សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ ពលរដ្ឋ​នៅ​បឹងតាមោក ៦នាក់ ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី១៧ ឧសភា

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ ពលរដ្ឋ​នៅ​បឹងតាមោក ចំនួន​ ៦នាក់​ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃទី១៧ ឧសភា ពាក់ព័ន្ធ​នឹង​ការ​រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​តូបលក់ដូរ​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគេ នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ កាល​ពី​ចុងឆ្នាំ២០២៣ កន្លងទៅ។ ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល​លើកឡើង​ថា តុលាការ​គួរតែ​ទម្លាក់​ការ​ចោទប្រកាន់​នេះ ហើយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា កាល​ពី​ថ្ងៃ​ទី៣ ឧសភា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ចំនួន​៦នាក់​ចូល​ខ្លួន​ដើម្បី​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ឧសភាខាង​មុខ​នេះ។

ពលរដ្ឋ​ទាំង​ ៦​នាក់​នោះ រួម​មាន លោកស្រី យន់ គឹមយឿន លោកស្រី គង់ តឿ លោក យន សម្បត្តិ និង​ពលរដ្ឋ​ ៣នាក់​ផ្សេង​ទៀត។ តុលាការ​ចោទ​ប្រកាន់​ពួក​គេ ពី​បទ ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​រារាំង​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​តូប​លក់​ដូរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៥១ ក្នុង​សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៣​ កន្លង​ទៅ។

ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ក្នុង​សង្កាត់​សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ក្រោយ​ពី​អាជ្ញាធរ​បាន​ប្រើប្រាស់​អំពើ​ហិង្សា និង​រុះរើ​តូប​លក់​ដូរ​របស់​ពួក​គេ កាល​ពី​ចុង​ឆ្នាំ២០២៣ អាជ្ញាធរ​ថែម​ទាំង​ប្ដឹង​ពលរដ្ឋ​ចំនួន ៦នាក់​ទៅ​តុលាការ​ថែម​ទៀត។

ពលរដ្ឋ​រស់​នៅ​ក្បែរ​បឹង​តាមោក​លោកស្រី យន គឹមយឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី១៥ ឧសភា​ថា អាជ្ញាធរ​កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ឧសភា បាន​យក​ដីកា​បង្គាប់​ឲ្យ​​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ចំនួន ៦នាក់​ឲ្យ​ចូល​ខ្លួន ដើម្បី​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ឧសភា។ លោកស្រី​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ ៦នាក់ ដែល​មាន​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ គឺ​មាន​គ្រួសារ​របស់​លោក​ស្រី​ចំនួន ៥នាក់។ លោកស្រី​ថា មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​ទេ ហើយ​ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោកស្រី និង​គ្រួសារ។

លោកស្រី យន គឹមយឿន៖«ខ្ញុំ​សំណូមពរ​ដល់​តុលាការ​ឲ្យ​ជួយ​មើល​ថា វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​អ្នក​រងគ្រោះ​ដែរ​ឬ​អត់?ព្រោះ​អី​ពួក​ខ្ញុំ​អត់​មាន​រារាំង​ខាង​អាជ្ញាធរ​ណា​ទេ តែ​ខ្ញុំ​គ្រាន់​តែ​សុំ​តូប​លក់ដូរ​បន្តិច​បន្តួច ហើយ​ក៏​អត់​បាន​ប៉ះពាល់​ខាង​សណ្ដាប់​ធ្នាប់​ណា​ដែរ សូម​ឲ្យ​គាត់​ទម្លាក់​បទ​ចោទ ដែល​គេ​ប្ដឹង​ខ្ញុំ​ហ្នឹង ព្រោះ​ពួក​ខ្ញុំ​អត់​មាន​កំហុស ទៅ​ដល់​ទោស​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ទេ»។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៥ ឧសភា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា វិវាទ​ដីធ្លី​នៅ​តំបន់​បឹងតាមោក គឺ​មាន​ភាព​ស្មុគស្មាញ​ដោយសារ​តែ​វិវាទ​នេះ​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន ដូច​ជា ភាគី​រដ្ឋ ឯកជន អាជ្ញាធរ និង​ពលរដ្ឋ​ជាដើម។ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ បន្ថែម​ថា ដើម្បី​ដោះស្រាយ​វិវាទ​នេះ ដោយ​សន្តិវិធី ភាគី​ពាក់ព័ន្ធ​គួរតែ​ជជែក​គ្នា ដើម្បី​ស្វែងរក ដំណោះស្រាយ​ដែល​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន។

លោក រស់ សុដ្ឋា៖«មើល​ទៅ​ទំនង​កន្លែង​ហ្នឹង គឺ​មិន​អាច​រួចផុត​ពី​ការ​អភិវឌ្ឍ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា ដំណោះស្រាយ​សមស្រប​ណា​មួយ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន គួរ​តែ​ត្រូវ​បាន​លើក​ឡើង ហើយ​ក៏​សម្រួល​គ្នា​ទៅ​កុំ​ឲ្យ​វា​វែង​ឆ្ងាយ។ អ្វី ដែល​ជា​ការ​ព្រួយ​បារម្ភ​ហ្នឹង​គឺ​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តុលាការ ដែល​អាច​ថា មិន​បាន​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​ត្រូវ​ការ ឬ​ក៏​មិន​បាន​ពេញ​ចិត្ត​ដោយ​ភាគី​ទាំង​សងខាង​ យើង​ត្រូវ​យក​យន្តការ ឬ​ដំណោះស្រាយ​ណា​មួយ ដែល​ភាគី​ទាំង​សង​ខាង​អាច​ទទួល​យក​បាន​ដើម្បី​ឲ្យ​វិវាទ​នេះ វា​ស្ងប់ស្ងាត់»។

ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃរបស់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក បាន​អូស​បន្លាយ​ពេល​ជិត ៥ឆ្នាំ​មក​ហើយ ក្រោយ​ពី​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់​ដី​នៅ​តំបន់​នោះ ឱ្យ​ទៅ​អ្នក​មាន​លុយ​មាន​អំណាច​ជា​បន្ត​បន្ទាប់ សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​ គ្នា។ ចំណែក​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ពី​ដី​លំនៅឋាន​ដោយ​បង្ខំ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ព្រាត់ប្រាស​គ្រួសារ ដោយសារ​ភៀស​ខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព និង​ពលរដ្ឋ​ខ្លះ​ទៀត ត្រូវ​ជាប់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ករណី នៅ​តុលាការ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ លើកឡើង​ថា ពួកគេ​មិន​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ឲ្យ​បាន​សមរម្យ ដែល​អាច​ឲ្យ​ពលរដ្ឋ​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។