ស្នងការនគរបាលខេត្តព្រះវិហារបានដោះលែងជនជាតិដើមភាគតិចកួយ ៤នាក់ ឱ្យត្រឡប់មកផ្ទះវិញហើយ នៅរសៀលថ្ងៃទី៣០ ឧសភា បន្ទាប់ពីសមត្ថកិច្ចបានសួរនាំពួកគាត់អស់ជាច្រើនម៉ោង ពាក់ព័ន្ធករណីឈ្មួញឃុបឃិត (គប់គិត) ជាមួយអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិដីធ្លីជាន់ចំដីរបស់អ្នកភូមិប្រមេរុ។
រីឯជនជាតិដើមភាគតិច ៣០នាក់ បានជិះគោយន្តទៅឃ្លាំមើលពលរដ្ឋ ដល់ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ដើម្បីត្រៀមខ្លួនតវ៉ា ប្រសិនបើអាជ្ញាធរឃុំខ្លួនតំណាងរបស់ពួកគេអ្នក។
ការលួចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឬហៅថាប្លង់រឹង រំលោភយកដីរបស់ជនជាតិដើមភាគតិចកួយ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យ បានក្លាយជាជម្លោះដីធ្លីរ៉ាំរ៉ៃ អូសបន្លាយពេលច្រើនឆ្នាំមកហើយ ធ្វើឱ្យអ្នកភូមិជិត ១០០គ្រួសារ រស់នៅក្នុងភូមិចំនួន ៣ នៃឃុំប្រមេរុ បានក្លាយជាជនរងគ្រោះ បាត់បង់ដីធ្លីស្រែចម្ការកេរដូនតា។
អ្នកភូមិខ្លះមិនសុខចិត្ត នៅគ្រាដែលដីស្រែចម្ការកេរឪពុកម្ដាយ និងដីខ្លះទៀតអាស្រ័យផលយូរយារមកហើយ បែរជាមានប្លង់កម្មសិទ្ធិ ឬប្លង់រឹងដោយស្ងាត់ៗ គ្រប់គ្រងដោយបុគ្គលមានលុយមានអំណាច និងមន្ត្រីចំនួន។
ពលរដ្ឋរស់នៅឃុំប្រមេរុ លោកស្រី សុខ មឿន ប្រាបវិទ្យុអាស៊ីសេរីថា នគរបាលបានសួរនាំអ្នកភូមិ ៤នាក់ ម្នាក់ម្តងៗ ពាក់ព័ន្ធករណី ដកបង្គោលរបងលើដីរបស់គេ ដែលមានប្លង់រឹង ឬប្លង់កម្មសិទ្ធិ។
លោកស្រីបញ្ជាក់ថា អ្នកភូមិ ៤គ្រួសារ ដែលនគរបាលកោះហៅ មកសួរនាំ ពាក់ព័ន្ធនឹងករណីដូចគ្នា ដែលអាជ្ញាធរធ្វើប្លង់រឹងរំលោភយកដីពួកគាត់ សរុបជាង ៣ហិកតារ ហើយមកទល់ពេលនេះ អាជ្ញាធរមិនទាន់ដោះស្រាយនៅឡើយទេ។
លោកស្រីចាត់ទុក ការកោះហៅនេះ ជាការគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋ ដែលកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ ឱ្យអាជ្ញាធរខេត្តដោះស្រាយវិវាទដីធ្លីនេះ តែមិនទាន់បានផលនៅឡើយទេ៖
លោកស្រី សុខ មឿន៖ «មិនសុខចិត្តពួកខ្ញុំអាស្រ័យផល យូរឆ្នាំមកហើយ នៅសុខៗ គេមកធ្វើប្លង់រឹងលើដីខ្ញុំ។ ខ្ញុំនិយាយដាច់ ខ្ញុំមិនឱ្យព្រួយបារម្ភ គេអះអាងថា មានប្លង់រឹងលើដីខ្ញុំ ខ្ញុំមិនអាចឈ្នះគេ » ។
ចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់ពេលនេះ អ្នកភូមិប្រមេរុ យ៉ាងហោចណាស់ជាង ១០០គ្រួសារ បានក្លាយជាជនរងគ្រោះរឿងដីធ្លី ថ្មីមួយទៀត ដោយសារក្រុមឈ្មួញភាគច្រើនជាពលរដ្ឋចំណូលស្រុក បានឃុបឃិតជាមួយអាជ្ញាធរខិលខូច ធ្វើប្លង់រឹងរំលោភយកដី ពួកគាត់ចន្លោះពី ១ហិកតារ ដល់ជាង ២០ហិកតារ។
មកទល់ពេលនេះ ដីធ្លីដែលក្រុមឈ្មួញ ធ្វើប្លង់រឹងរំលោភយកពីអ្នកភូមិ ខ្លះមានការទិញលក់តៗគ្នា ខ្លះទៀតទុកដីនៅទំនេរ និងដីខ្លះទៀត ជួលឱ្យពលរដ្ឋចំណូលស្រុកធ្វើកសិកម្ម។ នេះបើយោងតាមការលើកឡើងរបស់តំណាងប្រជាសហគមន៍ឃុំប្រមេរុ លោកស្រី រឿន ខាន់។
លោកស្រី រឿន ខាន់ បន្ថែមថា ជនជាតិដើមភាគតិចចំនួន ៣ភូមិ គឺភូមិស្រែព្រាង ភូមិបុស្សធំ និង ភូមិប្រមេរុ បាត់បង់ដីធ្លីម្ដងហើយម្ដងទៀត បន្ទាប់ពីក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu Group) គឺអាជ្ញាធរធ្វើប្លង់ រំលោភយក អស់រាប់រយហិកតារ។
លោកស្រីថា ក្រុមឈ្មួញ និងអាជ្ញាធរខិលខូច បានប្រើល្បិច ធ្វើប្លង់ដោយស្ងាត់ៗ ដោយហ៊ុមព័ទ្ធរបង លើដីដែលធ្វើប្លង់នោះ។ រីឯពលរដ្ឋម្ចាស់ដី តែងតែទៅដកបង្គោលរបងទាំងនោះ ក៏ត្រូវបាន នគរបាលកោះហៅ មកសួរនាំ៖
លោកស្រី រឿន ខាន់៖ «អ្នកចំណូលមិនមែនអ្នកប្រមេរុ ហេតុអីពួកហ្នឹង យកដីស្រួលៗ ម្លេះ។ អ្នកលក់ដីច្រើនណាស់ អ្នកខ្លះលក់អស់ហើយ មកដណ្ដើមយកដី ដែលគ្នាមិនបានលក់ទៀត។ បើរដ្ឋាភិបាលមិនពិនិត្យមើល រឿងដីធ្លីនេះ អស់មួយជីវិតហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោក ពេជ្រ វីរៈ បាននៅឡើយទេ។ រីឯនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង លោក គង់ គា ក៏វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែ លោក គង់ គា បានសួរនាំក្រុមពលរដ្ឋថាហេតុអ្វីបានជាដកបង្គោលរបងលើដីរបស់គេដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។
មន្ត្រីនគរបាលរូបនេះបានប្រាប់ពលរដ្ឋថា ដីដែលអ្នកភូមិដកបង្គោលរបង ជារបស់ គឹម ញុច មានប្លង់កម្មសិទ្ធិ ហើយលក់បន្ត ឱ្យអភិបាលស្រុកត្បែងមានជ័យ លោក នុច សោភ័ណ្ឌ។ អ្នកភូមិឆ្ងល់ថាបុរសឈ្មោះ គឹម ញុច ជាពលរដ្ឋចំណូលស្រុកបែរជាមានដីប្លង់រឹងក្នុងឃុំប្រមេរុទៅវិញ។
ជុំវិញរឿងនេះ ប្រធានអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ្ឌ សង្កេតឃើញថា វិវាទដីធ្លី ដែលឋិតក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu Group) មន្ត្រីស្រុក និងអាជ្ញាធរខ្លះ បានប្រើអំណាចធ្វើប្លង់រឹង ដោយឃុបឃិតគ្នាជាមួយមន្ត្រីសុរិយោដី ជាន់លើដីជនជាតិដើមភាគតិច ដែលពួកគាត់អាស្រ័យផល យូរឆ្នាំមកហើយ។
លោកអំពាវនាវឱ្យរដ្ឋាភិបាល ចុះស៊ើបអង្កេតរឿងនេះ ខណៈដែលមន្ត្រីមួយចំនួន មានចំណែកដី ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនស្ករអំពៅចិន៖
លោក ប៉ឹក សោភ័ណ្ឌ៖ «គាត់មានអំណាច អាចធ្វើប្លង់រឹង ឃុបឃិតជាមួយមន្ត្រីសុរិយោដី ចេញប្លង់ហ្នឹង ពីលើដីរបស់គាត់។ ក្នុងករណីដែល គាត់ដករបង គួរតែសមត្ថកិច្ចស៊ើបករណីហ្នឹងឱ្យច្បាស់លាស់ថាតើ មានមន្ត្រីណាខ្លះ ដែលឃុបឃិតពុករលួយ យកដីពលរដ្ឋនៅតំបន់ហ្នឹង វាផ្ទុយស្រឡះ ពីសម្ដេចក្រឡាហោម ស ខេង»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ស្នងការខេត្តព្រះវិហារមុននឹងកោះហៅ ពលរដ្ឋមកសួរនាំ គួរតែបង្ហាញគោលបំណងច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋត្រៀមខ្លួនឆ្លើយបំភ្លឺ ចៀសវាង កុំឱ្យពួកគាត់ខាតពេលវេលា ធ្វើស្រែចម្ការ និងថវិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។