ពលរដ្ឋរស់នៅអគារស ឬដែលគេស្គាល់ជាទូទៅថា អគារប៊ូឌីញ ភាគច្រើនទទួលបានប័ណ្ណកម្មសិទ្ធិលំនៅឋានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ។ ប៉ុន្តែពលរដ្ឋមួយចំនួនរអ៊ូរទាំពីការបាត់ទំហំផ្ទះក្រោយការវាស់វែងរបស់ក្រសួង។
ពលរដ្ឋរស់នៅអគារប៊ូឌីងដែលកន្លងទៅពុំសូវឮអាជ្ញាធរនិយាយដល់ពីសុវត្ថិភាពរស់នៅរបស់ពួកគាត់ពេលនេះ ហាក់ទទួលបានការយកចិត្តទុកដាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅពេលមានក្រុមហ៊ុនជប៉ុន មានបំណងវិនិយោគសាងសង់អគារថ្មីនៅទីនោះ។
គម្រោងវិនិយោគនេះ បានជំរុញឲ្យក្រសួងអញ្ជើញប្រជាពលរដ្ឋពិភាក្សាគ្នាមួយលើកជាពីរលើកដើម្បីសម្រេចពីអនាគតនៃការរស់នៅរបស់ពួកគេនៅលើអគារនោះ និងឈានដល់មានក្រុមការងារក្រសួងចុះធ្វើជំរឿន និងវាស់វែងទំហំផ្ទះពលរដ្ឋកាលពីថ្ងៃទី៣ ខែធ្នូ ទៀតផង។
ពលរដ្ឋរស់នៅអគារប៊ូឌីង លោក ជា រដ្ឋា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ ធ្នូ ថា ពលរដ្ឋភាគច្រើនទទួលបានប័ណ្ណកម្មសិទ្ធិលំនៅឋានហើយ។ ចំណែកពលរដ្ឋខ្លះទៀតមិនទាន់ទទួលបានដោយសារលោកថា នៅពេលក្រុមការងារក្រសួងចុះចែកពួកគេមិននៅផ្ទះ ឬឲ្យកូនចៅចាំយកជំនួសក្រសួងមិនទាន់ឲ្យជាដើម។
លោក ជា រដ្ឋា ថា ពលរដ្ឋសប្បាយចិត្តពេលទទួលបានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែលោកថា ក៏មានពលរដ្ឋមួយចំនួនរអ៊ូរទាំពីការបាត់ទំហំផ្ទះផងដែរ។ ទោះជាយ៉ាងណាលោកថា ពលរដ្ឋហាក់មិនទាន់មានគម្រោងតវ៉ាទៅក្រសួងផ្លូវការនៅឡើយពីការបាត់ទំហំផ្ទះនេះ។
លោក ជា រដ្ឋា យល់ថា ការបាត់ទំហំផ្ទះនេះ នឹងធ្វើឲ្យពលរដ្ឋខាតបង់នៅពេលមានការអភិវឌ្ឍអគារ ឬនៅពេលទាមទារសំណងពីការអភិវឌ្ឍនេះ៖ «ថ្ងៃក្រោយបើក្រុមហ៊ុនគេឲ្យតាមការ៉េផ្ទះមិនរួមតូចជាងហ្នឹង បើឲ្យជាផ្ទះមិនដឹងម៉េចទេ តែបើឲ្យជាការ៉េច្បាស់ជាត្រូវរួមតូចហើយ»។
ចំណែកពលរដ្ឋមួយរូបទៀតឈ្មោះ មាន ភិរម្យ និយាយថា វាជាការល្អដែលពលរដ្ឋទទួលបាន ប័ណ្ណកម្មសិទ្ធិលំនៅឋានច្បាស់លាស់នៅពេលនេះ។ ទោះជាយ៉ាងណា នៅពេលសួរពីការអភិវឌ្ឍអគារវិញ បុរសរូបនេះថា ពលរដ្ឋភាគច្រើនចង់ទទួលបានសំណងជាជាងការអភិវឌ្ឍនៅនឹងកន្លែង ដោយលើកហេតុផលពីការប្រឈមនឹងការលំបាកក្នុងរយៈពេលនៃការចងចាំការសាងសង់អគារ និងការមិនប្រាកដក្នុងចិត្តថា នឹងអាចទទួលបានផ្ទះមកវិញ ឬអត់ ក្រោយពេលអគារសាងសង់រួច៖ «បើសិនជាគាត់ថា មិនឲ្យសំណងទេ អ្នកអគារប៊ូឌីងភាគច្រើនគាត់អត់ចង់បានការរស់នៅ ៤ឆ្នាំអ៊ីចឹងទេ វាលំបាកនឹងកូនរៀន វាលំបាកនឹងការធ្វើដំណើរ ធ្វើការរកស៊ី»។
អគារប៊ូឌីងត្រូវបានសាងសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្នអគារនេះមានពលរដ្ឋ ៥៥៤គ្រួសាររស់នៅ ក្នុងនោះមានទាំងក្រុមគ្រួសារ អ្នកសិល្បៈ មន្ត្រីរាជការ គ្រូបង្រៀនមួយចំនួនផង។ ក្រុមហ៊ុនជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) មានបំណងអភិវឌ្ឍអគារនេះដោយសាងសង់អគារថ្មីកម្ពស់ ២១ជាន់នៅលើទីតាំងដដែលក្នុងរយៈពេល ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារសហរដ្ឋអាមេរិក។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចង់ឲ្យពលរដ្ឋទទួលយកការអភិវឌ្ឍនៅនឹងកន្លែងជាជាងទទួលយកសំណងចាកចេញ។
ជុំវិញការចែកប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បញ្ជាក់ដោយខ្លីថា ក្រុមការងារក្រសួងកំពុងតែពិនិត្យ និងធ្វើការបូកសរុប។
កន្លងទៅ មន្ត្រីសង្គមស៊ីវិល ដូចជានាយកប្រតិបត្តិអង្គការក្រុមការងារសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ជាដើម ធ្លាប់ផ្ដល់ទស្សនៈថា ការជ្រើសយកគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង គឺជាជម្រើសល្អ។ ទោះជាយ៉ាងណាក៏ដោយ លោក សៀ ភារម្យ យល់ថា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ភាគីក្រុមហ៊ុន ភាគីក្រសួងដែនដី និងភាគីពលរដ្ឋ ត្រូវមានមេធាវីជាតិ អន្តរជាតិ ចុះហត្ថលេខាលើគម្រោងនេះដើម្បីមានផ្លូវច្បាប់ការពារពលរដ្ឋនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។