សមាគម​កសិករ​ដាក់​ញត្តិ​ទៅ​បក្ស​នយោបាយ​នៅ​មុន​បោះឆ្នោត​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​របរ​កសិកម្ម

0:00 / 0:00

ក្រុម​កសិករ​ចាប់ផ្តើម​ដាក់​ញត្តិ​រៀបរាប់​ពី​ក្តី​កង្វល់ និង​បញ្ហា​ប្រឈម​របស់​ខ្លួន​ក្នុង​របរ​កសិកម្ម​ទៅកាន់​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នា​ពេល​ខាងមុខ​នេះ។

តើ​ក្តី​កង្វល់ និង​បញ្ហា​ប្រឈម​របស់​កសិករ​មាន​អ្វីខ្លះ​ដែរ?

ខ្លឹមសារ​ញត្តិ​របស់​ក្រុម​កសិករ​នោះ បាន​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​ចំនួន​៥​ចំណុច ដូចជា​៖ កិច្ច​គាំពារ​សង្គម​សម្រាប់​កសិករ ការ​ធានា​សុវត្ថិភាព​ដីធ្លី បញ្ហា​ខ្វះ​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ បញ្ហា​ដើមទុន ប្រាក់​កម្ចី​សម្រាប់​កសិករ និង​បញ្ហា​ទីផ្សារ​ជាដើម។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ដែល​ជា​អ្នកសម្របសម្រួល​ប្រមូល​ញត្តិ​ពី​កសិករ​ដាក់​ទៅ​គណបក្ស​នយោបាយ​បាន​ឲ្យ​ដឹង​ថា ខ្លឹមសារ​ញត្តិ​ទាំងមូល បាន​រៀបរាប់​លំអិត​នៃ​ចំណុច​គោល​ទាំង​៥ ដើម្បី​ឲ្យ​គណបក្ស​នីមួយៗ​ដាក់​ចូលក្នុង​កម្មវិធី​គោល​នយោបាយ​របស់​ខ្លួន ហើយ​ត្រូវ​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត ថា​ត្រូវតែ​អនុវត្ត​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

លោក​បន្ត​ថា កសិករ​ចង់​ឃើញ​គណបក្ស​នយោបាយ​បង្ហាញ​ឆន្ទៈ​មោះមុត ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ម្ចាស់​ឆ្នោត ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ហើយក៏​មិន​ចង់​ឃើញ​គណបក្ស​នយោបាយ សន្យា​ខ្យល់​តទៅទៀត​នោះ​ឡើយ៖ « រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ យើង​ឃើញថា នៅ​បក់​ភ្លើង​ផ្សែង​ទៅ​លើ​ទីផ្សារ រឿង​វិវាទ​ដីធ្លី បញ្ហា​ខ្វះ​ទឹក ស្រោចស្រព កង្វះ​ខាត​ទុន​សម្រាប់​កសិករ​នៅតែ​កើត​មាន ហើយ​បញ្ហា​នេះ​វា​រុញ​ឲ្យ​កសិករ​ជួប​បញ្ហា​ក្រីក្រ»។

របាយការណ៍​សង្ខេប​ចេញ​ពី​ចំណុច​គោល​សំខាន់​ទាំង​៥​ដែល​ជា​បញ្ហា​ប្រឈម​របស់​កសិករ ក៏បាន​អធិប្បាយ​ឲ្យ​ដឹង​ដែរ​ថា​៖ មនុស្ស​ជាច្រើន​កំពុង​ពឹងផ្អែក លើ​ផ្នែក​សន្តិសុខ​ស្បៀងអាហារ ដែល​ជា​តំរូវការ​ចាំបាច់​។ កសិកម្ម ជា​វិស័យ​មួយ​មាន​សក្ដានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ តាមរយ: ការ​ផលិត​របស់​ប្រជាកសិករ ប្រកបដោយ​និរន្តរភាព​ផង​ដែរ​។ ប៉ុន្តែ​ជាក់ស្តែង​ការ​គម្រាម​កំហែង​អាយុ​ជីវិត និង​ការ​រំលោភបំពាន​លើ​សិទ្ធិ​កសិករ​នៅ​តំបន់​ជនបទ នៅតែ​កើតមាន​ឡើង ដូចជា​បញ្ហា​រំលោភបំពាន​សិទ្ធិ​ប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ​ដែល​ប្រជាកសិករ​រាប់ពាន់​គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ដី​កសិកម្ម​របស់​ពួកគេ​។ ការរំលោភ​យក​ដី​នោះ ត្រូវ​បាន​សម្របសម្រួល​ដោយ គោលនយោបាយ​ជាតិ​ដូចជា គោលនយោបាយ​អភិវឌ្ឍន៍ គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឈ្មួញ អ្នក​មាន​អំណាច ក្នុង​ការ​អូស​រឹប​ដី​របស់​កសិករ​ទៅ​ធ្វើ​ជា គម្រោង​អភិវឌ្ឍន៍ ឧស្សាហកម្ម​ធំៗ ប្រព័ន្ធ​ធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ ការរុករក​រ៉ែ រមណីយដ្ឋាន​ទេសចរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស ផ្សារ​ទំនើប និង​ដំណាំ​កសិឧស្សាហកម្ម​ហើយ​ដី​ត្រូវ​បាន​ប្រមូល​ផ្តុំ​កាន់តែ​ច្រើន​ទៅ​ក្នុង​ដៃ​បុគ្គល​មួយចំនួន​កាន់តែ​ខ្លាំង​ឡើងៗ។

ទីប្រឹក្សា​ឯករាជ​ផ្នែក​អភិវឌ្ឍ​នៅ​ជនបទ និង​កសិកម្ម និង​ជា​អតីត​ប្រធាន​អង្គការ សេដាក (CEDAC) អ្នកស្រី តុង ចាន់ធាង មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​ជាក់ស្តែង ឃើញ​ថា កសិករ​កំពុង​ជួប​ទុក្ខ​កង្វល់​លើ​បញ្ហា​ជាច្រើន​ជាពិសេស បញ្ហា​ដើមទុន ទីផ្សារ និង​បច្ចេកទេស​ដាំ​ដុះ​ជាដើម។

អ្នកស្រី​គាំទ្រ​ឲ្យ​កសិករ​ចង​គ្នា​ជា​ក្រុម លើកយក​បញ្ហា​ដែល​កើតមាន​កន្លង​នេះ ដាក់​ទៅ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ដើម្បី​ពួកគាត់​បានដឹង​អំពី​តម្រូវ​ការចាំបាច់​ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន ហើយ​ដាក់​ផែន​ការ​ជួយ​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ តាម​ការ​ចង់​បាន​របស់​ម្ចាស់​ឆ្នោត៖ «ពេល​ដែល​ខ្ញុំ​ចុះទៅ​តាម​មូលដ្ឋាន តាម​ភូមិ​មួយចំនួន​គាត់​បាន​ត្អូញត្អែរ​ច្រើនណាស់​អំពី​ការ​ថយ​ចុះ​នូវ​ប្រាក់ចំណូល​របស់​គាត់​ដោយសារ​ដំណាំ​បន្លែ ពោត​អីហ្នឹង ស្វាយចន្ទី អីហ្នឹង​បាន​ធ្លាក់​ថ្លៃ​មែនទែន ចំណែក​ធាតុ​ចូល​កសិកម្ម​ដូចជា​ជី ថ្នាំ ប្រេង គឺ​ឡើងថ្លៃ​ខ្លាំង​ ..»។

លោក ថេង សាវឿន ឲ្យ​ដឹង​ថា សមាគម​លោក បាន​ប្រមូល​ចងក្រង​ជា​ឯកសារ​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​របស់​កសិករ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​ដល់​ឆ្នាំ ២០២២​នេះ តាមរយ:​ការរៀបចំ​សិក្ខាសាលា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ប្រមូល​បញ្ហា ក្ដី​កង្វល់ តម្រូវការ​ចំ​បាច់​របស់​កសិករ​ជាមួយ​សមាជិក សមាជិកា ដែល​ជា​កសិករ ប្រជាពលរដ្ឋ ក្រុម​យុវ​កសិករ ក្រុម​ស្ត្រី នៅ​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​គោលដៅ​មកពី​ជាង​១​រយ​(១០២) សហគមន៍ និង​ក្រុម ក្នុងចំណោម​១៤ ខេត្ត រួមមាន ខេត្តតាកែវ ស្វាយរៀង និង​ព្រៃវែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប ព្រះវិហារ កំពង់ធំ កណ្ដាល តាកែវ កំពត ព្រះសីហនុ កោះកុង និង​កំពង់ស្ពឺ ដែល​មាន​សមាជិក​សរុប​ចំនួន​ជិត​៣​ម៉ឺន​( ២៧៩៥៤) គ្រួសារ ស្មើ​ចំនួន​ជាង ១០​ម៉ឺន​នាក់ ឬ ១០​ម៉ឺន​សំឡេង​ឆ្នោត​ក្នុង​ឃុំ​/​សង្កាត់ ក្នុង​គោល​បំណង​ពិគ្រោះ​ប្រមូល​ក្តី​កង្វល់ ឬ បញ្ហា​ប្រឈម​របស់​សមាជិក​នៅ​តាម​មូលដ្ឋាន និង​រក​ឲ្យ​ឃើញ​បញ្ហា​ចម្បង​ដើម្បី​ដោះស្រាយ​ឲ្យ​ចំ​តម្រូវការ​របស់​សហគមន៍។

តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​កសិករ​ផ្ទាល់ រក​ឃើញ​ដែរ​ថា បញ្ហា​ចម្បង និង​ជា​អាទិភាព​នោះ ពួកគាត់​បាន​ចំណាយ​ទុន​ច្រើន​នៅក្នុង​សង្វាក់​ផលិតកម្ម ដូចជា​កម្លាំង​ពលកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត។ ចំណែក​ការ​ប្រមូល​ផល​វិញ គឺ​ទទួល​បាន​ទិន្នផល​តិច ហើយ​លក់​បាន​ក្នុង​តម្លៃ​ទាប ដោយសារ​បញ្ហា​តម្លៃ​កសិផល​នីមួយៗ​នោះ គឺ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញ​ជា​អ្នក​កំណត់​តម្លៃ។

មន្ត្រីជាន់ខ្ពស់ នៃ​គណបក្ស​កាន់អំណាច ដែល​មាន​ឥទ្ធិពល​គ្រប់គ្រង​អាសនៈ​ច្រើន​ស្ទើរតែ​ទាំងស្រុង ទាំង​នៅ​រដ្ឋសភា និង​អាសនៈ ឃុំ សង្កាត់ ក្រោយ​ច្បាម​យក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​រម្លាយ​គណបក្ស​នេះ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៧​មក​នោះ បាន​ស្វាគមន៍​ចំពោះ​ញត្តិ​របស់​កសិករ​នេះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ក្តី​កង្វល់​របស់​កសិករ​នេះ គឺ​សុទ្ធតែ​មាន​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​លោក​អស់​ហើយ និង​បាន​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​រួច​មក​ហើយ៖ «អាហ្នឹង​ជា​ការ​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ អ៊ីចឹង​ការ​ស្នើ​សុំ​នេះ​អត់​ខុស​អី គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ខ្ញុំ​យល់ថា​វា​អាច​ជួប​បញ្ហា​មួយចំនួន​ជៀស​មិន​រួច​ទេ ដូច​ជា​បញ្ហា​ធារាសាស្ត្រ​យើង​មិនមែន​ទើប​ធ្វើ​ទេ​គឺ​យើង​ធ្វើ​ចាប់​តាំង​ពី​អាណត្តិ​ទីមួយ​មក​ម្ល៉េះ»។

ទោះ​យ៉ាងណា លោក ថេង សារ​វឿន ទទួលស្គាល់​ថា បញ្ហា​ប្រឈម​របស់​កសិករ​ឃើញ​មាន​ខ្លះ​នៅ​ក្នុង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ ជាពិសេស​បក្ស​កាន់​អំណាច ប៉ុន្តែ​ការ​ដោះស្រាយ ការ​ឆ្លើយតប ទៅ​កសិករ​មិន​សូវ​មាន​ឡើយ៖ «រឿង​កន្លង​មក​យើង​លើក​ឲ្យ​ចំ​តែម្តង​ទៅ គឺថា​អ្នក​ដែល​ដឹកនាំ​ប្រទេស​គណបក្ស​ប្រជាជន​ដែល​គាត់​មាន​ទាំង​ធនធានមនុស្ស និង​ថវិកា ប៉ុន្តែ​ការ​ដោះស្រាយ​ប្រព័ន្ធ​ធារាសាស្ត្រ និង​បញ្ហា​ទីផ្សារ គឺ​តែ​ចោទ​ខ្លាំង ហើយ​ពលរដ្ឋ​បាន​ត្អូញត្អែរ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ជាពិសេស​កសិករ​ដែល​ជា​អ្នក​ផលិត​តែម្តង​ ...»។

ញត្តិ​ស្ដីពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នេះ បាន​ដាក់​ជូន​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​ថ្មី​ខាងមុខនេះ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដែល​ជា​បក្ស​កាន់​អំណាច គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

​ក្រៅពី​ដាក់​ជូន​គណបក្ស​នយោបាយ ញត្តិ​នេះ​ក៏បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។