សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹង​តាមោក ៥​នាក់​ជាប់​ពន្ធនាគារ​រយៈពេល ៨ខែ

ដោយ ខាន់ លក្ខិណា
2024.05.21
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹង​តាមោក ៥​នាក់​ជាប់​ពន្ធនាគារ​រយៈពេល ៨ខែ ពលរដ្ឋមានជម្លោះដី​នៅតំបន់តាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចូលរួមឃ្លាំមើលសវនាការ​​នៅសាលាឧទ្ធរណ៍​ភ្នំពេញ កាលពីថ្ងៃទី១៧ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ខកចិត្ត ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ងួន រតនា នៅ​ថ្ងៃទី​២១ ខែ​ឧសភា បាន​ប្រកាស​សាលដីកា​ផ្ដន្ទាទោស ពលរដ្ឋ​បឹងតាមោក​ចំនួន ៥ នាក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ ពី​បទ​« ប្រឆាំង នឹង​អ្នករាជការ​សាធារណៈ​» ដែល​ប្ដឹង​ដោយ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ។

ពលរដ្ឋ​រស់នៅ​តំបន់​តាមោក ហៅ​ការ​សម្រេច​សេចក្ដី​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​កាត់ក្ដី​ឱ្យ​ពួកគាត់​មាន​ទោស​ជាប់​ពន្ធនាគារ ៨ ខែ ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​នេះ ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបាក់ស្មារតី​ពួកគាត់។

ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោក លោក ស៊ួន សៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែ​ឧសភា ថា ពួកគាត់​នឹង​ប្តឹង​សាទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​បន្ត​ទៀត​។ លោក​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ ថា​ជា​ការ​ដាក់​សម្ពាធ និង​គំរាម​ហែង លើ​ពួកគាត់ ដែល​មិន​ព្រម​ដោះដូរ​ដី​ទៅតាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល។

លោក ស៊ួន សៅ៖ «ខ្ញុំ​យល់​ថា វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អី​ដែល​ខុសច្បាប់ បែរជា​ពួក​ខ្ញុំ​ត្រូវ​មានទោស ជាប់​ពន្ធនាគារ​ហើយ​ហ្នឹង ពិន័យ​ជា​ប្រាក់ ១​លាន​រៀល​ទៀត​។ ពួក​ខ្ញុំ​មាន​លុយ​ណា​ទៅ​ឱ្យ បើ​រកតែ​លុយ​ទិញ​អង្ករ​ស៊ី​មិន​បាន​ផង មួយ​ព្រឹក​ទិញ​អង្ករ​មួយ​គីឡូ ល្ងាច​ទិញ​អង្ករ​មួយ​គីឡូ»

កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​ប្រជា​ពលរដ្ឋ​ចំនួន ៥​នាក់ ដាក់​ពន្ធនាគារ​រយៈពេល ៨​ខែ និង​ពិន័យ​ជា ប្រាក់​ក្នុង​ម្នាក់ៗ ១ លាន​រៀល​ពី​បទ​«​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន ទម្ងន់ទោស​» ដែល​ប្ដឹង​ដោយ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី។

ប្រជាពលរដ្ឋ​ទាំង ៥ នាក់​នោះ រួមមាន លោក ស៊ួន សៅ លោកស្រី អំ ភឿន និង​លោក ស៊ា សំបាត់ ជាដើម។ យ៉ាងណា ទោស ៨​ខែ នេះ​ត្រូវ​ព្យួរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា លើកឡើង​ថា ការ​ប្រើប្រាស់​យន្តការ​តុលាការ ដើម្បី​ដាក់ទោស​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នេះ មិនមែន​​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​ការរក​យុត្តិធម៌ ឡើយ​។ ផ្ទុយទៅវិញ លោក​ថា សកម្មភាព​នេះ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព ឬ​ដាក់​សម្ពាធ​ទៅលើ​ភាគី​ម្ខាង​ទៀត ដែល​ធ្វើ​ឱ្យ​មាន​អតុល្យភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះដីធ្លី។

លោក​ថា ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា ដោយសារតែ​ការ​រំលោភបំពាន​ដីធ្លី​នេះ មិនគួរ​ណា​ត្រូវ​បាន​រារាំង​និង​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ពីព្រោះ ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​តវ៉ា​ទាមទារ និង​ស្វែងរក​យុត្តិធម៌ គឺជា​សេរីភាព​មួយ ដែល​ធានា​ដោយ​ច្បាប់។

លោក នី សុខា៖ «ខ្ញុំ​យល់​ថា អាជ្ញាធរ​ក៏ដូចជា រដ្ឋាភិបាល​គួរតែ​ងាក​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​ធ្វើ​ការ​ប្រមូល​ព័ត៌មាន ហើយ​រក​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ទៅ​ប្រជាពលរដ្ឋ​។ ក្នុង​ន័យ​មួយ​ថា ដើម្បី​សម្របសម្រួល​ដោះស្រាយ យក​បញ្ហា​ហ្នឹង មក​ដោះស្រាយ​គ្នា ដោយ​ឈរ​មូលដ្ឋាន​ច្បាប់ ឈរ​ទៅលើ​មូលដ្ឋាន​កាន់កាប់​ឱ្យ​បាន​ត្រឹមត្រូវ ជាជាង​យើង​យក​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់ទោស​ទណ្ឌ​លើ​ភាគី​ប្រជាពលរដ្ឋ»

ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងតាមោក បាន​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ មក​ហើយ ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ប្រគល់​ដី​នៅ​តំបន់​នោះ ឱ្យទៅ​អ្នក​មាន​លុយ​មាន​អំណាច​ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា។

ចំណែក​ពលរដ្ឋ​វិញ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញពី​ដី​លំនៅឋាន​ដោយ​បង្ខំ ហើយ ពលរដ្ឋ​ខ្លះ ដែល​មិន​ព្រម​ចាកចេញ​និង​បន្ត​ទាមទារ​ឱ្យ​អភិវឌ្ឍន៍​នឹង​នៅ​កន្លែង​នោះ ត្រូវ​ជាប់​បណ្ដឹង​ជា​ច្រើន​ករណី​នៅ​តុលាការ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា បើ​អាជ្ញាធរ​នៅតែ​ប្រើប្រាស់​យន្តការ តុលាការ​បន្ត​ទៀត​នោះ បញ្ហា​ដីធ្លី គឺ​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។