ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​លំនៅឋាន

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២៥​គ្រួសារ​ដែល​ទៅ​រស់​នៅ​ក្នុង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ការ​ព្រួយ​បារម្ភ ដោយសារ​អាជ្ញាធរ​ប្រុង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង​រស់​នៅ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​បរិស្ថាន ហើយ​អាជ្ញាធរ​ក៏​បាន​ប្រាប់​ជា​ច្រើន​លើក​ច្រើន​សា​ចំពោះ​បញ្ហា​នេះ ដើម្បី​ឱ្យ​ពួក​គាត់​ធ្វើ​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ប៊ន នី មាន​ប្រសាសន៍​ថា នៅ​ពេល​ថ្មីៗ​នេះ ខាង​អាជ្ញាធរ​បាន​ប្រាប់​ពួកគាត់​ឱ្យ​នាំ​គ្នា​រើ​ឥវ៉ាន់​ចេញ​ពី​កន្លែង​រស់​នៅ​របស់​ពួក​គាត់ ប៉ុន្តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​ដោយ​មិន​ព្រម​ចាក​ចោល​រោង​ស្នាក់នៅ និង​ដំណាំ​ក្នុង​ចម្ការ​របស់​ខ្លួន​ឡើយ។

លោក​បន្ត​ថា ដោយសារ​តែ​ពួកគាត់​មិន​ព្រម​ចេញ ទើប​អាជ្ញាធរ​ប្រាប់​ថា នឹង​ដឹកនាំ​កងកម្លាំង​ចម្រុះ​មក​ម្តង​ទៀត​នៅ​ថ្ងៃ​៣ មីនា។ ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​មក​រស់​នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​ធ្វើ​ជា​កម្មករ​ចម្ការ​កៅស៊ូ៖ «ខ្ញុំ​មាន​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ពីព្រោះ​ខ្ញុំ​ជា​ប្រជាជន​មិន​មាន​អី​ទប់ទល់ គេ​មក​គេ​រក​វ៉ៃ។ មាន​តែ​ឱ្យ​លោក​ជួយ​ផង​បាន បាន​មើល​ទៅ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ ថ្ងៃ​មុន​គេ​មក​ដក​កាំបិត​ដក​អី គេ​ថា ឱ្យ​ត្រូវ​តែ​រើ​ចេញ​តែ​ថ្ងៃ​ប៉ុន្មាន​ទៀត​ហ្នឹង​ត្រូវ​គ្រោះថ្នាក់​ចាប់​យក​ទៅ​ទាំង​អស់»

រី​ឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា ដំបូង​ដី​នោះ​គឺ​​ជា​តំបន់​រណ្ដៅ​ជ័រ ក្រោយ​មក​ក៏​ពួកគាត់​នាំ​គ្នា​រាន​ដើម្បី​ធ្វើ​ចម្ការ។ លោក​បន្ត​ថា នៅ​ពេល​ក្រុម​និស្សិត​ចុះ​ទៅ​វាស់​វែង​នោះ គឺ​ដី​តំបន់​ដែល​ពួកគាត់​រស់​នៅ​អាជ្ញាធរ​ចាត់​ចូល​ថា ជា​ប្រភេទ​ដី​ជម្លោះ ហើយ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ប្រាប់​ពួក​គាត់​ឱ្យ​នាំ​គ្នា​រុះរើ​ចេញ​ហើយ​នឹង​មាន​កន្លែង​រស់​នៅ​ថ្មី ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ចេញ ដោយ​យល់​ថា កន្លែង​ថ្មី​នោះ​គឺ​តំបន់​ដី​ដែល​មិន​មាន​ជីវជាតិ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីផ្សារ សាលារៀន និង​មន្ទីរពេទ្យ​ទៀត​ផង៖ «បាទ! គេ​អត់​ប្រាប់​ផង គេ​ថា​ចង់​ដោះដូរ​ឱ្យ គេ​ថា មាន​ដី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ គេ​ថា ដី​សម្បទាន​មាន​ពីរ​ម៉ឺន​ហិកតារ។អ៊ីចឹង​ដី​ដែល​គាត់​ខំ​ប្រឹង​រុករាន​ពី​មុន​មក​ហ្នឹង អ៊ីចឹង​គាត់​អត់​ចេញ​ទេ»

ចំពោះ​បញ្ហា​នេះ​អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​តំបន់​អភិរក្ស​បរិស្ថាន ហើយ​កន្លង​មក​អាជ្ញាធរ​តែង​តែ​ចុះ​ទៅ​ធ្វើ​ការ​ណែ​នាំ ប៉ុន្តែ​ហាក់​ដូច​ជា​ប្រជាពលរដ្ឋ​មិន​បាន​អើពើ​ទៅ​នឹង​ការ​ណែនាំ​នោះ​សោះ​ឡើយ សូម្បី​នៅ​ពេល​ដែល​ពួកគាត់​ចូល​ទៅ​រុករាន​ដី​ព្រៃ​ដើម្បី​រស់​នៅ​ក៏​មិន​បាន​ជម្រាប​ដល់​អាជ្ញាធរ​ឱ្យ​បាន​ដឹង​នោះ​ដែរ។

លោក គង់ គឹមនី៖ «ពេល​ខ្ញុំ​ទៅ​មើល​ពីរ​បី​សប្ដាហ៍​មុន​មាន​តែ​បួន​ដប់​គ្រួសារ​ទេ ហើយ​គាត់​លើក​ឡើង​ថា គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​២០០៨ ម្ល៉េះ គាត់​សុទ្ធតែ​អះអាង​អ៊ីចឹង​ទាំង​អស់ ហើយ​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ជំរុញ​ឱ្យ​បង​ប្អូន​ចូល​ទៅ​រុករាន​ទន្រ្ទាន​ដី​ព្រៃ​ដែល​ជា​ដី​ខាង​បិស្ថាន ដី​អភិរក្ស​បរិស្ថាន។ អ៊ីចឹង​បាន​ជា​ខ្ញុំ​ប្រាប់​ឱ្យ​ពួកគាត់​ស្នើ​សុំ​ដី​សង្គមកិច្ច​មក​ដើម្បី​បាន​ច្រើន​បន្តិច​យក​ទៅ​មួយ​សា​ឱ្យ​ចប់ តែ​គាត់​ដូច​ជា​មិន​ទទួល​ការ​គោរព​ច្បាប់ អ៊ីចឹង​យើង​ត្រូវ​តែ​អនុវត្ត​ច្បាប់ ពីព្រោះ​យើង​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ហើយ»

លោក​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​មែន​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​ក្រចេះ នោះ​ទេ ភាគ​ច្រើន​គឺ​បាន​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ ហើយ​ដី​តំបន់​នោះ​ក៏​បាន​ផ្ដល់​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ ឌុកយ៉ុង រួច​ហើយ​ដែរ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ដាក់​ពេល​កំណត់​សម្រាប់​ពួកគាត់​ក្នុង​ការ​រើ​ចេញ ហើយ​ប្រសិន​បើ​ពួកគាត់​មិន​រើ​ចេញ នោះ​អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​នោះ នឹង​អាច​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​បាន​ងាយ​ស្រួល។

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​អនុវត្ត​វិធីសាស្ត្រ​ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​នោះ វា​នឹង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​បាត់បង់​ប្រជាប្រិយភាព និង​ប្រាសចាក​ពី​គោលនយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល​ទៀត​ផង។

លោក ហេង ភារៈ៖ «ប្រសិន​បើ​អាជ្ញាធរ​ស្រុក​ស្នួល ជ្រើសរើស​ដំណោះស្រាយ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​ប្រើ​មធ្យោបាយ​នូវ​ផែន​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​នោះ នោះ​ប្រជាពលរដ្ឋ​នឹង​បាត់​បង​ផ្ទះសម្បែង បាត់បង់​ដីធ្លី និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​រង​ការ​ភ័យ​ខ្លាច។ ជា​ការ​ឆ្លើយ​តប​ប្រជាពលរដ្ឋ​នឹង​មាន​ការ​ថ្នាំងថ្នាក់​ចំពោះ​អាជ្ញាធរ»

លោក​បន្ត​ថា ជា​ការ​ប្រសើរ រដ្ឋាភិបាល​គប្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដោយ​វិធី​ត្រជាក់ និង​ស្វែង​រក​កន្លែង​ថ្មី​ជូន​ពួកគាត់​ឱ្យ​បាន​សមរម្យ ហើយ​អាច​ធានា​ថា កន្លែង​ថ្មី​មាន​ភាព​ងាយ​ស្រួល​ជាង​កន្លែង​ចាស់ នោះ​ពួកគាត់​នឹង​អាច​ទទួល​យក​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។