ពលរដ្ឋ​​ឃុំ​២​ធ្នូ​នាំគ្នា​ឡើង​មក​ភ្នំពេញ​ត្រៀម​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​របប​ក្រុងភ្នំពេញ​ជា​លើក​ទី​១០

ដោយ សេក បណ្ឌិត
2018.12.26
តវ៉ា ហិង្សា ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo courtesy of Fresh News

ពលរដ្ឋ​មាន​ជម្លោះដីធ្លី នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុង​បណ្ដាក់​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ដាក់​ញត្តិ​ជា​​លើក​ទី​១០ សុំ​កិច្ច​អន្តរាគមន៍​ពី​មេដឹកនាំ​របប​ក្រុងភ្នំពេញ។ សង្គម​ស៊ីវិល​ឃ្លាំមើល​ករណី​នេះ បារម្ភ​ពី​បាតុភាព​ប៉ះទង្គិច​គ្នា​ជាថ្មី រវាង​កងកម្លាំង​ជាមួយ​ពលរដ្ឋ ប្រសិនបើ​អាជ្ញាធរ​នៅតែ​បណ្ដែតបណ្ដោយ មិន​ព្រម​រក​​យន្តការ​​ដោះ​ស្រាយ​​វិវាទ​​នេះ​​ឲ្យ​​បាន​​ឆាប់ ព្រោះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ កាលពី​ថ្ងៃ​ទី៨ មីនា។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី មកពី​ភូមិ​ជើងឃ្លេ ឃុំ​២​ធ្នូ លោក តូច ដុល ប្រាប់​ថា បច្ចុប្បន្ន​តំណាង​របស់​អ្នកភូមិ បាន​មកដល់​ភ្នំពេញហើយ ដើម្បី​ត្រៀម​ញត្តិ។ ចំណែក​ក្រុម​ពលរដ្ឋ​ប្រហែល ៤០០ ទៅ ៥០០​នាក់ នឹង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ហើយ​នៅ​ថ្ងៃ​ទី២៧ ធ្នូ ក្រុម​ពលរដ្ឋ​នឹង​ដង្ហែ​ញត្តិ​ពី​ខណ្ឌ​មានជ័យ ទៅ​ភូមិគ្រឹះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍៖ «លឺ​បាន​ដំណឹង​ថា​គេ​ឲ្យ​សិទ្ធិ​យើង​ដើរ​ទៅ​នឹង​ហែ​ក្បួន​ហែ​អី​ទៅផ្ទះ​សម្រេច​នឹង​គាត់​ថា​អត់​រារាំង​ដូច​មុន​ទេ ដូច​មុនគេ​ឲ្យ​ត្រឹម​ដើរ​ដល់​ក្រសួង​ដែនដី​តែ ប៉ុណ្ណឹង​អត់​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​ទេ អាហ្នឹង​ខ្ញុំ​លឺ​រហៀងៗ​ទេ ។ ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរតែ​ឲ្យ​ពួក​ខ្ញុំ ដើរ​ទៅ ផ្ទះ​សម្ដេច​តែម្ដង​ទៅ​វា​ងាយស្រួល​ជាង ព្រោះ​អី​ពួក​ខ្ញុំ​ឡើង​មក​នេះ​ជិត​១០​ដង​ហើយ ពួក​ខ្ញុំ​គ្មាន​លុយ គ្មាន​កាក់​អី​នោះ​ទេ។ កុំ​ឲ្យ​ចោទ​ប្រជាពលរដ្ឋ​ថា​ខាង​នេះ​ខាង​នោះ​អី​! ពួក​ខ្ញុំ​គ្មាន​ខាង​ណា​នោះ​ទេ ពួក​ខ្ញុំ​ជា​ជនរងគ្រោះ ពួក​ខ្ញុំ​សូម​តែ​ចែក​ដី​ជូន​ពួក​ខ្ញុំ​វិញ​មក បើ​អត់​ចែក​អ៊ីចឹង​ទេ ពូក​ខ្ញុំ​រស់នៅ​ម៉េច នឹង កើត?»

ជម្លោះដីធ្លី​នៅ​ឃុំ​២​ធ្នូ កើតឡើង​ក្រោយពេល ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ឈ្មោះ ចម្ការកៅស៊ូ មេមត់​ទទួល​បាន​សិទ្ធិ​វិនិយោគ ដំណាំ​ឧស្សាហកម្ម​កៅស៊ូ តាំងពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ។

កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ ៧៦ នៅ​ចំណុច​ទីតាំង​ដី​មាន​ជម្លោះ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​រង​ការ​បង្ក្រាប​ពី​កងកម្លាំង​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ បាន​បាញ់រះ​មក​លើ​ពលរដ្ឋ។ ក្រោយពី​ការ​បាញ់រះ សាក្សី​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ​ត្រូវ​អាជ្ញាធរ​គំរាម និង​រឹតត្បិត​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អាជ្ញាធរ​ឃុំ​២​ធ្នូ ធ្លាប់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ព្រឹត្តិការណ៍​ពេលនោះ មាន អ្នក​តវ៉ា​ខ្លះ​រងរបួស និង​ស្លាប់ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ក្រចេះ បដិសេធ​ថា មិន​មាន​ពលរដ្ឋ​ស្លាប់​ទេ។

ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា និង​ការ​បាញ់រះ​លើ​អ្នក​តវ៉ា​រួច ពលរដ្ឋ​ដែល​ធ្លាប់​បង្កបង្កើនផល​លើ​ដី​មាន​ជម្លោះ ខ្លាចរអា ក្នុង​ការ​ទាមទារ​ស្វែងរក​ដំណោះស្រាយ និង​មិន​លែង​ហ៊ាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទៀតហើយ គឺ​បាន​ត្រឹម​ប្រមូល​គ្នា ដើម្បី​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ក្រចេះ និង​ស្ថាប័ន​ជាតិ​ធំៗ នៅ​រាជធានី​ភ្នំពេញ រួម​ទាំង​ភូមិគ្រឹះ លោក ហ៊ុន សែន។

ពលរដ្ឋ​អះអាង​ថា ថ្វីបើ​ពលរដ្ឋ​ឡើង​មក​ភ្នំពេញ ដាក់​ញត្តិ​បាន​ជិត ១០​ដង ប៉ុន្តែ ជាច្រើន​ដង​ហើយ ពលរដ្ឋ​ត្រូវ​បាន អាជ្ញាធរ​ខណ្ឌ​មានជ័យ ប្រើប្រាស់​គ្រប់​វិធី​រារាំង​ជាប់ មិន​ឲ្យ​ពួកគេ អាច​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ភូមិគ្រឹះ លោក ហ៊ុន សែន បាន​សោះ។

តំណាង​ពលរដ្ឋ លោក តូច ដុល ប្ដេជ្ញា​ថា លើក​នេះ​ពួកគេ​នឹង​តស៊ូ​មតិ ឲ្យ​ទាល់តែ​បាន ទៅដល់​មុខ​ភូមិគ្រឹះ មេដឹកនាំ​របប ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ព្រោះ ច្រើន​ឆ្នាំ​មកនេះ ញត្តិ​របស់​ពលរដ្ឋ​នៅ​តាម​ស្ថាប័នរដ្ឋ​ជាច្រើន​មិន​ត្រូវ​បាន​យកចិត្តទុកដាក់ ហើយ​មាន​ទាំង​ការសន្យា​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដោយ​ផ្ទាល់​មាត់​សន្យា​ថា ដោះស្រាយ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ថ្នាក់ក្រោម​ណា​អនុវត្ត​តាម​ទេ។

អាស៊ីសេរី មិន​អាចទាក់ទង អភិបាលខេត្ត ក្រចេះ លោក វ៉ា ថន និង​មេឃុំ​២​ធ្នូ លោក ប៉ឹង វិន បានទេ នៅ​ថ្ងៃ​ទី​២៥ ធ្នូ នេះ។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ ស៊ើប​អង្កេត នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា នេះ​ជា​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​មួយ ក្នុងចំណោម​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន​កន្លែង​ផ្សេងទៀត។ តាម​ការ​សិក្សា​អង្កេត សង្គម​ស៊ីវិល​រូប​នេះ រក​ឃើញ​ថា ដើមចម​នៃ​វិវាទ​នេះ កើតឡើង​ដោយសារ​កំហុស​រួមគ្នា របស់​ក្រុមហ៊ុន អាជ្ញាធរ និង​ពលរដ្ឋ ព្រោះ​គោលការណ៍​សម្បទាន​ដី​នៅ​តំបន់​នោះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ច្បាស់លាស់ ខណៈ​ពលរដ្ឋ​ជាច្រើន​កំពុង​រស់នៅ និង​បាន​ទិញ​ដី បន្ថែម​ទាំង​មិនបាន​ដឹង​ថា ដី​តំបន់​នោះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «ពីព្រោះ​ការ​សម្បទាន​ដីធ្លី​នេះ ដោយ​គ្មាន​ប្រជា​ពលរដ្ឋ​ពុំ​សូវ​ទទួល​បាន​នូវ​ចំណេះដឹង​ពួកគាត់​ខ្លះ​មាន​លុយ​តិចតួច​ទៅ​ទិញ​ដី ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ឯកជន វិនិយោគ អ៊ីចឹង​កំហុស​នឹង​គឺ​រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​ជាមួយ​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ចំណេះដឹង​ឲ្យ​ពួកគាត់​បាន​យល់»

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ឲ្យ​ដឹង​ថា ប្រសិនបើ​របប​​ក្រុង​ភ្នំពេញ​មិន​ព្រម​ដោះស្រាយ​បញ្ចប់​ទេ ពួកគេ​នឹង​បន្ត​ឡើង​មក​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​បន្ត​ទៀត។ លោក អំ សំអាត រំពឹង​ថា គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ទើប​ប្ដូរ​ក្បាល​ម៉ាស៊ីន​​ថ្មី គឺ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​រឿង ប្រសិនបើ​មាន​ឆន្ទៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។