ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​រក​ដំណោះស្រាយ

0:00 / 0:00

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (Green Sea Agriculture CO.,LTD) នៅ​ខេត្ត​ស្ទឹងត្រែង​ទទូច​ឲ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួកគាត់។ អាជ្ញាធរ​ថា កំពុង​ដំណើរ​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ក្រោយ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ នៅ​ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង បាន​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​នេះ គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ជាង​ពេល​១​ខែ​មក​ហើយ ដែល​អាជ្ញាធរ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ ពលរដ្ឋ​ថា ពួកគាត់​មិន​ហ៊ាន​បង្កបង្កើន​ផល​ឡើយ ពីព្រោះ​អាជ្ញាធរ​បាន​គំរាមកំហែង​ពួកគាត់​ថា ប្រសិនបើ​ពលរដ្ឋ​ហ៊ាន​ដាំដំណាំ​អាជ្ញាធរ​នឹង​ចាប់​ដាក់​ពន្ធនាគារ។

តំណាង​ពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ថា រហូត​មក​ដល់​ពេល​នេះ​ជាង​១​ខែ​មក​ហើយ អាជ្ញាធរ​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ហ៊ាន​បង្កបង្កើន​ផល​ដែរ ដោយសារ​អាជ្ញាធរ​បាន​គំរាម​ថា បើ​ពលរដ្ឋ​ណា​ហ៊ាន​ដាំ​ដុះ​នៅ​លើ​ដី​នោះ អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។ ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​បង្កបង្កើន​ផល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

តំណាង​ពលរដ្ឋ​១​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ផង ពីព្រោះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​សុទ្ធ​តែ​អ្នក​ក្រីក្រ​កម្សត់ ហើយ​គាត់​ឲ្យ​រស់​នៅ​តាម​ធម្មតា​អ៊ីចឹង ពលរដ្ឋ​មិន​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​ធ្វើ​អ្វី​តិច​តួច​គេ​ចាប់​គេ​ធ្វើ​បាប ប្រជាពលរដ្ឋ​ចង់​ដាច់​បាយ​ហើយ អ៊ីចឹង​សុំ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ បើ​ថា​ឲ្យ គួរ​តែ​ឲ្យ​មក បើ​មិន​ឲ្យ​ជួយ​គិត​តាម​នឹង​ផង​ទៅ កុំ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​រង​ចាំ»។

ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ស្វែង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​ជំហាន​ដំបូង​អាជ្ញាធរ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ឬ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់ ប៉ុន្តែ​មាន​ដោះស្រាយ​បាន​ចំនួន​ប៉ុន្មាន​នោះ លោក​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។

លោក ម៉ែន គុង៖ «ខ្ញុំ​បញ្ជាក់​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ គឺ​កំពុង​តែ​បាន​ធ្វើ​ការងារ ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ធ្វើការ​កំណត់​ជា​គោលការណ៍​ដោះស្រាយ​ជូន​ទៅ​តាម​ភាព​ជាក់​ស្ដែង ហើយ​មិន​ឲ្យ​មាន​ការ​ខ្វះ​ចន្លោះ​ទេ»។

កន្លង​ទៅ​ពលរដ្ឋ​ជិត​១​ពាន់​គ្រួសារ មក​ពី​ភូមិ​ចំនួន​៥ ក្នុង​ស្រុក​បុរីអូរស្វាយសែនជ័យ និង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ធ្លាប់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះស្រាយ និង​កាត់​ឆ្វៀល​ដី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យផល សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​មុខ ហើយ​អាជ្ញាធរ​បាន​សន្យា​ថា នឹង​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តែ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​បញ្ហា​នេះ។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​សន្យា​ហើយ​មិន​ព្រម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖ «អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ជា​បណ្ដោះអាសន្ន​សិន​ទៅ បើ​យើង​មិន​ឲ្យ​គាត់​ដាំដំណាំ​យូរ​អង្វែង​ទេ ឲ្យ​គាត់​ដាំដំណាំ​ដោះស្រាយ​បញ្ហា​ជីវភាព​សិន​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធូរធារ ហើយ​ប្រសិនបើ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អ្វី​សោះ ហាក់​បី​ជា​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កាន់​តែ​កើន​ឡើង​ថែម​ទៀត ដល់​អ៊ីចឹង​ហាក់​បី​ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​អំពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ»។

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា​កន្លង​ទៅ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង បាន​ដាក់​កំហិត ឲ្យ​ពលរដ្ឋ​ចំនួន​៥​ភូមិ​គឺ ជិត​១​ពាន់​គ្រួសារ ស្ថិត​ក្នុង​ស្រុក​សៀមប៉ាង និង​ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​ដី​ដែល​រដ្ឋាភិបាល​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​វិនិយោគ ដែល​មាន​ផ្ទៃ​ដី ជិត​៣​ម៉ឺន​ហិកតារ (២៦,៩៥៨)។ ប្រសិនបើ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម​រុះរើ​នោះ​ទេ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ក្ដៅ។ លើស​ពី​នោះ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ​នោះ​ថា បាន​ចូល​ទៅ​កាន់​កាប់​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​បាន​ជួល​ឲ្យ​ទៅ ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​រយៈ​ពេល​វែង។

ក្រោយ​មក​អាជ្ញាធរ​បាន​គំរាមកំហែង​ផង និង​លួងលោម​ផង ឲ្យ​ពលរដ្ឋ​ប្រគល់​ដី​ទាំង​អស់​នោះ​ទៅ​ក្រុមហ៊ុន ដោយ​អាជ្ញាធរ​សន្យា​ថា នឹង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​ពលរដ្ឋ​ព្រមាន​ឡើង​ទៅ​តវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋ​មន្ត្រី​និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រសិនបើ​មិន​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ទេ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​ធ្វើ​ដូច​ការ​សន្យា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។