ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ឌែលខម​កម្ពុជា ដែល​យក​ទាហាន​ប្រើ​កាំភ្លើង​គំរាម​បាញ់​ពលរដ្ឋ

ដោយ ​ហ៊ុំ ចំរើន
2024.12.19
ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ឌែលខម​កម្ពុជា ដែល​យក​ទាហាន​ប្រើ​កាំភ្លើង​គំរាម​បាញ់​ពលរដ្ឋ ​ទិដ្ឋភាពពលរដ្ឋខេត្តព្រះវិហារជាង​២០០ នាក់ លើកគ្នាតវ៉ាប្រឆាំងក្រុមហ៊ុន ឌែលខមកម្ពុជា ហាមពួកគាត់មិនឱ្យរែងរ៉ែមាស លក្ខណសហគមន៍បែបប្រពៃណី​ កាលពីថ្ងៃទី ១៥ ធ្នូ ២០២៤។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

ពលរដ្ឋ​ប្រមាណ ២០០នាក់​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន ឌែលខម​កម្ពុជា (Delcom Cambodia) ដែល​យក​កម្លាំង​ទាហាន ប្រដាប់​អាវុធ​គំរាម​បាញ់​ពលរដ្ឋ​ណា ដែល​ទៅ​រុក​រក​រ៉ែ​មាស តាម​តំបន់​ភ្នំ​លុង ជា​លក្ខណៈ​គ្រួសារ​បែប​ប្រពៃណី

ពលរដ្ឋ​ទាំង​នោះ​ភាគច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ក្នុង​ឃុំរមណីយ និង​ឃុំ​រមទម្យ ស្រុក​រវៀង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន ឌែលខម កម្ពុជា បញ្ឈប់​យក​ទាហាន​ពាក់​ឯកសណ្ឋាន​ ស្ពាយ​កាំភ្លើង​អាកា (AK) កាង​ហួង​ហែង​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ឋិត​ក្នុង​តំបន់​ភ្នំលុង និង​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​រក​រ៉ែមាស។

ពួកគាត់​ថ្លែង​បែប​នេះ នៅ​ក្នុង​វេទិកាសាធារណៈ​ធ្វើឡើង​ក្នុង​ភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមទម​ដោយ​មាន​ពលរដ្ឋ​ចូលរួម ២០០​នាក់ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១៧ ធ្នូ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំង​ទន្ទឹម លោក ម៉ៅ សាគុណ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ឧសភា ថា  មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​អាជ្ញាធរ​មិន​ទាន់​ទទួល​យក​សំណើ​របស់​ពលរដ្ឋ​ដោះស្រាយ​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​ដាក់​សម្ពាធ​ឱ្យ​អ្នកភូមិ ចម្លង​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី និង​ឯកសារ​ពាក់ព័ន្ធ​ប្រគល់​ជូន​មន្ត្រី​ ដើម្បី​ស្រង់​ស្ថិតិ​ប្រជាជន​ទៅ​វិញ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា​ បង្កើត​ភាព​ស្មុគស្មាញ​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ហើយ​លម្អៀង​ទៅ​ខាង​ភាគី​ក្រុមហ៊ុន។

លោក ម៉ៅ សាគុណ៖ «គ្មាន​មនុស្ស​ឯណា​ចង់​យក​ជីវិត​ទៅ​លេង​ជាមួយ​គ្រាប់​កំាភ្លើង​ទេ ! សន្តិសុខ​ការពារ​ក្រុមហ៊ុន​គេ​មាន​កាំភ្លើង​មិន​ត្រូវ​មក​រាតត្បាត​ដាក់​ប្រជា​ពលរដ្ឋ​ទេ​ ព្រោះ​ដី​ទាំង​នោះ​ជា​របស់​រដ្ឋ»

អ្នកភូមិ​ឱ្យ​ដឹង​ថា ផ្នែក​ខ្លះ​នៃ​ភ្នំលុង មាន​ផ្ទៃ​ដី​ជិត ២​ពាន់​ហិកតារ ត្រូវ​ក្រុមហ៊ុន​ឌែលខម ហ៊ុមព័ទ្ធ​យក​ ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែមាស ចាប់​តាំង​ពី​ឆ្នាំ​២០២២ ហើយ​ក៏​មាន​ដី​ព្រៃ​ផ្នែក​ខ្លះ​ទៀត​ ឋិត​នៅ​ប៉ែក​ខាង​ជើង​ភ្នំលុង និង​ភាគ​ខាង​ត្បូង​ភ្នំ ក៏​ត្រូវ​ក្រុមហ៊ុន​នេះ​ទិញ​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​ផ្ទៃ​ដី​អាជីវកម្ម រ៉ែ​មាស​ជា​ច្រើន​ហិកតារ។

បច្ចុប្បន្ននៅ​សេស​សល់​ចំណុច​កណ្តាល​ភ្នំ ឬ​ជម្រាល​ភ្នំ​ផ្នែក​ខាង​លើ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ពលរដ្ឋ​តែងតែ​ចូល​ទៅ​រុក​រ៉ែមាស ក៏​ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ទាហាន​រារាំង និង​គំរាម​កំហែង​ដោយ​កាំភ្លើង។

តំណាង​សហគមន៍ លោក ទុយ ឆេង បាន​ថ្លែង​ក្នុង​វេទិកា​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ និង​មន្ត្រី​ក្រសួងរ៉ែ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​ ដើម្បី​សម្រាល​ទុក្ខ​វេទនា​ពលរដ្ឋ។

លោក ទុយ ឆេង៖ «ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ប្រជាជន​ខ្លាំង​ណាស់​។ ដូច្នេះ​ សូម​កង​កម្លាំង​កុំ​ដើរ​ទន្ទ្រាន​ធ្វើ​បាប​ប្រជាជន យក​លុយ​គំរាម​ប្រជាជន ដែល​ពួកគាត់​ទៅ​រក​មុខ​របរ​សុខ​បែប​យ៉ាង»

លោក ទុយ ឆេង វ័យ ៦៨ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មក​ទល់​ពេល​នេះ​ សហគមន៍​នៅ​តែ​មិន​អាច​ចូល​ទៅ​រុក​រក​រ៉ែ​មាស តាម​តំបន់​ជើងភ្នំ ព្រោះ​ខ្លាច​មន្ត្រី​យោធាគំរាម​កំហែង។

លោក ទុយ ឆេង៖ «គេ​ធ្វើការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស គេ​គំរាម​កំហែង​បាញ់​ប្រហារ ហើយ​គេ​បាញ់​ប្រជាជន​ស្អីៗ​ តែ​ពួក​ប្រជាជន​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច»

ឆ្លើយតប​រឿង​នេះ អនុប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងរ៉ែ និងថាមពល លោក គង់ ប៊ុនថា បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ថា លោក​នឹង​ព្យាយាម​រក​ដំណោះស្រាយ​ណា​មួយ​ជូន​សហគមន៍ ដើម្បី​ឱ្យ​ពលរដ្ឋ និង​ក្រុមហ៊ុន​អាច​ទទួល​យក​បាន ហើយ​ធ្វើការ​ជា​មួយ​គ្នា​ប្រកប​ដោយ​សុខដុមនីយកម្ម។ 

លោក​បញ្ជាក់​ថា ក្រុមហ៊ុន និង​ពលរដ្ឋ ត្រូវ​សហការ​គ្នា​ឱ្យ​ល្អ​ដោយ​មិន​អាច​ខ្វះ​ភាគី​ណា​មួយ​ឡើយ។

លោក គង់ ប៊ុនថា៖ «មិន​កាន់​ជើង​ខាង​ណា​ទេ ធ្វើ​ម៉េច​ជជែក​គ្នា​ដោយ​សន្តិវិធី​ ព្រោះ​បងប្អូន​នៅ​ទីនេះ​យូរ​ឆ្នាំ​ហើយ បើ​បងប្អូន​បន្ត​នៅ​ទីនេះ​ទៀត​នឹង​បង្កើត​ភាព​មិន​ចុះ​សម្រុង​ពាណិជ្ជកម្ម​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​មិន​អាច​ខ្វះ​អ្នក​ណា​បាន​ទេ»

ទាក់ទង​នឹង​ក្រុមហ៊ុន​ឯកជន​ប្រើប្រាស់​ទាហាន​ឱ្យ​ជួយ​កាង​ការពារ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក មេការ​ក្រុមហ៊ុន​ឌែលខម កម្ពុជា​លោក សរ សិរីវិចិត្រ ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ព្រះវិហារ លោក ម៉ៃ វុទ្ធី យល់​ថា អាជ្ញាធរ​គួរតែ​បែងចែក​ឱ្យ​ច្បាស់​រវាង​ដី​ដែល​ក្រុមហ៊ុន​វិនិយោគ​ និង​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ពលរដ្ឋ​មាន​ទម្លាប់​ចូល​ទៅ​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​បែប​ប្រពៃណី។

លោក​ថា ក្រុម​ទាហាន​ប្រើ​កាំ​ភ្លើង​គំរាម​កំហែង​ពលរដ្ឋ ដើម្បី​ការពារ​ក្រុមហ៊ុន​ឯកជន​ ជា​ទង្វើ​ខុសច្បាប់។

លោក ម៉ៃ វុទ្ធី៖ «បើ​និយាយ​តាម​ច្បាប់​ គឺ​ខុស ​ព្រោះ​ទាហាន​មិន​អាច​មក​ការពារ​ក្រុមហ៊ុន​ទេ។ ខុស​ត្រង់​ទាហាន​មក​កាង​ដី​របស់​រដ្ឋ​។ ដី​ខ្លះ​មាន​ប្លង់​ចេញ​ពី​រដ្ឋ​ហើយ​ តែ​គាត់​នៅ​តែ​កាង​ទៀត ទោះ​បី​នោះ​ជា​ដី​យើង ក៏​គាត់​មិន​ឱ្យ​រក​ដែរ»

ប្រជា​សហគមន៍​បន្ថែម​ថា តំបន់​ភ្នំលុង​មាន​សក្ដានុពល​ធនធាន​រ៉ែ​មាស​មាន​តម្លៃ​មហាសាល​ ត្រូវ​ក្រុមហ៊ុន​ជាច្រើន​ដណ្ដើម​ដី​គ្នា​ពុះ​ធ្វើ​អាជីវកម្ម និង​មាន​ថៅ​កែ​ជា​ជនជាតិ​ចិន និង​វៀតណាម​ បាន​ជួល​អ្នក​មាន​អំណាច​កាង​អាជីវកម្ម​ឲ្យ​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ះពាល់​ដល់​កន្លែង​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។

ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​សមរម្យ​ និង​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​គ្នា ព្រោះ​អ្នកភូមិ​ខ្លះ គ្មាន​ជំនឿ​លើ​មន្ត្រី​ក្រសួង​រ៉ែ​ ដែល​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។