លោក ហ៊ុន សែន រង​ការ​រិះគន់​ករណី​លុប​ស.ជ.ណ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង

ដោយ ជី វិតា
2023.01.13
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន រង​ការ​រិះគន់​ករណី​លុប​ស.ជ.ណ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង (ពីឆ្វេងជួរមុខ) អ្នកស្រី ប៊ុន រ៉ានី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឧកញ៉ា សៀង ចាន់ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ក្នុង​កម្មវិធីកាកបាទក្រហមកម្ពុជា កាលពី​ឆ្នាំ​២០១៨។
រូប៖ ហ្វេសប៊ុក Seang Chanheng

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដី​ធ្លី​​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លុប​ស..ណ ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ពួកគេ​ថា អាជ្ញាធរ​អាច​​ចាប់​ខ្លួន​តែ​ពលរដ្ឋ​​ក្រីក្រ​ដែល​​តវ៉ា​​ការពារ​ទំនាស់​ដីធ្លី​របស់​ខ្លួន។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ លោក ហ៊ុន សែន ​ប្រកាស​លុប​ស..ណ​ចាប់​ខ្លួន​នាយិកា​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍ គឺ​អ្នកស្រី សៀង ចាន់ហេង កាល​ពី​ថ្ងៃ​ទី​១១ មករា ដែល​បាន​​បន្លំ​ឯកសារ​កាន់​កាប់​ដី​​​ធ្លី​របស់​អ្នក​ដទៃ​។

មន្ត្រី​សង្គម​ស៊ីវិល​ និង​​តំណាង​សហគមន៍​ដីធ្លី​លើក​ឡើង​ថា ​ការ​ដែល​លោក ហ៊ុន សែន លុប​ស..ណ​ចាប់​ខ្លួន​មនុស្ស​ខិលខូច​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​មាន​ទំនាស់​ដីធ្លី​ កាន់​តែ​រង​ភាព​អយុត្តិធម៌ និង​មាន​ការ​ឈឺចាប់​កាន់តែ​ខ្លាំង។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ មករា ថា ការ​ដែល​លោក ហ៊ុន សែន លុប​ស..ណ ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង ដែល​បាន​​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ដី​​ធ្លី​របស់​អ្នក​ដទៃ​គឺ​ជា​ការ​​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ដែល​ខុស​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​​ដោយ​គ្រាន់​តែ​ពួកគាត់​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​​ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​ជា​ច្រើន​ករណី ដោយ​ពុំ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ឡើយ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​រដ្ឋាភិបាល ហើយ​ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់​កាន់​តែ​ក្រីក្រ ព្រោះ​បាត់បង់​ដីធ្លី​ ដោយសារ​តែ​អ្នក​មាន​លុយ​និង​មាន​អំណាច​រំលោភ​យក។

លោក វណ្ណ សុផាត៖ «ប្រទេស​ណា​ដែល​មិន​សូវ​មាន​ការ​គោរព​​ច្បាប់​ ហើយ​តែងតែ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង​ យើង​ឃើញ​ប្រទេស​ហ្នឹង​ភាគ​ច្រើន​អត់​បាន​ចម្រុង​ចម្រើន​ទេ។ ដូច​ឃើញ​ប្រទេស​ស្រីលង្កា មាន​ការ​ធ្លាក់​ចុះ​ ហើយ​រហូត​ដល់​មាន​កាប់​ដី​កាប់​អីចឹង​ទៅ​ឱ្យ​ប្រទេស​ផ្ដល់​កម្ចី​អ៊ីចឹង។ បើ​យើង​ប្រៀបធៀប​ទៅ​ប្រទេស​ដែល​គេ​គោរព​សិទ្ធិមនុស្ស ប្រជាពលរដ្ឋ​របស់​គេ​ ដូច​ជា​នៅ​សាំងហ្គាពួរ អីចឹង​គេ​ប្រជាពលរដ្ឋ​តិច​ជាង​យើង​ទេ ប៉ុន្តែ​ប្រទេស​គេ​អភិវឌ្ឍន៍​ជឿនលឿន ដោយសារ​តែ​គេ​គិត​គួរ​ពី​រឿង​ជីវភាព​របស់​ប្រជាពលរដ្ឋ»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី១១ ខែ​មករា បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​លុប​ស.. ចាប់​ខ្លួន​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ គឺ​អ្នកស្រី សៀង ចាន់ហេង វិញ តាម​សំណើ​របស់​អ្នកស្រី។ លោក ហ៊ុន សែន អះអាង​ថា លោក និង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​អ្នក​ចេញ..ណ បញ្ជា​ចាប់​ខ្លួន​អ្នកស្រី សៀង ចាន់ហេង កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​បន្លំ​ឯកសារ​ដើម្បី​កាន់​កាប់​អចលនវត្ថុ​របស់​ឈ្មោះ ហៀវ លន់ នៅ​ភូមិ​ទួលសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល និង​លោកស្រី ហ៊ុន ប៊ុនធឿន ដែល​ជា​ប្អូន​​របស់​លោក ហ៊ុន សែន មាន​តួនាទី​ជា​ទី​ប្រឹក្សា​ក្រសួង​ការបរទេស និង​ជា​ទីប្រឹក្សា​គណៈ​សង្ឃនាយក គណៈ​មហានិកាយ។

អ្នកស្រី សៀង ចាន់ហេង គឺ​ជា​នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង​តែងតែ​ដើរ ជាមួយ​សាច់ញាតិ​របស់​លោក លោក ហ៊ុន សែន។ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មាន​ដី​រាប់​រយ​ហិកតារ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្លាប់​មាន​រឿង​អាស្រូវ​ជា​យូរ​មក​ហើយ រឿង​ប្រើ​ឥទ្ធិពល​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ច្បាម​យក​ដី​របស់​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​កន្លែង។ ជា​ឧទាហរណ៍ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​អ្នកស្រី សៀង ចាន់ហេង ឬ​ដែល​គេ​តែង​ហៅ​ថា ជំទាវ​ហេង​នោះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ មាន​ទោស ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដី​ជិត ២០០ហិកតារ នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​ប្រើ​ប្រាស់​ឯកសារ​ដី​ក្លែង​នោះ​លក់​ដី​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត ។ ប៉ុន្តែ​អ្នកស្រី​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ឡើយ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកស្រី សៀង ចាន់ហេង បាន​ទេ នៅ​ថ្ងៃ​ទី​១២ មករា ដោយ​អ្នក​លើក​ទូរស័ព្ទ ប្រាប់​ថា ច្រឡំ​លេខ។

ជុំវិញ​រឿង​នេះ​តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង ថ្លែង​ថា លោក​ស្រី​មិន​ពេញ​ចិត្ត​នឹង​វិធានការ​របស់​លោក ហ៊ុន សែន ដែល​ជួយ​អន្តរាគមន៍​ដល់​ជន​ខិល​ខូច​នោះ​ទេលោក​ស្រី​ថា រឿង​រាវ​ទំនាស់​ដីធ្លី​របស់​លោកស្រី​ប្រមាណ ២០​ឆ្នាំ​មក​ហើយ តែ​លោក ហ៊ុន សែន ដែល​មិន​អើពើ​ជួយ​អន្តរាគមន៍​ដល់​សហគមន៍​ពួក​លោកស្រី​ឡើយលោកស្រី​ចាត់​ទុក​ការ​លុប​ស.. ដែល​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នក​មាន​ទ្រព្យធន​ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន នេះ​ថា ជា​ការ​ធ្វើបាប​ផ្លូវ​ចិត្ត​ដល់​ពលរដ្ឋ​ទំនាស់​ដីធ្លី​ក្រីក្រ​ឱ្យ​កាន់តែ​ឈឺចាប់​ថែម​ទៀត។

លោកស្រី ផាវ ញ៉ើង៖ «ព្រោះ​អី​ខ្ញុំ​ជា​ជនរងគ្រោះ ហើយ​រាល់​ថ្ងៃ​នេះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ឱ្យ​អសន្តិសុខ​សង្គម។ ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​លោក ហ៊ុន សែន វិញ​ថា ខ្ញុំ​គឺ​ជា​ជន​រងគ្រោះ​ដែល​បាន​កាន់​កាប់​អាស្រ័យ​ផល​លើ​ដី​ឯកជន​របស់​រដ្ឋ មុន​ច្បាប់​ភូមិបាល​អនុម័ត​ប្រកាស នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ​២០០១ ហើយ ​ត្រូវ​ចោរ​ប្លន់​មក​យក​ដី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ទៅ​តវ៉ា​មិន​មែន​ជា​ជន​បង្ក​ឱ្យ​អសន្តិសុខ សង្គម​ទេ។ អ៊ីចឹង​សុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​មក​ពួក​ខ្ញុំ​នៅ​ខេត្ត​កោះកុង​ផង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ក្នុង​ខេត្ត​កោះកុង​មាន​ជាប់​បណ្ដឹង​ជាង ៣០​ឯណោះ អ្នក​ដែល​រងគ្រោះ​ដីធ្លី ហេតុ​អី​បាន​ជា​លោក ហ៊ុន សែន ​មិន​ជួយ​អន្តរាគមន៍​មិន​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ បែរ​ជា​អន្តរាគមន៍​អត់​ឱ្យ​ចាប់​ខ្លួន​ចោរ​ទៅ​វិញ»

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​អង្គការ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​ដឹង​ពី​ខ្លឹម​នៃ​ស.. បញ្ជា​ចាប់​ខ្លួន​នឹង​ដោះលែង​នេះ​ទេ​។

ទោះជា​យ៉ាង​ណា​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ចេញ​មុខ​អន្តរាគមន៍​ជួយ​មនុស្ស​នៅ​ក្បែរ ឬ​អ្នក​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​លោក​នោះ។ ថ្មីៗ​នេះ លោក បាន​ចេញ​មុខ​ធានា​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​បាយ័ន​​របស់​កូនស្រី​លោក គឺអ្នកស្រី ហ៊ុន ម៉ាណា ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​លក់​ដី​ខ្យល់ តម្លៃ​ប្រមាណ ៣៦​លាន​ដុល្លារ។ ករណី​នេះ លោក ហ៊ុន សែន ខឹង​ខ្លាំង​រហូត​ដល់​ព្រមាន​ដក​តួនាទី​មន្ត្រី​នគរបាល​យុត្តិធម៌ទៀត​ផង។

រហូត​មក​ទល់​ពេល​នេះ ករណី​ឃុបឃិត​គ្នា​រវាង​អ្នកមាន​អំណាច អ្នក​មាន​ទ្រព្យធន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ឯកសារ ឬ​បន្លំ​ឯកសារ​យក​ដី​ពលរដ្ឋ កំពុង​កើត​មាន​ជា​ច្រើន​ករណី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ ចេញ​តវ៉ា ប៉ុន្តែអាជ្ញាធរ និង​តុលាការ​ពុំ​សូវរក​យុត្តិធម៌​ជូន​ពួកគេ​ឡើយ បើ​ទោះ​ជា​ពេល​ខ្លះ​ពួកគាត់​បាន​លើក​គ្នា​ម្ដង​ជា​ពីរ​ដង ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ពី​លោក ហ៊ុន សែន ក្ដី។ ធ្ងន់ធ្ងរ​ជាង​នេះ មាន​ករណី​មួយ​ចំនួន  ដែល​ពលរដ្ឋ​ម្ចាស់​ដី បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ទៅ​វិញ ដោយសារ​ការ​តវ៉ា​ការពារ​ដីធ្លី​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។