ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (Green Sea Agriculture CO.,LTD) នៅខេត្តស្ទឹងត្រែងទទូចឲ្យអាជ្ញាធរពន្លឿនក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់។ អាជ្ញាធរថា កំពុងដំណើរការស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
ក្រោយពីប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានផ្ដិតមេដៃប្រគល់ដីឲ្យទៅក្រុមហ៊ុនចិននេះ គិតមកដល់ពេលនេះ មានរយៈជាងពេល១ខែមកហើយ ដែលអាជ្ញាធរនៅមិនទាន់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋនៅឡើយទេ។ ពលរដ្ឋថា ពួកគាត់មិនហ៊ានបង្កបង្កើនផលឡើយ ពីព្រោះអាជ្ញាធរបានគំរាមកំហែងពួកគាត់ថា ប្រសិនបើពលរដ្ឋហ៊ានដាំដំណាំអាជ្ញាធរនឹងចាប់ដាក់ពន្ធនាគារ។
តំណាងពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែកញ្ញាថា រហូតមកដល់ពេលនេះជាង១ខែមកហើយ អាជ្ញាធរនៅមិនទាន់រកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ ហើយប្រជាពលរដ្ឋក៏មិនហ៊ានបង្កបង្កើនផលដែរ ដោយសារអាជ្ញាធរបានគំរាមថា បើពលរដ្ឋណាហ៊ានដាំដុះនៅលើដីនោះ អាជ្ញាធរនឹងចាប់ខ្លួនពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធប្រញាប់រកដំណោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីឲ្យពលរដ្ឋបានបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
តំណាងពលរដ្ឋ១រូប សុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំសុំអំពាវនាវឲ្យរដ្ឋាភិបាលជួយគិតគូរដល់ប្រជាពលរដ្ឋឲ្យបានលឿនផង ពីព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះសុទ្ធតែអ្នកក្រីក្រកម្សត់ ហើយគាត់ឲ្យរស់នៅតាមធម្មតាអ៊ីចឹង ពលរដ្ឋមិនហ៊ានធ្វើអ្វីនោះទេ ឲ្យតែប្រជាពលរដ្ឋធ្វើអ្វីតិចតួចគេចាប់គេធ្វើបាប ប្រជាពលរដ្ឋចង់ដាច់បាយហើយ អ៊ីចឹងសុំអន្តរាគមន៍ដោះស្រាយឲ្យប្រជាពលរដ្ឋ បើថាឲ្យ គួរតែឲ្យមក បើមិនឲ្យជួយគិតតាមនឹងផងទៅ កុំឲ្យប្រជាពលរដ្ឋរស់នៅរងចាំ»។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងថា អាជ្ញាធរកំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយជំហានដំបូងអាជ្ញាធរត្រូវសិក្សាស្រាវជ្រាវ និងពិនិត្យឯកសារពាក់ព័ន្ធឬកំណត់អត្តសញ្ញាណឲ្យបានច្បាស់ ប៉ុន្តែមានដោះស្រាយបានចំនួនប៉ុន្មាននោះ លោកមិនទាន់អាចធ្វើអត្ថាធិប្បាយនោះទេ។
លោក ម៉ែន គុង៖ «ខ្ញុំបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងនេះ គឺកំពុងតែបានធ្វើការងារ ស្រាវជ្រាវកំណត់អត្តសញ្ញាណធ្វើការកំណត់ជាគោលការណ៍ដោះស្រាយជូនទៅតាមភាពជាក់ស្ដែង ហើយមិនឲ្យមានការខ្វះចន្លោះទេ»។
កន្លងទៅពលរដ្ឋជិត១ពាន់គ្រួសារ មកពីភូមិចំនួន៥ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ធ្លាប់ស្នើទៅរដ្ឋាភិបាលឲ្យជួយរកដំណោះស្រាយ និងកាត់ឆ្វៀលដីទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផល សម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ ហើយអាជ្ញាធរបានសន្យាថា នឹងរកដំណោះស្រាយបញ្ហាដីធ្លីនេះជូនប្រជាពលរដ្ឋទាំងអស់នោះ។
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់បញ្ហានេះ។ លោកថា ប្រសិនបើអាជ្ញាធរសន្យាហើយមិនព្រមដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើឲ្យពលរដ្ឋអស់ជំនឿទៅលើរដ្ឋាភិបាល។
លោក យិន ម៉េងលី៖ «អនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កបង្កើនផលជាបណ្ដោះអាសន្នសិនទៅ បើយើងមិនឲ្យគាត់ដាំដំណាំយូរអង្វែងទេ ឲ្យគាត់ដាំដំណាំដោះស្រាយបញ្ហាជីវភាពសិនទៅ ដើម្បីឲ្យប្រជាពលរដ្ឋធូរធារ ហើយប្រសិនបើហាមឃាត់មិនឲ្យធ្វើអ្វីសោះ ហាក់បីជាធ្វើឲ្យភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដល់អ៊ីចឹងហាក់បីផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលអំពីការកាត់បន្ថយភាពក្រីក្រ»។
កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដាក់កំហិត ឲ្យពលរដ្ឋចំនួន៥ភូមិគឺ ជិត១ពាន់គ្រួសារ ស្ថិតក្នុងស្រុកសៀមប៉ាង និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឲ្យរុះរើផ្ទះសម្បែងចេញពីដីដែលរដ្ឋាភិបាលសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនវិនិយោគ ដែលមានផ្ទៃដី ជិត៣ម៉ឺនហិកតារ (២៦,៩៥៨)។ ប្រសិនបើពលរដ្ឋទាំងនោះមិនព្រមរុះរើនោះទេ អាជ្ញាធរនឹងចាត់វិធានការក្ដៅ។ លើសពីនោះ អាជ្ញាធរបានចោទប្រកាន់ប្រជាពលរដ្ឋទាំង៥ភូមិនោះថា បានចូលទៅកាន់កាប់ដីកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលឲ្យទៅ ក្រុមហ៊ុនឯកជនធ្វើការវិនិយោគរយៈពេលវែង។
ក្រោយមកអាជ្ញាធរបានគំរាមកំហែងផង និងលួងលោមផង ឲ្យពលរដ្ឋប្រគល់ដីទាំងអស់នោះទៅក្រុមហ៊ុន ដោយអាជ្ញាធរសន្យាថា នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់ពីពលរដ្ឋព្រមានឡើងទៅតវ៉ា និងសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ ប្រសិនបើមិនរកដំណោះស្រាយឲ្យពួកគាត់ទេ។ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនបានធ្វើដូចការសន្យានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
