មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិច គ្មានជំនឿ លើប្រសិទ្ធភាពការងារ របស់គណៈកម្មាធិការជាតិថ្មីមួយទៀត ដែលរដ្ឋាភិបាលទើបបង្កើតឡើង ក្នុងទិសដៅ បង្ក្រាបការកាប់រុករាន ទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋ និងដីព្រៃអភិរក្សដោយខុសច្បាប់ នៅតាមបណ្ដាខេត្តមួយចំនួន។ ពួកគេមើលឃើញថា ការអនុវត្តច្បាប់ធូររលុង និងអំពើពុករលួយ គឺជាមូលហេតុសំខាន់ បណ្ដាលឱ្យព្រៃអភិរក្សគ្រប់តំបន់ និងដីព្រៃសាធារណៈរបស់រដ្ឋ ជាច្រើនម៉ឺនហិកតារ ទទួលរងការឈូសឆាយ និងកាប់រុករាន បម្លែងជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់បែបអនាធិបតេយ្យ។
ក្រុមជនជាតិដើមភាគតិច និងអង្គការឃ្លាំមើលបរិស្ថាន សង្កេតឃើញថា ការរីករាលដាលសកម្មភាពកាប់រុករាន ដីព្រៃអភិរក្ស និងដីព្រៃសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់ បានក្លាយជាជំងឺមហារីកធ្ងន់ធ្ងរមួយ ក្នុងសង្គម។ ពួកគេវាយតម្លៃថា ការបង្កើតគណៈកម្មាធិការថ្មីនេះ នឹងមិនអាចរកមុខជនល្មើស ដែលជាអ្នកមានអំណាច ក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗក្នុងរបបលោក ហ៊ុន សែន មកផ្ដន្ទាទោសតាមច្បាប់បាននោះទេ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិថ្មីមួយទៀត ក្នុងបំណងទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិនៅតាមបណ្ដាខេត្តមួយចំនួន។ គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជាប្រធាន និងមានអន្តរក្រសួងមួយចំនួនទៀត ជាសមាជិក។ លើសពីនេះ គណៈកម្មាធិការនេះ មានភារកិច្ចត្រួតពិនិត្យ និងស្រាវជ្រាវដល់មូលដ្ឋាន ដោយត្រូវសហការជាមួយក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ឱ្យដឹងនៅថ្ងៃទី៤ កក្កដាថា លោកគ្មានជំនឿលើប្រសិទ្ធភាព ការងាររបស់គណៈកម្មាធិការជាតិមួយនេះទេ ព្រោះដីព្រៃអភិរក្សរាប់ពាន់ហិកតារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សផ្សេងទៀត កំពុងទទួលរងការឈូសឆាយ កាប់រុករាន ធ្វើជាកម្មសិទ្ធិបែបអនាធិបតេយ្យ។ លោកថា បុគ្គលដែលហ៊ានកាប់ទន្ទ្រានព្រៃអភិរក្សរាប់ពាន់ហិកតារ សុទ្ធសឹងជាបុគ្គលមានអំណាច ក្រុមឧកញ៉ា និងបុគ្គលមានងារជាឯកឧត្ដមមួយចំនួន បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន។ លោកបន្ថែមថា ការអនុវត្តច្បាប់ធូររលុង និងការឃុបឃិតគ្នា ធ្វើឯកសារកាន់កាប់ដីធ្លី ជាន់ចំដីព្រៃអភិរក្សខុសច្បាប់ បានកើតមានឡើងជាច្រើនឆ្នាំមកហើយ៖ «ខ្ញុំដូចជាអត់មានជំនឿ លើការអនុវត្តច្បាប់ទេ ប្រសិនជាយើងអនុវត្តច្បាប់ឱ្យមែនទែន អនុវត្តតាំងពីអ្នកប្រព្រឹត្តបទល្មើស មានអ្នកខ្លះគឺឯកឧត្ដមផ្កាយ ទៅប្រព្រឹត្តបទល្មើស ប្រសិនជាយើងអនុវត្តច្បាប់ អ្នកដែលធំហ្នឹងហើយ គឺអ្នកតូចៗគឺខ្លាចតែម្ដង»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បង្ហាញតម្រុយទីតាំងខ្លះៗ ដែលលោកចុះអង្កេតជាក់ស្ដែង រកឃើញថា ក្នុងភូមិស្រែកិន និងភូមិពោធិ៍មាស នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រៃអភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានទទួលរងការកាប់រុករាន ព្រៃអភិរក្ស អស់រាប់ពាន់ហិកតារ បំប្លែងជាកម្មសិទ្ធិឯកជន។ រីឯឈ្មួញមានអំណាច បានឃុបឃិតជាមួយមន្ត្រីជំនាញ ដាក់ពាក្យស្នើសុំរដ្ឋាភិបាល ដើម្បីផ្ដាច់តំបន់នោះ ចេញពីព្រៃការពារធម្មជាតិ។ សកម្មភាពកាប់ទន្ទ្រានដីព្រៃទាំងនោះ ក្រុមឈ្មួញ បានយកពលរដ្ឋជាខែល និងធ្វើឯកសារភូតភរទៅថ្នាក់លើថា ដីព្រៃនៅតំបន់នោះ ជាដីចម្ការរបស់ពលរដ្ឋ។ លោកបន្ថែមថា ព្រៃអភិរក្សទាំងនោះមានផ្នែកខ្លះ បានក្លាយជាចម្ការ ស្វាយ ស្វាយចន្ទី និងដំណាំផ្សេងទៀត ដែលទើបតែនៅដាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «ដីកន្លែងហ្នឹងរាប់ពាន់ហិកតារ ភ្នំមួយដែលខ្ញុំចង្អុល គឺតំបន់ហ្នឹងហើយ គឺជាតំបន់ព្រៃ ហើយក្នុងលិខិតរបស់អាជ្ញាធរគឺដាក់ដីចម្ការ ធ្វើការលក់ ហើយរដ្ឋាភិបាលលោកអត់ដឹងថា តំបន់ហ្នឹង ព្រោះការអនុវត្តច្បាប់ វាជាប្រព័ន្ធនៃការផ្សំគំនិត។ ការបង្កើតគ្រាន់តែជាការបង្កើត រីឯការទប់ស្កាត់ កាប់ទន្ទ្រានដីរដ្ឋ ដូចអត់មានប្រសិទ្ធភាពទេ អ្វីដែលគេបានប្រព្រឹត្តនៅតំបន់ហ្នឹង គឺគេបានពិភាក្សាគ្នាអស់ហើយ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺជុំវិញ ការលើកឡើងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី៤ កក្កដា។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការអន្តរក្រសួងនេះ ជាការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល បំណងទប់ស្កាត់ និងបង្ក្រាបការកាប់រុករានដីព្រៃដោយខុសច្បាប់។ លោកបញ្ជាក់ថា ការចុះប្រតិបត្តិការអនុវត្តការងារជាក់ស្ដែង មានប្រសិទ្ធភាពបែបណានោះ សូមឱ្យរង់ចាំអ៊ុតមើលទាំងអស់គ្នាសិន។ ចំពោះសំណួរដែលសួរថា តើគណៈកម្មាធិការនេះ នឹងអនុវត្តច្បាប់ចំពោះជនល្មើសជាអ្នកមានអំណាច ឧកញ៉ា និងមន្ត្រីធំៗ ឬទេ ប្រសិនបើរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់? អ្នកនាំពាក្យរូបនេះឆ្លើយយ៉ាងខ្លីថា គ្មានជនណាម្នាក់ នៅក្រៅអំណាចគណៈកម្មការជាតិនេះទេ៖ «ការបង្កើតគណៈកម្មាធិការអន្តរក្រសួងហ្នឹងហើយ ជាការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់រាល់ការបំផ្លាញហ្នឹងឯង នេះជាជំហរហើយ បានចេញជាគណៈកម្មាធិការនេះ។ អ្វីដែលប្រតិបត្តិការ និងមានប្រសិទ្ធភាពបែបណានោះ យើងនឹងចាំមើល»។
ចំណែក ជនជាតិដើមភាគតិចទំពួន រស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ខាំ និន អះអាងថា ដែនជម្រកសត្វព្រៃលំផាត់ នៅភូមិកែងសាន់ និងភូមិសមុទ្រក្រោម ក្នុងឃុំសេដា ស្រុកលំផាត់ ទទួលរងការកាប់រុករាន និងឈូសឆាយ បំប្លែងជាសម្បត្តិបុគ្គល អស់រាប់ពាន់ហិកតារ នៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ សកម្មភាពកាប់រុករានដីព្រៃអភិរក្ស ដោយខុសច្បាប់ អាចធ្វើទៅបាន ដោយសារមេភូមិ និងមេឃុំ ឃុបឃិតគ្នា។ លោកថា ប្រសិនបើគណៈកម្មាធិការជាតិនេះ ធ្វើកិច្ចការងារដើម្បីប្រយោជន៍ជាតិ និងពលរដ្ឋមែននោះ ត្រូវតែចុះស៊ើបអង្កេតសកម្មភាពកាប់រុករានដីព្រៃអភិរក្សនេះ និងចាប់ជនល្មើស និងអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់៖ «មិនឃើញគណៈកម្មាធិការណាចុះទៅទប់ស្កាត់ ឱ្យប្រជាជនមានសង្ឃឹម មានទឹកចិត្តឱ្យជួយឱ្យពលរដ្ឋហ្នឹង តែចុងក្រោយនៅតែហិនហោចទៅៗ។ មួយពាន់ហិកតារនៅសល់តែដើមឈើដួល តែអត់ឃើញចាប់ជនល្មើសមកផ្ដន្ទាទោសផង»។
ជនជាតិដើមភាគតិចរូបនេះបន្ថែមថា ដែនជម្រកសត្វព្រៃលំផាត់ ដែលធ្លាប់ជាម្លប់បៃតង និងជាជម្រកសត្វព្រៃកម្ររស់នៅ ដែលជនជាតិដើមភាគតិចទំពូនអាស្រ័យផល បែបប្រពៃណី ជាច្រើនជំនាន់មកហើយនោះ បានបាត់បង់ស្ទើរទាំងស្រុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មកទល់ពេលនេះពួកគេមិនឃើញ មន្ត្រីនគរបាលយុត្តិធម៌ និងសមត្ថកិច្ចជំនាញ ចាប់ខ្លួនជនល្មើសណាម្នាក់ មកផ្ដន្ទាទោសនោះទេ។ រីឯពលរដ្ឋដែលចូលរួមការពារព្រៃឈើ និងលាតត្រដាងពីបទល្មើសព្រៃឈើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចគំរាមកំហែង និងប្ដឹងទៅតុលាការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។