ពលរដ្ឋ​ជិត ២០០គ្រួសារ ខេត្ត​ព្រះវិហារ​ចោទ​មេឃុំ​ម្នាក់​ថា បិទ​ផ្លូវ​សាធារណៈ រាំង​ខ្ទប់​ដឹក​កសិផល

0:00 / 0:00

ពលរដ្ឋ​ជិត ១៧០គ្រួសារ នៅ​ខេត្ត​ព្រះវិហារ​ចោទ​មេឃុំ​ម្នាក់​ថា បិទ​ផ្លូវ​សាធារណៈ​ បណ្ដាល​ឱ្យ​រាំង​ស្ទះ​ដល់​ ការ​ដឹក​កសិផល និង​សកម្មភាព​សេដ្ឋកិច្ច​របស់​អ្នកភូមិ​ជាច្រើន​គ្រួសារ។ ពួកគាត់​បាន​ផ្ដិត​មេដៃ ​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន រក​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ​ជា​ច្រើន​ខែ​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ភូមិ​បដិវត្ត​ឃុំ​ច្រាច់ ស្រុក​ជ័យសែន មិន​សប្បាយ​ចិត្ត ចំពោះ​ទង្វើ​របស់​មេឃុំ​ច្រាច់ លោក សៅ សំ ដែល​ពួក​គាត់​ចោទ​ថា បាន​ប្រើអំណាច​ជា​អាជ្ញាធរ​បិទ​ផ្លូវ​សាធារណៈ​មួយ​ខ្សែ​ជាង ១ឆ្នាំ​មក​ហើយ បណ្ដាល​ឱ្យ​រាំង​ខ្ទប់​ការ​ធ្វើ​ដំណើរ និង​ដឹក​កសិផល​របស់​អ្នក​ស្រុក។

តំណាង​ពលរដ្ឋ លោក សូវិត ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ តុលា​ថា មេឃុំ​រូប​នេះ បាន​ធ្វើ​របង​លួស​បិទ​ផ្លូវ​ជាច្រើន​ខែ​មក​ហើយ ធ្វើ​ឱ្យ​អ្នកភូមិ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន បើក​គោយន្ត​តាម​ផ្លូវ​វាង ដើម្បី​ទៅ​ស្រែ។ លោក​ថា ពលរដ្ឋ ១៧០គ្រួសារ​បាន​ផ្ដិត​មេដៃ និង​សរសេរ​លិខិត​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​មេត្តា​បើក​ផ្លូវ​នេះ​ឡើង​វិញ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បដិសេធ។ លោក​បន្ថែម​ថា ផ្លូវ​នេះ​អ្នកភូមិ​ធ្វើ​ដំណើរ​ជាង ៤០ឆ្នាំ​មក​ហើយ អាជ្ញាធរ​ទើប​តែ​បិទ​ខ្ទប់​នៅ​ចុង​ឆ្នាំ២០២០៖ «នរណា​ក៏​ដើរ​ដែរ​ផ្លូវ​ហ្នឹង​ មួយ​ភូមិ​ដើរ​ផ្លូវ​ហ្នឹង​ទាំងអស់។ សូម្បី​តែ​ខ្ញុំ​វាង​ទៅ​ភូមិ​ផ្សេងមួយ​ស្រែ ក្នុង​មួយ​វស្សានេះ​ ចំណាយ​អស់​ប្រេង​ ៦០លីត្រ។ បង្ក​ការ​លំបាក​ប្រចាំ​ថ្ងៃ​វា​លំបាក​ណាស់​ហើយ ដល់​ពេល​ស្រូវ​ទំ​ហើយ​ ដឹក​ស្រូវ​វាង​ទៅ​ភូមិ​គេ ​វា​យ៉ាប់​លំបាក»

ដំណាង​ពលរដ្ឋ​ដដែល​បន្ថែម​ថា រដូវ​ប្រមូល​ផល​កសិកម្ម​កាន់​តែ​កៀក អ្នក​ភូមិ​នឹង​ជួប​ការ​លំបាក​ខ្លាំង ក្នុង​ការ​ដឹក​កសិផល​ពី​ស្រែ ប្រសិន​បើ​មេឃុំ​មិន​បើក​ផ្លូវ​នោះ​ទេ។ លោក​ថា នៅ​គ្រាដែល​មេឃុំ​បិទ​ផ្លូវពួក​លោក ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវវាង​ឆ្លង​កាត់​ភូមិ​ផ្សេង​ទៀត​ជា​ច្រើន​គីឡូម៉ែត្រ ទម្រាំ​ដល់​ដីស្រែ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ច្រាច់ លោក សៅ សំ បក​ស្រាយ​ថា លោក​បិទ​ផ្លូវ​នេះ ដោយសារ​ផ្លូវ​នៅ​កៀក សាលាឃុំ និង​ប៉ុស្តិ៍​នគរបាល រំខាន​ការងារ​របស់​អាជ្ញាធរ ហើយ​លោក​បាន​បើក​ផ្លូវ​នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ជំនួស​រួចហើយ។ លោក​បញ្ជាក់​ថា ផ្លូវ​នេះ ពុំ​មែន​ជា​ផ្លូវ​ពី​បុរាណ ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ទើប​សាងសង់ ក្នុង​អំឡុង​ឆ្នាំ២០០៧ ក្នុង​ពេល​ដែល​ត្រួសត្រាយ​ព្រៃ​សំអាត​សាលាឃុំ៖ «ឥលូវ​ខ្ញុំ​សុំ​បិទ​ហើយ ព្រោះ​កន្លែង​រដ្ឋបាល វា​មិន​ត្រូវ​មាន​ផ្លូវ​កាត់ ឬ​ក្បែរ​សាលា​ឃុំ​ទេ ដល់​បិទ​ទៅ ​ពលរដ្ឋ​សុំ​បើក​ ខ្ញុំ​មិន​ឱ្យ​បើក​ទេ ព្រោះ​វា​មិនមែន​ជា​ផ្លូវ​ពី​បុរាណ ដូនតា ដែល​ថា បងប្អូន​ត្រី​បងប្អូន​ឆ្លង​កាត់។ កន្លែង​ផ្លូវ​បើក​ត្រូវ​អាង​ទឹក ខ្លាច​ជាន់​ទុយយោ ​និង​ខ្សែ​ភ្លើង​វា​ផ្ទុះ វា​ដាច់»

ទោះជា​យ៉ាង​ណា​ក្ដី អ្នកភូមិ​ម្នាក់​ទៀត គឺ​លោក ហឿន ណន ចាត់​ទុក​ការ​លើក​ឡើង​របស់​មេឃុំ​រូប​នេះ ជា​រឿង​មិន​ពិត​ ព្រោះ​ផ្លូវ​នេះ​អ្នកភូមិ​ធ្វើ​ដំណើរ ​តាំង​ពី​មិនទាន់​មាន​សាលាឃុំ។ លោក​បញ្ជាក់​ថា ផ្លូវ​រទេះ​នេះ ពលរដ្ឋ​ធ្វើ​ដំណើរ​តាំង​ពី​សម័យ ប៉ុល ពត ដូច្នេះ​អាជ្ញាធរ​គួរតែ​ដោះស្រាយ ព្រោះ​ការ​បិទ​ផ្លូវ​នេះ​ប៉ះ​ពាល់​ជីវភាព និង​មុខ​របរ​ពលរដ្ឋ៖ «ពលរដ្ឋ​ចង់​បាន​ផ្លូវ​ដើរ​ តែ​ដើរ​វាង ​អំណាច​នៅ​លើ​គេ​ហើយ​ គេ​បិទ​ផ្លូវ ​ផល​ប៉ះពាល់​ធ្វើ​ដំណើរ ​ដឹក​គោ និង​ទៅ​ចម្ការ»

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក​ទង្វើ​របស់​មេឃុំ​បែប​នេះ ជា​ការ​រំលោភ​អំណាច ប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ត្រូវតែ​ស៊ើប​អង្កេត​រឿង​នេះ ឱ្យ​ច្បាស់លាស់​និង​ដោះស្រាយ​ឱ្យ​ឆាប់​រហ័ស ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។ លោក​ពន្យល់​ថា តួនាទី​របស់​អាជ្ញាធរ​ឃុំ គឺ​បម្រើ​ពលរដ្ឋ សម្រប​សម្រួល​ដោះស្រាយ​បញ្ហា និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពុំ​មែន​បង្កើត​បញ្ហា​ធ្វើ​ឱ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់​នោះ​ទេ៖ «បើ​ផ្លូវ​នោះ គឺ​ពលរដ្ឋ​ធ្លាប់​ដើរ​តាំង​ពីយូរយារ​មក​ហើយ ​គាត់​ទៅ​បិទ​ គឺ​ជា​រឿង​មួយ ​ជា​ការរំលោភ​អំណាច​មួយ​ធំ ត្រូវតែ​មាន​ការ​ដោះស្រាយឆាប់​រហ័ស​ជូន​ពលរដ្ឋ»

អ្នក​ភូមិ​ថា ផ្លូវ​រទេះ​ដែល​មេឃុំ​បិទ​នោះ​មាន​ទំហំទទឹង ៣ម៉ែត្រ​ភ្ជាប់​ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម ឆ្ពោះ​ទៅ​កាន់​ដី​ស្រែ​ចម្ការ​របស់​អ្នកស្រុក​ឋិត​ក្នុង​ភូមិ​បដិវត្ត ឃុំ​ច្រាច់ ស្រុក​ជ័យសែន។ អ្នក​ភូមិ​ចាត់​ទុក​ផ្លូវ​នោះ ថា​ជា​ចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដូចជា​ដឹក​ជញ្ជូន​កសិផល​ដឹក​គោ​ក្របី​ទៅ​ស្រែ និង​ការ​ធ្វើ​ចរាចរ​ទៅ​ស្រែ​រក​ត្រី​សាច់​បរិភោគ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។