អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​ជាង​៣០​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់

ដោយ សុជីវី
2024.09.23
អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​ជាង​៣០​គ្រួសារ ប៉ុន្តែ​ពលរដ្ឋ​ថា អាជ្ញាធរ​ភូមិ​ឃុំ​ទទួល​ស្គាល់ អភីបាលខេត្ត​ក្រចេះ លោក វ៉ា ថន (ស្ដាំ) និង​អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកស្រី ម៉ែន សំអន ក្នុងកម្មវិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត កាលពីថ្ងៃទី២២ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ក្រចេះ

អាជ្ញាធរ​ខេត្ត​ក្រចេះ​ប្រកាស​មិន​ទទួល​ស្គាល់​ដី​ពលរដ្ឋ​រស់​នៅ​ជាង ៣០​គ្រួសារ​ដែល​អាជ្ញាធរ​គ្រោង​បណ្ដេញ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា ពលរដ្ឋ​ទាំង​នោះ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទើប​មក​រស់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២។ ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ អះអាង​ថា ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​បាន​យក​ឯកសារ​ទាំង​នោះ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​បាន​ថែម​ទៀត។

ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ​ផ្សព្វផ្សាយ​ថា គ្រោង​បណ្ដេញ​ពលរដ្ឋ​ជាង​៣០​គ្រួសារ​ចេញ​ពី​លំនៅឋាន​ជាង​៣០​គ្រួសារ​រួច​មក​អាជ្ញាធរ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ចេញ​លិខិត​បដិសេធ​មួយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដោយ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​មែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ និង​ទាំង​ចាត់​ទុក​ពលរដ្ឋ​ទាំង​នោះ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក រស់​នៅ​លើ​ដី​របស់​រដ្ឋ។

ឆ្លើយ​តប​នឹង​លិខិត​បដិសេធ​របស់​អាជ្ញាធរ​ស្រុក​ស្នួល តំណាង​ប្រជាពលរដ្ឋ លោក គឹម ចាន់ធី រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា ប្រសិនបើ​អាជ្ញាធរ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ និង​ចោទ​ពលរដ្ឋ​ថា រស់​នៅ​លើ​ដី​របស់​រដ្ឋ​ខុស​ច្បាប់​បែប​នេះ ហេតុអ្វី​អាជ្ញាធរ​ភូមិ​ឃុំ​ចេញ​ឯកសារ​ទទួល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ និង​អាច​បោះឆ្នោត និង​ខ្ចី​លុយ​ពី​ធនាគារ​បាន​ថែម​ទៀត។

លោក គឹម ចាន់ធី៖ «ពួក​ប៉ូលិស​ក៏​ដោយ​អភិបាល​ស្រុក​ក៏​ដោយ បើ​គិត​ថា​កន្លែង​នឹង​ខុស​ច្បាប់ លំនៅឋាន​ខុស​ច្បាប់ បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ផ្ទះ​មួយ​ហើយ​មួយ​ទៀត​ធ្វើ​អ្វី ខ្ញុំ​គិត​ថា​បើ​សិន​ជា​ខុសច្បាប់​បណ្ដោយ​ឲ្យ​នៅ​ដល់​២០​ឆ្នាំ​ធ្វើ​អ្វី រុះរើ​តាំង​ពី​ផ្ទះ​ទី​មួយ​ទី​ពីរ​ឲ្យ​ហើយ​ទៅ ឬ​មួយ​កន្លែង​នឹង​មិន​ទាន់​ត្រូវ​ថ្លៃ»

ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ចាប់​តាំង​ពី​មាន​ការ​សាងសង់​បុរី​ផ្ទះ​ល្វែង និង​កន្លែង​លេង​កម្សាន្ត​នៅ​ក្បែរ​នោះ អាជ្ញាធរ​ស្រុក​ស្នួល​តាម​ធ្វើ​ទុក្ខបុកម្នេញ ទៅ​លើ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជា​ច្រើន​លើក​ច្រើនសា។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ស្នួល លោក សាម ណាល់ និង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា អាជ្ញាធរ​ឃុំ​បាន​ចុះ​បិទ​សេចក្ដី​ជូន​ដំណឹង​មួយ​ច្បាប់​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​នោះ និង​ចោទ​ប្រជាពលរដ្ឋ​ថា រស់​នៅ​តំបន់​នោះ​ដោយ​ខុសច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​គួរ​ពិនិត្យ​មើល​ភាព​ជាក់​ស្ដែង​ពី​ការ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ និង​ការ​រស់​នៅ​តាំង​ពី​ពេល​ណា​មក។ លោក​ថា វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ដែល​អាជ្ញាធរ​គេច​វេះ មិន​ទទួល​ស្គាល់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង។

លោក យិន ម៉េងលី«សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើល​ឡើង​វិញ​លើ​ឯកសារ​គតិយុត្តិ​ទាំង​អស់​នឹង ពី​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ប្រសិនបើ​ជា​ចង់​អភិវឌ្ឍន៍​នៅ​តំបន់​នឹង​បើ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ត្រូវ​នាំ​គ្នា​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​វិញ ហើយ​ធ្វើ​ការ​ដោះស្រាយ​ជា​មួយ​ពួកគាត់​ទៅ កុំ​យក​ហេតុ​ផល​ផ្សេង​ៗ​ទៀត ចង់​បណ្ដេញ​ពួកគាត់​មិន​ទទួល​ខុស​ត្រូវ​ដល់​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​គួរ​ស្វែង​រក​ដំណោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគាត់ ពីព្រោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​មាន​ដី​សម្រាប់​អាស្រ័យផល និង​ស្នាក់​នៅ​ទៀត​នោះ​ទេ។ ពលរដ្ឋ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ ហើយ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួក​គាត់​ពលរដ្ឋ​នឹង​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។