ពលរដ្ឋ​ខេត្ត​កំពង់ធំ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ពួក​គាត់

ដោយ សូត សុខប្រាថ្នា
2016-12-26
Share
ជម្លោះ​ដីធ្លី កំពង់ធំ ២០១៦ ៨៥៥ ដី​ចម្ការ​នៅ​តំបន់​សូងសាង ក្នុង​ភូមិ​សែនសិរីមង្គល ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​តំបន់​បន្ទាយរងៀង កាល​ពី​ឆ្នាំ​២០០៩ ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ដូចជា​គ្មាន​មុខ​របរ ជំពាក់​បំណុល​គេ និង​ចំណាក​ស្រុក ជាដើម។ បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ពួក​គាត់​មួយ​ចំនួន មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​ចម្ការ​សម្រាប់​បង្កបង្កើនផល​នៅ​ឡើយ។ អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ពួក​គេ​កំពុង​ស្វែងរក​ទីតាំង​ដី​តំបន់​ផ្សេង​ផ្តល់​ជូន​ពលរដ្ឋ​ទាំងនោះ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល ក្នុង​ឃុំ​ក្រយា ជាង ១០០​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ប្រភេទ​ដី​កសិកម្ម​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

ការ​ស្នើ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​រដ្ឋ​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មក​ហើយ ដើម្បី​ទទួល​បាន​ដី​ចម្ការ​សម្រាប់​បង្កបង្កើនផល​នឹង​គេ។ អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​មាន​ដី​ចម្ការ នឹង​អាច​ជួយ​ស្ដារ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ឲ្យ​ប្រសើរ​ជាង​មុន។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​សែនសិរិមង្គល លោក យឿន គឹមហុង មាន​ប្រសាសន៍​ថា ក្រោយ​ពេល​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ជិត ៦០០​គ្រួសារ​ចេញ​ពី​តំបន់​បន្ទាយរងៀង ឲ្យ​ទៅ​រស់នៅ​តំបន់​ថ្មី អាជ្ញាធរ​ធ្លាប់​សន្យា​ថា នឹង​ប្រគល់​ដី​លំនៅឋាន​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៤០​ម៉ែត្រ ព្រម​ទាំង​ដី​ចម្ការ​ពី ១​ហិកតារ​ទៅ ១​ហិកតារ​កន្លះ ជូន​ពលរដ្ឋ។ លោក​បន្ត​ថា ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ទទួល​បាន​គ្រប់​គ្នា ប៉ុន្តែ​ដី​ចម្ការ​វិញ គឺ​អ្នក​ភូមិ​មិន​ទទួល​បាន​គ្រប់​គ្នា​ទេ។ ជាក់ស្តែង​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​មិន​ទាន់​បាន​ដី​ចម្ការ​ឡើយ ហើយ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដី​ចម្ការ​កន្លង​មក ពួក​គេ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​អនាធិបតេយ្យ មិន​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន ចំណែក​ការ​ដោះស្រាយ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ទេ៖ «ក្នុង​ការ​ប្រជុំ​អី ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​អី អាជ្ញាធរ​ឃុំ​អី ក៏​បាន​សន្យា​ដែរ ប៉ុន្តែ​សន្យា​ខ្យល់ ដូច​ថា​ថ្ងៃ​នេះ​ថ្ងៃ​នោះ​រហូត គឺ​ចេះ​តែ​និយាយ ប៉ុន្តែ​គ្មាន​ការពិត​អី​ផង»

ពលរដ្ឋ​មួយ​រូប​ទៀត​មាន​វ័យ ៧០​ឆ្នាំ អ្នកស្រី ខៀវ វណ្ណា មាន​ប្រសាសន៍​ថា គ្រា​ដែល​គ្រួសារ​អ្នកស្រី​រស់នៅ​តំបន់​បន្ទាយរងៀង គឺ​មាន​ដី​ចម្ការ​ចំនួន ៥​ហិកតារ​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​បាន ប៉ុន្តែ​ពេល​មក​រស់នៅ​តំបន់​ថ្មី​នេះ គ្រួសារ​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ដី​ចម្ការ​សូម្បី​តែ​មួយ​ចំអាម។ អ្នកស្រី​បញ្ជាក់​ថា ដោយសារ​តែ​មិន​មាន​ដី​សម្រាប់​អាស្រ័យ​ផល ទើប​បណ្ដាល​ឲ្យ​គ្រួសារ​គាត់​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន៖ «ចា៎! វេទនា​ណាស់ គឺ​ថា​ខ្ញុំ​រស់នៅ​សព្វថ្ងៃ​នេះ កុំ​បាន​អង្គការ​លីកាដូ គាត់​ចេះ​តែ​ផ្តល់​ឲ្យ ហើយ​ដាំ​អី​ក៏​មិន​បាន បើ​គ្មាន​ដី​ចម្ការ​ផង»

ក្រោយ​ពេល​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ជិត ៦០០​គ្រួសារ​ចេញ​ពី​តំបន់​បន្ទាយរងៀង ដោយ​យក​ដី​តំបន់​នោះ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាន បៀង (Tan Bien)។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ ហើយ​ផ្តល់​ផល​បី ឬ​បួន​ឆ្នាំ​ទៅ​ហើយ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ថ្មី​មួយ​ចំនួន​វិញ គឺ​មិន​ទាន់​រក​គោលដៅ​ឃើញ​ផង។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ស្រុក​សន្ទុក និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដី​សម្បទាន​សង្គមកិច្ច លោក រស់ សារីម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ថា ក្នុង​ចំណោម​ពលរដ្ឋ​ជិត ៦០០​គ្រួសារ​ដែល​ទៅ​រស់នៅ​តំបន់​ថ្មី គឺ​មាន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ចំនួន ១១០​គ្រួសារ មិន​ទាន់​បាន​កាន់​កាប់​ដី​កសិកម្ម​ពិត​ប្រាកដ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ពួក​គាត់​ទាំងនេះ អាជ្ញាធរ​បាន​ប្រគល់​ដី​ជូន​ពលរដ្ឋ ៥៣​គ្រួសារ ប៉ុន្តែ​នៅ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ក្រុម​អនាធិបតេយ្យ ទើប​ពួក​គាត់​មិន​អាច​ចូល​ទៅ​បង្កបង្កើនផល​បាន។ ចំណែក​ពលរដ្ឋ ៥៧​គ្រួសារ​ទៀត អាជ្ញាធរ​ខេត្ត​កំពុង​ស្វែងរក​ដី​កន្លែង​ផ្សេង​ផ្តល់​ជូន​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មើល​ឃើញ​ថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល មួយ​ចំនួន​មិន​បាន​ប្រសើរ​ឡើង​ទេ គឺ​ចេះ​តែ​ដុនដាប​ទៅ​វិញ ពីព្រោះ​ពួក​គាត់​គ្មាន​មុខ​របរ ហើយ​គ្មាន​ដី​កសិកម្ម​សម្រាប់​បង្កបង្កើនផល ជាដើម។ ចំណែក​វិធានការ​ដោះស្រាយ​របស់​អាជ្ញាធរ គឺ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ឡើយ៖ «អាជ្ញាធរ​ដែនដី​មិន​មាន​ឆន្ទៈ ឬ​គោលការណ៍​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​ទេ។ អ៊ីចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​ប្រឈម​បញ្ហា​ខ្វះខាត​ជីវភាព​ហូប​ចុក​អី»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ទៀត ពួក​គាត់​នឹង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​កាន់​តែ​ធ្ងន់ធ្ងរ។ បន្ថែម​ពី​នេះ ពួក​គេ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ផ្ទះ​សម្បែង ឬ​លក់​ដី​លំនៅឋាន​ទាំងនោះ ដើម្បី​យក​ប្រាក់​សង​បំណុល​គេ ម្យ៉ាង​ការ​ចំណាក​ស្រុក​នឹង​កើត​មាន​កាន់​តែ​ច្រើន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល