សាសនិកឥស្លាមស្នើលោក ហ៊ុន សែន អន្តរាគមន៍រឿងធ្វើផ្លូវកាត់ដីវិហារនៅតំបន់បឹងកក់
2016.12.30

សាសនិកឥស្លាមរាប់រយនាក់ ប្រមូលផ្ដុំគ្នាមុខវិហារនៅតំបន់បឹងកក់ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយធ្វើអន្តរាគមន៍ទប់ស្កាត់គម្រោងបើកផ្លូវកាត់ដីវិហារអាល់សាកាល់ ដែលជាទីកន្លែងសម្រាប់គោរពប្រណិប័តន៍របស់សាសនិកឥស្លាម។ ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងបន្ទាប់ពីពួកគេធ្វើពិធីថ្វាយបង្គំព្រះអាល់ឡោះ តាមបែបសាសនាឥស្លាម នៅរសៀលថ្ងៃទី៣០ ខែធ្នូ។
ក្នុងពេលប្រមូលផ្ដុំគ្នាដែលមានតែក្រុមមិនគាំទ្រឲ្យធ្វើផ្លូវកាត់ដីបរិវេណវិហារ អ្នកខ្លះលើករូបលោក ហ៊ុន សែន លាយឡំនឹងសម្រែកគាំទ្របក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។ ចំណែកអ្នកខ្លះទៀត កាត់បដាសរសេរថា "សម្ដេច ហ៊ុន សែន និងសាសនិកខ្មែរឥស្លាមគឺតែមួយ"។
មន្ត្រីរដ្ឋាភិបាលដែលមិនគាំគម្រោងធ្វើផ្លូវនេះ លោក អះម៉ាត់ យ៉ះយ៉ា ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និយាយថា លោកមិនប្រឆាំងនឹងគម្រោងធ្វើផ្លូវទេ តែលោកគ្រាន់តែទទូចសុំឲ្យសាលាក្រុងភ្នំពេញ ធ្វើផ្លូវវាងតាមរបងព្រះវិហារឥស្លាមវិញ។ ចំណែកពលរដ្ឋខ្មែរឥស្លាមស្រែកគាំទ្របក្សប្រជាជន លោក អះម៉ាត់ យ៉ះយ៉ា ថា នោះគឺជាសិទ្ធិនយោបាយរបស់ពួកគេ៖ «តាមការពិត គេចោទពួកគេខ្ញុំ ថាជាពួកប្រឆាំង។ តាមការពិតទៅ គេមិនមែនពួកប្រឆាំងទេ ហៅថាពួកទទូច ទទូចអង្វរករសាលាក្រុងភ្នំពេញ រដ្ឋអំណាចឲ្យធ្វើវៀងទៅ កុំឲ្យប៉ះពាល់ដល់វិហាររបស់ខ្ញុំតែប៉ុណ្ណឹង។ ពួកខ្ញុំមិនមែនពួកប្រឆាំងទេ។ ខ្ញុំរដ្ឋលេខាធិការមួយ រឿងអីខ្ញុំទៅប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែខ្ញុំតស៊ូមតិ ខ្ញុំទទូចឲ្យបងប្អូនយើង ទទូចឲ្យធ្វើតាមរបងទៅគ្រាន់តែប៉ុណ្ណឹងទេ»។
កាលពីថ្ងៃទី២៣ ខែធ្នូ សាសនិកឥស្លាមរាប់រយនាក់ នាំគ្នាវាយកម្ទេចរបងបាំងសម្រាប់គ្រឿងចក្រឈូសឆាយធ្វើផ្លូវកាត់ក្នុងបរិវេណវិហារបឹងកក់ បន្ទាប់ពីថ្វាយបង្គំវេលាម៉ោងជាង ១២ថ្ងៃត្រង់នៅវិហារអាល់សាកាល់ ក្នុងតំបន់បឹងកក់ ដែលខាងសាលារាជធានីភ្នំពេញ បានធ្វើរបងបាំងនេះកាលពីថ្ងៃទី១៩ ខែធ្នូ។
គម្រោងបើកផ្លូវកាត់ដីវិហារបឹងកក់ ថ្មីនេះ គឺមានទទឹង ២០ម៉ែត្រ ទ្រូងផ្លូវ ១៦ម៉ែត្រ ចិញ្ចើមផ្លូវម្ខាងៗ ២ម៉ែត្រ និងបណ្ដោយជាង ២០០ម៉ែត្រ។ គម្រោងសាងសង់ផ្លូវឆ្លងកាត់របងវិហារឥស្លាម គឺដើម្បីតភ្ជាប់ទៅនឹងដីរបស់ក្រុមហ៊ុនស៊ូកាគូ (Shukaku)៕