បក្ស​កម្លាំង​ជាតិ ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​រក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយសារ​ការ​សាងសង់​វាល​យន្តហោះ​ថ្មី

0:00 / 0:00

គណបក្ស​កម្លាំង​ជាតិ ដាក់​លិខិត​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ និង​សំណង ដល់​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី ៤៥៣គ្រួសារ ដោយសារ​ការ​សាងសង់​វាល​យន្តហោះ​ថ្មី នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ មន្ត្រី​សង្គម​ស៊ី​វិល គាំទ្រ​ការ​ស្នើ​នេះ។

គណ​បក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា បាន​ដាក់​លិខិត​មួយ ដោយ​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ និង​ផ្ដល់​សំណង ដល់​ប្រជាពលរដ្ឋ​ជាង ៤រយ​គ្រួសារ ស្ថិត​នៅ​ឃុំ​បឹងខ្យាង និង​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​កំពុង​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន សាងសង់​វាល​យន្តហោះ​ថ្មី ឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) អស់​រយៈ​ពេល ៥ឆ្នាំ​មក​ហើយ នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ​ទេ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែមិថុនា​ថា បើ​ទោះបី​ជា​គណបក្ស​កម្លាំង​ជាតិ​មិន​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា ឬ​ព្រឹទ្ធសភា​ក្ដី ក៏​បក្ស​របស់​លោក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ ដោយសារ​ការ​អភិវឌ្ឍន៍​មួយ​នេះ។ លោក​ថា រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​អ្វី​ជា​វិជ្ជមាន​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ការ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ និង​ព្រម​ផ្ដល់​សំណង​សមរម្យ ដូច​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ចង់​បាន ដើម្បី​ឲ្យ​ពួកគាត់​បាន​សំណង​ទាំង​នោះ​អាច​យក​ទៅ​តាំង​ទីលំនៅ​ថ្មី​បន្ត​ទៀត។

លោក រ៉ុង ឈុន៖ «យើង​រំពឹង ប្រសិនបើ​រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ត្រូវ​តែ​ដោះស្រាយ ហើយ​បើ​មិន​ដោះស្រាយ​មានន័យ​ថា​រដ្ឋាភិបាល​ក៏​ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​យក​ចិត្ត​ទុក​លើ​ប្រជាពលរដ្ឋ បើ​សិន​បញ្ហា​មិន​ដោះស្រាយ​យើង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​និង​សម្រេច​ចិត្ត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ»។

ទន្ទឹម​នឹង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែមិថុនា ពលរដ្ឋ​រងគ្រោះ​ដី​ធ្លី មក​ពី​ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និង​សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ ជាង ១០០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ធ្វើការ​ដោះស្រាយ​ដល់​ពួកគេ ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សាងសង់​វាល​យន្តហោះ​ថ្មី​នេះ​ដែរ។

តំណាង​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​ឃុំ​កណ្ដោក លោក សុន សំបូរ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០០នាក់​ចង់​ឲ្យ​ក្រសួង​ធ្វើការ​ដោះស្រាយ ដោយ​ត្រូវ​កាត់​ឆ្វៀល​ដី​លំនៅឋាន​ចេញ​ពី​គម្រោង​សាងសង់​វាល​យន្តហោះ​ថ្មី ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​មិន​ត្រូវ​បណ្ដេញ​ពួកគាត់​ទាំង​បង្ខំ​នោះ​ទេ។ លោក​ថា ក្រសួង​បាន​យល់​ព្រម​ដោះស្រាយ និង​តម្រូវ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ ត្រឡប់​ទៅ​ផ្ទះ​រៀបចំ​ឯកសារ​ដាក់​ទៅ​ក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ម្ដង​ទៀត។

លោក សុន សំបូរ៖ «ខ្ញុំ​សង្ឃឹម​ថា​ ប្រហែល​ខាង​ក្រសួង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពួក​ខ្ញុំ ពួក​ខ្ញុំ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​និង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង»។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​អភិវឌ្ឍន៍ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​ទាំង​នោះ​ត្រូវ​តែ​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។ លោក ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​នៃ​ការ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដីធ្លី​ទាំង​អស់​នោះ។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើ​សិទ្ធិមនុស្ស យើង​នៅ​តែ​មើល​ឃើញ​ថា​ដំណោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​នឹង​ពន្លឿន​នីតិវិធី​ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​វា​ជា​រឿង​ចាំ​បាច់»។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល បាន​កាត់​ដី​ទំហំ​ជិត ៣ពាន់​ហិកតារ (២.៦០០) ឲ្យ​ទៅ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដើម្បី​ធ្វើ​ការ​សាងសង់​វាល​យន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ប៉ុន្តែ គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ។

ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ព្រម​ដោះស្រាយ ដោយ​កាត់​ឆ្វៀល​ដី​លំនៅឋាន ព្រមទាំង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​ផ្ដល់ ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋ​យ៉ាង​តិច​បំផុត​ត្រឹម​តម្លៃ ៥០ភាគ​រយ នៃ​តម្លៃ​ទីផ្សារ ឬ​ស្មើ​នឹង ៤០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ​ទេ ក្រុម​ប្រជាពលរដ្ឋ​នឹង​មិន​ឈប់​ការ​តវ៉ា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។