អភិបាល​រង​រាជធានី​ភ្នំពេញ​ថា​នឹង​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង

ដោយ ប្រាជ្ញ ចេវ
2016-12-23
Share
សាងសង់​ផ្លូវ​រថភ្លើង ឫស្សីកែវ ៨៥៥ គ្រឿង​ចក្រ​​ឈូស​ឆាយ​ផ្លូវ​រថភ្លើង​ចាស់​ដើម្បី​ធ្វើ​ផ្លូវ​ថ្មី​នៅ​ភូមិ​ស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អភិបាល​រង​រាជធានី​ភ្នំពេញ អះអាង​ថា នៅ​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រមូល​ទិន្នន័យ​របស់​ពលរដ្ឋ​រស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​គ្រប់គ្រាន់​ហើយ ដើម្បី​ឆ្ពោះ​ទៅ​ការ​ផ្ដល់​ដំណោះស្រាយ​ជូន​ក្រុម​ពលរដ្ឋ​ប៉ះពាល់​ក្នុង​តំបន់។ ការ​ថ្លែង​បែប​នេះ ខណៈ​ក្រុម​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ នាំ​គ្នា​ប្រមូល​ទាមទារ​តវ៉ា​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​ដល់​ដី​ផ្ទះ​របស់​ពួក​គេ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​ដំណោះ​ជូន​ពលរដ្ឋ​ជា​មុន​សិន​មុន​នឹង​ចាប់​ធ្វើ​ឈូស​ឆាយ​សាងសង់​ផ្លូវ​ថ្មី​លើ​ផ្លូវ​រថភ្លើង។ ដូច​គ្នា​នេះ​ដែរ ដំណាលគ្នា​ដែល​សំឡេង​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ផ្លូវ​រថភ្លើង​ចាស់ ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ព្រោះ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ ប្រមាណ ១០០​នាក់ នាំ​គ្នា​ប្រមូល​ទាមទារ​តវ៉ា​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​ដល់​ដី​​ផ្ទះ​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ៖ «សំឡេង​ទាមទារ»

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែង​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង គឺ​ជា​ដំណោះស្រាយ​មួយ​ក្នុង​ចំណោម​ដំណោះស្រាយ​នានា ដែល​សាលាក្រុង​ផ្ដល់​ឲ្យ​ជូន​ក្រុម​ពលរដ្ឋ៖ «យើង​នឹង​ពិភាក្សា​ទាំង​អស់​គ្នា ក្នុង​គណៈកម្មការ​នេះ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ល្អ​ដល់​ពលរដ្ឋ​គឺ​ថា ក្រោយ​ពី​យើង​ធ្វើ​ផ្លូវ​នេះ​ហើយ គឺ​នឹង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់»

លោក​បញ្ជាក់​ថា កាល​ពី​មុន​ក្រុម​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង មិន​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី ហើយ​ការ​ដែល​មាន​ផ្ដល់​ប្លង់​កម្មសិទ្ធិ​នេះ ជា​ប្រយោជន៍​ដល់​ពលរដ្ឋ។

លោកស្រី សាយ លាងអេង ជា​ពលរដ្ឋ​រស់​នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ប្រាប់​ឲ្យ​ដឹង​ថា លោកស្រី​មិន​ដែល​បាន​ជួប​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ដឹង​ពី​ការ​ផ្ដល់​សំណង​ម្ដង​ណា​ឡើយ។ លោក​ទាមទារ​ឲ្យ​សាលាក្រុង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​ចាប់​ផ្ដើម​ការ​សាងសង់។ ពលរដ្ឋ​រូប​នេះ​ក៏​មិន​ខុស​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ  ចង់​បាន​សំណង​ជា​ដី ជា​ផ្ទះ ដែល​សក្ដិសម​ទៅ​នឹង​ការ​បាត់បង់​របស់​លោកស្រី៖ «យើង​មិន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​នេះ​ទេ ប៉ុន្តែ​ចង់​ផ្ញើ​សារ​ឲ្យ​ទៅ​សម្ដេច​តេជោ និង​អាជ្ញាធរ​ពាក់ព័ន្ធ សុំ​ឲ្យ​គាត់​ផ្ដល់​មុន​នឹង​ផ្លាស់ប្ដូរ​ទី​លំនៅ​ពលរដ្ឋ សុំ​ឲ្យ​គាត់​មាន​ដំណោះស្រាយ​សមរម្យ ត្រឹមត្រូវ​ជាក់​លាក់»

ទាក់ទង​ការ​សាងសង់​ផ្លូវ​នេះ​ដែរ អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​២០ ខែ​ធ្នូ ថា ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក តាម​ផ្លូវ​រថភ្លើង​ដែល​ចាស់​ទ្រុឌទ្រោម​មិន​មាន​ដំណើរ​ការ​ចាប់​ពី​ផ្លូវ​លេខ​៧០ ដល់​ផ្លូវ​ជាតិ​លេខ​៥។ គម្រោង​ស្ថាបនា​ផ្លូវ​នេះ គឺ​ចាប់​ពី​គីឡូម៉ែត្រ​លេខ​៦ រហូត​ដល់​ផ្លូវ​ទំនប់​៧០ ប្រវែង ៤.៥១០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ​សង្ខាង មាន​សួន និង​បង្គោល​ភ្លើង​កណ្ដាល ប្រើ​រយៈពេល​ប្រមាណ​ជា ៥​ខែ។

​ប្រធាន​អង្គការ​សមធម៌ លោក អៀង វុទ្ធី ដែល​តាមដាន​ដំណើរ​ការ​នៃ​ការ​សាងសង់​ផ្លូវ​នេះ យល់​ថា ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​គ្មាន​ទឹក​ភ្នែក​ពលរដ្ឋ​លុះ​ត្រា​ណា​រដ្ឋាភិបាល ឬ​សាលាក្រុង​ភ្នំពេញ ផ្ដល់​សំណង​ដែល​មាន​តម្លៃ​ស្មើ​នឹង​ការ​បាត់បង់​របស់​ពលរដ្ឋ៖ «ប្រសិន​មាន​ការ​អភិវឌ្ឍ យើង​ត្រូវ​មាន​ការ​សិក្សា​ជា​មុន​សិន បាន​ឈាន​ទៅ​ដល់​ដំណើរ​ការ​ដោះស្រាយ ថា​តើ​មាន​ប៉ុន្មាន​គ្រួសារ​ប៉ះពាល់ ហើយ​ដោះស្រាយ​យ៉ាង​ម៉េច?»

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មិន​ទាន់​ឲ្យ​ដឹង​ពី​ចំនួន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ឬ​ទំហំ​នៃ​សំណង​នេះ​នៅ​ឡើយ​ទេ។ លោក​ថា សាលាក្រុង​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ពលរដ្ឋ​ទាក់ទង​គម្រោង​ផ្ដល់​សំណង​នេះ។  ខណៈ​ក្រុម​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​សំណង​នេះ​ដែរ គ្រឿងចក្រ​ក្រុម​ការងារ​របស់​សាលា​រាជធានី​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ និង​កាយ​យក​ឆ្អឹង​ដែក​នៃ​ផ្លូវ​រថភ្លើង​ចេញ។ សកម្មភាព​នេះ កើត​មាន​គឺ​បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល