តុលាការ​ឃុំខ្លួន​អតិថិជន​បុរី​ពិភព​ថ្មី លោក អេង ប្រុស នៅ​ពន្ធនាគារ

តុលាការ បាន​សម្រេច​ឃុំ​ខ្លួន​អតិថិជន​បុរី​ពិភព​ថ្មី លោក អេង ប្រុស នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា PJហើយ កាល​ល្ងាច​ថ្ងៃ​ទី១០ ខែមេសា ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បញ្ចប់​វិវាទ​មួយ​នេះ ដើម្បី​កុំ​ឲ្យ​បញ្ហា​កើត​ឡើង​កាន់​តែ​ធំ។

អតិថិជន​បុរី​ពិភព​ថ្មី​ខណ្ឌ​ដង្កោ លោកស្រី ជាង បញ្ញា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែមេសា ថា​តុលាការ​បាន​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ លោក អេង ប្រុស ​នៅ​ពន្ធនាគារ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ ខែមេសា។ លោកស្រី​បន្ថែម​ថា អាជ្ញាធរ​ប្រាប់​ថា​ប្រសិនបើ​មិន​ចង់​ឲ្យ​លោក អេង ប្រុស ជាប់​ពន្ធនាគារ លុះត្រាតែ​ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី ទៅ​ដក​ពាក្យ​បណ្ដឹង ដែល​បាន​ប្ដឹង​តៃកុង​ឡាន​ព្យាយាម​បង្ក​គ្រោះថ្នាក់​នោះ​វិញ។

លោកស្រី ជាង បញ្ញា៖«វា​ខុស​ពី​ការ​ពិត​ហើយ ពាក្យ​បណ្ដឹង​គេ​ចោទ​ថា គាត់​ប្រើប្រាស់​អំពើ​ហិង្សា សូម្បី​គាត់​វ៉ៃ​តៃកុង​ឡាន ក៏​គាត់​គ្មាន​វ៉ៃ​អ្វី​ដែរ យើង​មាន​វីដេអូ។ សូម​អង្វរ​ទៅ​បុរី​ពិភព​ថ្មី​ឲ្យ​ជួយ​ដោះ​លែង​បង អេង ប្រុស និង​ដក​ពាក្យ​បណ្ដឹង​ទាំង​អស់​គ្នា ឲ្យ​ពួក​គាត់​ចេញ​មក​វិញ ទាំង​តៃកុង​ឡាន ឲ្យ​គាត់​ចេញ​មក​នៅ​ក្រៅ​វិញ ពីព្រោះ​គាត់​ម្នាក់ៗ សុទ្ធតែ​មាន​បន្ទុក​គ្រួសារ​រៀងៗ ខ្លួន»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី៧ ខែមេសា ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី និង​ខណ្ឌ​កំបូល នាំ​គ្នា​សម្រុក​ទៅ​ផ្ទះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ក្រុងតាខ្មៅ ខេត្តកណ្ដាល ទាំង​កណ្ដាល​យប់ ក្រោយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អតិថិជន​ទិញ​បុរី​ពិភព​ថ្មី​ចំនួន ៥នាក់ ក្នុង​ពេល​ពួកគេ​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ប្ដឹង​អ្នក​បើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​ម្នាក់​ដែល​បើក​រថយន្ត​បុក​អតិថិជន។ ពួក​គេ​ខ្លះ​ស្រែក​ទ្រហោយំ​សុំ​អង្វរ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​ដោះលែង​សមាជិក​របស់​ពួកគេ​មកវិញ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ៤នាក់​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី លើក​ឡើង​ទៀត​ថា នៅ​ពេល​ពួកគេ​បាន​ចូល​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា លោក សាយ សំអាល់ បាន​សន្យា​ថា នឹង​ជួយ​ឲ្យ​មាន​ការ​ដោះលែង លោក អេង ប្រុស និង​ជួយ​ស្វែង​រក​ដំណោះស្រាយ​ដល់​ពលរដ្ឋ។ ក្រុម​អតិថិជន​បន្ថែម​ថា បន្ទាប់​ពី​ជួប​ពិភាក្សា​អស់​រយៈ​ពេល​ពីរ​ថ្ងៃ ក្រុមហ៊ុន បុរី​ពិភព​ថ្មី​បាន​យល់​ព្រម​មិន​យក​ប្រាក់​ដែល​អតិថិជន​ជំពាក់​និង​ព្រម​ប្រគល់​ប្រាក់​ដើម​ទៅ​អតិថិជន​វិញ ហើយ​លក្ខណ៍​ផ្សេងៗ ទៀត ក្រុមហ៊ុន​មិន​យល់​ព្រម​នោះ​ទេ ចំណែក​ពលរដ្ឋ ក៏​មិន​ទាន់​យល់​ព្រម​នូវ​ដំណោះស្រាយ​ទាំង​នេះ​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែមេសា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​បែប​នេះ​ក្ដី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេសមីល នៅ​ថ្ងៃ១១ ខែ​មេសា ស្ថិត​នៅ​ស្រុកបាទី ខេត្តតាកែវ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួល​ស្គាល់​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​អចលនទ្រព្យ​មាន​បញ្ហា​ជាប់​គាំង ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​កំពុង​ខិតខំ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ដែល​មាន​បញ្ហា​វិស័យ​អចលនទ្រព្យ​ជាមួយ​ម្ចាស់​គម្រោង​បុរី​មួយ​ចំនួន ហើយ​បច្ចុប្បន្ន​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដោយ​ដោះ​ស្រាយ​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី ២០នាក់​ទៅ ២០០នាក់។

លោក ហ៊ុន ម៉ាណែត៖«ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដេក​អេះ​ពោះ​ការ​លំបាក​របស់​ប្រជាជន​នោះ​ទេ​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្ដម សាយ សំអាល់ ធ្វើ​ការ​ជា​ប្រចាំ​ថ្ងៃ​ជា​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះ ដើម្បី​ដែល​ទិញ​ដើម្បី​ដោះស្រាយ​បន្តិច​ម្ដងៗ រាប់​ម៉ឺន​នាក់​ដែល​យើង​ដោះស្រាយ​មួយ​ខែ​មួយ​ថ្ងៃ​ចាប់​ពី ២០ ទៅ ២០០នាក់ កន្លែង​ខ្លះ ដើម្បី​ដោះ​ឲ្យ​បាន​ល្អ ហើយ​ខ្ញុំ​សុំ​អរគុណ​ណាស់ ដែល​យោគយល់​គ្នា»។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ​នៅ​តែ​បណ្ដែតបណ្ដោយ​មិន​ប្រញាប់​ដោះស្រាយ​ឲ្យ​បាន​ឆាប់​នោះ​ទេ បញ្ហា​នឹង​កើត​មាន​ជា​បន្តបន្ទាប់ ។

លោក អំ សំអាត៖«ភាគី​ទាំង​អស់​ទាំង​អតិថិជន​ទាំង​ក្រុមហ៊ុន ក៏​ដូច​ជា​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​នាំគ្នា​ពន្លឿន​ហើយ​នាំ​គ្នា​ជជែក​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ជាជាង​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​ចោទប្រកាន់​និង​ការ​ឃុំខ្លួន​ទៅ​លើ​អតិថិជន​ជា​បន្ត​បន្ទាប់»។

អស់​រយៈ​ពេល​ជិត ១ឆ្នាំ​មក​ហើយ ដែល​ក្រុម​អតិថិជន​រង​គ្រោះ​ពី​ការ​បង់​រំលស់​ផ្ទះ​ពី​អ្នកឧកញ៉ា ហុង ពីវ ជាង ២០០នាក់ ស្វះស្វែង​រក​ដំណោះស្រាយ និង​បាន​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួក​គាត់​ឡើយ​នោះ​ទេ ខណៈ​អតិថិជន​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រីក្រ បាត់បង់​ផ្ទះសម្បែង និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។