ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ចោទ​អាជ្ញាធរ​ខេត្ត​នេះ ថា​បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​យ៉ាង​អនាធិបតេយ្យ។

បញ្ហា​នេះ មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ អះអាង​ថា សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​នា​មូលដ្ឋាន​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក្រុម​ឈ្មួញ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ត្រឹមត្រូវ។

សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក និង​ដឹក​ដី​ភ្នំ​ចាក់​ដី​ឡូ ឬ​ចាក់​លុប​មាត់​សមុទ្រ ដើម្បី​សង់​សំណង់​ផ្សេងៗ បាន​បន្ត​កើត​មាន​អនាធិបតេយ្យ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទោះ​បី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​កំណត់​ថា ដី​ភ្នំ បឹងបួ កោះ ទន្លេ ឬ​សមុទ្រ​ជាដើម ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ហើយ​ត្រូវ​ការពារ​ឲ្យ​បាន​គង់វង្ស​បែប​ណា​ក្តី។

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា នៅ​ថ្ងៃ​អង្គារ ទី​២ ខែ​មិថុនា ឃើញ​មាន​រថយន្ត​ដឹក​ដី​ធំ​តូច​ចន្លោះ​ពី ១៥ ទៅ ២០​គ្រឿង បាន​ដឹក​ដី​ចេញ​ពី​តំបន់​ភ្នំ​៩៦ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ៤ នៅ​ជិត​បុរី​ប៊ីអេស (BS) ដើម្បី​យក​អាចម៍​ដី​ចាក់​បំពេញ​ដី​ឡូ ឬ​មាត់​សមុទ្រ​ជាដើម សម្រាប់​សង់​សំណង់​ផ្សេងៗ។ ប្រជាពលរដ្ឋ​បន្ត​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​ទ្រង់ទ្រាយ​ធំ​បែប​នេះ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ទើប​ឈ្មួញ​អាច​យក​គ្រឿងចក្រ​ធុន​ធំ​ជីក​យក​អាចម៍​ដី​រាប់​រយ​ឡាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ហាម​ឃាត់។

ផ្ដើម​ពី​បញ្ហា​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាច​បាត់បង់​ភ្នំ​ដែល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។ លោក​បន្ត​ថា សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​៩៦ និង​សកម្មភាព​ជីក​ដី​បរិវេណ​ឧទ្យាន​ជាតិ​រាម ជាដើម នា​ខេត្ត​ព្រះសីហនុ គួរ​ត្រូវ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ទ្រព្យ​សម្បត្តិ​រដ្ឋ កុំ​ឲ្យ​បាត់បង់​ថែម​ទៀត៖ «សកម្មភាព​ជីក​ដី​ភ្នំ​នា​ខេត្ត​ព្រះសីហនុ គឺ​ជា​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ ហើយ​ចំណូល​ពី​ការ​បំផ្លិចបំផ្លាញ​នេះ គឺ​ជាក់ស្តែង​ភាគ​ច្រើន​បាន​ចូល​ទៅ​ផល​ប្រយោជន៍​បុគ្គល​ច្រើន​ជាង​ផល​ប្រយោជន៍​ជាតិ»

បញ្ហា​នេះ លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​អនាធិបតេយ្យ កំពុង​កើត​មាន​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ស្ថាពរ ពិសេស​សកម្មភាព​ជីក​បំផ្លាញ​ដី​ភ្នំ​៩៦ ក្នុង​សង្កាត់​លេខ៤ ព្រោះ​បាន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឈិន សេងងួន អភិបាល​រង​ខេត្ត​ព្រះសីហនុ ថ្លែង​ថា សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​នៅ​ម្តុំ​បរិវេណ​ភ្នំ​៩៦ ជិត​បុរី​ប៊ីអេស ក្នុង​សង្កាត់​លេខ៤ គឺ​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​បរិស្ថាន និង​មន្ទីរ​រ៉ែ និង​ថាមពល។ លោក​បន្ត​ថា សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​នា​មូលដ្ឋាន​នេះ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ស្ថាប័ន​ជំនាញ​នីមួយៗ​ពិនិត្យ​តាម​ដាន នូវ​ផល​ប៉ះពាល់​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង៖ «ការ​បំពុល ហើយ​ការ​ហុយ​ធូលី​ដី ឬ​ប្រឡាក់​ថ្នល់​ជាតិ គឺ​យើង​បាន​ចាត់​វិធានការ​ផាក​ពិន័យ​រួច​ហើយ ហើយ​ពេល​នេះ មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​សាលា​ក្រុង​ព្រះសីហនុ ២​នាក់ ក៏​កំពុង​ចុះ​ទៅ​តាម​ដាន​សកម្មភាព​ដឹក ឬ​ជីក​ដី​ភ្នំ​៩៦ នេះ​ដែរ។ មន្ត្រី​ទាំង​ពីរ នឹង​ពិនិត្យ​ជា​ប្រចាំ​អំពី​ផល​ប៉ះពាល់​ពី​សកម្មភាព​ដឹក និង​ជីក​ដី​របស់​ក្រុមហ៊ុន​នា​មូលដ្ឋាន​សង្កាត់​លេខ៤ ក្រែង​កើត​មាន​បញ្ហា​ផ្សេងៗ»

បញ្ហា​នេះ លោក ប្រាក់ សមប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ​ជីក​កាយ​ដី​ភ្នំ​មាន​ទំហំ ២០ គុណ ៣០​ម៉ែត្រ នៅ​ក្នុង​បរិវេណ​ភ្នំ​៩៦ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​មាន​ទំហំ​ធំ​ជាង​កិច្ចសន្យា ឬ​ច្បាប់​អនុញ្ញាត គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ ស្នើសុំ​ច្បាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល ជា​ថ្មី​ទៀត។

ដី​នៅ​បរិវេណ​ភ្នំ​៩៦ ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥
ដី​នៅ​បរិវេណ​ភ្នំ​៩៦ ក្នុង​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥ (RFA/Den Ayuthyea)

ចំណែក លោក សាមុត សុធារិទ្ធ អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បាន​ដឹង​ឮ​លើ​ករណី​ក្រុមហ៊ុន​ជីក​កកាយ​ដី​ភ្នំ​នេះ​ហើយ ជាពិសេស​ការ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ភ្នំ​នៅ​ក្នុង​បរិវេណ​ភ្នំ​៩៦ ក្នុង​សង្កាត់​លេខ៤។ លោក​បន្ត​ថា ការ​អនុញ្ញាត​ច្បាប់​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ជីក​ដី​ភ្នំ មិន​មែន​ស្ថិត​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​លោក​ទេ គឺ​ជា​សមត្ថកិច្ច​របស់​មន្ទីរ​រ៉ែ និង​ថាមពល ទើប​មាន​សិទ្ធិ។ យ៉ាង​នេះ​ក្តី លោក សុធារិទ្ធ បញ្ជាក់​ថា ប្រសិន​បើ​សកម្មភាព​ដឹក​ដី​តាម​រថយន្ត នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តាម​ផ្លូវ​សាធារណៈ ឬ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទើប​ជា​សមត្ថកិច្ច​ដោះស្រាយ​របស់​ក្រសួង​បរិស្ថាន។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ដី​ភ្នំ​មួយ​ចំនួន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ នឹង​ត្រូវ​រលាយ​ហិនហោច​ក្នុង​ពេល​ឆាប់ៗ បើ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នៅ​បន្ត​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​កើត​មាន​អនាធិបតេយ្យ​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។