ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក មិនពេញចិត្តនឹងអាជ្ញាធរខេត្តកំពង់ធំ ដែលគ្រោងបញ្ចប់ជំហានទី២ នៃគម្រោងចែកដីសម្បទានសង្គមកិច្ច ឱ្យទៅពលរដ្ឋចំនួន ៦០០គ្រួសារ នៅពេលមិនទាន់ដោះស្រាយបញ្ចប់ទំនាស់ជាមួយពួកគេ។
ពលរដ្ឋមានជម្លោះដីធ្លី នៅភូមិដងផ្ដៀកម្នាក់ លោក ទី ទើម ឱ្យដឹងថា ដីរបស់លោកជាង ៤ហិកតារ ត្រូវបានអាជ្ញាធរដកហូតយកទៅចែកជាដីសម្បទានសង្គមកិច្ច ហើយមិនព្រមដោះស្រាយផលសំណងទេ ទើបរូបលោកមិនពេញចិត្ត។ លោកបន្តថា អាជ្ញាធរភូមិឃុំ មិនឆ្លើយតបនឹងសំណួររបស់ពលរដ្ឋរឿងដំណោះស្រាយនេះទេ គឺរុញដាក់គ្នាទៅវិញទៅមក៖ «បាទ គេអត់មានកោះហៅអ្វីទេ សូម្បីការប្រកាសអ្វី ក៏គ្មាននរណាពាក់ព័ន្ធហៅ។ លោកមេភូមិ លោកមេឃុំ ក៏គាត់មិននិយាយពីការងារអ្វីទេ គាត់ថា គាត់អត់ដឹងរឿងអ្វីទាំងអស់»។
តំណាងពលរដ្ឋម្នាក់ទៀត សុំលាក់ឈ្មោះ ប្រាប់ថា ពួកគេគ្មានសង្ឃឹមថា នឹងបានដីស្រែមកវិញទេ ព្រោះនៅពេលលោកដឹកនាំពលរដ្ឋដាក់ញត្តិតវ៉ាម្ដងៗ អាជ្ញាធរតែងរករឿងលោក និងបានប្ដឹងលោកទៅតុលាការ ពីបទញុះញង់។ លោកថា សព្វថ្ងៃ រូបលោកផ្ទាល់ និងពលរដ្ឋមួយចំនួនភ័យបាក់ស្បាត លែងហ៊ានត្រឡប់ទៅភូមិ ព្រោះអាជ្ញាធរ តែងប្រើហិង្សាលើពលរដ្ឋ ដែលហ៊ានតវ៉ា ចាប់ពលរដ្ឋដាក់ពន្ធនាគារម្នាក់ បំភ័យម្ចាស់ដីឱ្យរត់គេចខ្លួនចោលផ្ទះសម្បែង និងបន្តប្ដឹងលោកទៅតុលាការ។ លោកថា បើលោកព្រមនៅស្ងៀម មិនដឹកនាំការតវ៉ាទាមទារដីទេ តុលាការនឹងផ្អឹបពាក្យបណ្ដឹងលោកទុក៖ «ខ្ញុំលែងខ្វាយលែងខ្វល់ហើយ។ វាអស់ជម្រើសណាបង។ មិនដឹងទៅរកអ្នកណា ទាល់តែហៅប៉ាវចិន មកជួយកាត់ក្ដី។ តុលាការស្រុកខ្មែរ គេប្ដឹងខ្ញុំហើយ ខ្ញុំសុំ copy ( ថតចម្លង ) ឯកសារដែលពាក់ព័ន្ធនឹងពាក់បណ្ដឹង តើនរណាប្ដឹងយើង តើយើងខុសអ្វីខ្លះ គេមិនឱ្យផង។ គេចោទប្រកាន់ខ្ញុំពីបទញុះញង់ ប្រើឯកសារក្លែងក្លាយ ហើយនឹងឆបោក ហើយដល់ពេលសួរប្រជាពលរដ្ឋទៅ ខ្ញុំបោកអស់ប៉ុន្មានពាន់ដុល្លារ អស់ប៉ុន្មានរយដុល្លារ ប្រជាពលរដ្ឋអត់មាននរណាឆ្លើយផង ហើយឯកសារក្លែងក្លាយដែលខ្ញុំប្រើហ្នឹង ឯកសារណា បង្ហាញមក អត់បង្ហាញទៀត។ អ៊ីចឹងវាអត់មានអ្វីហ្មង គេចង់ធ្វើស៊ីយើង និយាយឱ្យខ្លីមក គេចេះតែបង្កបង្កើតរឿង»។
ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល អភិបាលខេត្ដកំពង់ធំ លោក សុខ លូ ប្រាប់សារព័ត៌មានក្នុងស្រុក (កាសែតភ្នំពេញប៉ុស្តិ៍) ថា រដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ ៤លានដុល្លារអាមេរិក លើគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ ដល់ពលរដ្ឋក្រីក្រជាង ៦០០គ្រួសារ នៅឃុំដូង ព្រោះមកដល់ពេលនេះ មានពលរដ្ឋក្រីក្រជាង ៥០០គ្រួសារហើយ បានមកធ្វើកិច្ចសន្យាទទួលយកដីនៅក្នុងឆ្នាំនេះ។ ថវិកាចំនួន ៤លានដុល្លារ នឹងត្រូវយកទៅអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យនៅឃុំដូង សម្រាប់ឱ្យពលរដ្ឋក្រីក្រទទួលបានដីសម្បទានសង្គមកិច្ចប្រើប្រាស់។
ពលរដ្ឋប្រាប់ថា ពួកគេមិនជំទាស់នឹងគម្រោងសម្បទានសង្គមកិច្ចទេ ប្រសិនបើអាជ្ញាធរដោះស្រាយទំនាស់នេះ ចប់សព្វគ្រប់ជាមួយពលរដ្ឋ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកំពង់ធំ លោក សុខ លូ បានទេ។ ប៉ុន្តែមេឃុំដូង លោក ជុត ចេន ធ្លាប់ប្រាប់អាស៊ីសេរីថា អាជ្ញាធរជំរុញឱ្យពលរដ្ឋធ្លាប់អាស្រ័យផលលើដី ទៅជួបអាជ្ញាធរ ដើម្បីទទួលបានដីមួយចំណែក ពីគម្រោងសម្បទានសង្គមកិច្ចនោះ។
ជម្លោះដីស្រែនៅឃុំដូង កើតឡើងក្នុងកំឡុងឆ្នាំ២០១៦ ក្រោយពេលដែលអាជ្ញាធរឃុំ ប្រាប់ពលរដ្ឋឱ្យផ្ដិតមេដៃ ដើម្បីធ្វើប្លង់កម្មសិទ្ធិ។ ប៉ុន្តែពលរដ្ឋអះអាងថា នៅឆ្នាំ២០១៨ អាជ្ញាធរ បានបញ្ជូនគ្រឿងចក្រចូលឈូសឆាយដីស្រែពលរដ្ឋ និងប្រាប់ថា ពលរដ្ឋបានផ្ដិតមេដៃប្រគល់ដីស្រែទាំងនោះ ទៅឱ្យអាជ្ញាធរធ្វើជាដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០១៦។
តំណាងពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា ពលរដ្ឋជាង ៦រយ (៦២៦) គ្រួសារ បាននាំគ្នាធ្វើញត្តិ ដាក់ជូនរដ្ឋសភា កាលពីថ្ងៃទី២ មករា តែគ្មានដំណោះស្រាយ។ បន្ទាប់ពីពលរដ្ឋបានដាក់ញត្តិនៅក្រសួងដែនដី ខុទ្ទកាល័យលោក ហ៊ុន សែន សាលាស្រុក និងសាលាខេត្តកំពង់ធំ និងមានមន្ត្រីក្រោមបង្គាប់របបក្រុងភ្នំពេញ មកពីស្ថាប័នឧត្ដមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ចុះទៅជួបពលរដ្ឋ តែគ្មានដំណោះស្រាយទាំងអស់។ ពលរដ្ឋអះអាងថា ដីមានជម្លោះមានទំហំ សរុបជិត ៣ពាន់ (២.៧០០) ហិកតារ ជាប្រភេទដីស្រែ លាតសន្ធឹងលើភូមិចំនួន៥ នៃឃុំដូង គឺភូមិគ្រួស ភូមិដងផ្ដៀក ភូមិក្របៅ ភូមិតាមុំ និងភូមិដងតាឯក។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុក រដ្ឋា សង្កេតឃើញថា ការផ្ដល់ដីសម្បទានសង្គមកិច្ចនៅឃុំដូង មានភាពមិនប្រក្រតី ទាំងការដកហូតដីពីអ្នកភូមិ និងមិនប្រក្រតីទាំងអ្នកដែលត្រូវទទួលបានដីសម្បទានសង្គមសង្គមកិច្ច។ សង្គមស៊ីវិលរូបនេះ ថា ពលរដ្ឋបានមកប្ដឹងសមាគមអាដហុក និងអះអាងថា អាជ្ញាធរមូលដ្ឋាន បោកបញ្ឆោតពួកគេឱ្យផ្ដិតមេដៃ ដាក់ជាដីសម្បទានសង្គមកិច្ច។ លោក សុក រដ្ឋា យល់ថា អាជ្ញាធរខេត្តកំពង់ធំ គួររកដំណោះស្រាយជាមួយពលរដ្ឋ ជាជាងការប្រើវិធីសាស្ត្រគំរាមពលរដ្ឋ៖ «សមាគមយើងនៅតែមានការព្រួយបារម្ភណាស់ ចំពោះការផ្ដល់ដី សម្បទានសង្គមកិច្ចនៅឃុំដូងហ្នឹង។ អាហ្នឹងសមាគមអាដហុកមានការព្រួយបារម្ភខ្លាំង។ យើងព្រួយបារម្ភខ្លាចពួកគាត់ ( អាជ្ញាធរ ) ហ្នឹង ប្រើអំណាច ប្រើកម្លាំង ប្រើវិធីសាស្ត្រណាមួយ ដែលចូលចិត្តប្រើឱ្យពលរដ្ឋខ្លាច ពលរដ្ឋខឹង ពលរដ្ឋស្អប់។ អាហ្នឹងយើងបារម្ភ អាហ្នឹង ហើយយើងក៏មិនចង់ឱ្យពួកគាត់ប្រើប្រាស់អស់ហ្នឹងដែរ គឺធ្វើយ៉ាងម្ដេចធ្វើការឱ្យបានម៉ត់ចត់ទៅ»។
ពលរដ្ឋ និងសង្គមស៊ីវិល អំពាវនាវឱ្យអាជ្ញាធរខេត្តកំពង់ធំ កោះហៅពលរដ្ឋមានជម្លោះដីធ្លីនៅឃុំដូង ទៅដោះស្រាយទំនាស់ឱ្យចប់សិន ចាំយកដីស្រែ ដែលពួកគេធ្លាប់អាស្រ័យផល ដាក់ជាដីសម្បទានសង្គមកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។