី​ឲ្យ​ពលរដ្ឋ​ជាង ១២​ហិកតារ ឲ្យ​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​នៅ​នឹង​កន្លែង​កាល​ពី​ឆ្នាំ​២០១១។ យ៉ាង​ណា​ក៏ដោយ​ចុះ វិបត្តិ​ដីធ្លី​តំបន់​បឹងកក់​មិន​បាន​បញ្ចប់​ឡើយ និង​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល