ប្រជាពលរដ្ឋរស់នៅឃុំស្រែសំបូរ ខេត្តស្ទឹងត្រែង នៅតែព្រួយបារម្ភខ្លាចក្រុមហ៊ុន ខ្មែរហេនឌឹថេក (Khmer Hende Tech) ត្រឡប់មកយកដីស្រែចម្ការរបស់ពួកគាត់វិញ ខណៈកន្លងទៅក្រុមហ៊ុននេះ បានចុះបោះបង្គោលហ៊ុមព័ទ្ធយកដីស្រែចម្ការពលរដ្ឋជាច្រើនគ្រួសារ។ មន្ត្រីសង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលធ្វើការដោះស្រាយឲ្យមានតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។
ប្រជាពលរដ្ឋស្ថិតនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាង ២ពាន់គ្រួសារ នៅតែព្រួយបារម្ភខ្លាចក្រុមហ៊ុន ខ្មែរ ហេនឌឹថេក (Khmer Hende Tech) ត្រឡប់មកយកដីស្រែចម្ការរបស់ពួកគាត់វិញ បើទោះបីក្រុមហ៊ុនបានផ្អាកសកម្មភាពចុះបោះបង្គោលយកដីប្រជាពលរដ្ឋយ៉ាងណាក្ដី។ អ្នកភូមិថា បន្ទាប់ពីមានការតវ៉ា និងផ្សព្វផ្សាយជាសាធារណៈរួចមក ក្រុមហ៊ុនខ្មែរ ហេនឌឹថេក (khmer Hende Tech) បានផ្អាកសកម្មភាពមួយរយៈ ប៉ុន្តែសម្ភារៈប្រើប្រាស់មួយចំនួនរបស់ក្រុមហ៊ុន នៅតែមានវត្តមាននៅក្នុងបរិវេណឃុំនៅឡើយ។
តំណាងឲ្យប្រជាពលរដ្ឋនៅឃុំស្រែសំបូរ លោក ឃន ឌឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែកុម្ភៈ ថា បន្ទាប់ពីពលរដ្ឋតវ៉ា និងផ្សព្វផ្សាយជាសាធារណៈរួចមក ក្រុមហ៊ុន ខ្មែរហេនឌឹថេក បានផ្អាកសកម្មភាពចុះបោះបង្គោលរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋ ប៉ុន្តែគ្រឿងចក្រ និងសម្ភារៈរបស់ក្រុមហ៊ុននេះនៅតែមានវត្តមានក្នុងឃុំ ធ្វើឲ្យពលរដ្ឋមួយចំនួនមានការព្រួយបារម្ភខ្លាចក្រុមហ៊ុន ខ្មែរហេនឌឹថេក វិលមកម្ដងទៀត ។ លោកបន្ថែមថា ក្រុមហ៊ុនបានលាក់បាំងព័ត៌មានមួយចំនួនមិនឲ្យប្រជាពលរដ្ឋដឹង សូម្បីឯកសារផ្លូវការណាមួយ ក៏មិនបង្ហាញប្រាប់ប្រជាពលរដ្ឋដែរ ដោយគ្រាន់តែបញ្ជូនតំណាងមកអះអាងថា ក្រុមហ៊ុន ខ្មែរហេនឌឹថេក ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលចាស់ ចំនួន ១ម៉ឺនហិកតារតែប៉ុណ្ណោះ។ លោកស្នើទៅរដ្ឋាភិបាល ប្រសិនបើក្រុមហ៊ុននេះទទួលបានដីសម្បទាននៅតំបន់នេះមែននោះ រដ្ឋាភិបាលត្រូវតែដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយនេះ ដោយសារមានផលប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋច្រើនលើសលប់។
លោក ឃន ឌឿន៖ «តាមបំណងរបស់ប្រជាពលរដ្ឋចង់ឲ្យគេបញ្ឈប់ហ្នឹងហើយ ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ បើសិនជាយកដីទាំងអស់នេះទៀត ប្រជាពលរដ្ឋមិនដឹងគ្នារកប្រាក់ចំណូលមកពីណាទេ បើអត់មានដីផង ដីឥឡូវបានដាំដំឡូងស្វាយចន្ទីទាំងអស់ហ្នឹង ហើយគ្នាមានជីវភាពគ្រាន់បើ បើអស់ដីដូចឥឡូវទៀតគ្នាមិនដឹងទៅរកខាងណាទេឥឡូវ ជាការសំណូមពរហ្នឹង សំណូមពរធ្វើយ៉ាងណាកុំឲ្យក្រុមហ៊ុនគេយកតទៅទៀត»។
លើសពីនោះ អ្នកភូមិទទូចទៅអាជ្ញាធរពាក់ព័ន្ធ មិនត្រូវជួយលាក់បាំងព័ត៌មាន ជំនួសក្រុមហ៊ុនឯកជននេះ ត្រូវផ្ដល់ព័ត៌មាននិងជួយការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពីព្រោះពួកគេគឺជាម្ចាស់ទឹកដីនៅតំបន់នោះ។

ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងថា រហូតមកដល់ពេលនេះអាជ្ញាធរខេត្តនៅមិនទាន់ទទួលបានពាក្យបណ្ដឹងពីពលរដ្ឋរងគ្រោះដីធ្លីនេះនោះទេ ។លោកបន្ថែមថា ប្រសិនបើមានករណីចុះបោះបង្គោលយកដីប្រជាពលរដ្ឋ និងមានការស្នើសុំពីពលរដ្ឋ អាជ្ញាធរខេត្តនឹងចុះទៅរកដំណោះស្រាយដល់ពលរដ្ឋនៅតំបន់នោះ។
លោក ម៉ែន គុង៖ «ជារួមផែនទីវិនិយោគដែលអនុញ្ញាតពីរដ្ឋាភិបាលមិនបានប៉ះពាល់ដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនោះទេ ខ្ញុំពិនិត្យមើលសំណើសំណូមពររបស់ប្រជាពលរដ្ឋហើយចាត់ឲ្យផ្នែកជំនាញទាំងអស់ធ្វើការស្រាវជ្រាវករណីហ្នឹង ហើយប្រសិនជារកឃើញថា មានផលប៉ះពាល់និងធ្វើការងារជាមួយប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋក្រុមហ៊ុន និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងផែនទីដែលមាននៅលើក្រដាស និងផ្ទៃដីពិតប្រាកដ»។
បើទោះជាបែបនេះក្ដី ពលរដ្ឋអះអាងថា នៅមុនពេលបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋបានចេញតវ៉ាម្ដងរួច និងដាក់សំណើទៅអាជ្ញាធរឃុំម្ដងរួចទៅហើយ ដោយសារក្រុមហ៊ុន ខ្មែរ ហេនឌឹថេក បានចុះលួចបោះបង្គោលយកដីពលរដ្ឋដោយស្ងាត់ៗ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ឃើញថា ប្រសិនបើក្រុមហ៊ុននេះមិនបានបង្ហាញឯកសារផ្លូវការដល់អាជ្ញាធរ និងប្រជាពលរដ្ឋនោះទេ រួចទៅបោះបង្គោលយកដីធ្លីរបស់ប្រជាពលរដ្ឋស្ងាត់ៗនោះ វាជាទង្វើខុសច្បាប់ ។ លោកបន្ថែមថា រាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជន រដ្ឋាភិបាលត្រូវតែសិក្សាពីផលប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាននៅតំបន់នោះឲ្យបានត្រឹមត្រូវ និងតម្លាភាព ព្រមទាំងរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។
លោក វណ្ណ សុផាត៖ «អ៊ីចឹងមុននឹងការអភិវឌ្ឍអ្វីមួយរដ្ឋមានតួនាទីកាតព្វកិច្ច ដើម្បីតម្រង់ទិសទៅដល់ក្រុមហ៊ុនហ្នឹងមិនឲ្យប៉ះពាល់ដីពលរដ្ឋទេ បើមិនអ៊ីចឹងទេប្រជាពលរដ្ឋយើងគឺអត់មានអ្វីធ្វើស្រែធ្វើចម្ការអត់មានអ្វីអាស្រ័យផល ហើយកន្លែងខ្លះ គម្រោងអភិវឌ្ឍខ្លះបណ្ដេញគាត់ចេញ យកដីគាត់ទៅឲ្យក្រុមហ៊ុននឹងសុទ្ធតែជារឿងមួយក្នុងការរំលោភសិទ្ធិមនុស្ស»។
ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ មកពីភូមិចំនួន៦ស្ថិតនៅឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវក្រុមហ៊ុនឈ្មោះ ខ្មែរហេនឌឹថេក បោះបង្គោលរំលោភយកដីស្រែចម្ការ របស់ពួកគាត់ដោយក្នុង១គ្រួសារមានដីចាប់ពី ៣ហិកតារ ទៅ៥ហិកតារ ដែលពួកគាត់អាស្រ័យផលតាំងពីយូរណាស់មកហើយ។ ពួកគាត់មិនព្រមចាកចេញពីភូមិកំណើត និងមិនព្រមឲ្យដីស្រែចម្ការ របស់ពួកគាត់ទៅឲ្យក្រុមហ៊ុននេះនោះទេ បើសិនក្រុមហ៊ុន មិនព្រមផ្ដល់សំណងសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។