ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅខេត្តកំពង់ធំជាប់ព្រំដែនខេត្តព្រះវិហារត្អូញត្អែរ ខ្វះដីកសិកម្មដាំដុះបង្កបង្កើនផល ចិញ្ចឹមជីវិតនៅឆ្នាំនេះ ដោយសារអ្នកមានអំណាចម្នាក់បានរំលោភយកដីស្រែ ដីចម្ការវិលជុំ និងដីព្រៃអាស្រ័យផល របស់ពួកគាត់អស់ទាំងស្រុង។ អ្នកភូមិថា ពួកគាត់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្តព្រះវិហារ ដល់ថ្នាក់ជាតិ ប៉ុន្តែមិនត្រឹមតែគ្មានដំណោះស្រាយទេ ផ្ទុយទៅវិញអ្នកភូមិ ២នាក់ ក្លាយជាជនរងគ្រោះ ជាប់បណ្ដឹងនៅតុលាការ ព្រោះតែតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
ពលរដ្ឋជនជាតិដើមភាគតិចកួយ ៣៣គ្រួសារ រស់នៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ បង្ហាញពីភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីសំណាក់អ្នកមានឥទ្ធិពលម្នាក់ គឺលោកស្រី កែវ លក្ខិណា ត្រូវជាភរិយាឧកញ៉ា ហាក់ ប៊ុនថា (បច្ចុប្បន្នឧកញ៉ារូបនេះបានស្លាប់ហើយ)។
អ្នកភូមិចោទថា លោកស្រី កែវ លក្ខិណា បានបញ្ជាឱ្យគេឈូសឆាយរំលោភដីស្រែចម្ការ ផលដំណាំ ដីចម្ការវិលជុំ និងដីព្រៃរបោះសល់ចុងក្រោយ ៧១,៩០ហិកតារ របស់អ្នកភូមិអស់ទាំងស្រុង នៅរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ។
តំណាងពលរដ្ឋ លោកស្រី ងួន ហៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ មេសាថា មកទល់ពេលនេះ អ្នកភូមិជាង ៣០គ្រួសារ បានបាត់បង់ដីស្រែចម្ការដែលបង្កបង្កើនផល តាំងពីដូនតាអស់រលីងហើយ ហើយបច្ចុប្បន្នអ្នកភូមិគ្មានដីដាំដុះ ធ្វើកសិកម្មចិញ្ចឹមជីវិតទៀតទេ ព្រោះដីដែលធ្លាប់ធ្វើកន្លងទៅ ត្រូវគេឈូសឆាយកម្ទេចអស់។ លោកស្រីថា គ្រួសារលោកស្រីមានដី ៥ហិកតារ មានដំណាំ ស្រូវ ស្វាយចន្ទី ស្វាយ និងពោត ជាដើម ក៏ត្រូវលោកស្រី កែវ លក្ខិណា បញ្ជាឱ្យកម្មករឈូសឆាយកម្ទេចអស់ដែរ៖ «ខ្ញុំផ្ទាល់ស្រូវជិតអាស្រ័យផល គាត់ឈូសឆាយលុបហើយ មកដល់ពេលនេះ អត់មានស្រូវ អង្កហូប គាត់អត់មានស្រូវ អង្កហូប អត់មានដីបង្កបង្កើនផល។ គាត់កំពុងព្រួយខ្លាំង អត់មានទីកន្លែងអាស្រ័យផល សូម្បីដី ដែលគាត់ធ្លាប់ប្រមូលផលក៏បាត់បង់ដែរ។ គាត់កំពុងព្រួយបារម្ភម្ហូបប្រចាំថ្ងៃរបស់គាត់»។
តំណាងពលរដ្ឋរូបនេះបន្ថែមថា ដីធ្លីអាស្រ័យផលរួម ដែលអ្នកមានអំណាចរំលោភយក មានត្រពាំង ទីទួលបុរាណ ទឹកអូរធម្មជាតិ ព្រៃរបោះ សត្វព្រៃ ដីចម្ការវិលជុំ និងដីកសិកម្មរបស់អ្នកភូមិ ហើយបច្ចុប្បន្នដីតំបន់នោះ ត្រូវបានអ្នកស្រី កែវ លក្ខិណា គ្រប់គ្រងស្ទើរទាំងស្រុងហើយ។ លោកស្រីបន្ថែមថា គ្រួសារលោកស្រី បានស្រែកតវ៉ាទាមទារដីធ្លី តែត្រូវអ្នកមានអំណាចរូបនេះ ប្ដឹងផ្តល់ទៅតុលាការខេត្តព្រះវិហារ ដើម្បីគំរាមកំហែងបណ្ដាលឱ្យអ្នកភូមិខ្លះខ្លាចរអា រត់ចោលស្រុក ហើយបច្ចុប្បន្ននៅសល់ពលរដ្ឋតែ ៣០គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀលទាមទារដីធ្លី។
កាលពីចុងឆ្នាំ២០២១ អ្នកភូមិបានសំពះអង្វរ និងស្រែកទ្រហោយំដោយស្នើឱ្យកម្មកររបស់លោកស្រី កែវ លក្ខិណា បញ្ឈប់សកម្មភាពឈូសឆាយស្រូវកសិកម្ម និងច្បារដំណាំរបស់ពលរដ្ឋអស់ជាច្រើនហិកតារ ប៉ុន្តែកម្មកររបស់ក្រុមហ៊ុននេះ ពុំបានបញ្ឈប់នោះទេ៖ «ខ្ញុំសូមអង្វរឈប់ឈូសចម្ការខ្ញុំទៅ។ ខ្ញុំសូមអង្វរយ៉ាងណាក៏គេមិនឈប់ដែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពី លោកស្រី កែវ លក្ខិណា បាននៅឡើយទេ នៅថ្ងៃទី៨ មេសា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែកអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យសាលាខេត្តនេះលោក យង់ គឹមហឿង ក៏មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ចំណែកឯ ក្រុមយុវជនជនជាតិដើមភាគតិចកួយ ដែលចុះអង្កេតរឿង គឺលោក ហុក ឡេង ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកភូមិកាន់តែលំបាកវេទនាមួយកម្រិតទៀត ដោយគ្មានដីដាំដុះចិញ្ចឹមក្រពះនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនរំលោភយកដីទាំងស្រុង។ លោកថា ពលរដ្ឋសោកស្ដាយព្រៃអាស្រ័យផល និង ដីស្រែចម្ការ ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ បានបាត់បង់ បូករួមទាំងតំបន់សន្លុងស្លដែក ដែលជាកន្លែងប្រវត្តិសាស្ត្រដូនតាកួយផងដែរ៖ «ខ្វះហ្នឹងហើយ គាត់អត់បានធ្វើតែម្ដង គាត់ធ្វើបានដុះស្រូវហើយ គាត់ឈូសខ្ទេច។ គាត់ដាំស្រូវអស់ហើយ គេឈូសខ្ទេច ដល់ឥលូវនេះអត់បានច្រូតណា គេឈូសហើយ»។
កាលពីខែមីនាកន្លងទៅ អ្នកភូមិបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ ពីក្រសួងដែនដីនៅរាជធានីភ្នំពេញ ហើយក្រសួងសាមីមួយនេះ បានរុញឱ្យអាជ្ញាធរខេត្តព្រះវិហារដោះស្រាយជម្លោះដីធ្លីនេះ ប៉ុន្តែមកទល់ពេលនេះ ពុំឃើញអាជ្ញាធរខេត្តនេះ ដោះស្រាយនៅឡើយទេ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរខេត្តព្រះវិហារ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ហើយវិវាទនៅតែអូសបន្លាយ បង្កឱ្យប៉ះពាល់ជីវភាពរស់នៅរបស់អ្នកភូមិ៖ « ខាងក្រសួងបានចារលិខិតផ្ទេរមក អភិបាលខេត្តព្រះវិហារ ដើម្បីឱ្យដោះស្រាយបញ្ហាទំនាស់ នៅតំបន់ហ្នឹង។ ចំណាត់ការរបស់អាជ្ញាធរខេត្តព្រះវិហារ ហាក់ពុំមានប្រសិទ្ធភាព ជាការមិនឱ្យតម្លៃលើចំណាត់ការរបស់ក្រសួងទៅវិញទេ»។
តំបន់សន្លុងស្លដែក ឬហៅម្យ៉ាងទៀតថា សន្លុងត្នោត ជាកន្លែងគោរពបូជាយ៉ាងសំខាន់របស់អ្នកស្រុកតាំងពីដើមមក។ លើសពីនេះតំបន់នោះ មានទឹកផុសខួបប្រាំង និងវស្សា អំណោយផលគាប់ប្រសើរឱ្យអ្នកស្រុកធ្វើស្រែចម្ការគ្រប់រដូវកាលបាន។ ទន្ទឹមនឹងនេះ មានស្រះទឹកបុរាណ ដែលដូនតាកួយកសាង ដើម្បីចម្រាញ់ថ្មឱ្យក្លាយជាដែក អមដោយចង្ក្រាន បំពង់បង្ហូរដែកជាដើម។
ពលរដ្ឋជនជាតិដើមភាគតិចកួយបញ្ជាក់ថា សំណល់វប្បធម៌របស់ជនជាតិដើមកួយទាំងនេះ ត្រូវបានក្រុមហ៊ុនឈូសកម្ទេចចោលទាំងស្រុង។ បន្ថែមពីនេះ តំបន់នោះមានដើមឈើធំៗ ទួលបុរាណ សត្វព្រៃ វល្លិ និងកន្លែងឃ្វាលគោក្របី ដែលអ្នកស្រុកចាត់ទុកថា ជារបស់ជនជាតិដើមកួយ ត្រូវបានបាត់បង់ទាំងស្រុងដែរ ហើយបច្ចុប្បន្នតំបន់នោះ គ្រប់គ្រងដោយក្រុមហ៊ុន ហាក់ ប៊ុនថា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។