CCHR ផ្សាយ​របាយការណ៍​ទំនាស់​ដីធ្លី​និង​ដី​សម្បទាន​ឆ្នាំ​២០១៣

ទំនាស់​ដីធ្លី​នៅ​កម្ពុជា ជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​ដោះស្រាយ​មិន​ចេះ​ចប់ ហើយ​ក្នុង​ពេល​ករណី​ទំនាស់​ខ្លះ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ផង ក៏​កើត​មាន​ទំនាស់​ថ្មីៗ​មក​ទៀត​ជា​បន្តបន្ទាប់។ ទំនាស់​ដីធ្លី​ភាគ​ច្រើន កើត​ឡើង​ដោយ​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​សម្បទាន​ដី​ពី​រដ្ឋាភិបាល ហើយ​បាន​ទៅ​ឈូស និង​ធ្វើ​របង​កាន់​កាប់​ដី​សម្បទាន​នោះ ប៉ះពាល់​ជាមួយ​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​នៅ​ទីតាំង​ចាស់​នោះ​ជា​យូរ​មក​ហើយ។

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​៣០ មករា បាន​ចេញ​ផ្សាយ​របាយការណ៍​ទិន្នន័យ​ទំនាស់​ដីធ្លី និង​ដី​សម្បទាន​នៅ​កម្ពុជា គិត​ពី​ឆ្នាំ​២០១១ ដល់​​ឆ្នាំ​២០១៣ កើត​មាន ២៦៤​ករណី។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សង្គម​កិច្ច​ចំនួន ៤២០​ទីតាំង និង​ធ្វើ​អនុប្បយោគ​ដី​សម្បទាន​ចំនួន ៤​ទីតាំង គឺ​ច្រើន​ជាង​ឆ្នាំ​២០១២ ចំនួន ៥​ដង។

លោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​គម្រោង​កែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មករា ថា របាយការណ៍​នោះ​មិន​សរុប​គ្រប់​ទំនាស់​ដី​នោះ​ទេ ហើយ​យន្តការ​ដោះស្រាយ​ទំនាស់​ដី​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ទេ។ លោក សូផាត បន្ថែម​ថា បើ​ចង់​ឲ្យ​ការ​ដោះស្រាយ​ទំនាស់​ដី​មាន​ប្រសិទ្ធភាព ទាល់​តែ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ផ្តល់​ដី​សម្បទាន​ទាំង​សេដ្ឋកិច្ច និង​សង្គមកិច្ច រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចាស់ៗ​ឲ្យ​អស់ និង​ការ​ផ្តល់​ដី​សម្បទាន​នានា ត្រូវ​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់៖ «មូលហេតុ​ទំនាស់​ជា​ចម្បង គឺ​ការ​ផ្តល់​ដី​សម្បទាន។ ការ​ផ្តល់​ដី​សម្បទាន​នោះ គឺ​មិន​សំដៅ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​សង្គម​កិច្ច​ទេ គឺ​ឲ្យ​តែ​ការ​ផ្តល់​ដី​សម្បទាន​នោះ គឺ​មាន​ប៉ះពាល់​ដល់​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ»

លោក វណ្ណ សូផាត បាន​ទទួល​ស្គាល់​ថា កន្លង​មក​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​វាស់​ដី​នោះ​បាន​រួម​ចំណែក​កាត់​បន្ថយ​ទំនាស់​ដី​បាន​មួយ​ចំនួន​ដែរ តែ​បើ​ធៀប​ជាមួយ​ទំនាស់​ដីធ្លី​ដែល​កើត​មាន​នោះ គឺ​នៅ​មាន​ទំនាស់​ដី​ជាច្រើន​ករណី​ទៀត​មិន​ទាន់​ដោះស្រាយ​បាន។

ទាក់ទង​បញ្ហា​របាយការណ៍ និង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​ទំនាស់​ដី​នេះ​យ៉ាង​សកម្ម៖ «រឿង​ដី​នេះ​មាន ៣​ប្រភេទ ដែល​យើង​កំពុង​តែ​ដោះស្រាយ។ ប្រភេទ​ទី​១ គឺ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន អា​នេះ​យើង​កំពុង​ដោះស្រាយ។ ប្រភេទ​ទី​២ គឺ​ជម្លោះ​ដី​រវាង​ឯកជន​ជាមួយ​ឯកជន គឺ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ហើយ​ប្រភេទ​ទី​៣ ទាក់ទង​រឿង​ដី​សម្បទាន អា​នេះ​កំពុង​តែ​ដោះស្រាយ​បណ្ដើរៗ»

ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ដែរ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដមស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ស្វាគមន៍​កម្មវិធី​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ ប៉ុន្តែ​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​កម្មវិធី​នោះ ចំពោះ​តម្លាភាព​ក្នុង​ការ​អនុវត្ត ការ​ទទួល​ខុស​ត្រូវ និង​ការ​ខ្វះ​ប្រសិទ្ធភាព​របស់​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ។ លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដី​រ៉ាំរ៉ៃ​មួយ​ចំនួន ដូច​ជា ទំនាស់​ដី​នៅ​តំបន់​បឹងកក់ នៅ​បុរីកីឡា និង​សហគមន៍​ផ្សេងៗ​ទៀត ហើយ​ការ​ផ្តល់​ដី​សម្បទាន​ថ្មីៗ​ទៀត ត្រូវ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ផ្តល់​ដី អាច​មាន​ផល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។