ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ជឿ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ជួយ​ពួក​គាត់​ឱ្យ​បាន​មក​រស់នៅ​ក្នុង​ភូមិ​វិញ​ឡើយ

0:00 / 0:00

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តែ​គ្មាន​ជំនឿ និង​ទុកចិត្ត​ទៅលើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​ក្មេង​តូចៗ កំពុង​រស់​នៅ​ក្នុង​ព្រៃ​ឲ្យ​វិល​ត្រឡប់​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ភូមិ​វិញ ប្រសិនបើ​មិន​មាន​សេចក្ដី​ប្រកាស​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជា​សាធារណៈ​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២ ខែមេសា ប្រកាស​ឲ្យ​ពលរដ្ឋ​កំពុង​រត់​ពួន​ក្នុង​ព្រៃ ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​វិញ ហើយ​អាជ្ញាធរ និង​ជួយ​ទំនុក​បម្រុង និង​មិន​យក​ទោសពៃរ៍​នោះ​ទេ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​និង​កំពុង​បោះ​ជុំរុំ​រស់​នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ អះអាង​ថា​ពួកគេ​មិន​មាន​ជំនឿ និង​ទុកចិត្ត​ទៅលើ​អាជ្ញាធរ​ខេត្តព្រះវិហារ​នោះ​ទេ ពីព្រោះ​កន្លង​ទៅ​ពលរដ្ឋ​ដែល​ព្យាយាម​ចូល​ទៅ​មើល​ផ្ទះសម្បែង និង​ចង់​ទៅ​រស់នៅ​ក្នុង​ភូមិ​វិញ​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ។

ពលរដ្ឋ​ម្នាក់​ដែល​ចេញ​មុខ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី លោកស្រី លូត សាឡា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែ​មេសា ថា ពួកគាត់​គ្មាន​ជំនឿ និង​ទុក​ចិត្ត​ទៅលើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នោះ​ទេ ពីព្រោះ​កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​មួយ​នេះ ជា​អ្នក​ចាប់​ពលរដ្ឋ និង​ដុត​ផ្ទះសម្បែង យក​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។ លោកស្រី​បន្ថែម​ថា ប្រសិនបើ​ចង់​ឲ្យ​ពួក​គាត់​ជឿ​ទុក​ចិត្ត​ទៅលើ​អាជ្ញាធរ​លុះត្រាតែ​មាន​បទបញ្ជា ឬ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និង​មាន​ការ​ដោះលែង​ពលរដ្ឋ ដែល​កំពុង​ជាប់​ឃុំ ព្រម​ទាំង​ប្រគល់​ដី​ផ្ទះសម្បែង​មក​ឲ្យ​ពលរដ្ឋ​វិញ។

លោកស្រី លូត សាឡា៖ «ឲ្យ​នាយក​រដ្ឋមន្ត្រី​គាត់​ប្រកាស​មក ដោះលែង​បងប្អូន​ខ្ញុំ​ដែល​នៅ​ជាប់​ឃុំ។ ពួក​ខ្ញុំ​អត់​អ៊ីចឹង​ទេ​នៅ​ក្នុង​ព្រៃ​ពិបាក​ណាស់ ខ្ញុំ​អរគុណ​ខាង​អាជ្ញាធរ​ខេត្ត​គាត់​ប្រកាស​មក ប៉ុន្តែ​បើ​ឲ្យ​ខ្ញុំ​ជឿជាក់​ទី​មួយ​ឲ្យ​មាន​ការ​ដោះលែង ទីពីរ​ប្រកាស​ជា​សាធារណៈ​ហើយ​ឈប់​តាម​ចាប់ ឈប់​ចាប់​ចង ហើយ​រក​កន្លែង​ដែល​ពួក​ខ្ញុំ​រស់នៅ​បាន ធ្វើ​ប៉ុណ្ណោះ​បាន​គឺ​ពួក​ខ្ញុំ​នឹង​ទៅ»។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាលរង​ខេត្ត​ព្រះវិហារ លោក ណុប វុទ្ធី និង​អភិបាល​ស្រុក​គូលែន លោក ប៉ែន ជឹង បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែ​មេសា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋបាល​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​មេសា បាន​បង្ហោះ​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​លើ​ទំព័រ​ហ្វេសប៊ុក រដ្ឋបាល​ខេត្ត​ព្រះវិហារ ច្រានចោល​ព័ត៌មាន​ដែល​ថា មាន​កុមារ​តូចៗ កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ ដោយ​អាជ្ញាធរ​សំអាង​ថា ពួក​គេ​រក​មិន​ឃើញ​ពលរដ្ឋ​និង​ក្មេង​តូចៗ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ​ធ្លាក់​ខ្លួន​ឈឺ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ភូមិ​វិញ ហើយ​ប្រសិនបើ​ពលរដ្ឋ​ខ្វះខាត​អាជ្ញាធរ និង​ទំនុក​បម្រុង​ថែម​ទៀត។

ទោះបី​អាជ្ញាធរ​ចេញ​សេចក្ដី​អំពាវនាវ​ចំនួន ៣លើក​យ៉ាង​ណា​ក្ដី ពលរដ្ឋ​ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ​អះអាង​ថា អាជ្ញាធរ​តែងតែ​លេងល្បិច​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ក្នុង​ភូមិ ដើម្បី​ចាប់ខ្លួន​ប្រជាពលរដ្ឋ ពីព្រោះ​កន្លង​ទៅ ពលរដ្ឋ​ដែល​ព្យាយាម​ចូល​ទៅ​មើល​ផ្ទះ​ដី​ស្រែចម្ការ​របស់​ពួក​គេ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន សិលា ដាម៉ិច អាជ្ញាធរ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​មិន​ជឿ​ទុកចិត្ត​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​បាន​តាមដាន និង​អង្កេត​រឿង​នេះ លោក កើត សារាយ យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ និង​គោល​ជំហរ​ជាក់លាក់ និង​ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដីប្រកាស​របស់​ខ្លួន​ថា មាន​ការ​ដោះស្រាយ និង​មិន​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​អស់​នោះ​ទៀត ទើប​ពលរដ្ឋ​មាន​ភាព​ជឿជាក់។ លើស​ពី​នោះ​លោក​ថា អាជ្ញាធរ​ត្រូវ​តែ​កាត់​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ ដើម្បី​មាន​កន្លែង​ស្នាក់នៅ​សមរម្យ។

លោក កើត សារាយ៖ «វា​មិន​ទាស់​ខុស​ទេ​ការ​ចេញ​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត ប៉ុន្តែ​យ៉ាង​ហោចណាស់ក៏​សុំ​ឲ្យ​មាន​ឆន្ទៈ ការ​ទទួលខុសត្រូវ​មួយ​ចំពោះ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ឯង កុំ​ស្អី​បន្តិច​អ្នក​នៅ​ក្រៅ​ប្រទេស ស្អី​បន្តិច​ជន​មួយ​ក្ដាប់​តូច​កេង​ចំណេញ​នយោបាយ ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ផ្ដោត​ទៅ​លើ​វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ជាជាង​លើក​ភាគី​ផ្សេង​ទៀត​មក​ពាក់ព័ន្ធ​ដាក់​បន្ទុក​ឲ្យ​ក្លាយ​ជា​បញ្ហា​បន្ថែម»។

កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ២នាក់ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​ពួកគេ​ព្យាយាម​ចូល​ទៅ​រក​សាច់ញាតិ និង​មើល​ផ្ទះសម្បែង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន សិលា ដាម៉ិច បើ​ទោះបី​ជា​អាជ្ញាធរ​ខេត្ត​បាន ចេញ​សេចក្ដី​ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ភូមិ​វិញ​លើក​ទី២ កាល​ពី​ថ្ងៃ​ទី២២ ខែមីនា​កន្លង​ទៅ​ក្ដី។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច ចំនួន ២៧នាក់​ហើយ ក្រោយ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ប្រដាប់​ដោយ​អាវុធ បាន​ចុះ​រុះរើ​និង​ដុត​ផ្ទះសម្បែង រហូត​ដល់​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បន្ត​តាម​ចាប់​ពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។