ពលរដ្ឋ និង​ជនជាតិ​ដើម​ភាគតិច​ព័រ​ខេត្តបាត់ដំបង​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់

0:00 / 0:00

ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹង​ប្រាំ និង​ជនជាតិ​ដើម​ភាគតិច​ព័រ ភ្នំ​រៃ នៅ​ខេត្ត​បាត់ដំបង ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​។ ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដីធ្លី មុខរបរ​ចម្ការ​វិល​ជុំ និង​លំនៅឋាន ខណៈ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិឯកជន។

ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹង​ប្រាំ ស្រុក​បវេល និង​ជនជាតិ​ដើម​ភាគតិច​ព័រ នៅ​ភ្នំ​រៃ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ និង​បាន​លើក​បដា ស្នើសុំ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដល់​ពួកគាត់​។ ពួកគាត់​អះអាង​ថា ពួកគាត់​រស់នៅ និង​បាន​ធ្វើ​ចម្ការ​វិល​ជុំ​នៅ​លើ​ដី​នេះ​តាំងពី​ដូនតា​របស់​ពួកគាត់​មក ហើយ​ពលរដ្ឋ​ខ្លះ​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ ក្រោយ​សម័យ​ខ្មែរក្រហម​ដួល​រលំ។

ប្រធាន​សហគមន៍​បឹងប្រាំ តំណាង​ឲ្យ​ពលរដ្ឋ​១៩២​គ្រួសារ នៅ​ភូមិ​សំណាង​ព្រះ​ស្រី ឃុំ​បឹង​ប្រាំ ស្រុក​បវេល លោក ហ៊ុល យ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​តុលា ថា លោក​បាន​មក​រស់នៅ​លើ​ដី​សហគមន៍​បឹង​ប្រាំ​នេះ តាំងពី​ក្រោយ​សម័យ​ខ្មែរក្រហម ហើយ​រដ្ឋាភិបាល​ពេល​នោះ​ប្រកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​លើ​ដី​ដែល​ខ្លួន​កាន់​កាប់ លុះ​ក្រោយ​មក​លោក និង​ពលរដ្ឋ​ទាំង​១៩២​គ្រួសារ នៅ​តំបន់​បឹង​ប្រាំ​នេះ បាន​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​ដី ពី​អាជ្ញាធរ​មូលដ្ឋាន តែ​អាជ្ញាធរ​មិន​ចេញ​ប្លង់ដី​ឲ្យ​ពួកគាត់​។ លោក​បន្ត​ថា នៅ​ឆ្នាំ​២០១២ អាជ្ញាធរ​បាន​កាត់​ដី​នៅ​តំបន់​បឹង​ប្រាំ​នោះ ទៅ​ឲ្យ​ក្រុម​អ្នក​មាន​លុយ មានអំណាច ឯ​ពលរដ្ឋ​នៅតែ​មិនទាន់​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​នៅ​ឡើយ​។ លោក​ស្នើ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​ឲ្យ​ពួកគាត់ ព្រោះ​លោក និង​ពលរដ្ឋ​ដទៃទៀត ព្រួយ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ពី​លំនៅឋាន៖ « សូម​ឲ្យ​សម្ដេច ហ៊ុន សែន សូម​ជួយ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​នៅក្នុង​១៩២​គ្រួសារ​ហ្នឹង សូម​ឲ្យ​ជួយ​ពន្លឿន​នូវ​ការ​ដោះស្រាយ ខ្ញុំ​ជឿជាក់​ថា សម្ដេច​អ្នក​ដោះស្រាយ ប៉ុន្តែ​ក្រែង​តែ​មាន​បញ្ហា​រឿង​ល្អ​គេ​អត់​សើរើ រឿង​អាក្រក់​លាក់​មិន​ឲ្យ​ដឹង »

ប្រជា​សហគមន៍​បឹង​ប្រាំ កាលពី​ថ្ងៃទី​៦ ខែ​តុលា បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ ក្នុង​បរិវេណ​សាលាបឋមសិក្សា​បឹងបី ស្រុក​បវេល ខេត្ត​បាត់ដំបង ដោយ​មាន​មនុស្ស​ចូលរួម ៥៨​នាក់​។ ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ ពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពួកគាត់​ទាំង​១៩២​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង​មួយ​ពាន់ (១០៨៥) ហិកតារ ហើយ​អាជ្ញាធរ​បាន​ពន្យារពេល​មិន​ដោះស្រាយ​ឲ្យ​ពួកគាត់​ជាង​ដប់​ឆ្នាំ​មក។ ពលរដ្ឋ​បាន​សួរដេញដោល​គ្នា​ពី​សិទ្ធិ​ទទួល​បាន​លំនៅឋាន ហើយ​នាំគ្នា​ដើរ​ហែ​ក្បួន​ជុំវិញ​បរិវេណ​សាលា ក្រោយ​មក​ពួកគាត់​ក៏​បាន​ហូប​នំ​បញ្ចុក​ទុកជា​ការ​សាមគ្គី​របស់​សហគមន៍ ជា​កិច្ចបញ្ចប់​កម្មវិធី។

ចំណែក​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព័រ នៅ​ភ្នំ​រៃ ឃុំ​តាតោក ស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ក៏​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ នេះ​ដែរ ដោយ​ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល​ថែរក្សា​ដី​សហគមន៍​របស់​ពួកគាត់​ឲ្យ​បាន​គង់វង្ស​។ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព័រ នៅ​តំបន់​ភ្នំ​រៃ មាន​ប្រាំ​ប្រភេទ ទី​១ ដី​សម្រាប់​កប់​សព ទី​២ ដី​ព្រៃ​អារក្ស ទី​៣ ដី​លំនៅឋាន ទី​៤ ដីចម្ការ​វិល​ជុំ និង​ទី​៥ ដី​បម្រុង​ទុក​សម្រាប់​ឲ្យ​កូនចៅ​របស់​ពួកគាត់​ជំនាន់​ក្រោយ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព័រ ភ្នំ​រៃ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក ឆឺ​ន ឈន ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​នេះ មាន​មនុស្ស​ជាង​មួយរយ (១០៣) នាក់​ចូលរួម ក្នុង​គោលបំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ថែរក្សា​ដី​សមូហភាព និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច ព័រ​។ លោក​បន្ត​ថា ទិវា​នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​គោរព​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​លំនៅឋាន​របស់​ពួកគាត់ និង​សុំ​កុំ​ឲ្យ​មានការ​កាប់​ស្ការ​ដី​ព្រៃ​សហគមន៍​របស់​ពួកគាត់ ទៅ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​របស់​អ្នក​មាន​លុយ មាន​អំណាច៖ « ខ្ញុំ​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ហ្នឹង ធ្វើ​យ៉ាងណា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ដើម​ភាគតិច សម្រួល​នៃ​ការ​ពន្លឿន​ការ​ចុះ​វាស់វែង ឲ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាទ ហើយ​ជួយ​គេ​ហៅថា​ការពារ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​ផង ហើយ​រដ្ឋាភិបាល​ហ្នឹង​គាត់​ជួយ​អន្តរាគមន៍ រាល់​មាន​បញ្ហា​ដូចជា​ចម្ការ​វិល​ជុំ​អីៗ​ចឹ​ង​ហ្នឹង​ណា ហើយ​និង​តំបន់​គោរព​បូជា​ឲ្យ​មានការ​ទុក ចេញ​ច្បាប់​ការពារ​ឲ្យ​ហ្នឹង​ណា »

ឆ្លើយតប​នឹង​រឿង​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ប្រាប់​អាស៊ីសេរី​ថា លោក​គាំទ្រ​ដល់​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​របស់​បងប្អូន​ជនជាតិភាគតិច ព័រ ហើយ​លោក​ក៏​លើកទឹកចិត្ត​ពួកគាត់​ឲ្យ​ខិតខំ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់​ជនជាតិភាគតិច​។ លោក​បន្ថែម​ថា ករណី​ដែល​ជនជាតិ​ភាគតិច និង​ពលរដ្ឋ​តំបន់​បឹង​ប្រាំ ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី លោក​នៅ​មិនទាន់​ទទួល​បាន​ពាក្យ​ស្នើ​សុំ​ទេ៖ «​ ធម្មតា​ជា​រួម​បញ្ហា​បច្ចុប្បន្ន គឺ​រដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​បងប្អូន​អ៊ីចឹង​ទៅ​ណា ហើយ​ដែល​គាត់​មួយចំនួន​មិនទាន់​មាន​ហ្នឹង​មិនដឹង​គាត់​មាន​ដី​កន្លែង​ណា​យើង​មិនដឹង និយាយ​អ៊ីចឹង​អត់​ដឹង​ទេ មិនដឹង​ដី​កន្លែង​ណា​អត់​ទាន់​មាន​ប្លង់​កម្មសិទ្ធិ ជួនកាល​ដី​អភិរក្ស​ការពារ​ឲ្យ​ចេញ​កម្មសិទ្ធិ​ម៉េច​កើត​អាហ្នឹង​ចង់​និយាយ​អ៊ីចឹង​ណា និយាយ​រួម​យើង​ថែរក្សា​អភិរក្ស ហើយ​ចង់​ចេញ​កម្មសិទ្ធិ​កន្លែង​ដីកា​ការពារ​គេ​ចេញ​ម៉េច​កើត »

ជុំវិញ​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត លើកឡើង​ថា ពលរដ្ឋ​នៅ​តំបន់​បឹង​ប្រាំ និង​ជនជាតិ​ដើម​ភាគតិច ព័រ ខ្លាច​បាត់បង់​ដី​កេរ​ដូនតា ទើប​ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ឲ្យ​បាន​ឆាប់។ លោក​យល់​ថា ពលរដ្ឋ​គួរតែ​ទទួល​បាន​សិទ្ធិ​លំនៅឋាន​សមរម្យ និង​មិន​គួរ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដើម្បី​ស្រប​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ ដែល​ពួកគាត់​ធ្វើឡើង​អស់​ពីរ​ថ្ងៃ៖ « ចង់​ឲ្យ​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ហើយ​ហ្នឹង​ខាង​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ចុះបញ្ជី​ដីធ្លី​សមូហភាព​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់ៗ ព្រោះ​អី​គាត់​ថ្វីត្បិតតែ​ទិវា​សិទ្ធិ​លំនៅឋាន​មែន​។ ប៉ុន្តែ​សិទ្ធិ​លំនៅឋាន​របស់​ពួកគាត់​ទាក់ទង​នឹង​ការបាត់បង់​វិញ ដោយសារ​គាត់​យល់ថា សិទ្ធិ​លំនៅឋាន​វា​ភ្ជាប់​ជាមួយនឹង​សិទ្ធិ​ដីធ្លី អ៊ីចឹង​កាលណា​ពេល​ដែល​គាត់​មាន​ដី​កម្មសិទ្ធិ​ស្របច្បាប់ គឺ​សិទ្ធិ​លំនៅឋាន​គាត់​នឹង​ត្រូវ​បាន​គោរព »

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក​លើក​ទី​៣៧ ទាំងពីរ​ថ្ងៃ ដែល​មាន​ការចូលរួម​ពី​ពលរដ្ឋ​នៅ​ស្រុក​សំឡូត និង​ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ​ពីរ​រយ​នាក់ ដើម្បី​ស្នើ​រដ្ឋាភិបាល ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី ដល់​សហគមន៍​របស់​ពួកគាត់ ឲ្យ​មាន​សិទ្ធិ​រស់នៅ​លើ​ដី ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។