មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមានលំនៅឋានក្នុងខេត្តព្រះសីហនុ បានចោទអាជ្ញាធរខេត្តនេះ ថាបានបើកដៃឲ្យឈ្មួញប្រើគ្រឿងចក្រជីកកកាយដីភ្នំ នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះយ៉ាងអនាធិបតេយ្យ។
បញ្ហានេះ មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ អះអាងថា សកម្មភាពជីកកកាយដីភ្នំនាមូលដ្ឋានជាប់មាត់សមុទ្រមួយនេះ ក្រុមឈ្មួញបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរត្រឹមត្រូវ។
សកម្មភាពប្រើគ្រឿងចក្រជីក និងដឹកដីភ្នំចាក់ដីឡូ ឬចាក់លុបមាត់សមុទ្រ ដើម្បីសង់សំណង់ផ្សេងៗ បានបន្តកើតមានអនាធិបតេយ្យនាមូលដ្ឋានខេត្តព្រះសីហនុ ទោះបីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា ដីភ្នំ បឹងបួ កោះ ទន្លេ ឬសមុទ្រជាដើម ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយត្រូវការពារឲ្យបានគង់វង្សបែបណាក្តី។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានប្រាប់វិទ្យុអាស៊ីសេរី ថា នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឃើញមានរថយន្តដឹកដីធំតូចចន្លោះពី ១៥ ទៅ ២០គ្រឿង បានដឹកដីចេញពីតំបន់ភ្នំ៩៦ មានទីតាំងក្នុងសង្កាត់លេខ៤ នៅជិតបុរីប៊ីអេស (BS) ដើម្បីយកអាចម៍ដីចាក់បំពេញដីឡូ ឬមាត់សមុទ្រជាដើម សម្រាប់សង់សំណង់ផ្សេងៗ។ ប្រជាពលរដ្ឋបន្តថា សកម្មភាពប្រើគ្រឿងចក្រជីកកកាយដីភ្នំទ្រង់ទ្រាយធំបែបនេះ ទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ ទើបឈ្មួញអាចយកគ្រឿងចក្រធុនធំជីកយកអាចម៍ដីរាប់រយឡានជារៀងរាល់ថ្ងៃ ដោយគ្មានការហាមឃាត់។
ផ្ដើមពីបញ្ហានេះ លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានបង្ហាញក្តីបារម្ភខ្លាចបាត់បង់ភ្នំដែលជាទ្រព្យសម្បត្តិរដ្ឋ។ លោកបន្តថា សកម្មភាពជីកកកាយដីភ្នំ៩៦ និងសកម្មភាពជីកដីបរិវេណឧទ្យានជាតិរាម ជាដើម នាខេត្តព្រះសីហនុ គួរត្រូវប្រមុខដឹកនាំរដ្ឋាភិបាល មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាទ្រព្យសម្បត្តិរដ្ឋ កុំឲ្យបាត់បង់ថែមទៀត៖ «សកម្មភាពជីកដីភ្នំនាខេត្តព្រះសីហនុ គឺជាសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ហើយចំណូលពីការបំផ្លិចបំផ្លាញនេះ គឺជាក់ស្តែងភាគច្រើនបានចូលទៅផលប្រយោជន៍បុគ្គលច្រើនជាងផលប្រយោជន៍ជាតិ»។
បញ្ហានេះ លោក លី ឌី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់សកម្មភាពប្រើគ្រឿងចក្រជីកកកាយដីភ្នំអនាធិបតេយ្យ កំពុងកើតមាននាមូលដ្ឋាននេះឲ្យបានជាស្ថាពរ ពិសេសសកម្មភាពជីកបំផ្លាញដីភ្នំ៩៦ ក្នុងសង្កាត់លេខ៤ ព្រោះបានប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។
ឆ្លើយតបបញ្ហានេះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ថ្លែងថា សកម្មភាពជីកកកាយដីភ្នំនៅម្តុំបរិវេណភ្នំ៩៦ ជិតបុរីប៊ីអេស ក្នុងសង្កាត់លេខ៤ គឺមានច្បាប់អនុញ្ញាតពីមន្ត្រីបរិស្ថាន និងមន្ទីររ៉ែ និងថាមពល។ លោកបន្តថា សកម្មភាពជីកកកាយដីភ្នំនាមូលដ្ឋាននេះ អាជ្ញាធរខេត្តបានដាក់ការទទួលខុសត្រូវទៅស្ថាប័នជំនាញនីមួយៗពិនិត្យតាមដាន នូវផលប៉ះពាល់នានាដែលអាចនឹងកើតមានឡើង៖ «ការបំពុល ហើយការហុយធូលីដី ឬប្រឡាក់ថ្នល់ជាតិ គឺយើងបានចាត់វិធានការផាកពិន័យរួចហើយ ហើយពេលនេះ មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីសាលាក្រុងព្រះសីហនុ ២នាក់ ក៏កំពុងចុះទៅតាមដានសកម្មភាពដឹក ឬជីកដីភ្នំ៩៦ នេះដែរ។ មន្ត្រីទាំងពីរ នឹងពិនិត្យជាប្រចាំអំពីផលប៉ះពាល់ពីសកម្មភាពដឹក និងជីកដីរបស់ក្រុមហ៊ុននាមូលដ្ឋានសង្កាត់លេខ៤ ក្រែងកើតមានបញ្ហាផ្សេងៗ»។
បញ្ហានេះ លោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះសីហនុ ឲ្យដឹងថា ស្ថាប័នខ្លួនបានអនុញ្ញាតឲ្យក្រុមហ៊ុន ឬឈ្មួញជីកកាយដីភ្នំមានទំហំ ២០ គុណ ៣០ម៉ែត្រ នៅក្នុងបរិវេណភ្នំ៩៦ ដោយតម្រូវឲ្យក្រុមហ៊ុនបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។ ប៉ុន្តែលោកថា បើសិនជាក្រុមហ៊ុនបានប្រើគ្រឿងចក្រជីកកកាយដីភ្នំមានទំហំធំជាងកិច្ចសន្យា ឬច្បាប់អនុញ្ញាត គឺតម្រូវឲ្យក្រុមហ៊ុននោះ ស្នើសុំច្បាប់ពីមន្ទីររ៉ែ និងថាមពល ជាថ្មីទៀត។

ចំណែក លោក សាមុត សុធារិទ្ធ អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា បានដឹងឮលើករណីក្រុមហ៊ុនជីកកកាយដីភ្នំនេះហើយ ជាពិសេសការប្រើគ្រឿងចក្រជីកកកាយភ្នំនៅក្នុងបរិវេណភ្នំ៩៦ ក្នុងសង្កាត់លេខ៤។ លោកបន្តថា ការអនុញ្ញាតច្បាប់ឲ្យឈ្មួញប្រើគ្រឿងចក្រជីកដីភ្នំ មិនមែនស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់លោកទេ គឺជាសមត្ថកិច្ចរបស់មន្ទីររ៉ែ និងថាមពល ទើបមានសិទ្ធិ។ យ៉ាងនេះក្តី លោក សុធារិទ្ធ បញ្ជាក់ថា ប្រសិនបើសកម្មភាពដឹកដីតាមរថយន្ត នាំឲ្យប៉ះពាល់ដល់បរិស្ថានតាមផ្លូវសាធារណៈ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទើបជាសមត្ថកិច្ចដោះស្រាយរបស់ក្រសួងបរិស្ថាន។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញក្តីព្រួយបារម្ភថា ដីភ្នំមួយចំនួននាខេត្តទេសចរណ៍មួយនេះ នឹងត្រូវរលាយហិនហោចក្នុងពេលឆាប់ៗ បើរដ្ឋាភិបាល ឬអាជ្ញាធរខេត្តព្រះសីហនុ នៅបន្តអនុញ្ញាតឲ្យមានសកម្មភាពប្រើគ្រឿងចក្រជីកកកាយដីភ្នំកើតមានអនាធិបតេយ្យទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
