ក្រុមអាជីវករលក់ដូរបន្លែបង្ការក្រៅផ្សារបានលុង ចោទប្រកាន់អាជ្ញាធរក្រុងថាបានរំលោភសិទ្ធិប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។ ការចោទនេះ បន្ទាប់ពីអាជ្ញាធរក្រុង ដាក់កងប៉ូលិសបោះបង្គោលហ៊ុមព័ទ្ធដីជាកន្លែងដែលពលរដ្ឋកំពុងលក់ដូរចិញ្ចឹមជីវិត ដោយមិនបានជូនដំណឹង ឬមានគោលការណ៍ជាក់លាក់ទាក់ទិនការបណ្ដេញអ្នកភូមិចេញពីកន្លែងលក់ដូរ។
អាជីវករជិត ១០០នាក់ បង្ហាញភាពខឹងសម្បានឹងអាជ្ញាធរក្រុងបានលុង បន្ទាប់ពីក្រុមប៉ូលិសប្រមាណ ១០នាក់ ដឹកនាំដោយអភិបាលក្រុង ចុះបោះបង្គោលហ៊ុមព័ទ្ធដីផ្សារដែលពលរដ្ឋប្រកបរបរលក់ដូរចិញ្ចឹមជីវិតច្រើនឆ្នាំមកហើយ។
អាជីវករខ្លះ ចាត់ទុកទង្វើរបស់អភិបាលក្រុងថ្មីថាបានរំលោភបំពានសិទ្ធិរស់នៅរបស់ពលរដ្ឋ ដែលបានមកប្រកបរបរលក់ដូរនៅផ្សារនេះច្រើនឆ្នាំ ដើម្បីចិញ្ចឹមក្រុមគ្រួសារ។
អ្នកលក់ខោអាវជជុះឈ្មោះ អួង ម៉េងគឹង រៀបរាប់ថា អភិបាលក្រុងប្រើប្រាស់សម្ដីប្រមាថប្រជាពលរដ្ឋ មិនឲ្យតវ៉ាប្រឆាំងការបណ្ដេញប្រជាពលរដ្ឋមិនឲ្យលក់ដូរ និងមិនបានបង្ហាញលិខិតបទដ្ឋានទាក់ទិនការយកទីតាំងនោះ ដើម្បីធ្វើអ្វីច្បាស់លាស់ឡើយ៖ «គេប្រាប់ឲ្យរុះចេញទៅៗ ប៉ុន្តែអាជីវករម៉េចព្រមរុះ បើកន្លែងហ្នឹងអាជីវករអាស្រ័យផលរហូត។ អាជីវករសុំជំទាស់ជាដាច់ខាតជាមួយកម្លាំងចៅហ្វាយក្រុងថ្មីហ្នឹង លក្ខណៈគាត់គាបសង្កត់ប្រជាពលរដ្ឋទាំងស្រុង។ ផ្លាស់ប្ដូរចៅហ្វាយក្រុងថ្មីចេញទៅ ព្រោះចៅហ្វាយក្រុងចាស់អត់ធ្វើប៉ះពាល់ប្រជាពលរដ្ឋផង»។
កាលពីដើមឆ្នាំ២០១៥ អាជ្ញាធរក្រុងបានលុង បានដកហូតដីពីមុខផ្សារបានលុង ផ្នែកខាងលិច ដែលគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគផ្សារបានលុង ពីក្រុមហ៊ុនសាលៀង មកគ្រប់គ្រងវិញ ក្រោមហេតុផលថា ដីនោះជាដីសាធារណៈរបស់ក្រុង ហេតុនេះក្រុងដកដីទុកធ្វើសួនច្បារ។ ផ្ទុយទៅវិញបន្ទាប់ពីដកហូតដីចំណីផ្សារនេះ អាជ្ញាធរក្រុងបានប្រគល់ដីនោះទៅឲ្យក្រុមហ៊ុនឯកជន ជា គង់ ធ្វើជាកន្លែងចតយានយន្តបង់ប្រាក់ឈ្នួល ដោយគ្មានការដេញថ្លៃ។ ចំណែកដីខាងមុខផ្សារប៉ែកខាងកើត អាជ្ញាធរក្រុងបានដកហូតដូចគ្នា ហើយគ្រប់គ្រង និងកំណត់តម្លៃយកឈ្នួលពីអាជីវករលក់បន្លែបង្ការប្រចាំខែ។
អ្នកលក់បន្លែឈ្មោះ លឹម វ៉ាន់នី ហៅការគ្រប់គ្រងរបស់អាជ្ញាធរក្រុងលើទីតាំងលក់ដូរ ថាច្របាច់កអ្នកលក់ ព្រោះតម្លៃជួលកន្លែងលក់ទំហំពីរម៉ែត្របួនជ្រុងមួយខែ ៤ម៉ឺនរៀល ផ្ទុយពីក្រុមហ៊ុនវិនិយោគផ្សារ គេយកតែតម្លៃភាស៊ី ៥០០រៀលក្នុងមួយថ្ងៃ និងអនាម័យ ៣០០រៀលតែប៉ុណ្ណោះ។ លោកអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ប្រគល់ដីចំណីផ្សារទៅឲ្យក្រុមហ៊ុនវិនិយោគគ្រប់គ្រងវិញ ដើម្បីអ្នកលក់ដូរតូចតាចអាចមានលទ្ធភាពបង់ប្រាក់ភាស៊ី និងរកប្រាក់ចិញ្ចឹមជីវិតគ្រួសារបានសមរម្យ៖ «គាត់យកតាមអនាធិបតេយ្យ ក្រោមការគ្រប់គ្រងរបស់គាត់ អ៊ីចឹងខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាលបង្វិលផ្សារហ្នឹង ក្រោមអំណាចរបស់ក្រុងចូលផ្សារគ្រប់គ្រងវិញ។ ផ្សារគេអត់មានប៉ះពាល់ស្អីយើងទេ លក់ស្អីលក់ទៅ គេយកភាស៊ី និងអនាម័យ៥០០-៣០០ហ្នឹង»។
អភិបាលក្រុងបានលុង លោក អ៊ុក សំអុល នៅថ្ងៃទី២៤ ខែមេសា សុំមិនអធិប្បាយជុំវិញការតវ៉ាចោទប្រកាន់របស់អ្នកលក់ដូរនោះទេ ដោយលោកអះអាងថា ជាប់រវល់។ ក៏ប៉ុន្តែមន្ត្រីសង្កាត់មួយរូបសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា គម្រោងរបស់អាជ្ញាធរក្រុង គឺយកទីតាំងសង់តូបសម្រាប់លក់ ក៏ប៉ុន្តែបានផ្សព្វផ្សាយថា រៀបចំទីតាំងនេះជាកន្លែងលក់ដូរសម្រាប់ជនជាតិដើមភាគតិច។
ទាក់ទិនករណីនេះដែរ អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក មឹង ស៊ីនាដ មានប្រសាសន៍ថា អាជ្ញាធរក្រុងមិនបានធ្វើរបាយការណ៍ពីការរៀបចំទីតាំងមុខផ្សារ មកអាជ្ញាធរខេត្តនៅឡើយ ហេតុនេះបញ្ហាដែលកើតឡើង អាជ្ញាធរខេត្តមិនបានដឹងហេតុផលជាក់លាក់នោះទេ៖ «សាលាក្រុងគាត់មិនទាន់ធ្វើរបាយការណ៍មកខេត្ត មិនទាន់ទទួលបានព័ត៌មាននៅឡើយ ខ្ញុំមិនទាន់ដឹងច្បាស់»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្ត រតនគិរី លោក ឆាយ ធី ហៅចំណាត់ការរបស់អាជ្ញាធរក្រុង ថាបង្កឲ្យមានភាពមិនប្រក្រតីទាក់ទិនប្រាក់បានមកពីការជួលដី និងប្រាក់ចំណូលពីអ្នកលក់ដូរ និងបង្កប៉ះពាល់សិទ្ធិប្រជាពលរដ្ឋអ្នកលក់ដូរតូចតាច។ លោកកត់សម្គាល់ថា ក្រុមឯកជនដែលទទួលសិទ្ធិគ្រប់គ្រងដីចំណីផ្សារផ្នែកខាងលិច បានបង្កើនថ្លៃផ្ញើម៉ូតូពី ៥០០ ទៅ ១ពាន់រៀលក្នុងមួយគ្រឿង ខុសទៅនឹងសៀវភៅបន្ទុក៖ «សាលាក្រុងគាត់ថាយកទីសាធារណៈហ្នឹងដើម្បីធ្វើផ្សារ ជនជាតិត្រូវតែមានការបញ្ជាក់អាជីវករឲ្យបានច្បាស់លាស់ ថារៀបចំហើយឲ្យគាត់ចូលទៅលក់ដូរដូចដើមវិញ អាហ្នឹងអាជីវករគាត់អាចទទួលយកបាន។ បើទៅរុះរើតូប ហើយសាងសង់វិញដោយមិនបានបញ្ជាក់ថា ឲ្យគាត់ចូលលក់វិញ អាហ្នឹងរំលោភសិទ្ធិរស់រានមានជីវិតគាត់»។
តំណាងអ្នកលក់ដូរជាច្រើននាក់នៅផ្សារបានលុង កាលពីថ្ងៃទី២៣ ខែមេសា បាននាំគ្នាទៅការិយាល័យអ្នកតំណាងរាស្ត្រខេត្តរតនគិរី សុំឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការបណ្ដេញអ្នកលក់ដូរចេញពីកន្លែងលក់ដូររបស់អាជ្ញាធរក្រុង។
តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក ប៊ូ ឡាំ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរក្រុងយល់ព្រមផ្អាកគម្រោងបណ្ដេញអ្នកលក់ដូរយកទីតាំងនោះហើយ ដើម្បីទុកបញ្ហានេះជូនអាជ្ញាធរខេត្តជួយដោះស្រាយ៖ «យើងឲ្យក្រុងផ្អាកសាងសង់សិន ហើយទុកឲ្យខេត្តធ្វើការ»។
លោក អ៊ុក សំអុល បានចូលកាន់តំណែងអភិបាលក្រុងបានលុង នៅឆ្នាំ២០១៤ បន្ទាប់ពីអតីតអភិបាលក្រុងចាស់ លោក លី វិន ត្រូវផ្ទេរភារកិច្ចជាអភិបាលរងខេត្តរតនគិរី។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងបានលុង រិះគន់ការគ្រប់គ្រងរបស់អភិបាលក្រុងថ្មីនេះ បន្ទាប់ពីលោកបង្កបញ្ហាលំបាកឲ្យមានភាពយឺតយ៉ាវចេញលិខិតអនុញ្ញាតនានា ដែលប្រជាពលរដ្ឋស្នើសុំ ដូចជាលិខិតស្នើសុំសាងសង់លំនៅឋាន ជាដើម។ កន្លងទៅនេះ ម្ចាស់លក់ឆ្នោតកន្ទុយលេខនៅផ្សារបានលុង បានចោទលោកថា ប្រើវិធានការបង្ក្រាបកន្លែងលក់ឆ្នោតកន្ទុយលេខ ដើម្បីឲ្យម្ចាស់ឆ្នោតបង់ប្រាក់មួយខែពី ៥០ ទៅ ១០០ដុល្លារឲ្យអាជ្ញាធរក្រុង ទើបពួកគេអាចបន្តបើកលក់ឆ្នោតកន្ទុយលេខបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
