លោក សុខ ឥសាន ប្រដូច​មន្ត្រី​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​ជា​សត្វ​រុយ​ដែល​បំផុស​ពលរដ្ឋ​ឲ្យ​ផ្ទុះ​កំហឹង

ដោយ តាំង សារ៉ាដា
2018.03.13
សុខ ឥសាន ៦២២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រដូច​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​សិទ្ធិ​លំនៅឋាន ដែល​តាម​អង្កេត បញ្ហា​ដីធ្លី​ទៅ​នឹង​សត្វ​រុយ ដែល​រង់ចាំ​ដុត​កំហឹង​ឲ្យ​មានការ​ទាមទារ​តវ៉ា។ ប៉ុន្តែ មន្ត្រី​សិទ្ធិ​ដែល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ដីធ្លី និង​សិទ្ធិមនុស្ស បដិសេធ​ការចោទប្រកាន់​នេះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ ថា អ្វី​ដែល​សមាគម​អាដហុក​បាន​ធ្វើ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី គឺ​ក្នុងនាម​ជា​ដៃគូ​ដែល​ជួយ​ដល់​រដ្ឋាភិបាល ដូចដែល​សមាគម​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ៖ «ពេល​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​អីណឹង គឺជា​កិច្ច​សហការ​ដៃគូ ព្រោះ​ករណី​មួយ​ចំនួន​ពលរដ្ឋ​មិន​មាន​ជំនឿ និង​មិន​ចង់​ចូល​ជិត​ជាមួយ​អាជ្ញាធរ យើង​តែង​ជា​ស្ពាន​រវាង​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ»

ការ​លើកឡើង​ដូចនេះ​ដោយសារតែ សមាជិក​ព្រឹទ្ធសភា និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​នៅ ថ្ងៃ​អង្គា​ទី​១៣ ខែ​មីនា​នេះ ថា នៅ​ពេល​មាន​ជម្លោះ​ដីធ្លី ពួក​រុយ ដោយ​យក​លេស​មក​សំអាង​ដូចជា​សិទ្ធិមនុស្ស សិទ្ធិ​លំនៅឋាន ជាដើម​នោះ មក​បំផុស​ដុត​កំហឹង​ឲ្យ​មាន​ការ​តវ៉ា​បះបោរ ទាមទារ​សិទ្ធិ​សេរីភាព​សិប្បនិមិត្ត។

ជាងនេះទៅទៀត លោក​ចោទ​ប្រកាន់​ថា បញ្ហា​ដីធ្លី​ដែល​នៅ​តែ​បន្ត​កើត​មាន​ព្រោះ​ក្រុម​បក្ស​ប្រឆាំង កំពុង​លើកទឹកចិត្ត​ចលនា​នេះ បើ​ឈ្នះ​បាន​ដី បើ​ចាញ់​បាន​លុយ។ ហើយ​លោក​ចោទ​ថា វិទ្យុ​ឯករាជ្យ រួមមាន​អាស៊ីសេរី និង​វីអូអេ ជា​អ្នក​ជួយ​ផ្សាយ​បំប៉ោង​ព័ត៌មាន​ទាំងនោះ។

ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ខណៈ​ជម្លោះ​ដីធ្លី​បាន​ផ្ទុះ​ឡើងវិញ​បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និយាយ​ថា ការ​ប្រៀបធៀប​ក្រុម​សិទ្ធិមនុស្ស​ទៅជា​សត្វ​រុយ គឺជា​សេរីភាព​របស់ លោក សុខ ឥសាន។ ទោះជា​យ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «គោលដៅ​របស់​បង​មិនមែន​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ ឬក៏​ភ្នាក់ងារ​បរទេស​ណាមួយ​ទេ អ្វី​ដែល​យើង​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​ដែល​គាត់​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ដែល​គាត់​កំពុង​ប្រើប្រាស់​ដីធ្លី​ចិញ្ចឹមជីវិត»

លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ខ្លាំងៗ​ថា បញ្ហា​ដីធ្លី​កើត​ចេញ​ពី​ខេត្ត​ណា អាជ្ញាធរ​ខេត្ត​នោះ​ជា​អ្នក​ដោះស្រាយ ប៉ុន្តែ​ជម្លោះ​ដីធ្លី​នៅតែ​កើត ឡើង​ដដែល ស្រប​ពេល​ឈ្មួញ​រកស៊ី​ដីធ្លី​ដែល​កំពុង​បង្ក​ជម្លោះ​ទាំង​នោះ ជា​មន្ត្រី​គ្រាក់ៗ របស់​បក្ស​កាន់អំណាច និង​ជា​សាច់ញាតិ​របស់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។