ពលរដ្ឋជាច្រើននាក់រស់នៅខេត្តកំពង់ស្ពឺបន្តដាក់វេនគ្នា ដេកយាមព្រៃសហគមន៍មួយកន្លែង ដែលក្រុមមន្ត្រីយោធាជួលកម្មករប្រើរណាយន្តកាប់រំលំព្រៃសហគមន៍ទ្រង់ទ្រាយធំ។ ប្រជាសហគមន៍ស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់បទល្មើសព្រៃឈើទាំងនេះ ព្រោះពួកគាត់គ្មានសមត្ថភាពការពារព្រៃគ្រប់ជ្រុងជ្រោយនោះទេ។
ពលរដ្ឋរាប់សិបនាក់រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដាក់វេនគ្នាដេកយាមព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ជាង ២០ ថ្ងៃមកហើយ ដែលក្រុមមន្ត្រីយោធា ង៧០ បានជួលកម្មករជាច្រើននាក់ យករណាយន្តកាប់ផ្តួលដើមឈើ ដើម្បីយកដីធ្វើកសិកម្ម។ អ្នកភូមិថា នៅរយៈពេលជាង ៣ សប្តាហ៍ចុងក្រោយនេះ ព្រៃសហគមន៍នេះ ត្រូវគេកាប់ទន្ទ្រានដាច់ដោយដុំៗ អស់ជាង ៣០ ហិកតា។
សមាជិកសហគមន៍លោក ឃន សារិទ្ធ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១ ខែកុម្ភៈថា ក្រុមមន្ត្រីយោធាទាំងនោះ បានជួលកម្មករនៅស្រុកផ្សេង ជាច្រើននាក់ សម្រុកកាប់ផ្តួលព្រៃ ដើម្បីទន្ទ្រានយកដី ខណៈដែលជម្លោះដីធ្លីនេះ នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។ លោកបារម្ភថា ក្នុងពេលដែលពលរដ្ឋតវ៉ាទាមទារដំណោះស្រាយ ក្រុមទាហានបន្តលបឆ្មក់កាប់ទន្ទ្រានជាបន្តបន្ទាប់ ហើយទម្រាំអាជ្ញាធរដោះស្រាយចប់ ព្រៃសហគមន៍នេះ នឹងវិនាសហិនហោច។ លោកខកចិត្ត ក្នុងពេលពលរដ្ឋក្លាហានលះបង់ទាមទារ អភិរក្សព្រៃសហគមន៍ជាប្រយោជន៍ជាតិ តែបែរជាជាប់បណ្តឹងនៅតុលាការ ដើម្បីគំរាមកំហែង បំបាក់ស្មារតីអ្នកភូមិ មិនឱ្យងើបតវ៉ា៖ «ខ្ញុំគិតថា បើនៅតែលួចកាប់អ៊ីចឹងខ្លាចតែអស់ព្រៃ ទម្រាំមានដំណោះស្រាយខ្លាចព្រៃហ្នឹងអស់បាត់។ គួរតែអាជ្ញាធរគាត់អនុញ្ញាត ដីម្ដុំហ្នឹងឱ្យពលរដ្ឋការពារដដែលទៅ។ របស់ពលរដ្ឋការពារច្រើនឆ្នាំមកហើយ កន្លែងឃ្វាលគោក្របី មានសត្វ មានវត្តអារាម។ គួរណាស់រដ្ឋាភិបាល មេត្តាទុកកន្លែងហ្នឹងសម្រាប់ពលរដ្ឋ»។
កាលពីចុងឆ្នាំ២០២១ ពលរដ្ឋជិត ១ ពាន់គ្រួសារ (៧៦១) បានផ្តិតមេដៃ ស្នើឱ្យអាជ្ញាធរស្រុក និងខេត្ត បញ្ឈប់គម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍មួយ ដើម្បីបែងចែកឱ្យគ្រួសារកងទ័ព បង្កឱ្យប៉ះពាល់ព្រៃឈើ សត្វព្រៃ និងកន្លែងរកអនុផលព្រៃឈើរបស់ពលរដ្ឋ។ តែមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
ប្រជាសហគមន៍រស់នៅភូមិពោធិ៍មាសលោក ឆន ធា សោកស្តាយព្រៃសហគមន៍នេះ កាន់តែរួមតូច ដោយសារខ្វះការយកចិត្តទុកដាក់ថែទាំ និងអភិរក្សឱ្យច្បាស់លាស់។ លោកថា ព្រៃនេះ ជាជម្រកសំខាន់របស់សត្វព្រៃជាច្រើនប្រភេទ ហើយក៏ជាកន្លែងគោរពបូជា បែបពុទ្ធសាសនា ដោយមានអាស្រមព្រះសង្ឃ តាជី និង យាយជីស្នាក់អាស្រ័យ មិនគួរបំផ្លិចបំផ្លាញ ក្រោមរូបភាពផ្តល់ដីសម្បទានសង្គមកិច្ចនោះទេ។ លោកថា បំណងរួមរបស់ពលរដ្ឋចំនួន ៣ភូមិ គឺចង់ទុកព្រៃឱ្យគង់វង្ស ដើម្បីឱ្យអ្នកភូមិមានកន្លែងឃ្វាលគោក្របី រកថ្នាំបុរាណ រកអនុផលព្រៃឈើ អភិរក្សជីវចម្រុះ និងបម្រើវិស័យទេសចរណ៍ក្នុងតំបន់៖ «ត្រូវជនយោធា នាំកម្លាំងប្រជាជន ពីនោះពីនេះ ដេញពីខាងនេះ ទៅខាងនោះ រកបន្តរហូតមកកាប់ឆ្ការ រុករានដីព្រៃសហគមន៍ អត់ចេះឈប់។ ពួកខ្ញុំមានតែរួមគ្នាការពារ ព្រោះព្រៃនេះ មានសក្ការនុពល ដល់ថ្ងៃក្រោយ យើងអាចជាតំបន់អេកូទេសចរណ៍មួយយ៉ាងសំខាន់ មានជីវចម្រុះ»។
ឆ្លើយតបការលើកឡើងនេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរជំនាញនឹងប្រឹងប្រែងសម្របសម្រួល ពន្យល់ពលរដ្ឋ ដែលអះអាងថា តំបន់នោះជាដីសហគមន៍ ប៉ុន្តែពុំមែនជាដីព្រៃសហគមន៍ភូមិពោធិ៍មាសនោះទេ ព្រោះពុំមាន ចែងក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម។ លោកបញ្ជាក់ថា ដីព្រៃមានជម្លោះនោះ គឺជាដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ៖ «ខ្ញុំបានឱ្យមន្ត្រីខ្ញុំចុះទៅផ្ទៀតផ្ទាត់ គឺមិនឋិតក្នុងដែនសហគមន៍របស់គាត់ទេ ប៉ុន្តែគាត់ចេះតែពន្លៀនវិសាលភាព របស់សហគមន៍គាត់។ គាត់ចេះតែថាទៅ ហើយយើងមិនបន្ទោសគាត់ទេ ដោយសារតែគាត់ស្រឡាញ់ព្រៃឈើ»។
ព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ ព្រៃសហគមន៍មួយនេះមានផ្ទៃដីប្រមាណ ២.០០០ហិកតា ប៉ុន្តែបច្ចុប្បន្នព្រៃនេះកាន់តែរួមតូចនៅសល់តែ ៨០០ហិកតាប៉ុណ្ណោះ ដោយសារមានការរំលោភបំពានជាបន្តបន្ទាប់ពីក្រុមហ៊ុនឯកជន និងឈ្មួញខិលខូចមួយចំនួន។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ថា អាជ្ញាធរខេត្តមិនគួរមើលរំលងក្តីកង្វល់រួម និងការទាមទាររបស់ពលរដ្ឋនោះទេ ព្រោះតំបន់ដែលគាត់ទាមទារនេះ សំបូរដោយសត្វព្រៃ និង ព្រៃឈើបន្សល់ចុងក្រោយនៅតំបន់នោះ។ លោកថា អាជ្ញាធរគួរតែដោះស្រាយឱ្យរួចរាល់សិន មុននឹងសម្រេចឱ្យមន្ត្រីយោធា កាប់ទន្ទ្រានព្រៃ ដើម្បីឱ្យពលរដ្ឋស្ងប់ចិត្ត ចៀសវាងបញ្ហានេះ កាន់តែរីកធំឡើង៖ «គួរតែបញ្ឈប់ទៅ បញ្ហាអត់ទាន់បានដោះស្រាយផល ហើយភាគីខាងយោធា នៅតែមានសិទ្ធិក្នុងការចូលទៅកាប់រានទន្ទ្រាន ហើយដោយឡែក បងប្អូនប្រជាជននៅតែរារាំង។ បញ្ហាហ្នឹងនៅតែមិនទាន់ដោះស្រាយចប់សព្វគ្រប់ផង គួរតែដោះស្រាយសិន ចាំសម្រេចយ៉ាងណាទៀត»។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជាង ២៦២ហិកតា (២៦២,២៤) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
កាលពីចុងខែតុលា ឆ្នាំ២០២១ ពលរដ្ឋជាង ៧០០រយនាក់ តវ៉ាមិនពេញចិត្តចំពោះគម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍ដ៏ធំធេងនេះទេ ព្រោះពួកគាត់ស្ដាយស្រណោះធនធានធម្មជាតិ បន្សល់ចុងក្រោយនៅតំបន់នោះ។ អ្នកភូមិចាត់ទុកគម្រោងឈូសឆាយព្រៃសហគមន៍នេះ ជាការបំផ្លាញព្រៃព្រឹក្សា សត្វព្រៃ និងកន្លែងទីសក្ការៈរបស់អ្នករក្សាសីលជាដើម។
ព្រៃនេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ក្ងោក មាន់ព្រៃ ឈ្លូស ក្ដាន់ និងស្វាជាដើម ហើយសត្វទាំងនេះ នឹងប្រឈមបាត់បង់ទីជម្រក ប្រសិនបើរដ្ឋាភិបាលមិនបញ្ឈប់គម្រោងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។