ប្រជាពលរដ្ឋជាង ៣០០គ្រួសារ នាំគ្នាទៅសង់រោងធ្វើផ្ទះស្នាក់នៅលើដីចម្ការកៅស៊ូរដ្ឋ នៅស្រុកអូរជុំ ខេត្តរតនគិរី តាមរបៀបអនាធិបតេយ្យ។ ចំណែកមន្ត្រីអាជ្ញាធរចាត់វិធានការបង្ក្រាប ប៉ុន្តែសកម្មភាពតាំងទីលំនៅថ្មីខុសច្បាប់នេះ មិនបានថយចុះទេ ផ្ទុយទៅវិញកាន់តែកើនច្រើនឡើង។
ប្រជាពលរដ្ឋអ្នកតាំងទីលំនៅអនាធិបតេយ្យលើដីចម្ការកៅស៊ូរដ្ឋនៅឃុំអូរជុំ ស្រុកអូរជុំ នៅថ្ងៃច័ន្ទ ទី១៩ ខែឧសភា ទទួលស្គាល់ថា សកម្មភាពតាំងទីលំនៅរបស់ពួកគាត់ខុសច្បាប់ ប៉ុន្តែពួកគាត់គ្មានជម្រើស ដោយសារពួកគាត់ជាជនក្រីក្រគ្មានដីសង់លំនៅឋានរស់នៅ។
អ្នកតាំងទីលំនៅថ្មីមួយរូបឈ្មោះ កុយ ពៅ សំណូមពរសុំរាជរដ្ឋាភិបាលអនុគ្រោះ និងកាត់ដីនោះចេញពីដីចម្ការកៅស៊ូ ហើយផ្តល់កម្មសិទ្ធិជូនពលរដ្ឋបានរស់នៅចិញ្ចឹមក្រុមគ្រួសារ ដូចពលរដ្ឋខ្មែរដទៃទៀត។ លោកបន្តថា នឹងមិនចាកចេញពីរោងស្នាក់នៅនេះទេ បើទោះបីប្រឈមនឹងការរុះរើបណ្ដេញចេញពីក្រុមសមត្ថកិច្ចជាច្រើនលើកក្តី៖ «រដ្ឋាភិបាលជួយដោះស្រាយឲ្យបានតែមួយផ្ទះៗក៏ខ្ញុំអរដែរ។ ១០ម៉ែត្របួនជ្រុងក៏យកដែរ អរណាស់! គ្មានតែម្តង ស្បថជើងជាន់ធរណីកូនសម្លាញ់ ៧នាក់»។
ចម្ការកៅស៊ូរដ្ឋនៅខេត្តរតនគិរី ជាង ៣ពាន់ហិកតារ បន្សល់ពីសម័យសង្គមរាស្ត្រនិយម បានវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនចិន ឈ្មោះ ស្វីហ្វរ៉ាប់ប័រ រតនគិរី ប្លិនថេសិន (Swift Rubber Rattanakiri Plantation)។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងកាប់ដើមកៅស៊ូចាស់ចោល ហើយដាំថ្មីឡើងវិញ ជាពិសេសចម្ការកៅស៊ូនៅស្រុកអូរជុំ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋផ្អើលនាំគ្នាទៅចាប់ដីធ្វើរោងស្នាក់នៅកាន់តែច្រើនឡើង។
ប្រធានការិយាល័យរដ្ឋបាលក្រុមហ៊ុន ស្វីហ្វរ៉ាប់ប័រ លោក ងិន បូរិន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនបានប្ដឹងករណីនេះតាមផ្លូវតុលាការរួចហើយ ដើម្បីការពារដីវិនិយោគរបស់រដ្ឋ។ លោកបន្តថា នេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនតាមកិច្ចសន្យាវិនិយោគជាមួយក្រសួងកសិកម្ម៖ «មានតែអាជ្ញាធរខេត្តទេដែលអាចដោះស្រាយបានបញ្ហាដីធ្លី ព្រោះក្រុមហ៊ុនហួសពីសមត្ថភាព។ និយាយរួម ក្រុមហ៊ុនអត់មានដីសម្រាប់ចែកជូនឲ្យអ្នកណាម្នាក់ទេ មានតែភារកិច្ចការពារដីជូនរដ្ឋ»។
ស្ថិតិរបស់អាជ្ញាធរឃុំអូរជុំ មុនឆ្នាំ២០១០ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា និងកម្មករចម្ការកៅស៊ូមកតាំងទីលំនៅនៅតំបន់នោះមាន ៥១គ្រួសារ។ តួលេខនេះកើនឡើងដល់ជាង ១០០គ្រួសារ ក្នុងឆ្នាំ២០១៣ និងកើនឡើងដល់ជាង ៣០០គ្រួសារ នាពេលបច្ចុប្បន្ន។
អភិបាលស្រុកអូរជុំ លោក សាក់សុន មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ អាជ្ញាធរមូលដ្ឋានបានអនុគ្រោះឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ ធ្វើកិច្ចសន្យាតាំងទីលំនៅបណ្ដោះអាសន្នលើដីចម្ការកៅស៊ូរដ្ឋ និងមិនអនុញ្ញាតឲ្យពង្រីកដីដាំដុះដំណាំយុទ្ធសាស្ត្រ និងពង្រីកលំនៅឋាន រង់ចាំដំណោះស្រាយរបស់អាជ្ញាធរខេត្ត ក៏ប៉ុន្តែអ្នកតាំងទីលំនៅខុសច្បាប់បានល្មើសការណែនាំ និងមានប្រជាពលរដ្ឋថ្មីៗបន្ថែមទៀតចូលមកចាប់ដី ធ្វើរោងប្រក់សំពត់កៅស៊ូដោយបំពានច្បាប់៖ «វាច្រើនពេកមកពីកំពង់ចាម សឹងគ្រប់ ខេត្តបាត់ដំបង មកពីក្រចេះ ប៉ុន្តែមានគោលការណ៍របស់គេហើយខាងតុលាការ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ហៅការទន្ទ្រានចូលកាន់កាប់ដីរដ្ឋថាជាអំពើខុសច្បាប់។ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍សុំដីសម្បទានសង្គមកិច្ច ចំពោះប្រជាពលរដ្ឋគ្មានដីរស់នៅពិតប្រាកដ។ លោកបន្តថា អាជ្ញាធរខេត្តគួរចាត់វិធានការដោះស្រាយដីសង្គមកិច្ច ដល់អតីតអ្នកតាំងទីលំនៅលើដីចម្ការកៅស៊ូប្រមាណ ១០០គ្រួសារ ដែលបានរស់នៅលើដីចម្ការកៅស៊ូរដ្ឋច្រើនឆ្នាំមកហើយ៖ «តាមគោលនយោបាយជូនប្រជាពលរដ្ឋដែលរស់នៅពីមុននោះ។ យើងគិតថាជាង ១០០គ្រួសារប៉ុណ្ណឹងទេ ហើយបើយើងមានគោលនយោបាយច្បាស់លាស់ចំពោះពលរដ្ឋ ១០០គ្រួសារប៉ុណ្ណឹង អ្នកដែលមកក្រោយៗក៏គាត់មិនហ៊ានមកដែរ ខុសច្បាប់ទាំងស្រុង»។
តួលេខរបស់ក្រុមហ៊ុន ស្វីហ្វរ៉ាប់ប័រ បានឲ្យដឹងថា កាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋ និងកម្មកររស់នៅលើដីចម្ការកៅស៊ូរដ្ឋខុសច្បាប់នៅខេត្តរតនគិរី ជាង ២០០គ្រួសារ នៅស្រុកអូរជុំ និងក្រុងបានលុង។ បច្ចុប្បន្ន នៅឃុំកាចាញ ក្រុមអាជ្ញាធរ និងក្រុមហ៊ុន អនុញ្ញាតឲ្យប្រជាពលរដ្ឋតាំងទីលំនៅបណ្ដោះអាសន្នលើទំហំក្បាលដីដែលប្រជាពលរដ្ឋចូលកាន់កាប់ជាក់ស្តែង និងបណ្តោយក្បាលដី ៦០ម៉ែត្រ។
យ៉ាងណាក៏ដោយ មន្ត្រីអាជ្ញាធរខេត្តឲ្យដឹងថា អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាល ចំពោះអ្នកតាំងទីលំនៅថ្មីៗក្រោយឆ្នាំ២០១៣ ចេញពីតំបន់នោះនាពេលឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
