ខ្សែ​ភាពយន្ត​ឯកសារ «សូម្បី​តែ​សត្វ​ក៏​ត្រូវការ​សំបុក»

ខ្សែ​ភាពយន្ត​ឯកសារ​ក្រោម​ចំណង​ជើង​ថា «សូម្បី​តែ​សត្វ​ក៏​ត្រូវ​ការ​សំបុក» ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​សាកលវិទ្យាល័យ​ខេមរៈ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ទី​២៧ តុលា កន្លង​ទៅ​នេះ។
ដោយ ជុន ច័ន្ទបុត្រ
2013.10.30
កុន សូម្បី​តែ​សត្វ​ក៏​ត្រូវ​ការ​សំបុក ៦១០ ផ្ទាំង​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​រឿង «សូម្បី​តែ​សត្វ​ក៏​ត្រូវ​ការ​សំបុក»
Provided Photo


ខ្សែ​ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​ពី​ការ​តស៊ូ​របស់​អ្នក​រស់​នៅ​តំបន់​បឹងកក់​មួយ​ក្រុម រួម​គ្នា​តតាំង​ជាមួយ​អាជ្ញាធរ​ដែល​រឹបអូស​យក​ដី និង​ផ្ទះសំបែង​របស់​ពួក​គាត់​យក​ទៅ​ជួល​អោយ​ឈ្មួញ​បរទេស។ រឿង​នេះ​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក។ តែ​ទោះ​ជា​យ៉ាង​ណា ខ្សែ​ភាពយន្ត​ឯកសារ​នេះ ពិបាក​រក​កន្លែង​បញ្ជាំង​ណាស់​នៅ​កម្ពុជា។

បណ្ឌិត សុខ ទូច ដែល​ជា​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​​ខេមរៈ ទន្ទឹម​នឹង​លោក​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ផ្តល់​ទី​តាំង​អោយ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ លោក​បែរ​ជា​ស្រក់​ទឹក​ភ្នែក​អួល​ដើមក​និយាយ​លែង​ចេញ​ពេល​ទស្សនា​ខ្សែ​ភាព​យន្ត​នេះ​ចប់។

ខ្សែ​ភាព​យន្ត​នេះ​ចាប់​ផ្ដើម​ឈុត​ទី​មួយ​ដោយ​បង្ហាញ​អោយ​ឃើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយ​នៅ​លើ​កៅអី​ភ្នាក់ដៃ​ពណ៌​ទឹក​មាស​ដ៏​ភ្លឺផ្លេក។ នៅ​ពី​ក្រោយ​ខ្នង​លោក​នាយករដ្ឋមន្ត្រី មាន​ទូរ​កញ្ចក់​ធំៗ ដែល​មាន​តាំង​រូប​ចម្លាក់​សាង​ពី​លោហធាតុ​មាន​តម្លៃ​ផង។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ស្នាដៃ​ក្នុង​កិច្ចការ​នយោបាយ និង​ការ​កសាង​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ដំណាក់កាល​កាន់​អំណាច​របស់​លោក៖ «ខ្ញុំ​មាន​ជំនឿ​ថា ដំណាក់កាល ហ៊ុន សែន ជា​ដំណាក់កាល​ស្វែង​រក​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ និង​ការ​ចាប់​ផ្ដើម​នៃ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ជាតិ សង្គម តែប៉ុណ្ណោះ...»

គ្រាន់​តែ​ចប់​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ភ្លាម រូបភាព​នៃ​ឈុត​ថ្មី​បង្ហាញ​ការ​ខុស​គ្នា​ស្រឡះ​ពី​ឈុត​មុន។ ទី​នេះ យើង​ឃើញ​ឡាន​ត្រាក់​ធំៗ មាន​ប្រមោយ​វែងៗ ប្រកប​ដោយ​អនុភាព​ក្រៃលែង កំពុង​ខ្វារ​ទាញ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ។ ម្ចាស់​ផ្ទះ​ទាំង​ចាស់​ទាំង​ក្មេង នាំ​គ្នា​រត់​ប្រសេចប្រសាច។ ខ្លះ​រើស​ដុំ​ថ្ម​គប់​ត​ដៃ​ទៅ​អាជ្ញាធរ​វិញ ដែល​កំពុង​ដេញ​វាយ​បណ្ដេញ​ពួក​គេ​ដោយ​ដំបង និង​ដោយ​បាញ់​កាំភ្លើង​ផង។ (ស្នូរ​កាំភ្លើង​និង​ស្នូរ​គ្រឿង​យន្ត...)

ខ្សែ​ភាពយន្ត​នេះ​បង្ហាញ​ពី​សកម្មភាព​របស់​អ្នក​បឹងកក់ ក្នុង​ការ​ទាមទារ​អោយ​អាជ្ញាធរ​​​ផ្ដល់​សំណង​អោយ​សមរម្យ​ដល់​ពួក​គាត់​ចំពោះ​ដីធ្លី និង​ផ្ទះសំបែង​ដែល​អាជ្ញាធរ​រឹប​អូស​ទៅ​អោយ​ឈ្មួញ​ឯកជន។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ជា​អាទិ លោក​យាយ ង៉ែត ឃុន លោក ឌួង គា និង​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី៖ «គាត់​មិន​ខ្លាច​ស្លាប់ ដោយសារ​តែ​គាត់​ខ្លាច​បាត់បង់​ជម្រក​របស់​គាត់​ជា​សំខាន់។ ព្រោះ​អី​មនុស្ស​យើង​មិន​អាច​អត់​មាន​លំនៅឋាន​បាន​ទេ សូម្បី​តែ​សត្វ​ក៏​ត្រូវ​ការ​សំបុក​ដែរ សូម្បី​មនុស្ស​ដែល​ស្លាប់​ក៏​គេ​ត្រូវ​ការ​មឈូស ត្រូវ​ការ​ដី​សម្រាប់​កប់​ដែរ»

ផលិតករ​បាន​សម្ភាស​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​ជួល​ដី​អោយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍន៍​នេះ។ នៅ​ពេល​ដែល​ឮ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ពួក​អ្នក​បណ្តាក់​ទុន​ចូល​ចិត្ត​មក​រក​ដី​ក្នុង​ក្រុង ត្បិត​គេ​ឆ្លាត គេ​ចង់​​បាន​ចំណេញ​នោះ អ្នក​មើល​ទាំង​អស់​នាំ​គ្នា​ខ្សឹបខ្សៀវ និយាយ​បញ្ជោះ​អោយ​​លោក​វិញ។

លោក ហ៊ុន សែន៖ «ក៏​ប៉ុន្តែ​វា​មាន​ការ​លំបាក​ណាស់​នៅ​ក្នុង​ការ​ទាញ​ពួក​គេ​អោយ​ទៅ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ទី​ជនបទ។ ពួក​គេ​បែរ​ជា​ដាក់​ទុន​យ៉ាង​គំហុក​នៅ​ទីក្រុង​ភ្នំពេញ​ទៅ​វិញ។ គេ​ចាក់​ទុន​យ៉ាង​ច្រើន។ អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​ចង់​បាន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​ជនបទ។ ប៉ុន្តែ​យើង​មិន​អាច​នឹង​និយាយ​គេ​បាន​ទេ ព្រោះ​អ្នក​វិនិយោគ​គេ​ឆ្លាត​ជាង​យើង គេ​ចេះ គេ​គិតគូរ​អំពី​បញ្ហា​ទីផ្សារ ដូច្នេះ​គេ​ដាក់​ទុន​មក​ដើម្បី​ផល​ចំណេញ»

គឺ​ដើម្បី​ផល​ចំណេញ​របស់​ក្រុមហ៊ុន​គេ​នេះ​ហើយ បាន​ជា​នៅ​ពេល​ដែល​ចរចា​មិន​ទាន់​ត្រូវ​គ្នា​ផង ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​បូម​ខ្សាច់​ចាក់​បំពេញ​បឹង ដែល​ធ្វើ​អោយ​ទឹក​ចាល់​លិច​ផ្ទះ​អ្នក​ភូមិ។ (សំឡេង​គ្រឿង​យន្ត)

ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​លំនៅឋាន​ដោយ​បង្ខំ​នៅ​កម្ពុជា កើត​មាន​ឡើង​​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ប្រទេស​កម្ពុជា មិន​ថា​នៅ​ទីក្រុង ឬ​ទី​ជនបទ​ទេ។ ចំណុច​កំពូល​នៃ​ទំនាស់​មួយ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ គឺ​ជា​ឈុត​ដែល​កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ នាំ​គ្នា​កាន់​ដំបង​ដេញ​វាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចុះ​មក​អនុវត្ត​សាលដីកា​តុលាការ​បណ្ដេញ​ម្ចាស់​ផ្ទះ​ដើម្បី​យក​ដី​អោយ​អ្នក​វិនិយោគ​ទុន​បរទេស។ (សំឡេង​ដេញ​វាយ​របស់​អ្នក​ស្រុក​និង​ស្នូរ​កាំភ្លើង)

ទី​ណា​ដែល​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ ទី​នោះ​មាន​អំពើ​ហិង្សា។ នៅ​ឯ​បឹងកក់ ឯ​ណេះ​វិញ ស្ថានការណ៍​កាន់​តែ​តឹងតែង​ទៅៗ។ ឈុត​បន្ទាប់​នេះ​បង្ហាញ​អោយ​ឃើញ​ស្ត្រី​អ្នក​បឹងកក់​ម្នាក់ គឺ​លោក​យាយ ង៉ែត ឃុន ​បែក​ក្បាល​​ហូរ​ឈាម កំពុង​អង្គុយ​ទ្រហោ​យំ ហើយ​ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​វាយ​យុវជន​ម្នាក់​ឈ្មោះ សួង សុភ័ណ្ឌ អោយ​សន្លប់​ហូរ​ឈាម​ពេញ​ខ្លួន​នៅ​នឹង​កន្លែង។  (សំឡេង​ដេញ​វាយ សំឡេង​យំ​របស់​អ្នក​ស្រុក និង​ស្នូរ​កាំភ្លើង)

ខុស​ពី​ខ្សែ​ភាពយន្ត​រឿង​ធម្មតា​ដែល​ភាគ​ច្រើន​បញ្ចប់​ទៅ​ដោយ​តួ​ឯក​តួ​អង្គ​បាន​ទទួល​ជ័យ​ជម្នះ ឬ​សុភមង្គល​រឿង «សូម្បី​តែ​សត្វ​​ក៏​ត្រូវ​ការ​សំបុក​នេះ» មិន​បាន​បញ្ចប់​ទៅ​ដោយ​អ្នក​តស៊ូ​ទាមទារ​សិទ្ធិ​លំនៅឋាន​បាន​ទទួល​យុត្តិធម៌​ទេ។ អ្នក​តស៊ូ​ខ្លះ មាន​អ្នកស្រី យោម បុប្ផា ជាដើម កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

ពេល​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ចប់ បណ្ឌិត សុខ ទូច ឡើង​បញ្ចេញ​យោបល់​នៅ​ចំពោះ​មុខ​ទស្សនិកជន​ដែល​ជា​អ្នក​បឹងកក់ អ្នក​បុរីកីឡា និស្សិត និង​ព្រះសង្ឃ​ផង​ដែរ​នោះ ថា​លោក​រំភើប​ណាស់​ពេល​ដែល​ឃើញ​តួអង្គ​នៃ​រឿង​នេះ បង្ហាញ​ការ​ពិត​នៅ​ក្នុង​ជីវិត​ពិត​ដ៏​ឈឺ​ចាប់​របស់​ពួកគេ៖ «តួកុន​ទាំង​អស់​កើត​ចេញ​មក​ពី​តួកុន​ធម្មជាតិ​ដែល​មិន​ប្រឌិត។ បើ​យំ គឺ​យំ​ចេញ​ពី​ដួងចិត្ត ឥត​ធ្វើ​ទេ។ គឺ​បង្ហាញ​អំពី​តំណក់​ទឹក​ភ្នែក​ដែល​ចេញ​មក​ពី​កំហឹង​ការ​ឈឺ​ចាប់​ដែល​ដុះ​ចេញ​ពី​បេះដូង»

ប្រហែល​ជា​រឿង​នេះ​ប៉ះពាល់​ដល់​បេះដូង​បណ្ឌិត សុខ ទូច ហើយ​បាន​ជា​ពោល​ដល់​ត្រឹម​នេះ លោក​ក៏​អួល​ដើមក​និយាយ​ទៀត​លែង​រួច។

ផលិតករ​នៃ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ គឺ​អ្នកស្រី គ្រីស្ទីន ចាន់ស៊ូ (Christine Chansou) បាន​ថ្លែង​បញ្ចប់​កម្មវិធី​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ថា អ្នកស្រី​សូម​ឧទ្ទិស​រឿង​នេះ​ដល់​អ្នក​បឹងកក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ម្នាក់ គឺ​អ្នកស្រី យ៉ោម បុប្ផា។

ខ្សែ​ភាពយន្ត​ឯកសារ​នេះ​មាន​រយៈពេល ៧០​នាទី និយាយ​ភាសា​ខ្មែរ និង​ផលិត​ដោយ​ប្តី​ប្រពន្ធ​ជា​ជនជាតិ​បារាំង មួយ​គូ គឺ​លោក វ៉ាំងសង់ ត្រាំងទីងនង់-គ័រណូ (Vincent Trintignant-Corneau) និង​អ្នកស្រី គ្រីស្ទីន ចាន់ស៊ូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។