ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៣៥គ្រួសារ គ្រោងនាំគ្នាធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយជំរុញទៅអាជ្ញាធរមូលដ្ឋាន ចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពួកគាត់។
ការស្វែងរកកិច្ចអន្តរាគមន៍នេះ ដោយសារពលរដ្ឋបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរក្រុង និងអាជ្ញាធរខេត្ត អស់ពេលច្រើនថ្ងៃហើយ តែពុំមានដំណោះស្រាយ។
តំណាងពលរដ្ឋដែលមានបញ្ហាដីធ្លីនៅសង្កាត់ប៉ោយប៉ែត លោក ម៉ៅ សាមឿន ឲ្យដឹងនៅថ្ងៃទី៨ ខែមេសាថា ពួកគាត់ចំនួន ៣៥គ្រួសារ ជាពលរដ្ឋក្រីក្រ និងគ្មានប្រាក់សម្រាប់ទិញដីសង់លំនៅឋានថ្មីនោះទេ។ លោក ម៉ៅ សាមឿន ទទូចឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ឲ្យបានឆាប់ៗ ដើម្បីងាយស្រួលទៅខ្ចីប្រាក់ ពីធនាគារ ធ្វើដើមទុនប្រកបរបរដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «ហើយដីប្រហែល២០០ម៉ែត្រនឹងយកទៅអភិវឌ្ឍន៍អី ? ព្រោះដូចសម្ដេចនាយកគាត់ថាហើយបើ៥ឆ្នាំឡើងទៅប្រជាពលរដ្ឋ បើប្រជាពលរដ្ឋរស់នៅនឹងហើយមិនបាច់អភិវឌ្ឍន៍អីទេ ឲ្យប្រជាពលរដ្ឋទៅ។ បើយើងអភិវឌ្ឍន៍យើងមើលពលរដ្ឋនឹងដែរ មិនដឹងជាអភិវឌ្ឍន៍អី បើផ្លូវមានស្រាប់ហើយមិនយកទៅធ្វើទៅ មកយកអីផ្លូវដែលពលរដ្ឋរស់នៅនោះ ? ព្រោះមិនវាមិនបម្រើផលប្រយោជន៍ដល់ពលរដ្ឋផង»។
កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ មន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រុងប៉ោយប៉ែត បានចុះវាស់វែងដីធ្វើប័ណ្ណកាន់កាប់ស្របច្បាប់ ជូនពលរដ្ឋនៅភូមិក្បាលស្ពាន១ ប៉ុន្តែមន្ត្រីក្រុងប៉ោយប៉ែតមិនបានវាស់វែងដីរបស់ពលរដ្ឋចំនួន ៣៥គ្រួសារទេ ដោយយកហេតុផលថា ជាដីផ្លូវសាធារណៈ។
ពលរដ្ឋទាំង ៣៥គ្រួសារបានប្រតិកម្មនឹងបញ្ហានេះ ហើយកាលពីថ្ងៃទី២១ កុម្ភៈ ពួកគាត់ក៏បាននាំតវ៉ានៅមុខសាលាក្រុងដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ពួកគាត់ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ។
អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ មានប្រសាសន៍ថា រឿងនេះអាជ្ញាធរក្រុងមិនអាចជួយដោះស្រាយជូនពលរដ្ឋទាំងនោះបានទេ ព្រោះពួកគាត់រស់នៅលើដីផ្លូវខុសច្បាប់៖ «ហើយរឿងនីតិវិធីខ្ញុំក៏មិនហ៊ានដែរ មិនមែនចេះតែអន្តរាគមន៍ឲ្យអ្វីដែលចង់ធ្វើចេះតែឲ្យធ្វើណាបាន វាសំខាន់ការសម្រេចរបស់ភូមិបាល។ ជួនកាលនៅតាំង១៩៧៩ក៏មិនអាចដែរបើនៅលើផ្លូវអីចឹងនោះ ហើយបើយើងចេះតែនៅបានក៏នៅទៅបើកាលណាផ្លូវគឺ ផ្លូវហើយ»។
ប៉ុន្តែតំណាងប្រជាពលរដ្ឋ លោក ម៉ៅ សាមឿន អះអាងថា ពួកគាត់រស់នៅដីនោះតាំងពីឆ្នាំ១៩៩៣មក គឺតាំងតែនៅក្រុងប៉ោយប៉ែតមិនសូវមានមនុស្សរស់នៅ ហើយម្យ៉ាងទៀតដើមឡើយ ក៏ពុំមែនជាដីផ្លូវដែរ ទើបពួកគាត់ទៅតាំងទីលំនៅលើដីនោះ។
មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត ដែលបានចុះអង្កេតបញ្ហាដីធ្លីនេះអះអាងថា ទីតាំងដីដែលពលរដ្ឋរស់នៅនោះ បច្ចុប្បន្នពុំមែនជាដីផ្លូវសាធារណៈទេ ដូច្នេះលោកថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធគួរតែធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ព្រោះពួកគាត់តាំងទីលំនៅជាច្រើនឆ្នាំហើយ៖ «ប្រជាពលរដ្ឋគាត់មិនធ្លាប់ទទួលព័ត៌មានហើយអាជ្ញាធរសង្កាត់ និងសុរិយោដីក្រុងមិនធ្លាប់បានផ្សព្វផ្សាយឲ្យគាត់បានដឹង ដូច្នេះកិរិយា បទរបស់ពួកគាត់ដែលបានកាន់កាប់កន្លងមកនឹង គឺកាន់កាប់ដោយជាប់លាប់ ដូច្នេះគាត់បានបំពេញលក្ខខណ្ឌ ៥យ៉ាងនៃមាត្រា១៨ នៃច្បាប់ភូមិបាល ដូច្នេះអាជ្ញាធរគួរតែពិចារណាដើម្បីផ្ដល់ជាកម្មសិទ្ធិឲ្យពួកគាត់»។
ផ្ទៃដីដែលមានបញ្ហាជាប្រភេទដីលំនៅឋាន ទទឹង២០ម៉ែត្រ និងបណ្ដោយជាង២០០ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។ ពលរដ្ឋចំនួន៣៥គ្រួសារសង់ទីលំនៅលើដីនេះជាច្រើនឆ្នាំហើយ ដោយអ្នកខ្លះកាន់កាប់ដីទទឹង ៤គុណ នឹង២០ និងខ្លះទៀតទទឹង ១០គុណ២០ម៉ែត្រជាដើម។កាលពីចុងខែកុម្ភៈឆ្នាំ២០១៨ ពលរដ្ឋទាំង៣៥គ្រួសារ បានដាក់ពាក្យសុំអន្តរាគមន៍ទៅសាលាខេត្តបន្ទាយមានជ័យម្ដងរួចមកហើយ គឺអាជ្ញាធរខេត្តមួយនេះថា នឹងដោះស្រាយជូនពួកគាត់ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ។
លោក ម៉ៅ សាមឿន អះអាងថា អាជ្ញាធរពន្យារដោះស្រាយនេះ គឺធ្វើឲ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំង ហើយលោកបញ្ជាក់ថា ប្រសិនបើអំឡុងខែមេសានេះ អាជ្ញាធរខេត្តមិនអាចដោះស្រាយជូនពួកគាត់បានទេ ពួកគាត់នឹងនាំគ្នាទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ឲ្យជួយជំរុញទៅអាជ្ញាធរមូលដ្ឋានចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់៕