ក្រុមហ៊ុន​វៀតណាម​រង​ការ​ចោទ​ថា​បន្ត​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ក្រចេះ

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ២ (Bin Phoeuk 2) រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា បាន​បន្ត​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​​​​​យក​​​ដី​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដើម្បី​រាន​យក​ដី​ដាំ​ដំណាំ​កៅស៊ូ។

0:00 / 0:00

ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ​ដែល​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ដី​ចម្ការ​ដំឡូង និង​ស្វាយ​ទាំង​នោះ បាន​ស្នើ​ឲ្យ​ប្រមុខ​​​ដឹកនាំ​ជួយ​អន្តរាគមន៍ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់។

ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ រស់​នៅ​ភូមិ​ពាមប៉ោ ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ២ កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​ពួកគាត់។

ពលរដ្ឋ​រងគ្រោះ​អះអាង​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ក្រុមហ៊ុន ប៊ិញ ភឿក ២ បាន​យក​គ្រឿងចក្រ​ចំនួន ៥​គ្រឿង និង​ប្រើ​កម្មករ​ជន​ជាតិ​​វៀតណាម មន្ត្រី​ប៉ូលិស កងរាជអាវុធហត្ថ និង​ទាហាន​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន​​ដើម្បី​គំរាម​ពលរដ្ឋ​ម្ចាស់​ដី​មិន​ឲ្យ​តវ៉ា។

ក្រុម​ប្រជាពលរដ្ឋ​បាន​ទទូច​រក​ជំនួយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ផ្ដល់​ដី​កម្មសិទ្ធិ និង​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន ប៊ិញ ភឿក ២ នេះ​ជា​បន្ទាន់៖ «មក​ទល់​ពេល​ហ្នឹង​ក៏​នៅ​តែ​ឈូស​ឆាយ​ដែរ ហើយ​មាន​បាញ់​សម្លុត​ប្រជាពលរដ្ឋ ៣​គ្រាប់ ពី​ម្សិលម្ង៉ៃ ៣​គ្រាប់។ អ្នក​បាញ់​ស្លៀក​ពាក់​ជា​ប៉ូលិស កងរាជអាវុធហត្ថ និង​ទាហាន។ លោក​អភិបាល​ស្រុក គឹមនី បាន​ចុះ​មក​ប្រជុំ​សម្រេច​អនុម័ត​ថា ព្រមព្រៀង​ចែក​ដី​ឲ្យ​ពលរដ្ឋ។ តែ​ដល់​ពេល​ក្រោយ​មក គាត់​បែរ​ជា​មិន​ចែក បែរ​ជា​ទៅ​ឃុបឃិត​គំនិត​ជាមួយ​ក្រុមហ៊ុន បែរ​ជា​ទៅ​យក​ដី​ប្រជាពលរដ្ឋ​ដាក់​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ»

អ្នក​ភូមិ​ពាមប៉ោ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដី​ចម្ការ​ពលរដ្ឋ​របស់​ក្រុមហ៊ុន ប៊ិញ ភឿក ២ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ មក​ម្ល៉េះ។

ពលរដ្ឋ​ឃុំ​ឃ្សឹម ឲ្យ​ដឹង​ថា ទំនាស់​នេះ​ពួក​គាត់​ធ្លាប់​ដាក់​ឯកសារ​ស្នើ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ស្រុក​ស្នួល ខេត្ត​ក្រចេះ រហូត​ដល់​ខុទ្ទកាល័យ​ប្រមុខ​​ដឹកនាំ និង​បាន​ដាក់​ជូន​ផ្ទាល់​ដៃ​ជូន​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​​អន្តរាគមន៍​ថែម​ទៀត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយ​តប​ទេ។ ហើយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​ដំឡូង និង​ស្វាយ រំលោភ​យក​ដី​ពលរដ្ឋ​ដដែល។

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក នួន សំអាត មេ​ឃុំ​ឃ្សឹម និង​លោក គង់ គឹមនី អភិបាល​ស្រុក​ស្នួល ព្រម​ទាំង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ២ ដើម្បី​​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ ដោយ​ពួកគាត់​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ ពេល​សួរ​នាំ​ពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ។

អនុ​ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដោយ​​​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល ត្រូវ​ផ្អាក​សកម្មភាព​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ប៊ិញ ភឿក ២ ជា​បន្ទាន់ ដើម្បី​រក​ដំណោះ​​ស្រាយ​តាម​ច្បាប់​ដោយ​សន្តិវិធី។

លោក​បន្ត​ថា សមាគម​អាដហុក កំពុង​ស៊ើប​អង្កេត និង​សិក្សា​ពី​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​ទំនាស់​ដីធ្លី​នៅ​ឃុំ​ឃ្សឹម ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​សកម្មភាព​ក្រុមហ៊ុន​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​បែប​ណា៖ «គឺ​យើង​បាន​ទទួល​ដំណឹង​មក​ថា ប្រជាពលរដ្ឋ​ទទួល​រង​ការ​ឈូស​ឆាយ បំផ្លិចបំផ្លាញ​ផល​ដំណាំ​ពី​ក្រុមហ៊ុន ប៊ិញ ភឿក ២។ អ៊ីចឹង​ជា​ចំណុច​រួម គឺ​យើង​ខ្ញុំ​ចង់​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់ ហើយ​នឹង​ស្នើ​សុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ឡាយ ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្អាក ហើយ​និង​ពិនិត្យ​មើល​លើ​សកម្មភាព ថា​តើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​បាន​រស់​នៅ​លើ​តំបន់​ដី​ហ្នឹង​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ទេ? ហើយ​មួយ​ទៀត យើង​ចង់​ឲ្យ​មាន​ការ​អនុវត្ត​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល​ផង​ដែរ»

លោក ចាន់ សុវ៉េត បន្ត​ថា បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​កើត​​មាន​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា។ ហើយ​ថា ការ​បង្កើត​ចលនា​និស្សិត​របស់​ប្រមុខ​ដឹកនាំ ដើម្បី​វាស់​ដី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺ​មាន​លក្ខណៈ​នយោបាយ និង​មិន​អាច​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​បាន​ទេ។

ប្រជាពលរដ្ឋ​ឃុំ​ឃ្សឹម ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ​របស់​ពួកគាត់​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥​គីឡូម៉ែត្រ មក​ថ្នល់​ជាតិ ត្រូវ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន ប៊ិញ ភឿក ២ ចំនួន​​បី​​កន្លែង និង​ឆែកឆេរ​តឹងរ៉ឹង ហើយ​​រាល់​ការ​ចេញ​ចូល​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន។

អ្នក​ភូមិ​បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ឃុំ​ឃ្សឹម​ឲ្យ​បាន​ឆាប់ ព្រោះ​ថា ទំនាស់​នេះ​អ្នក​ភូមិ​ធ្លាប់​​​រាយការណ៍​​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​ណា​មួយ​ចុះ​ជួយ​ដោះស្រាយ​ទំនាស់​នៅ​ឡើយ​ទេ។

​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ក្រចេះ បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​ទំនាស់​នេះ​ឈាន​​ដល់​​​ពលរដ្ឋ​រងគ្រោះ​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន​លើក កាល​ពី​ឆ្នាំ​២០១២ ដើម្បី​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់​ព័ន្ធ ពិសេស​​ប្រមុខ​រដ្ឋាភិបាល​ជួយ​រក​ដំណោះ​ស្រាយ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ បាន​​បន្ត​​កើត​​មាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។