ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ប្រតិកម្ម​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ចុះ​វាស់​ដី​លំនៅឋាន​ពួក​គាត់

ដោយ សូត សុខប្រាថ្នា
2014.12.26
ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ត្បូងឃ្មុំ ៦២០ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។
RFA/Saut Sokprathna

ពលរដ្ឋ​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​បារម្ភ​ខ្លាច​បាត់​បង់​ដីធ្លី នៅ​ពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ចុះ​វាស់វែង​ដី​លំនៅឋាន​របស់​ពួក​គាត់​យ៉ាង​ស្ងាត់ៗ។ ពួក​គាត់​យល់​ថា ការ​វាស់វែង អាច​ជា​ល្បិច​ដើម្បី​រក​លេស​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន។

យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា ការ​វាស់វែង​នោះ​អាច​ជា​រឿង​បច្ចេកទេស​របស់​ក្រុមហ៊ុន ប៉ុន្តែ​មិន​អាច​ធ្វើ​ប្លង់​ណា​មួយ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ពីព្រោះ​ដី​ទាំង​នោះ​ជា​ដី​មាន​ជម្លោះ។

ការ​បារម្ភ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​បញ្ជូន​មនុស្ស​ចំនួន ៦​នាក់ ឲ្យ​ចុះ​ទៅ​វាស់វែង​ដី​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​ពីរ​ភូមិ គឺ​ភូមិ​ខ្នង​ក្រពើ​លិច និង​ខ្នង​ក្រពើ​កើត ក្នុង​ឃុំ​ត្រមូង ដោយ​មិន​ឲ្យ​អាជ្ញាធរ ឬ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​ដឹង​ឡើយ កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ ពលរដ្ឋ​ប្រតិកម្ម​ភ្លាមៗ ហើយ​ក៏​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៦ ធ្នូ បន្ថែម​ទៀត ដើម្បី​ត្រៀម​នឹង​ធ្វើ​លិខិត​បដិសេធ​ពុំ​ព្រម​ទទួល​យក​នូវ​ទង្វើ​របស់​ក្រុមហ៊ុន​ពេល​នេះ​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ខ្នង​ក្រពើ​លិច អ្នកស្រី ស៊ុត ម៉ានីន ឲ្យ​ដឹង​ថា ពលរដ្ឋ​ចាប់​ផ្ដើម​ប្រតិកម្ម​ភ្លាមៗ​បន្ទាប់​ពី​ពួក​គាត់​មិន​ទុក​ចិត្ត​ចំពោះ​សកម្មភាព​របស់​បុគ្គលិក​ក្រុមហ៊ុន ដែល​ចុះ​មក​វាស់វែង​ដី​មាន​ជម្លោះ​ដោយ​លួច​លាក់។ អ្នកស្រី​បន្ត​ថា ខាង​ក្រុមហ៊ុន​ពុំ​មែន​មាន​ចេតនា​មក​វាស់​ដី​ផ្លូវ​ដូច​ការ​អះអាង​របស់​បុគ្គលិក​ខ្លួន​នោះ​ទេ ប៉ុន្តែ​គឺ​វាស់​ដើម្បី​ត្រៀម​នឹង​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​មាន​វិវាទ​ប៉ុណ្ណោះ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​នៅ​ខ្នង​ក្រពើ​លិច​កើត ផ្សារ​ថ្មី មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​ណាស់ សុខៗ​គេ​មក​វាស់​អត់​មាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ឮ​អាជ្ញាធរ​ទាំងអស់»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី លីម ស្រីលក្ខណ៍ យល់​ថា សកម្មភាព​របស់​ក្រុមហ៊ុន​ពេល​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ថា​នឹង​អាច​វាស់វែង​រួច ហើយ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​មួយ​ដោយ​ឯកតោ​ភាគី ហើយ​យក​លេស​ថា​ពលរដ្ឋ​ទាំងអស់​ដែល​កំពុង​តវ៉ា គឺ​រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន ក្រោយ​មក​ក៏​បណ្ដេញ​ពួក​គាត់​ចេញ​តែ​ម្តង។ អ្នកស្រី​ថា ទង្វើ​នេះ គឺ​ជា​រឿង​មិន​ស្រប​ច្បាប់ ហើយ​ពលរដ្ឋ​ក៏​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ខ្លាច​គាត់​ធ្វើ​ប្លង់​ពី​លើ​ពួក​ខ្ញុំ។ ដូច​កាល​ពី​ថ្ងៃ​ទី​១៨ អាច​ពួក​គាត់​ចោទ​ពួក​ខ្ញុំ​ថា​មាន​ការ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន តែ​ពួក​ខ្ញុំ​អត់​មាន​ទេ»

យ៉ាង​ណា បុគ្គលិក​ដែល​ក្រុមហ៊ុន​ជួល​មក​ឲ្យ​វាស់វែង​ដី​នោះ បញ្ជាក់​នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ថា ក្រុម​ខ្លួន​ចុះ​មក​វាស់វែង​គឺ​គ្រាន់​តែ​បញ្ជាក់​នៅ​លើ​អ្វី​ដែល​មាន​ស្រាប់ ពិសេស​គ្រាន់​តែ​ស្រង់​ទិន្នន័យ​ផ្លូវ​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​មេ​ឃុំ​ត្រមូង លោក វិញ នី មាន​ប្រសាសន៍​ថា ការ​ចុះ​វាស់វែង​យ៉ាង​ណា​នោះ គឺ​ជា​ការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន ដោយ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​បាន​ដឹង​ឮ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ក៏​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​បញ្ជាក់​ពី​មូលហេតុ​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជូន​របាយការណ៍​របស់​ខ្លួន​មក​ខាង​លោក។ តែ​យ៉ាង​ណា​លោក​ថា ការ​វាស់វែង គឺ​មិន​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ទេ ហើយ​ក៏​មិន​អាច​ឈាន​ទៅ​ធ្វើ​ប្លង់​កម្មសិទ្ធិ ដោយ​គ្មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​បាន​ដែរ៖ «ការងារ​គ្រាន់​តែ​វាស់វែង​អ៊ីចឹងៗ វា​មាន​ទៅ​ប៉ះពាល់​អី! អា​ហ្នឹង​ការ​យល់​ឃើញ​របស់​ខ្ញុំ ពីព្រោះ​អត់​មាន​អាជ្ញាធរ​ណា​ចូលរួម អត់​មាន​អាជ្ញាធរ​ណា​ទៅ​ស៊ីញេ​ធ្វើ​ប្លង់​ទៅ​ជា​ដី​ក្រុមហ៊ុន​បាន​ឯណា»

វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ទាំង​ពីរ​ភូមិ​នៅ​លើ​ទំហំ​ដី​ជាង ២០​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ​នេះ បាន​បង្វែរ​មក​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ឯកជន ហើយ​ក៏​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទទួល​យក​សំណង​ទៅ​រស់នៅ​កន្លែង​ផ្សេង ប៉ុន្តែ​មាន​ពលរដ្ឋ​តិច​ណាស់​ព្រម​ទទួល​យក​សំណង​នោះ។ ដោយ​ឡែក​ពលរដ្ឋ ៥២៤​គ្រួសារ មិន​ព្រម​ចាក​ចេញ​ទេ ពីព្រោះ​ពួក​គាត់​យល់​ថា ការ​ទៅ​រស់​នៅ​កន្លែង​ថ្មី គឺ​ប្រៀប​ដូច​ចាប់​ផ្ដើម​ជីវិត​ពី​ចំណុច​សូន្យ។ ម្យ៉ាង​ទៀត ដោយ​យោង​លើ​ហេតុផល​នៃ​ច្បាប់ គឺ​ពួក​គាត់​រស់​នៅ​ស្រប​តាម​ច្បាប់​ភូមិបាល។ ពលរដ្ឋ​នាំ​គ្នា​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល សម្រេច​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ជាច្រើន​លើក​ច្រើន​សា ហើយ​ទាមទារ​រហូត​ដល់​ស្ថាប័ន​ធំៗ​របស់​ជាតិ​ទៀត​ផង។ ជាក់ស្ដែង​កាល​ពី​ខែ​សីហា លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ចេញ​ពី​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា តម្រូវ​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ពិនិត្យ និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។