អ្នកច្បាប់ និងមន្រ្តីសង្គមស៊ីវិល ភ្ញាក់ផ្អើលនឹងការដោះសាររបស់មេឃុំជាច្រើននាក់ នៅតាមខេត្តមួយចំនួន ដែលថា ខ្លួនមិនចេះច្បាប់ ទើបចេញលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ រួចហើយប្រកាសលុបចោលវិញ ក្រោយពីមានលិខិតអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លិខិតប្រកាសទាត់ចោលហត្ថលេខាខ្លួនឯងរបស់មេឃុំជាច្រើនរូប នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ កំពង់ស្ពឺ កោះកុង និងកំពតជាដើម បានធ្លាក់មកជាហូរហែ តាំងពីពាក់កណ្តាលខែឧសភាមក។ លិខិតភាគច្រើន មានទម្រង់តែមួយ គ្រាន់តែដូរឈ្មោះមេឃុំ ដូចជា មេឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពតលោក គង់ ប៊ុរា មេឃុំកោះតូច ស្រុកទឹកឈូរ ខេត្តកំពតដែរ លោក ឈូក ផូ និងមេឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺអ្នកស្រី កែវ សុផាត សុទ្ធតែប្រកាសធ្វើមោឃភាព ឬលុបចោលការចុះហត្ថលេខារបស់ខ្លួនកន្លងមក ទៅលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ពាក្យសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ និងប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះនៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។
មូលហេតុតែមួយគត់ ដែលពួកគាត់ត្រូវប្រកាសលែងទទួលស្គាល់ហត្ថលេខាខ្លួនឯងបែបនេះ គឺពួកគាត់អះអាងថា មកពីពួកគាត់មិនសូវយល់ដឹងអំពីច្បាប់ទម្លាប់ច្រើន ព្រោះឃើញតែប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងនៅទីតាំងទាំងនោះ។
លោកមេធាវី ផែង ហេង ហួសចិត្តនឹងការអះអាងបែបនេះ។ លោកថា មន្រ្តីសារធារណៈ ដែលមានឋានៈរហូតដល់មេឃុំបែបនេះទៅហើយ មិនអាចនិយាយយករួចខ្លួន ដោយយកលេសថា ខ្លួនមិនយល់អំពីច្បាប់នោះឡើយ៖ «ច្បាប់និយាយហើយថា គ្មានបុគ្គលណាមួយ និយាយថា ខ្លួនមិនយល់ច្បាប់ហ្នឹង ដើម្បីចៀសផុតពីការចោទប្រកាន់បានទេ។ ឧទាហរណ៍ចោរលួច ឬចោរប្លន់ ស្រាប់តែចាប់វាបាន វាថាអត់ដឹងថា អាប្លន់ហ្នឹងជាប់គុកផង។ ដូច្នេះត្រូវដោះលែង ឲ្យរួចពីបទចោទឬយ៉ាងម៉េច?»។
ការចេញលិខិតផ្លូវការដោយមន្រ្តីសាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យខូចខាតដល់ប្រយោជន៍សាធារណៈ និងប៉ះពាល់ដល់ពលរដ្ឋបែបនេះ លោកមេធាវី ផែង ហេង ថាមេឃុំទាំងនេះប្រឈមនឹងទោសព្រហ្មទណ្ឌ៖ «តើការចេញលិខិតអស់ហ្នឹងជារបៀបរំលោភអំណាច ឬក៏យ៉ាងម៉េច? ហើយសំណងរដ្ឋប្បវេណី រដ្ឋជាអ្នកចេញ?»។
លោកមេធាវី ផែង ហេង ថាការប្រកាសលុបចោលលិខិតផ្លូវការរបស់ខ្លួនបែបនេះ ធ្វើឲ្យពលរដ្ឋជាច្រើនដែលជាអ្នកអាស្រ័យផលជាក់ស្តែងទាំងនោះ ក្លាយជាជនរងគ្រោះ ព្រោះពលរដ្ឋជឿទុកចិត្តលើមន្រ្តីសាធារណៈ ដែលអនុញ្ញាតឲ្យពួកគាត់ទិញឬលក់ ឬអាស្រ័យផលលើដីទាំងនោះ ដោយស្របច្បាប់។
ដូចគ្នានេះដែរ អ្នកវិភាគនយោបាយ និងជំនាញផ្នែកច្បាប់ ថាការបដិសេធហត្ថលេខារបស់ខ្លួនរបស់មេឃុំទាំងនេះ គឺពួកគាត់មិនត្រូវឲ្យរួចខ្លួនពីទោសកំហុសរបស់ខ្លួនឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថាទង្វើខ្វះការទទួលខុសត្រូវរបស់មេឃុំទាំងនេះ បំពានច្រើនករណី។ លោកថា ទី១.គឺរំលោភលើការទុកចិត្តប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យខ្លួន ឬ គណបក្សរបស់ខ្លួន ដែលក្នុងករណីនេះមេឃុំទាំងនោះ គួរមានសេចក្ដីក្លាហានលាឈប់ជាបន្ទាន់។ ទី២. ពួកគាត់មិនបានបំពេញករណីយកិច្ចការពារ ថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ និងគ្របគ្រងព្រៃឈើ ដែលត្រូវទទួលទណ្ឌកម្មពីក្រុមប្រឹក្សាឃុំ និងពីក្រសួងមហាផ្ទៃ ក្នុងក្របខណ្ឌនៃច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ ស្តីពីការតាមដាន ការត្រួតពិនិត្យនិងការធ្វើអន្តរាគមន៍ និងទី៣. មេឃុំទាំងនេះ ប្រព្រឹត្តខុសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលបទល្មើសធម្មជាតិ គឺត្រូវសងការខូចខាតដល់ធនធានធម្មជាតិ និងទទួលទោសជាចារីសមគំនិតប្រព្រឹត្តបទល្មើស។
មិនតែប៉ុណ្ណោះលោកបណ្ឌិត ឡៅ ម៉ុងហៃ ថាក្រសួងមហាផ្ទៃ ដែលស្ថាប័នអាណាព្យាបាល ក៏ត្រូវមានការទទួលខុសត្រូវចំពោះកំហុសឆ្គង និងការខ្វះខាតក្នុងការបំពេញតួនាទី ករណីយកិច្ច និងកាតព្វកិច្ចរបស់មន្ត្រីសាធារណ:ក្រោមឱវាទរបស់ខ្លួនដែរ។
លោកបន្ថែមថា ក្រសួងបរិស្ថាន (និងក្រសួងដទៃទៀត) និងក្រសួងមហាផ្ទៃ ក៏ត្រូវទទួលខុសត្រូវចំពោះការខ្វះខាត ក្នុងការប្រទាក់ប្រទងការងារ ដើម្បីឲ្យមន្ត្រីក្រោមឱវាទ បានយល់ដឹង និងអនុវត្តធ្វើតាមច្បាប់ពាក់ព័ន្ធវិស័យ និងដែនសមត្ថភាពរៀងៗខ្លួនដែរ។
ទោះជាងយ៉ាងនេះក្តី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប )លោក ង៉ាន់ ចំរើន ឲ្យដឹងថា ការពិនិត្យសើរើ និងចុះស្រាវជ្រាវរកភាពមិនប្រក្រតីក្នុងរឿងនេះ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត ព្រោះក្រសួងមហាផ្ទៃ បានធ្វើប្រតិភូកម្ម ឬផ្ទេរអំណាចពីថ្នាក់ជាតិឲ្យថ្នាក់ខេត្តដោះស្រាយ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងការខូចខាតនៅតំបន់នោះ អាចប្ដឹងអាជ្ញាធរថ្នាក់ក្រោម រឿងចេញលិខិតបដិសេធច្រានចោលដីធ្លីរបស់ពួកគាត់នេះ ហើយរដ្ឋបាលខេត្តដែលពាក់ព័ន្ធ ត្រូវមានតួនាទីចុះស្រាវជ្រាវនិងដោះស្រាយបញ្ហាជូនពលរដ្ឋ៖ «បើគាត់សម្រេចក្នុងនាមក្រុមប្រឹក្សា អាហ្នឹងក្រុមប្រឹក្សាទាំងមូលត្រូវទូទាត់សំណងនោះ។ តែបើសម្រេចដោយបុគ្គល មេឃុំ ឬចៅសង្កាត់ គឺបុគ្គលនោះត្រូវចេញសង។ ហើយមិនយកថវិកាឃុំសងទេ គឺយកថវិការបស់ខ្លួនសង។ អាហ្នឹង! ជារឿងឯកជន ដែលសម្រេចខុស»។
រឿងសម្រេចខុសនេះ បើតាមមន្រ្តីឃ្លាំមើលការបោះឆ្នោត ថាមិនមែនជារឿងឯកជននោះទេ។ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថាមេឃុំជាភ្នាក់ងាររបស់រដ្ឋ ដែលបំពេញការងារទៅតាមការដាក់បញ្ជាពីរដ្ឋ ព្រោះមេឃុំ ឡើងកាន់តំណែងមានអាណត្តិប្រាំឆ្នាំ តាមរយៈការបោះឆ្នោត និងក្របខណ្ឌអាណាព្យាបាលត្រឹមត្រូវ។ លោកថា ការខកខានក្នុងការទទួលខុសត្រូវចំពោះការប្រព្រឹត្តិខុសឆ្គងនេះ នឹងប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋជាទូទៅ និងប៉ះពាល់ដល់សុចរិតភាពរបស់ស្ថាប័នក្រុមប្រឹក្សាឃុំសង្កាត់នេះផង។
លោកព្រមានថា គណបក្សណាដែលមានមេឃុំប្រព្រឹត្តបែបនេះ នឹងប៉ះពាល់ដល់ប្រជាប្រិយរបស់ខ្លួនជាក់ជាមិនខាន៖ «កន្លងមកបញ្ហាកើតឡើងក្នុងឆ្នាំ ២០១២ ឬ ២០១៧ ភាគច្រើនកើតឡើងដោយសារការមិនសប្បាយចិត្តបែបនេះ។ ដូច្នេះការប្រកួតប្រជែងមួយដែលត្រឹមត្រូវ វាអាចនឹងមានបញ្ហានៅក្នុងការគាំទ្រ ប្រសិនបើនៅតែធ្វើបែបហ្នឹង»។
មន្រ្តីអង្គការសង្គមស៊ីវិលមួយរូបទៀត ថាបញ្ហាដែលមេឃុំជាច្រើនចុះហត្ថលេខាលើលិខិតផ្លូវការ រួចប្រកាសលុបចោលវិញបែបនេះ បង្ហាញឲ្យឃើញនូវបញ្ហាពីរធំៗ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមនៅកម្ពុជាលោក សន ជ័យ ថាបញ្ហាទី១, គឺភាពឆកល្វែងក្នុងការផ្សព្វផ្សាយគោលនយោបាយឬព័ត៌មាន ដែលមិនគ្រប់ជ្រុងជ្រោយ ដែលសូម្បីតែមន្រ្តីឃុំ នៅតែអះអាងថា មិនដឹង។ ចុះទម្រាំប្រជាពលរដ្ឋសាមញ្ញ? មួយទៀត លោក សន ជ័យ ថាគឺសមត្ថភាពរបស់មេឃុំ នៅមានកម្រិតដែរ។ លោកថា ចំណុចនេះ ក៏គួរមានការកែទម្រង់ស៊ីជម្រៅនោះដែរ៖ «សម្រាប់បេក្ខជនជាមេឃុំ ជាក្រុមប្រឹក្សាហ្នឹង ថ្ងៃក្រោយគួរតែមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់លក្ខខណ្ឌចំណេះដឹង និងជំនាញឲ្យបានខ្ពស់បន្តិច។ ចង់បានឲ្យមានសមាសភាពយុវជនក្នុងឃុំសង្កាត់ឲ្យបានច្រើន»។
កាលពីខែឧសភា រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានចេញលិខិតមួយស្នើឲ្យចាត់វិធានការបញ្ឈប់ជាបន្ទាន់ និងធ្វើមោឃភាព(ឬលុបចោល) នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។
ប៉ុន្តែលិខិតនេះ មិនបានចែងអំពីទោសទណ្ឌអ្វី ដែលត្រូវអនុវត្តលើមន្រ្តីឃុំសង្កាត់ ដែលបានចុះហត្ថលេខាលើឯកសារទាំងនោះរួចហើយនោះទេ។ ក្រសួងនេះ ក៏មិនបានបង្ហាញអំពីយន្តការដោះស្រាយសំណងខូចខាត ពីការប្រព្រឹត្តខុសរបស់មន្រ្តីឃុំសង្កាត់ទាំងនោះ នោះដែរ។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែងក្រុមប្រឹក្សាឃុំសង្កាត់ ៦,៥០៣ នាក់ និងគណបក្សសង្គ្រោះជាតិឈ្នះតំណែងនេះ ៥០០៧ នាក់។ ប៉ុន្តែ ក្រោយមកគណបក្សកាន់អំណាច បានរម្លាយគណបក្សប្រឆាំង រួចប្រមូលយកអសនៈឃុំសង្កាត់នេះទាំងអស់ ទៅគ្រប់គ្រង តាមបែបឯកបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។