ពលរដ្ឋរង​របួស​ក្នុង​អំពើ​ហិង្សា​ក្នុង​​ពេល​តវ៉ា​រឿងដី​ធ្លី​នៅ​ភូមិ​ព្រៃ​ពាយ​​ ស្នើសុំ​​អាជ្ញាធរ​ខេត្ត​កំពត​​​ជួយ​រក​យុត្តិធម៌

ដោយ មាន ឫទ្ធិ
2021-09-20
Share
ពលរដ្ឋរង​របួស​ក្នុង​អំពើ​ហិង្សា​ក្នុង​​ពេល​តវ៉ា​រឿងដី​ធ្លី​នៅ​ភូមិ​ព្រៃ​ពាយ​​ ស្នើសុំ​​អាជ្ញាធរ​ខេត្ត​កំពត​​​ជួយ​រក​យុត្តិធម៌ ស្ត្រីពីរនាក់ដែលមានជម្លោះដីធ្លីនៅ​ភូមិ​ព្រៃ​ពាយ​ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​​ បានឡើងលើដងគ្រឿងចក្រលើកដៃសំពះស្នើសុំ​​អាជ្ញាធរ​ខេត្ត​កំពត​​​ជួយ​រក​យុត្តិធម៌​កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

ពលរដ្ឋ​​​ដែលរង​របួស​ក្នុង​​ពេល​តវ៉ា​ជម្លោះ​​ដីធ្លីនៅ​ភូមិ​ព្រៃ​ពាយ​ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​​ ស្នើសុំ​​អាជ្ញាធរ​ខេត្ត​កំពត​​​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់។ សង្គម​ស៊ីវិល​​ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​​​បញ្ចប់​​វិវាទ​​ដីធ្លី​​​ទើប​អាច​បញ្ចប់​ជម្លោះ​​រវាង​អ្នក​ភូមិ​​​ជាមួយ​ក្រុម​​ឈ្មួញ​​​​​​បាន​​។​​​

អ្នក​ភូមិ​ព្រៃ​ពាយ​​ខ្លះ​ ចាប់​ផ្ដើម​រអា​ក្នុង​ការ​​​​ចេញ​តវ៉ា​ជាមួយ​ឈ្មួញ​ហើយ ក្រោយ​ពេល​​ក្រុម​បក្ខ​ពួក​​របស់​​ឈ្មួញ​ដី​​ចាប់​វាយ​ធ្វើ​បាប​អ្នក​ភូមិ​យ៉ាង​ចាស់​ដៃ​ កាល​ពី​​​ថ្មីៗ​នេះ​។

អ្នក​ភូមិ​ព្រៃ​ពាយ​ម្នាក់លោកស្រី​ ង៉ែត យឿន ឲ្យ​ដឹង​ថា ​​កាល​ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា អ្នក​ភូមិ​ជិត​សែសិប​(៣៧) ​គ្រួសារ ​បាន​នាំ​គ្នា​ចេញ​តវ៉ា​​ទាមទារ​​ឲ្យ​កម្មករ​របស់​​ឈ្មួញ​ដី​ម្នាក់​​ដែល​​អ្នក​ភូមិ​ស្គាល់​ថា ​ជា​​ឧកញ៉ាឈ្មោះ ប៉ែន នួន ឲ្យបញ្ឈប់​ការ​ឈូស​ឆាយ​ដី​ចម្ការ​របស់​អ្នក​ភូមិ ហើយ​​ស្នើសុំ​ឲ្យ​​យក​​គ្រឿងចក្រ​​ចេញ​ពី​តំបន់​មាន​ជម្លោះ​។

ស្ត្រី​វ័យ​ជាង ​៥០ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​​ថា ក្រោយ​ពេល​អ្នក​ភូមិ​​តវ៉ា​បាន​បន្តិច​ស្រាប់​តែ​មាន​មនុស្ស​​ប្រុស​មួយ​ក្រុម​ដោយ​ខ្លះ​​មាន​កាន់​​ដំបង​ក្នុង​ដៃ​ផង​បាន​ស្ទុះ​មក​ចាប់​វាយ​ក្រុម​អ្នក​តវ៉ា​។ នៅ​ពេល​ប៉ះ​ទង្គិច​គ្នា​នោះលោកស្រី ង៉ែត យឿន ភ័យខ្លាច​​​ ហើយ​មិន​ដឹង​រត់​ទៅ​ណា​ លោកស្រី​​​ក៏​ស្រវា​ឡើង​លើ​គ្រឿងចក្រ​ដើម្បី​ស្រែកទាមទារ​ឲ្យ​បញ្ឈប់​ការ​រំលោភ​យក​ដី​អ្នក​ភូមិ​ទៀត៖ «ខ្ញុំ​នឹង​ឃើញ​ថា​ បើ​សិន​ជា​នៅ​ប្រវាយ​ប្រតប់​គ្នា​ គេ​រុញ​ទៅ​រុញ​មក​អ៊ីចឹង​ ប្រហែល​ជា​យើង​មិន​ឈ្នះ​គេ​ទេ​ គេ​គ្នា​ច្រើន​។ ខ្ញុំ​នឹក​​ឃើញ​​អ៊ីចឹង​មាន​តែ​រត់​ទៅ​ទំ​នៅ​លើ​ដែក​អា​អ៊ិច​ហ្នឹង​ហើយ​កុំ​ឲ្យ​បើក​កាយ​ណា។ ខ្ញុំ​វា​គិត​អ្វី​អត់​ឃើញ​។ គិត​អ្វី​អត់​ឃើញ​តែ​ម្ដង​ រួច​ហើយ​មក​ដេក​ភ័យ​ខ្លួន​ឯង​ថា​បើ​សិន​គេ​បើក​ទៅ​គេ​បោក​ខ្ញុំ​ស្លាប់​ហើយ​ មើល​ទៅ​ហ្ន៎ះ»។​​

លោកស្រីបន្ត​ថា ​​​​​​អ្នក​​​ភូមិ​ព្រៃ​ពាយ​​ច្រើន​នាក់​ឲ្យ​​​របួសក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នេះ​។ ប៉ុន្តែ​​​អ្នក​ភូមិ​២​នាក់​របួស​​​​ធ្ងន់ គឺ​​ឈ្មោះ​​ អឿន សុខនៅ និង​ម្នាក់​ទៀត​ គឺ​ជា​​​ប្ដី​របស់​លោកស្រី​ឈ្មោះ លឹម​ រុំ។ អ្នក​ភូមិ​​បាន​បញ្ជូន​​បុរស​ទាំង​២​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ក្នុង​ស្រុក​ឈូក ប៉ុន្តែ​ដោយសារ​ខាង​គ្រួសារ​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ ទើប​ពួកគាត់​ស្នើសុំ​ឲ្យ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត​វិញ។

បច្ចុប្បន្នលោក អឿន សុខនៅ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​​សម្រាក​​នៅ​ផ្ទះ​វិញ​ហើយ ព្រោះ​គ្មាន​​​លទ្ធភាព​បង់​ថ្លៃ​​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បន្ត​ទៀត​។ ឯ​លោកស្រី ង៉ែត យឿន ក៏​​ត្រៀម​សុំ​​គ្រូ​ពេទ្យ​ឲ្យ​លោក លឹម រុំ ​ចេញ​ពី​មន្ទីរ​ពេទ្យ​ដែរ ​ព្រោះ​លោកស្រី​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ទេ។

​វិទ្យុ​អាស៊ី​សេរី​ មិន​​ទាន់អាចទាក់ទងសុំការឆ្លើយតបពី​​ខាង​​ភាគី​លោក ប៉ែន នួន ដែល​អ្នក​ភូមិ​អះអាង​ថា​ ជា​គូរ​ជម្លោះ​​ក្នុង​ករណី​នេះ​​ទេ។ វិទ្យុ​អាស៊ី​សេរី​ក៏មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​មេឃុំ​ត្រពាំង​ភ្លាំងលោក ថាវ វណ្ណារ៉េត និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពតលោក ភូ លិ និង​លោក វ៉ិត វឌ្ឍនា បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា។ ចំណែក​ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពត​ទទួល​បន្ទុក​ព្រហ្មទណ្ឌលោក លត ញ៉ាវ ប្រាប់​អាស៊ី​សេរី​​​យ៉ាង​ខ្លី​ថា ​ខាង​នគរបាល​មិន​ទាន់​ទទួល​បាន​​ពាក្យ​ប្ដឹង​ក្នុង​​ករណី​​​នេះ​ទេ។

ជុំវិញ​ករណីនេះ​ពលរដ្ឋ​រង​របួស​​ដដែល គឺលោកស្រី​ ង៉ែត យឿន ឲ្យ​ដឹង​ថា ​​អ្នក​ភូមិ​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​​នោះ​ទេ ព្រោះ​ពួកគាត់​ភាគច្រើន​​ គឺ​ជា​កសិករ​មិន​ចេះ​អក្សរ។ ប៉ុន្តែ​​​ពួកគាត់​តែងតែ​បាន​​ទូរស័ព្ទ​ប្រាប់​​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជារឿយៗឲ្យ​មក​ជួយ​​ឃាត់​គ្រឿង​ចក្រ​​ និង​​​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​​មក​ដោះស្រាយ​​។ លោកស្រី​អះអាង​ថា​ ​​អាជ្ញាធរឬ​នគរ​បាល​​​មិន​​បាន​ចុះ​ទៅ​ដោះស្រាយ​ឲ្យ​ពួកគាត់​ទេ ទើប​ពួកគាត់​​នាំ​គ្នា​តវ៉ា​ដើម្បី​ការ​ពារ​ដី​ចម្ការ​ដោយ​ខ្លួន​ឯង​​។ ​រយៈ​ពេល​កន្លះ​ខែ​ចុង​​ក្រោយ​​នេះ អ្នក​ភូមិ​​ព្រៃ​ពាយ​ បាន​ចេញ​នាំ​គ្នា​តវ៉ា​យ៉ាង​តិច​ណាស់​៣​ដង​​​​។ ក្នុង​ពេល​តវ៉ា​ទាំង​​នេះ ​​​​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ចុះ​ទៅ​ដោះស្រាយ​ឲ្យ​អ្នក​ភូមិ​ទេ។

​​​សង្គម​ស៊ីវិល​​ព្រួយ​បារម្ភ​ថា​​​ ករណី​ហិង្សា​​​នេះ ​​នឹង​​​បន្ត​​​កើត​ឡើង​ទៀត​ ប្រសិន​បើ​អាជ្ញាធរ​មិន​ប្រញាប់​ដោះស្រាយ​ទេ​។​ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ខេត្ត​កំពត​លោក ប៉ែន វុទ្ធា ឲ្យ​ដឹង​ថា ​​ពលរដ្ឋ​បាន​ចូល​ទៅ​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​​​ដើម្បី​​បង្ក​បង្កើន​ផល​​នៅ​ភូមិ​ព្រៃពាយ​ច្រើន​ឆ្នាំ​ហើយ​ ​ប៉ុន្តែ​ក្រោយ​មក​​មាន​ក្រុម​ឈ្មួញ​ជាច្រើន​សុទ្ធ​សឹង​តែ​ជា​អ្នក​​មាន​លុយ និង​មាន​អំណាច​បាន​ចូល​ទៅ​​ដណ្ដើម​​​​ដី​នោះ​បន្ត​ពី​​អ្នក​ភូមិ​ ទើប​បណ្ដាល​ឲ្យ​កើត​មាន​ជម្លោះ​ហិង្សា​ដល់​សព្វ​ថ្ងៃ​។ លោក​យល់​ថា​ អាជ្ញាធរ​​គួរ​តែ​រក​យន្ត​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​គ្រប់​ភាគី​ទទួល​យក​បាន​ទើប​អាច​បញ្ចប់​បញ្ហា​នេះ​បាន៖ «បើ​សិន​ជា​យើង​(អាជ្ញាធរ)​អត់​ធ្វើការ​ដោះ​​ស្រាយ​​ទេ ហើយ​យើង​ទុក​រឿង​ហ្នឹង​ដដែល​ហើយ​ឲ្យ​ខាង​ភាគី​ដែល​គាត់​មាន​លុយ​មាន​អំណាច​គាត់​យក​ទៅ​ធ្វើការ​ឈូស​ឆាយ​ដី​ដំណាំ​ប្រជាពលរដ្ឋ​ យើង​មើល​ទៅវា​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទេ ដែល​គាត់​ជា​អ្នក​ក្រីក្រ​»។ 

​​ច្រើន​ឆ្នាំ​​មក​នេះ ​អ្នក​ភូមិ​​ព្រៃ​ពាយ​​នាំ​គ្នា​ដាក់​ញត្តិ​​​សុំ​កិច្ច​អន្តរាគមន៍​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឈ្មួញ​ដី​​ច្រើន​ដង​ហើយ​ទាំង​នៅ​សាលា​ខេត្ត​កំពត និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ប៉ុន្តែ​​មិន​ទទួល​បាន​​លទ្ធផល​អ្វី​​ទេ។ ទោះ​ជា​អ្នក​យ៉ាង​អ្នក​ភូមិ​​ប្ដេជ្ញា​ថា ​ពួកគាត់​​នឹង​នាំ​គ្នា​តវ៉ា​ទៀត​​ រហូត​ដល់​មាន​ដំណោះស្រាយ​៕​​​​​​​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល