អាជ្ញាធរ​ខេត្ត​កោះកុង បដិសេធ​ផ្ដល់​ដំណោះ​ស្រាយ​ពលរដ្ឋ ១៩៧គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កោះកុង សម្រេច​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពលរដ្ឋ​ជិត​២រយ​គ្រួសារ នៅ​ស្រុក​ស្រែ​អំបិល ដែល​មាន​ទំនាស់​ជាង​១០​ឆ្នាំ​ជាមួយ​និង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។ អាជ្ញាធរ​បង្វែរ​រឿង​នេះ ដោយ​ជំរុញ​ពលរដ្ឋ​ឱ្យ​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន តាម​ផ្លូវ​តាម​ផ្លូវ​តុលាការ​វិញ។ សង្គម​ស៊ីវិល​យល់​ថា ការ​រុញ​បញ្ហា​ឲ្យ​ចេញ​ផុត​ពី​ដៃ​អាជ្ញាធរ ដាក់​ទៅ​តុលាការ​បែប​នេះ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត។

អាជ្ញាធរ​ខេត្ត​កោះកុង ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ចង់​ប្ដឹង​តវ៉ា​បញ្ហា​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ សូម​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ព្រោះ​ជា​ករណី​វិវាទ​ដីធ្លី​របស់​អ្នក​តវ៉ា ជាមួយ​នឹង​អ្នក​មាន​ប័ណ្ណ​កម្មសិទ្ធិ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​រដ្ឋបាល​ខេត្ត​កោះកុង​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​រៀប​ចំ​ដែនដី ដោយ​ទាត់ចោល​សំណើ​ពលរដ្ឋ​ជិត​២​រយ​គ្រួសារ នៅ​ភូមិ​តានី ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ​ដែល​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ចេញ​តំបន់​របស់​ក្រុមហ៊ុន របស់​ឧកញ៉ា​ ហេង ហ៊ុយ។

តំណាង​ពលរដ្ឋ ១៩៧គ្រួសារ លោកស្រី ដេត ហួ ថ្លែង​ការ ការ​សម្រេច​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ទាំង​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង គឺ​គ្មាន​ឆន្ទៈ​និង​ការ​ទទួល​ខុស​ត្រូវ​ពិតប្រាកដ ដើម្បី​​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ ឲ្យ​ពលរដ្ឋ​ក្រី​ក្រ​នោះ​ទេ។

លោកស្រី បន្ត​ថា បើ​ជម្លោះ​ដីធ្លី​នេះ អាជ្ញាធរ​អាច​ដោះស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន មិន​គួរ​រុញ​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ពី​តុលាការ​នោះ​ទេ។ លោក​ស្រី យល់​ថា ចេតនា​របស់​អាជ្ញាធរ​នៅ​ពេល​នេះ គឺ​ចង់​ឱ្យ​ពួក​គាត់​ឈប់​តវ៉ា​រឿង​ដីធ្លី​ដោយ​ខ្លួន​ឯង ព្រោះ​ថា​ពលរដ្ឋ​ក្រីក្រ ​គ្មាន​សង្ឃឹម​នឹង​ឈ្នះ​ក្ដី​អ្នក​មាន​អំណាច ទ្រព្យសម្បត្តិ ដូច​ជា​ឧកញ៉ា​ ហេង ហ៊ុយ នៅ​តុលាការ​នោះ​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា អ្នក​ភូមិ​ទាំងអស់​នឹង​មិន​រក​ដំណោះស្រាយ​នៅ​ផ្លូវ​តុលាការ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​នឹង​បន្ត​ការ​តវ៉ា​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៖ «អត់​សុខ​ចិត្ត​ពួក​ខ្ញុំ​ នឹង​តវ៉ា​បន្ត​ទៀត តវ៉ា​ដល់​គ្រប់​ស្ថាប័ន​នានា។ ពួក​ខ្ញុំ​នឹង​ធ្វើ​លិខិត​ដាក់​ទៅ​ខាង​អឺរ៉ុប ខាង​អំពើពុករលួយ ហើយ​នឹង​ស្ថាប័ន​នានា។ បើ​អត់​ជម្រើស​ ខ្ញុំ​នឹង​ទៅ​ផ្ទះ​សម្ដេច​ទៀត ឲ្យ​គាត់​ជួយ។ មាន​តែ​សម្ដេច​ទេ ដែល​គាត់​អាច​ជួយ​ពួក​យើង​បាន ពី​ព្រោះ​មន្ត្រី​ខាង​ក្រោម​ឱវាទ​របស់​សម្ដេច​ គាត់​ធ្វើ​ការ​ដូច​ជា​ពុករលួយ។ គាត់​អត់​ជួយ​ប្រជាពលរដ្ឋ​សោះ។ គាត់​សំអាង​ថា ហេង ហ៊ុយ មាន​ ឯកសារ​គ្រប់គ្រាន់។ ចុះ​ពេល​ប្រជាពលរដ្ឋ​ទៅ​មើល​ឯកសារ​ ហេតុ​អ្វី​បាន​គាត់​អត់​ចេញ​ឯកសារ​ឲ្យ​ពួក​យើង​មើល​អ៊ីចឹង»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុធី ដែល​ទទួល​ដោះស្រាយ​វិវាទ​ដីធ្លី​ បាន​ទេ ដោយ​សារ​លោក​មិន​ទទួល​ទូរស័ព្ទ។

ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដោយ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ លុះ​មក​ដល់​ឆ្នាំ២០១០ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ស្រាប់​តែ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខាលឆ័រ គ្រុប (Heng Huy Agriculture Group) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ជាង​៤​ពាន់​ហិកតារ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​លំនៅ​ប្រជាពលរដ្ឋ និង​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា ដែល​ហ៊ាន​តវ៉ា​ចំពោះ​ការ​ឈូស​ឆាយ​វាទ​យក​ដី​របស់​ក្រុមហ៊ុន។

ឧកញ៉ា ហេង ហ៊ុយ ប្រាប់​អាស៊ី​សេរី​ថា ដី​ទាំង​អស់​នោះ​ គឺ​លោក​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ លិខិតស្នាម និង​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​មិន​បាន​បំពាន​យក​ដី​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ដីធ្លី​នេះ ខាង​មន្ត្រី​ជំនាញ​ក្រសួង​រៀប​ចំ​ដែនដី ក៏​បាន​ចុះ​ពិនិត្យ​មើល​ឯកសារ ប័ណ្ណ​កម្មសិទ្ធិ​ និង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ជា​ច្រើន​លើក​ដែរ។ លោក​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ក៏​សម្រេច​ប្ដឹង​តំណាង​ពលរដ្ឋ​ ១០​នាក់​ទៅ​តុលាការ​ ដោយ​សារ​តែ​ពួកគេ​ញុះញង់​ឲ្យ​អ្នក​ភូមិ​ ដែល​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ហើយ ​នាំ​គ្នា​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ទៀត៖ «ជាង ១០ឆ្នាំ អត់​ដែល​មាន​តវ៉ា​អី​ទេ ឥឡូវហ្នឹង​ពីរ​បី​រយ​នាក់ ទៅ​ប្រមូល​ពី​ក្រៅ​អី​មក​ហ្នឹង ​គេ​ដឹង​ទាំង​អស់​ហ្នឹង។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ហ្នឹង​គេ​ថា​ញុះញង់​ឲ្យ​ទាមទារ ដើម្បី​ដូច​កាល​ចម្ការ​អំពៅ​លើក​មុន​នោះ អត់​មាន​ដី​អត់​អី​ផង ប៉ុន្តែ​ចេះ​តែ​ដាក់​មក​ទៅ គេ​ឲ្យ​លុយ​ដែរ។ គេ​ខ្ជិល​រក​រឿង​ គេ​ឲ្យ​លុយ ឲ្យ​ដី​ហ្នឹង។ អ៊ីចឹង​ ! ទម្លាប់​ពី​អា​ហ្នឹង ចេះតែ​នាំ​គ្នា​តវ៉ា ​បាតុកម្ម ទាមទារ​ហ្នឹង»។

កាល​ពី​ដើម​ខែ​កក្កដា​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កោះកុង បាន​បដិសេធ​សំណើ​ សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) ដើម្បី​យក​ទៅ​ចែក​គ្នា​ក្នុង ១គ្រួសារ ២ហិកតារ និង​ទាមទារ​សំណង ៧ពាន់​ដុល្លារ ។ អាជ្ញាធរ អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះ​ស្រាយ​ជម្លោះ​នេះ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា រាល់​បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​ក្រីក្រ ជាមួយ​ក្រុមហ៊ុន​ គេ​តែង​សង្កេត​ឃើញ​ ភាគី​ក្រុមហ៊ុន​មាន​ឯកសារ​កាប់​ដីធ្លី​គ្រប់​សព្វ​ពី​អាជ្ញាធរ ​ដើម្បី​បញ្ជាក់​ពី​ទីតាំង​ដី​នោះ​ថា​ជា​របស់​ខ្លួន។ ចំណែក​ខាង​ប្រជា​ពលរដ្ឋ ​ដែល​រស់​នៅ​យូរ​ឆ្នាំ​ក្នុង​ភូមិ​ឃុំ​ បន្ត​ពី​ដូនតា​របស់​ពួកគេ​ គឺ​បាន​ត្រឹម​តែ​ដឹង​ឭ​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ដូច​ខាង​ក្រុមហ៊ុន​នោះ​ទេ។ លោក​យល់​ថា ការ​រុញ​បញ្ហា​ដីធ្លី​ទៅ​ស្ថាប័ន​តុលាការ​ ពី​សំណាក់​អាជ្ញាធរ​នេះ គឺជា​ដំណោះស្រាយ​មិន​ល្អ​នោះ​ទេ ហើយ​ថែមទាំង​អាច​ធ្វើ​ពលរដ្ឋ​ចេញ​តវ៉ា​ថែម​ទៀត៖ «ដោះស្រាយ​តាម​តុលាការ​ ភាគ​ច្រើន​ប្រជាពលរដ្ឋ​ដឹង​តែ​ចាញ់​ហើយ។ អ៊ី​ចឹង​ហើយ​បាន​រាជរដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​ដូច​ជា គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​មក​ដល់​ថ្នាក់​ជាតិ រហូត​មក​ដល់​គណៈកម្មការ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី។ នេះ​សុទ្ធ​តែ​ជា​ប្រព័ន្ធ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ហ្នឹង។ បើ​យើង​មិន​អនុវត្ត​ប្រព័ន្ធ​ហ្នឹង យើង​រុញ​ទៅ​តុលាការ​ដដែល​ សួរ​ថា​វា​មាន​ប្រសិទ្ធភាព​ វា​អាច​ចប់​បាន​ទេ ? អត់​ទេ បាទ !»។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​​ក្រសួង​រៀប​ចំ​ដែន​ដី និង​អាជ្ញាធរ​ខេត្ត​ គួរ​រួម​គ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ តាមរយៈ​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន និង​បញ្ឈប់​ការ​តវ៉ា ជាជាង​រុញ​បញ្ហា​ដែល​ខ្លួន​មិន​អាច​ដោះស្រាយ​បាន​ទៅ​ស្ថាប័ន​តុលាការ​ដោះស្រាយ​ជំនួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។