ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​១០០​នាក់​ តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​តំណាង​ពួក​គាត់ ២​នាក់

ដោយ វ៉ែន សុមេធ
2019.10.19
បញ្ហា​ដីធ្លី​នៅ​ត្បូង​ឃ្មុំ ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ប្រមាណ ១៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ៧រយ​គ្រួសារ​ ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ប្រមូល​គ្នា​រក​អន្តរាគមន៍​​នៅ​មុខ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកសហគមន៍

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រមាណ ១០០​នាក់​នាំគ្នា​តវ៉ា​មុខ​សាលាស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​តំណាង​ពលរដ្ឋ ២​នាក់ ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​បាន​ចាប់ខ្លួន​ដោយ​គ្មាន​មូលហេតុ និង​មិន​បង្ហាញ​ដីកា​ពី​តុលាការ។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ថា ជា​ការ​គំរាមកំហែង បំបាក់​ស្មារតី​ពលរដ្ឋ​ផ្សេងទៀត មិន​ឱ្យ​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅ​ទៀត។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​នាក់ ឈរ​តវ៉ា​មុខ​សាលាស្រុក​តំបែរ លោក ម៉ុន ស៊ីថូ ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​មាន កងរាជអាវុធហត្ថ នគរបាល​មូលដ្ឋាន និង​ប៉ូលិស​ចរាចរណ៍ ស្ទាក់​ចាប់​លោក សែម សាន នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៧ តុលា បន្ទាប់ពី​លោក​វិលត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់ឆ្នាំង។

លោក​បន្ត​ថា នៅ​ពេល​ចាប់ខ្លួន​លោក សែម សាន សមត្ថកិច្ច​មិន​ប្រាប់​ពី​មូលហេតុ ឬ​បង្ហាញ​ដីកាចាប់ខ្លួន​ពី​តុលាការ​ឱ្យ​ពលរដ្ឋ​ឃើញ​នោះ​ទេ ។ ចំណែក​តំណាង​ពលរដ្ឋ​ម្នាក់ទៀត លោក ផុន ឈឿន រស់នៅ​ភូមិ​បុស្បស្នោ ឃុំ​ត្រពាំង​ព្រីង ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​គ្មាន​មូលហេតុ​ដែរ កាលពី​១៦ តុលា។

លោក ម៉ុន ស៊ីថូ ស្នើសុំ​អាជ្ញាធរ​ដោះលែង​តំណាង​ពួកគេ ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​អ្នក​ទាំងពីរ​មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ៖ «ដល់ពេល​ប្រជាពលរដ្ឋ​ឡើង​មក​ឆោឡោ គេ​ថា​មានទោស​ព្រហ្មទណ្ឌ។ ទោស​នេះ ដល់​ខ្ញុំ​សុំ​មើល​ដីកា​ព្រហ្មទណ្ឌ​នេះ គឺ​ចោទ​ពីរ​ករណី​។ ទី​១ គេ​ថា​យើង​ទៅ​រឹបអូស​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ​គេ ដែល​កាប់​បំផ្លាញ​ព្រៃ ទី​២​ មាន​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​ដី​ហ្នឹង ហើយ​មាន​យក​កាំភ្លើង​ទៅ​លាក់ រួច​បែរ​ចោទ​ប្រជាពលរដ្ឋ​ថា​យក​កាំភ្លើង​ទៅ​លាក់​នៅ​ទី​ហ្នឹង។ ចង់​ឱ្យ​អភិបាល​ស្រុក​រង​រកមើល​គណនេយ្យ​ឱ្យ​បាន​ច្បាស់​លាស់ថា ចោទប្រកាន់​គាត់​ពី​រឿង​អី។ ប្រជាពលរដ្ឋ​គាត់​មក​ហ្នឹង គាត់​ចង់​ឱ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ ព្រោះ​តំណាង​អត់​មានអី​ខុស​ផង​។ គាត់​មក​ហ្នឹង មក​ទាមទារ​តំណាង​ទៅវិញ​ទេ»

គិត​មកដល់​ល្ងាច​ថ្ងៃ​ទី​១៨ តុលា ពលរដ្ឋ​ឱ្យ​ដឹង​ថា លោក សែម សាន និង​លោក ផុន ឈឿន ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ជីរោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាលស្រុក​តំបែរ លោក សុខ សារិទ្ធ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ លោក វ៉ា សារិទ្ធ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ តុលា ដោយសារ​លោក​ទាំងពីរ​ថា​ជាប់រវល់​ប្រជុំ។

អគ្គលេខាធិការ​រង នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ម៉ឺន រតនា ឱ្យ​ដឹង​ថា លោក សែម សាន និង​លោក ផុន ឈឿន តែងតែ​សកម្ម​ក្នុង​ការ​ចុះទៅ​ឃាត់​អ្នក​លួច​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍ និង​ដក​ហូត​យក​ម៉ាស៊ីន​អារ​ឈើ​ពី​អ្នក​ទាំងនោះ​។ លោក​បន្ត​ថា ចំពោះ​ភាគី​ក្រុមហ៊ុន​ចិន​វិញ ក៏​ព្យាយាម​អូសទាញ​តំណាង​ពលរដ្ឋ​ទាំងពីរ​នាក់ ជាច្រើន​សា ឱ្យ​ព្រម​ទទួលយក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ និង​ដីធ្លី​មួយ​ចំនួន ជា​ថ្នូរ​នឹង​ការ​ឈប់​ចេញ​តវ៉ា ប៉ុន្តែ​ពួកគាត់​បដិសេធ។

លោក ម៉ឺន រតនា ចាត់​ទុក​ការ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ ២​នាក់ នៅ​ពេល​នេះ​ថា ជា​គំរាមកំហែង បំបាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត កុំ​ឱ្យ​ចេញ​តវ៉ា​ទាមទារ​ដី​ព្រៃ​សហគមន៍​ពី​ក្រុមហ៊ុន​មកវិញ៖ «និយាយ​រួម​ទៅ​ចាប់​អ្នកតំណាង​ទាំងពីរ​នាក់​ហ្នឹង វា​គឺជា​រឿង​គំរាមកំហែង​មួយ​នៅ​ក្នុង​សហគមន៍​ដីធ្លី​នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង ពីព្រោះ​សហគមន៍​ទាំងអស់​សុទ្ធ​តែ​ជា​សហគមន៍​ព្រៃឈើ ដោយមាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ប៉ុន្តែ​អ្វី​ដែល​ជាក់ស្ដែង​គឺ​អាជ្ញាធរ​បាន​យក​ដី​សហគមន៍​ហ្នឹង​ទៅ​លក់ ហើយ​នៅ​ពេល​ប្រជាពលរដ្ឋ​សើរើ​ឡើងវិញ គឺ​គាត់​ខ្លាច ឮ​ដល់​ថ្នាក់លើ។ ដើម្បី​ទប់ស្កាត់​រឿង​ហ្នឹង​កុំ​ឮ​ដល់​ថ្នាក់​លើ គាត់​គំរាមកំហែង​ពលរដ្ឋ​ម្ដង​ហើយ​ម្ដងទៀត​រហូតដល់​ថ្ងៃ​ចាប់ខ្លួន លោក សែម សាន និង​លោក ផុន ឈឿន»

កាល​ពី​ពេល​កន្លងមក លោក សែម សាន និង​លោក ផុន ឈឿន បាន​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ តាម​ដីកា​កោះហៅ​របស់​តុលាការ ទាក់ទិន​និង​ការចោទប្រកាន់​អ្នក​ទាំងពីរ រឿង​ប្រើ​ហិង្សា និង​លាក់​ទុក​អាវុធ។ តំណាង​ពលរដ្ឋ​ទាំងពីរ រង​បណ្ដឹង​ជា​បន្ត​បន្ទាប់ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ថា ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី នៅ​តំបន់​នោះ ក្រោយពី​ពួកគេ​នាំ​ពលរដ្ឋ​ទៅ​ឃាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍។

ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​តំបែរ មាន​ចំនួន ១៤​សហគមន៍ និង​មាន​ទំហំ​ជាង ៥​ពាន់​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ដូចជា ឃុំ​ត្រពាំង​ព្រីង ដែល​មាន​ដី​ព្រៃ​សហគមន៍​ច្រើន​ជាងគេ ឃុំ​គោក​ស្រុក និង​ឃុំ​សេដា។

ព្រៃ​សហគមន៍​ទាំងនោះ ត្រូវ​បាន​ជនល្មើស​កាប់​រាន​អស់ទាំង​ស្រុង ដើម្បី​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន​ភាគច្រើន​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង ២០០៩​។ ដោយឡែក ព្រៃ​សហគមន៍​ត្រពាំង​ព្រីង ត្រូវ​បាន​ជនល្មើស​ឈូស​ឆាយ​អស់ទាំង​ស្រុង កាលពី​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​ភាគច្រើន ត្រូវ​បាន​អ្នក​មាន​ប្រាក់ និង​មានអំណាច​គ្រប់គ្រង ហើយ​ពួកគេ​ដាំ​កៅស៊ូ ស្វាយចន្ទី និង​ដំឡូង​ជាដើម​។ ចំណែក​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន ក៏បាន​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​សហគមន៍​ផង​ដែរ ប៉ុន្តែ​ពួកគាត់​ខ្លះ​អះអាង​ថា ជា​ការ​អាស្រ័យ​ផល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ នៅ​ពេល​ណា​រដ្ឋ​ត្រូវការ​ដកហូត​បញ្ចូល​ជា​ដី​សហគមន៍​ដូចដើម ពួកគាត់​នឹង​ប្រគល់​ជូន​រដ្ឋ​វិញ។

កាលពី​ឆ្នាំ​២០១៥ ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន អំពី​ការ​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​អស់​រាប់ពាន់​ហិកតារ ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម ព្រោះ​ពេលនោះ ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​មាន​ស្ថាប័ន​តុលាការ​នៅឡើយ។ បុគ្គល​ដែល​សហគមន៍ ប្ដឹង​នោះ ដូចជា​លោក ជី វិន ដែល​មាន​ងារ​ជា​ឯកឧត្ដម លោក ឆាយ ជ្រាយ មាន​ងារ​ជា​ឧកញ៉ា។ លោក ផេង ប៉េងគី បច្ចុប្បន្ន​ជា​អធិការរង​ស្រុក​តំបែរ លោក លី ភាព ជា​មេបញ្ជាការ​សឹក​រង​ស្រុក​តំបែរ និង​លោក ឃុត ភ័ណ្ឌ។

ទោះបីជា​យ៉ាងណាក៏ដោយ ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំង​ព្រីង ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​តទៅទៀត លុះត្រាតែ អាជ្ញាធរ និង​តុលាការ​ដោះលែង​តំណាង​ពួកគេ ដោយ​គ្មាន​លក្ខខណ្ឌ ឱ្យ​មាន​សេរីភាព​ជួប​ក្រុម​គ្រួសារ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។