ពលរដ្ឋ​ជិត៥​រយ​គ្រួសារ​ចោទ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ថា ដាក់​កម្លាំង​រារាំង​ពួកគេ​មិន​ឱ្យ​ធ្វើស្រែ

ដោយ វ៉ែន សុមេធ
2019-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ។
អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ។
រូប​រដ្ឋបាលខេត្ត​កំពង់ធំ

ពលរដ្ឋ​ជាង ៤៧០​គ្រួសារ រស់នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ នៅតែ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង​ពលរដ្ឋ​៤​ភូមិ មិន​ឱ្យ​ធ្វើ​កសិកម្ម​លើ​ដី​របស់​ពួកគេ ដែល​បាន​អាស្រ័យ​ផល​តាំងពី​ដូនតា​មក។ ចំណែក​អាជ្ញាធរ​ខេត្ត​អះអាង​ថា ពលរដ្ឋ​មក​ធ្វើស្រែ​លើ​ដី​របស់​រដ្ឋ ជា​អំពើ​ខុសច្បាប់។

ពលរដ្ឋ​ចំនួន ៤​ភូមិ នៃ​ឃុំ​ដូង កំពុង​កើត​ទុក​មិន​សុខចិត្ត​ដោយសារ​អាជ្ញាធរ​រឹតត្បិត​សេរីភាព មិន​ឱ្យ​ធ្វើស្រែ​ចិញ្ចឹមជីវិត លើ​ដី​ដែល​ពួកគេ​អះអាង​ថា បាន​កាន់កាប់​ជាច្រើន​ជំនាន់​មក​ហើយ។ អ្នកភូមិ​ថា សមត្ថកិច្ច​ចម្រុះ​ជាង ២០​នាក់ បាន​ដាក់​ពង្រាយ​បិទ​ផ្លូវ មិន​ឱ្យ​ពួកគេ​ទៅ​បង្កបង្កើនផល លើ​ដី​របស់​ខ្លួន​បាន​ទេ។

តំណាង​ពលរដ្ឋ លោកស្រី ម៉ុង ហេង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ ឧសភា​ថា ជិត​១​សប្ដាហ៍​មក​ហើយ ដែល​អាជ្ញាធរ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ រារាំង​អ្នកភូមិ​មិន​ឱ្យ​ទៅ​ធ្វើ​កសិកម្ម ដោយ​អះអាង​ថា ដីស្រែ​ទាំងនោះ​ជា​ដី​របស់​រដ្ឋ ដែល​អាជ្ញាធរ​កំណត់​ជា​ដី​សម្បទាន​សង្គមកិច្ច​។ លោកស្រី​ថា សមត្ថកិច្ច​ខ្លះ​បាន​បង្ខំ​ឱ្យ​អ្នកភូមិ​ផ្តិត​មេដៃ ឯកភាព​ប្រគល់​ដី​ឱ្យ​អាជ្ញាធរ តែ​ពួកគេ​បាន​បដិសេធ​។ លើស​ពី​នេះ សមត្ថកិច្ច​បាន​ចុះ​ល្បាត​ឃ្លាំមើល​អ្នកភូមិ និង​តំណាង​ពលរដ្ឋ​ដល់​លំនៅឋាន ក្នុង​បំណង​គំរាមកំហែង មិន​ឱ្យ​ពួកគេ​ងើប​តវ៉ា៖ «កន្លែង​គាត់​រារាំង គឺ​គាត់​ខ្លាច​ពលរដ្ឋ​ចូល​អាស្រ័យ​ផល អីចឹង​គាត់​បិទ មិន​ឱ្យ​ចូល​អាស្រ័យ​ផល លំបាក​គ្មាន​សេរីភាព​ទេ បើ​ចំពោះ​ខ្ញុំ​ហ្នឹង គឺ​គេ​យាម​រហូត យាម​ផ្ទះ​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ​។ អីចឹង​ហើយ​ពួក​ខ្ញុំ​ត្រូវ​តស៊ូ ព្រោះ​ខ្ញុំ​នឹង​ស្រែចម្ការ និង​ទឹកដី បើ​អស់​ទឹកដី​ហើយ​មិន​រស់​ទៀត​ទេ»

តំណាង​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​តាមុំ ឃុំ​ដូង លោកស្រី សន តឹម វ័យ ៦០ ឆ្នាំ រៀបរាប់​ថា គ្រួសារ​លោកស្រី​មាន ដី​ជាង ១០​ហិកតារ ដែល​អាស្រ័យ​ផល​តាំងពី​ដូនតា​ជាច្រើន​ជំនាន់​មក​ហើយ ត្រូវ​បាន​អាជ្ញាធរ​បោះ​បង្គោល និង​ដកហូត​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់​។ លោកស្រី​បារម្ភ​ថា អ្នកភូមិ​ជិត​ប្រាំ​រយ​គ្រួសារ (៤៧០) ដែល​មាន​ជីវភាព​ពឹងផ្អែក​លើ​ផល​កសិកម្ម នឹង​ប្រឈម​ខ្វះ​ស្បៀងអាហារ​នៅ​ឆ្នាំក្រោយ ប្រសិនបើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើស្រែ​នៅ​រដូវវស្សា​ឆ្នាំនេះ​ទេ​នោះ៖ «មក​ថ្ងៃ​ណា​ក៏​គេ​គំរាម​ដែរ សមត្ថកិច្ច​មក​រាល់ថ្ងៃ តែ​ខ្ញុំ​ចេះតែ​តស៊ូ ស្លាប់​រស់​ក្នុង​ដីស្រែ​។ ខ្ញុំ​ធ្វើស្រែ​តាំងពី​យាយ​តា​មក ខ្ញុំ​អាយុ​៦០​ជាង​ហើយ បច្ចុប្បន្ន​នេះ​ចូល​គេ​មិន​ឱ្យ​ចូល​ទេ។ និយាយ​ពី​អត់ មហា​អត់​ហើយ សុខចិត្ត​ស្លាប់​រស់​ហ្នឹង​ដី​នេះឯង»

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ថ្លែង​ថា គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ឃុំ​ដូង មាន​ទំហំ ៣.០០០​ហិកតារ និង​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​រួច​នៅ​សល់​ត្រឹម ១.៩០០​ហិកតារ។ មក​ទល់​ពេល​នេះ ពលរដ្ឋ​ក្រីក្រ ដែល​ចុះ​ឈ្មោះ វាយតម្លៃ ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មាន​ជាង ៧​រយ​គ្រួសារ (៧២៥) ដោយ​ទទួល​បាន​ដី​លំនៅឋាន ទទឹង ៣០​ម៉ែត្រក្រឡា បណ្ដោយ ៤០​ម៉ែត្រក្រឡា និង​ដី​កសិកម្ម​ទំហំ ២​ហិកតារ​ស្មើៗ​គ្នា។ គម្រោង​នេះ ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​ពិភពលោក (World Bank) ដែល​ចុះ​សិក្សា និង​វាយតម្លៃ​ផល​ប៉ះពាល់​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​បច្ចុប្បន្ន​កំពុង​ឈូស​ឆាយ​ស្ថាបនា​សាលារៀន និង​ផ្លូវ​ជាដើម។

ឆ្លើយតប​រឿង​នេះ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ដី​នៅ​តំបន់​នោះ ជា​ដី​របស់​រដ្ឋ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ កំណត់​ជា​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​។ លោក​អះអាង​ថា ប្រសិនបើ​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ប៉ះពាល់​ដីស្រែ​ពលរដ្ឋ​ពិតមែន គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ៖ «ដី​ហ្នឹង​មិនមែន​ជា​ដី​របស់​គាត់​ទេ ជា​ដី​របស់​រដ្ឋ​ហើយ​កន្លងមក គាត់​ក៏​មិន​បាន​ធ្វើ​ដែរ ពេល​ដែល​បងប្អូន​ទៅ​ធ្វើ​កន្លែង​ហ្នឹង គឺ​ខុសច្បាប់ មិនមែន​ដី​នៅ​ក្បែរ​ភូមិ​គាត់​ទេ ហើយ​ដី​ហ្នឹង ប៉ុន្មាន​ឆ្នាំ​កន្លង​មក​គាត់​ដែរ​ធ្វើ​អត់​? អត់​ដែរ​ធ្វើ​ទេ​។ មាន​មេខ្លោង​ញុះញង់​ឱ្យ​ធ្វើ ឱ្យ​បងប្អូន​មាន​បញ្ហា​។ ចេះតែ​អះអាង ឱ្យ​បង្ហាញ​ឯកសារ​មក​មាន​ពី​ណា​

អភិបាលខេត្ត​រូប​នេះ អះអាង​ថា ដីស្រែ​ដែល​ពលរដ្ឋ​លើកគ្នា​តវ៉ា​នោះ ជា​ដី​ព្រៃ​របស់​រដ្ឋ ដែល​រដ្ឋ​បាន​កំណត់​ជា​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច​តាំងពី​ឆ្នាំ ២០០៩ សម្រាប់​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​ដូង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ប្រកាស​ជំហរ​ដោះស្រាយ​ជាមួយ​អ្នកភូមិ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​យក​ឯកសារ​ពាក់ព័ន្ធ​ភ្ជាប់​ជាមួយ ប្រសិនបើ​អះអាង​ថា ដីស្រែ​ទាំងនោះ​ជា​ដី​កម្មសិទ្ធិ​របស់​ពួកគេ៖ «ការ​ដាក់​កងកម្លាំង​កន្លែង​មាន​ទំនាស់ ឬ​ដាក់​កងកម្លាំង​ពង្រាយ​តាម​ភូមិ តំណាង​ជនរងគ្រោះ ឬ​តាម​ផ្លូវ​ដែល​ពួកគាត់​ធ្វើស្រែ​ចម្ការ អាហ្នឹង​ជា​រូបភាព រឹតត្បិត​សេរីភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច។ មិន​ត្រឹម​ប៉ុណ្ណឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់ ការរស់នៅ​របស់​ពួកគាត់​គ្មាន​សុវត្ថិភាព​ទៀត ព្រោះ​គាត់​មានការ​ព្រួយបារម្ភ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ធំ លោក សុក រដ្ឋា យល់ថា ការ​យក​កម្លាំង​ប្រដាប់​អាវុធ​រារាំង​ពលរដ្ឋ មិន​ឱ្យ​ធ្វើ​កសិកម្ម​នោះ​មិន​ត្រឹម​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​សញ្ញា​បង្ហាញ​ថា អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ពលរដ្ឋ៖ «ការ​ដាក់​កងកម្លាំង​កន្លែង​មាន​ទំនាស់ ឬក៏​ដាក់​កងកម្លាំង​ពង្រាយ​តាម​ភូមិ​របស់​តំណាង​ជនរងគ្រោះ ឬក៏​តាម​ផ្លូវ​ដែល​ពួកគាត់​ធ្លាប់ ដែល​ពួកគាត់​ធ្វើស្រែ​ចម្ការ អា​ហ្នឹង​ជា​រូបភាព​មានការ​រារាំង មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព ពលរដ្ឋ និង​សេដ្ឋកិច្ច មិន​ត្រឹមតែ​ប៉ុណ្ណឹង​ថែមទាំង​ប៉ះពាល់​ដល់​សុវត្ថិភាព​ទៀត ព្រោះ​គាត់​មាន​ការ​ព្រួយបារម្ភ​ព្រោះ​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​អាច​នឹង​ឃ្លាំមើល​គាត់»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​ណាមួយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​ទទួល​បាន​នោះ​ទេ រីឯ​ការ​ដោះស្រាយ​នៅតែ​យឺតយ៉ាវ និង​ខ្វះ​ការ​យកចិត្តទុកដាក់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល