មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះវិហារ​បដិសេធ​ការ​ឆ្លើយ​ទម្លាក់​កំហុស​ជុំវិញ​ការ​លក់​ដី​របស់​រដ្ឋ

ដោយ ហង្ស សាវយុត
2017-07-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ។ រូបថត​ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ។ រូបថត​ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ថា គាត់​ពិត​ជា​បាន​កាត់​ដី​មន្ទីរ​របស់​រដ្ឋ​ខ្លះ​លក់​ទៅ​ឱ្យ​ឯកជន​មែន។ អតីត​ប្រធាន​មន្ទីរ​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​កាត់​ដី​ខ្លះ​របស់​មន្ទីរ​រ៉ែ និង​ថាមពល លក់​ទៅ​ឱ្យ​ឯកជន គឺ​ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ចំនួន ១៦​រូប បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​លក់​ដើម្បី​បាន​ប្រាក់​ខ្លះ​ចែក​គ្នា​គ្រាន់​ដោះស្រាយ​ជីវភាព​ខ្វះខាត។ ប៉ុន្តែ​មន្ត្រី​របស់​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ។

មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ខ្លះ មាន​ប្រតិកម្ម​តប​នឹង​អតីត​ប្រធាន​របស់​ពួកគេ​ថា ការ​ដែល​ឆ្លើយ​ប្រាប់​តុលាការ​ក្រុង​ភ្នំពេញ អំពី​ការ​កាត់​ដី​ខ្លះ​របស់​មន្ទីរ លក់​ទៅ​ឱ្យ​ឯកជន​ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ជា​ច្រើន​បញ្ចុះបញ្ចូល​នោះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

ក្រុម​មន្ត្រី​ទាំង​នោះ​និយាយ​ថា ការ​ឆ្លើយ​របស់​អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បែប​នេះ គឺ​ជា​ចេតនា​ឈ្នានីស​មន្ត្រី​ជា​ច្រើន​ទៀត ឱ្យ​ប្រឈម​មុខ​ទៅ​នឹង​ផ្លូវ​ច្បាប់​ជាមួយ​នឹង​រូប​គាត់​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន ហើយ​កំពុងតែ​ឃុំខ្លួន​នោះ​ដែរ។

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ គឺ​លោក សំ លាងនី។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​ប្រធាន​មន្ទីរ​ថ្មី​ដែល​ទទួល​តំណែង​បន្ត​ពី​រូប​លោក​ទៅ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​កាត់​ដី​របស់​មន្ទីរ​ខ្លះ​យក​ទៅ​លក់​ឱ្យ​ឯកជន​នោះ គឺ​រូប​លោក​ក៏​បាន​ទៅ​ឆ្លើយ​បំភ្លឺ​ជា​សាក្សី​ដែរ។

លោក សំ លាងនី បញ្ជាក់​ថា កាល​ពី​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១១ ហើយ​លោក គង់ មករា មក​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ជំនួស​នោះ គឺ​ដី​របស់​មន្ទីរ​នៅ​មាន​ប្លង់ និង​ផែនទី​ព្រំប្រទល់​យ៉ាង​ត្រឹមត្រូវ។ ប៉ុន្តែ​ចាប់​តាំង​ពី​លោក គង់ មករា ឡើង​កាន់​តំណែង​បន្ទាប់​ពី​លោក​បាន​រយៈពេល ៣​ឆ្នាំ​មក ស្រាប់​តែ​ឮ​សូរ​ថា មាន​ការ​លួច​កាត់​ដី​របស់​មន្ទីរ​ខ្លះ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន។

លោក សំ លាងនី ទទួល​ស្គាល់​ថា ដី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ គឺ​ពិត​ជា​បាត់បង់​ខ្លះ​មែន​ក្នុង​ពេល​ដែល​លោក គង់ មករា ឡើង​ធ្វើ​ជា​ប្រធាន៖ «ពេល​ដែល​ខ្ញុំ​ប្រគល់​ឱ្យ​នៅ​ឆ្នាំ​២០១១ ដី​ហ្នឹង​មាន​ព្រំប្រទល់​ទៅ​ទល់​នឹង​ផ្ទះ​មន្ត្រី​មួយ​ឈ្មោះ អ៊ូច អុន តែ​នៅ​ឆ្នាំ​២០១៣ មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ឈ្មោះ នួន ផល្លី បាន​ស៊ុមគ្រលុំ​គ្នា​ជាមួយ​នឹង​ប្រធាន​មន្ទីរ​ថ្មី កាត់​ដី​ខ្លះ​ចេញ ហើយ​ធ្វើ​ជា​ប្លង់​កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់»

កាល​ពី​ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លក់​ដី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នេះ ហើយ​បាន​ឃាត់​ខ្លួន​ប្រធាន​មន្ទីរ​ថ្មី លោក គង់ មករា និង​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​ទៀត​ឈ្មោះ នូន ផល្លី ជា​បណ្ដោះអាសន្ន។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា តុលាការ​ក្រុង​ភ្នំពេញ បាន​សាកសួរ​អ្នក​ទាំង​ពីរ​ជុំវិញ​ករណី​នោះ។

អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក គង់ មករា បាន​ឆ្លើយ​ថា លោក​ពិតជា​បាន​កាត់​ដី​ទំហំ ១.៥០០​ម៉ែត្រក្រឡា​របស់​មន្ទីរ​លក់​ទៅ​ឱ្យ​ឯកជន​មែន ដោយ​បាន​ប្រាក់​ចំនួន ៦៥.០០០​ដុល្លារ​អាមេរិក។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​លក់​ដី​នោះ ដោយសារ​តែ​មន្ត្រី​ចាស់ៗ​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​នោះ​ចំនួន ១៦​រូប បាន​បញ្ចុះបញ្ចូល​ឱ្យ​លក់​ដើម្បី​បាន​លុយ​ខ្លះ​ចែក​គ្នា​យក​ទៅ​ដោះស្រាយ​ជីវភាព។ អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ ដដែល​ឱ្យ​ដឹង​ទៀត​ថា លុយ​ដែល​បាន​ពី​ការ​លក់​ដី​នោះ គឺ​បាន​ចែក​ទៅ​ឱ្យ​មន្ត្រី​មន្ទីរ​ម្នាក់ៗ​ចំនួន ២.០០០​ដុល្លារ ចំណែក​រូបលោក​បាន​ទទួល ១​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​បាន​យក​លុយ​នោះ​ទៅ​ទិញ​ម៉ូតូ​ថ្មី សម្រាប់​ឱ្យ​បុគ្គលិក​យក​ទៅ​ប្រើប្រាស់​នៅ​ពេល​ចុះ​បម្រើ​ការ​នៅ​តាម​មូលដ្ឋាន។

ទោះ​ជា​យ៉ាង​ណា​អាស៊ីសេរី មិន​អាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ មករា គឺ​លោក ទួត លុច ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ចម្លើយ​កូន​ក្ដី​របស់​លោក​បាន​ថា យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ដកស្រង់​សម្ដី​របស់​លោក​មេធាវី ទួត លុច កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា​កូន​ក្តី​របស់​លោក​គួរ​តែ​ត្រូវ​បាន​ដោះ​លែង។ ប្រសិនបើ​កូន​ក្ដី​របស់​លោក​ត្រូវ​ជាប់​ទោស​ពី​បទ​លក់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​គឺ​មន្ត្រី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​ព្រះវិហារ ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​ជាប់​ពាក់ព័ន្ធ​ដែរ ពីព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ទទួល​ផល​ពី​ការ​លក់​ដី​នេះ​ដូច​គ្នា។

ប្រធាន​ស្ដីទី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ លោក យូ ចិន្តាយុត្តិ បាន​ប្រតិកម្ម​តប​នឹង​ចម្លើយ​របស់​អតីត​ប្រធាន​របស់​ខ្លួន​ដែល​ឆ្លើយ​ទម្លាក់​កំហុស​មក​លើ​មន្ត្រី​ចាស់ៗ​ចំនួន ១៦​រូប​ទៀត​នោះ។ លោក យូ ចិន្តាយុត្តិ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្នុង​នាម​ជា​ប្រធាន​មិន​គួរ​ឆ្លើយ​ទម្លាក់​កំហុស​មក​លើ​កូន​ចៅ​របស់​ខ្លួន​ឯង​ដូច្នេះ​ឡើយ៖ «បើសិនជា​គាត់​ឆ្លើយ​អ៊ីចឹង​មាន​ន័យ​ថា គាត់​មាន​គំនិត​ឈ្នានីស​តែម្ដង។ ប៉ុន្តែ​ទោះ​យ៉ាង​ណា រូប​ខ្ញុំ និង​មន្ត្រី​ជា​ច្រើន​ទៀត​មិន​បារម្ភ​ទេ ពីព្រោះ​កំហុស​របស់​ទទួល​ខុស​ត្រូវ​គឺ​គេ​បាន​ឃើញ​រួច​ហើយ»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា តាម​លោក​ស៊ើប​អង្កេត​គឺ​រក​ឃើញ​ថា អតីត​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក គង់ មករា ពិត​ជា​បាន​លក់​ដី​របស់​រដ្ឋ​ដូច​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​នោះ​មែន៖ «ជា​ផ្លូវ​ច្បាប់​គឺ​លោក គង់ មករា ពិត​ជា​មាន​ពិរុទ្ធភាព ដែល​អាច​ចោទ​ប្រកាន់​បាន ពីព្រោះ​យើង​ឃើញ​រហូត​មក​ដល់​បច្ចុប្បន្ន ដី​នោះ​ឥឡូវ​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ទៅ​ហើយ»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ចង់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ថា តើ​មាន​មន្ត្រី​ធំៗ​ណា​ខ្លះ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ក្នុង​ការ​កាត់​ដី​មន្ទីរ​របស់​រដ្ឋ​លក់​ទៅ​ឱ្យ​ឯកជន​នោះ ពីព្រោះ​គេ​មិន​ជឿ​ថា ឋានៈ​ត្រឹម​ប្រធាន​មន្ទីរ​អាច​ហ៊ាន​កាត់​ដី​របស់​រដ្ឋ​លក់​ទៅ​ឱ្យ​ឯកជន​ដោយ​ងាយៗ​ដូច្នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល