សង្គមស៊ីវិលខេត្តកំពត ជំរុញឱ្យបើកការស៊ើបអង្កេត លើករណីអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិករ លើដែនសមុទ្រ ឱ្យពលរដ្ឋចំនួន១២គ្រួសារ នៅឆ្នេរ ចំណុចភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត។ ការស្នើសុំនេះ ធ្វើឡើងក្រោយពេលអភិបាលខេត្តកំពត ធ្វើសន្និសីទកាសែតបង្ហាញថា ផ្ទៃសមុទ្រជាង ១ហិកតារ ដែលមានការបោះបង្គោលព្រំដី ពីលើ មានប័ណ្ណកម្មសិទ្ធិករត្រឹមត្រូវ នៅខណៈ ច្បាប់បញ្ញត្តិថា ឆ្នេរ និងសមុទ្រ ជាកម្មសិទ្ធិរបស់រដ្ឋ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពត លោក យន់ ផល្លី សង្ស័យ ការចេញប័ណ្ណកម្មសិទ្ធិករ លើសមុទ្រឱ្យពលរដ្ឋ១២គ្រួសារនោះ មានអំពើពុករលួយ ព្រោះពលរដ្ឋទូទៅ រស់នៅជាប់មាត់សមុទ្រនៅខេត្តកំពតដូចគ្នា មិនទទួលបានប័ណ្ណកម្មសិទ្ធិលើដីទាំងនោះទេ។ សង្គមស៊ីវិលរូបនេះ ស្នើសុំឱ្យអភិបាលខេត្តកំពត លោក ជាវ តាយ ដែលអះអាងថា មិនដឹងដើមហេតុនៃការចេញប័ណ្ណកម្មសិទ្ធិនោះ ដោយសារទើបមកកាន់តំណែងថ្មី ស្រាវជ្រាវ និងស៊ើបអង្កេតឡើងវិញ ករណីអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដី ស្ថិតក្នុងផ្ទៃសមុទ្រ ឱ្យពលរដ្ឋ៖ «គួរតែមានការស៊ើបអង្កេតឡើងវិញ ដើម្បីស្វែងរកមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបានចេញ ឬក៏ធ្វើប្លង់ឱ្យតាមការអះអាងរបស់គាត់ ( អភិបាលខេត្ត ) ថា មានប្លង់កម្មសិទ្ធិ។ អ៊ីចឹងសុំឱ្យអាជ្ញាធរ ដែលលោកទើបមកថ្មី ធ្វើការស៊ើបអង្កេតឡើងវិញ។ នៅក្នុងករណីនេះ ប្រសិនបើធ្វើការចេញប្លង់ឱ្យពលរដ្ឋ ១២គ្រួសារ អ៊ីចឹងពលរដ្ឋផ្សេងៗទៀត គួរតែចេញប្លង់ឱ្យពួកគាត់ទៅ នៅតំបន់ឆ្នេរដូចគ្នា។ បើតាមដែលខ្ញុំដឹងថា នៅក្នុងតំបន់ឆ្នេរកន្លងមកមិនទាន់មានចេញប្លង់កម្មសិទ្ធិនៅឡើយទេ។ អ៊ីចឹង ម្ដេចបាន ១២គ្រួសារមានប្លង់កម្មសិទ្ធិ។ សូមឱ្យអាជ្ញាធរស្រាវជ្រាវធ្វើការស៊ើបអង្កេតឡើងវិញ»។
កាលពីថ្ងៃទី២៧ ឧសភា អភិបាលខេត្តកំពត លោក ជាវ តាយ បានធ្វើសន្និសីទកាសែតនៅសាលាខេត្តកំពត បង្ហាញលទ្ធផលចុះស្រាវជ្រាវ ការបោះបង្គោលព្រំដី លើសមុទ្រថា ជាដីរបស់ពលរដ្ឋ មានប័ណ្ណកម្មសិទ្ធិ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៅឆ្នាំ២០០៨។
លោក ជាវ តាយ បដិសេធផ្ដល់បទសម្ភាសន៍បន្ថែមឱ្យអាស៊ីសេរី នៅថ្ងៃទី២៨ ឧសភា ដោយប្រាប់ថា រវល់ជួបភ្ញៀវ។ ប៉ុន្តែសារព័ត៌មានក្នុងស្រុក (Phnom Penh និង Freshnews) ចុះផ្សាយថា អភិបាលខេត្តកំពតមិនទាន់សម្រេចបែបណា នៅឡើយទេ ព្រោះកំពុងស្វែងរកបុគ្គល ដែលប្រកាសលក់ដី ឱ្យមកបំភ្លឺនៅរដ្ឋបាលខេត្តកំពត ជុំវិញដីដែលប្រកាសលក់នោះ ថា បានដីមកពីណា។
លោក ជាវ តាយ រៀបរាប់ប្រវត្តិដីនោះ ក្នុងសន្និសីទកាសែត ថា ដើមឡើយ ស្ថានភាពទីនោះ ជាទីតាំងដីអូរ ចិញ្ចឹមបង្គា និងក្ដាមសមុទ្រ ហើយពលរដ្ឋ ១២គ្រួសារ ជាអ្នកកាន់កាប់ និងអាស្រ័យផល។ ទំហំផ្ទៃដីសរុប គឺជាង៤ពាន់ (៤៥,៦១៤) ហិកតារ។
នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីនេះ ស្របច្បាប់ ហើយរដ្ឋាភិបាលសម្រេចឱ្យដីនោះ ទៅប្រជាពលរដ្ឋទាំង១២គ្រួសារ និងយល់ព្រមឱ្យកែប្រែទីតាំងនោះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ឬទេសចរណ៍កែច្នៃ។
បើទោះបីអភិបាលខេត្តកំពត អះអាងបែបនេះ តែជាង១០ឆ្នាំហើយ ទីតាំងនោះ មិនទាន់ត្រូវបានកែប្រែជាតំបន់ទេសចរណ៍ធម្មជាតិ ឬកែច្នៃ តាមការអះអាងឡើយ តែបែរមានការប្រកាសលក់ជាសាធារណៈ។ អាស៊ីសេរី គ្មានប្រភព របស់ពលរដ្ឋទាំង១២គ្រួសារ ដែលអភិបាលខេត្តកំពត អះអាងថា ទទួលបានប័ណ្ណកម្មសិទ្ធិ ដើម្បីសុំការបញ្ជាក់បន្ថែមឡើយ នៅថ្ងៃទី២៨ ឧសភា។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពត លោក កូវ យិតឡាយ ថា អភិបាលខេត្តកំពត មកស្រាយមិនពិត ដោយបំភ្លឺតាមតែគេប្រាប់។ លោកអះអាងថា ដែនទឹកតំបន់នោះ គឺដំបូងពលរដ្ឋចិញ្ចឹមបង្គាមែន តែក្រោយមកអាចមានឃុបឃិតគ្នា បោះបង្គោលហ៊ុំព័ន្ធយកដែនទឹកតែម្ដង។ សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតរូបនេះ ចាត់ទុកការការបកស្រាយបែបនេះ នឹងបង្កើតឱ្យមានភាពអយុត្តិធម៌ ដល់ពលរដ្ឋផ្សេងទៀត កំពុងរស់នៅតាមមាត់ឆ្នេរ និងអ្នកនេសាទលក្ខណៈគ្រួសារ៖ «ខ្ញុំមានជំនឿជឿជាក់ថា នេះជាពាក្យដោះសារបស់ឯកឧត្ដមអភិបាលខេត្ត។ ជាការបំភ្លឺមួយ តាមតែអ្នកនៅពីក្រោយទេ ដោយសារអ្វី ខ្ញុំនៅទឹកដីនេះ គ្មានមានអាណាចិញ្ចឹមក្ដាមបង្គា អត់មានអូរ អ៊ីចឹងទេ ហើយខ្ញុំក៏ធ្លាប់ទៅនេសាទដែរ ចុះពលរដ្ឋរុញទូក រុញឈុច ( ឧបករណ៍នេសាទទឹករាក់ ) រាល់ថ្ងៃ ម្ដេចមិនឱ្យកម្មសិទ្ធិគាត់ផង អាជីវកម្មឆ្នាំងបាយគាត់នៅហ្នឹង។ យប់ឡើងទៅរុញ ថ្ងៃឡើងរុញ មកផ្ទះជិតហ្នឹង មិនឱ្យកម្មសិទ្ធិគាត់ផង។ ឯកឧត្ដមអភិបាលខេត្ត គាត់បំភ្លឺនេះ បំភ្លឺតាមដែលគេប្រាប់គាត់ទេ តែតាមការពិតគាត់មិនដឹងច្បាស់ដូចខ្ញុំនៅ ហ្នឹងទេ»។
ការភ្ញាក់ផ្អើល និងប្រតិកម្ម ចំពោះបង្គោលព្រំដី លើសមុទ្រនៅខេត្តកំពតនេះ កើតឡើង ដោយសារក្រុមហ៊ុន ឈ្មោះ BLUE STAR REAL ESTATE Co.,Ltd បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយថា មានលក់ដីក្នុងសមុទ្រ ទំហំជាង ១ ហិកតារ ស្ថិតនៅសង្កាត់ត្រើយកោះ ខេត្ត កំពត និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពត លោក យន់ ផល្លី ថា ក្រៅពីតំបន់ភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះនេះ ក៏មានការរំលោភយកដីសមុទ្រច្រើនកន្លែងទៀតដែរ ដូចជា ឆ្នេរនៅឃុំបឹងទូក និងឃុំព្រែកត្នោត ស្រុកទឹកឈូ ជាដើម។ លោក យន់ ផល្លី ចង់ឱ្យមានការស៊ើបអង្កេត និងអនុវត្តច្បាប់ លើករណី ការរំលោភយកផ្ទៃសមុទ្រនៅតំបន់ភ្នំដូង នៃភូមិបឹងតាព្រាម នេះ ដើម្បីជាគំរូ ដល់ទីតាំងផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
