តុលាការខេត្តមណ្ឌលគិរីកោះហៅប្រជាសហគមន៍ ១៥នាក់ ករណីក្រុមហ៊ុនបារាំងសុកហ្វីនប្ដឹងពួកគាត់
2023.02.02

តុលាការខេត្តមណ្ឌលគិរីបានកោះហៅប្រជាសហគមន៍ ១៥នាក់ ដើម្បីជំនុំជម្រះក្តីក្នុងរឿងវិវាទដីធ្លីរវាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសុកហ្វីន ខេ.ស៊ី.ឌី (Socfin KCD) និងជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា កាលពី ១៥ឆ្នាំមុន។ ប្រជាសហគមន៍ខឹងសម្បារ ចំពោះទង្វើរបស់តុលាការថា ពន្យារពេលកាត់ក្តី ក្នុងសំណុំរឿងនេះ បង្កើនឱ្យមានភាពអយុត្តិធម៌ម្តងហើយម្តងទៀត។
ជនជាតិដើមភាគតិចព្នង ១៥នាក់ រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ចាត់ទុកសំណុំរឿងនេះ ជាការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់ ដែលបាត់បង់ដីធ្លីបង្កបង្កើនផល ហើយត្រូវជាប់បណ្តឹងនៅតុលាការថែមទៀត។ ពួកគាត់អះអាងថា នឹងចូលខ្លួនក្នុងសវនាការជំនុំជម្រះ តាមដីកាកោះហៅរបស់តុលាការ។
ជនជាតិដើមភាគតិចព្នង ដែលជាប់បណ្តឹងក្នុងសំណុំរឿងនេះ គឺលោកស្រី ស្រង ព្រូ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីខកចិត្ត នៅគ្រាដែលតុលាការ ផ្អឹបសំណុំរឿងនេះទុកចោលជាង ១៥ឆ្នាំ មកហើយ ទើបតែកោះហៅពួកគាត់ ឱ្យចូលរួមក្នុងសវនាការជំនុំជម្រះ។ លោកស្រីបញ្ជាក់ថា ការប្តឹងផ្តល់នេះកើតឡើង ដោយសារពួកគាត់ លើកគ្នារារាំងគ្រឿងចក្រដែលឈូសឆាយប៉ះពាល់តំបន់គោរពបូជានិងដីចម្ការវិលជុំរបស់អ្នកភូមិ។
លោកស្រី ស្រង ព្រូ៖ «ចង់បៀតបៀន កេងប្រវ័ញ្ចធ្វើបាបពលរដ្ឋ យកដីផង យកពលរដ្ឋដាក់គុក។ ខ្លះភ័យចង់យំ តែខ្ញុំមិនព្រួយទេបើស្លាប់ដោយសារដី ក៏អស់ចិត្ត ខ្ញុំលែងខ្លាចហើយ»។
ស្ត្រីវ័យ ៤៦ឆ្នាំរូបនេះ បន្ថែមថា គ្រួសារលោកស្រីបាត់បង់ដីស្រែចម្ការកេរឪពុកម្ដាយ ទំហំ ៩ហិកតារ ដែលអាស្រ័យផលជាច្រើនជំនាន់មកហើយ ហើយពេលនេះជំនួសមកវិញ ដោយដំណាំកៅស៊ូ គ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ រីឯអ្នកភូមិរាប់រយគ្រួសារទៀត ក៏ជួបបញ្ហាដូចលោកស្រីដែរ។
កាលពីថ្ងៃទី១៣ មករា កន្លងទៅ តំណាងអយ្យការខេត្តមណ្ឌលគិរី លោក អ៊ាង សុគន្ធ បានកោះហៅជនជាតិដើមភាគតិចព្នង ១៥នាក់ ឱ្យបង្ហាញខ្លួន ក្នុងសវនាការជំនុំជម្រះក្តី ក្នុងនាមជាជនជាប់ចោទ នៅថ្ងៃទី៧ កុម្ភៈខាងមុខនេះ ពីបទ បង្កអគ្គីភ័យ បំផ្លាញដោយចេតនា និងប្លន់ ដែលប្រព្រឹត្តឡើង នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី។ អ្នកភូមិថា ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺក្រុមហ៊ុនសុកហ្វីន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងតំណាងអយ្យការខេត្តមណ្ឌលគិរី លោក អ៊ាង សុគន្ធ ដើម្បីសុំការបំភ្លឺជុំវិញសំណុំរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី២ កុម្ភៈ។ ចំណែក អ្នកនាំពាក្យតុលាការខេត្តនេះ លោក មាស ប្រុស ក៏វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ ដោយសារទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
កាលពីឆ្នាំ២០០៨ សហគមន៍ប៊ូស្រាជាង ៣០០នាក់ នាំគ្នាឡោមព័ទ្ធគ្រឿងចក្រក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចសុកហ្វីន ដែលកំពុងឈូសឆាយនៅលើដីចម្ការវិលជុំ ដីព្រៃគោរពបូជាសហគមន៍។
ក្នុងហេតុការណ៍ពេលនោះ សហគមន៍បានដុតគ្រឿងចក្រក្រុមហ៊ុនអស់បីគ្រឿង ដោយសារតែអ្នកភូមិទាមទារឲ្យអាជ្ញាធរដោះស្រាយផ្អាកការឈូសឆាយ ប៉ុន្តែមិនមានដំណោះស្រាយ។
អតីតតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង និងជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក គ្រើង តុលា ខកចិត្តពីភាពយឺតយ៉ាវរបស់តុលាការថា ធ្វើឱ្យពលរដ្ឋខាតបង់ប្រយោជន៍ច្រើន ហើយចំណេញលើភាគីក្រុមហ៊ុន។
លោកថា ក្រោយពីមានវត្តមានក្រុមហ៊ុនទាំងនេះ ធ្វើឱ្យជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចលំបាកខ្លាំង ហើយដីដែលពួកគេធ្លាប់អាស្រ័យផល ត្រូវបានក្រុមហ៊ុនរំលោភយកដាំកៅស៊ូអស់៖
លោក គ្រើង តុលា៖ «ជនរងគ្រោះគាត់បាត់បង់ដីធ្លីហើយ ត្រូវក្រុមហ៊ុនប្តឹងទៀត ហើយតុលាការហ្នឹង ជាអ្នកអនុវត្តច្បាប់ ពន្យារពេលរាប់ឆ្នាំ និយាយពីចាស់ៗ ងាប់២០ និង ៣០នាក់ ១០ឆ្នាំជាងហើយ មិនទាន់រកយុត្តិធម៌ឱ្យគាត់។ តុលាការត្រូវទទួលខុសត្រូវទាំងស្រុង លើការអនុវត្តច្បាប់»។
ក្រុមហ៊ុនសុកហ្វីន ទទួលថវិកាវិនិយោគពីក្រុមហ៊ុន បូឡូរ៉េ (BOLLORE) ដែលមានទីស្នាក់ការនៅប្រទេសបារាំង ទទួលសិទ្ធិវិនិយោគដំណាំកៅស៊ូ លើផ្ទៃដីជាង ១ម៉ឺនហិកតារ (១២.៤៤០) ឋិតនៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០០៨។ សហគមន៍ចោទក្រុមហ៊ុនថា ធ្វើឱ្យប៉ះពាល់ដីធ្លីពលរដ្ឋជាង ១ពាន់គ្រួសារ និងបានបង្ខំឱ្យពលរដ្ឋព្រមទទួលសំណងមិនសមរម្យ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនសុកហ្វីន និងក្រុមហ៊ុន បូឡារ៉េ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ។
ក៏ប៉ុន្តែកាលពីចុងខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនសុកហ្វីន បានចេញសេចក្តីប្រកាសព័ត៌មានថា មុនពេលចាប់ផ្តើមវិនិយោគដំណាំកៅស៊ូ លើផ្ទៃដីជាង ១ម៉ឺន ២ពាន់ហិកតារ (១២.៤៤០) ក្រុមហ៊ុនបានចូលរួមសន្ទនាជាមួយពលរដ្ឋសហការជាមួយអាជ្ញាធរ និងអ្នកសង្កេតការណ៍ឯករាជ្យជាដើម។
បន្ថែមពីនេះ ក្រុមហ៊ុនបានដោះស្រាយសំណងជូនពលរដ្ឋ ៨១៦គ្រួសារ ដោយសន្តិវិធី ហើយបានការពារដីធ្លីរបស់សហគមន៍ ២៣០ហិកតារ រួមមានដីព្រៃអារក្សដីព្រៃជំនឿ ដីបញ្ចុះសពនិងដីបម្រុង។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ស្នើឱ្យតុលាការ ស៊ើបអង្កេតពីឫសគល់ ក្នុងសំណុំរឿងនេះ ព្រោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏ធំធេងនេះ មានភាពមិនប្រក្រតីច្រើនបំពានកិច្ចសន្យាវិនិយោគ ។ លោកថា បញ្ហានេះ ក៏ជាកំហុសរបស់អាជ្ញាធរជំនាញ មិនដោះស្រាយជូនពលរដ្ឋឱ្យជ្រះស្រឡះ មុននឹងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនអភិវឌ្ឍន៍។
លោក ប៉ែន ប៊ុណ្ណារ៍៖ «ពាក់ព័ន្ធទៅនឹងសមត្ថកិច្ច ក្នុងការសម្របសម្រួលន័យសម្បទានកិច្ច គឺជាការធ្វើឱ្យរីកចម្រើន និងសុខដុមរមនា រវាងក្រុមហ៊ុន និងពលរដ្ឋ មិនមែន បង្កើតឡើងដើម្បីខឹងសម្បារទេ ដើម្បីកុំឱ្យមានហិង្សា សមត្ថកិច្ចហ្នឹងត្រូវដោះស្រាយផលប៉ះពាល់សិន មុននឹងឱ្យក្រុមហ៊ុនធ្វើ»។
កាលពីឆ្នាំ២០១៥ ជនជាតិដើមភាគតិច ៩នាក់ ក្នុងចំណោមពលរដ្ឋ ៩៧គ្រួសារ បានប្ដឹងក្រុមហ៊ុន សុខហ្វីន និងក្រុមហ៊ុន បូឡូរ៉េ ដែលមានទីស្នាក់ការនៅប្រទេសបារាំង។
ប្រជាសហគមន៍ថា មូលហេតុដែលសហគមន៍ប្ដឹងដោយសារក្រុមហ៊ុនទាំងនេះ រំលោភសិទ្ធិដីធ្លី ព្រៃឈើ និងប្រើប្រាស់តុលាការ គំរាមកំហែងពលរដ្ឋ ជាពិសេសបំពានតំបន់ទីសក្ការបូជា ព្រៃតំណម និងព្រៃកប់សព សរុបជាង ១ពាន់ហិកតារ។
ចំណែកតុលាការទីក្រុងណង់ទែរ (The Tribunal of Nanterre) ប្រទេសបារាំង កាលពីឆ្នាំ២០២១ បានសម្រេចឱ្យតំណាងជនជាតិដើមភាគតិចព្នង ៩រូប ចាញ់ក្តី ក្នុងសំណុំរឿងនេះ ដោយត្រូវផ្តល់សំណង ២ម៉ឺនដុល្លារអាមេរិក (២០.០០០) ឱ្យក្រុមហ៊ុនសុកហ្វីន ដោយលើកហេតុផលថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ មិនមែនជាពលរដ្ឋម្ចាស់ស្រុក និងគ្មានប្លង់កម្មសិទ្ធិគ្រប់គ្រងលើដីព្រៃឈើទាំងនោះទេ។
ចំណែកតំណាងសហគមន៍ជាជនជាតិដើមភាគតិច ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការបារាំងនោះថា មិនឆ្លើយតបនឹងហេតុផលគោរពសិទ្ធិមនុស្សស្របតាមខ្លឹមសារ ដែលបានសរសេរក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើមភាគតិច និងច្បាប់របស់កម្ពុជាទេ។
ប្រជាសហគមន៍បន្ថែមថា ពលរដ្ឋជាម្ចាស់ទឹកដី បានអាស្រ័យផល និងប្រើប្រាស់ដីធ្លី តាមទំនៀមទម្លាប់ប្រពៃណីមុនពេលដែលមិនទាន់មានវត្តមានក្រុមហ៊ុនទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។