ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​បឹង​អូរតោង​ដោយ​អ្នក​មាន​អំណាច​ចាក់​លុប

ដោយ យ៉ង ចាន់តារា
2023.08.18
ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​បឹង​អូរតោង​ដោយ​អ្នក​មាន​អំណាច​ចាក់​លុប អភិបាលខេត្ត​កំពង់ស្ពឺ លោក វុី សំណាង។
រូប៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ

បឹង​ធម្មជាតិ​អូរតោង ដែល​ជា​អាង​ស្តុក​ទឹក​យ៉ាង​សំខាន់​ដែល​ពលរដ្ឋ​ចំនួន ២​ឃុំ រស់​នៅ​ខេត្ត​កំពង់ស្ពឺ​ប្រើប្រាស់​ប្រចាំថ្ងៃ កំពុង​ប្រឈម​ការ​រំលោភបំពាន ដោយ​បុគ្គល​មាន​លុយ​មាន​អំណាច។ ពលរដ្ឋ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កាយ​ដី​ដែល​ចាក់​លុប​បឹង​នេះ​ឱ្យ​ដូចដើម ដើម្បី​រក្សា​ទម្រង់​បរិស្ថាន​ធម្មជាតិ​ឱ្យ​ស្រស់​បំព្រង​ឡើងវិញ។

បឹង​ធម្មជាតិ​អូរតោង ឋិត​ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ក្លាយជា​ដីគោក​រាក់​មួយ​ផ្នែក​ធំ ដោយសារ​បុគ្គល​មានអំណាច បាន​ចាក់​ដី​លយ​ចូល​ផ្ទៃ​ទឹក​ចន្លោះ​ពី​៦០ ម៉ែត្រ​ដល់ ជិត ១០០​ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ​។ សកម្មភាព​ចាក់​ដី​លុប​ផ្នែក​ខ្លះ​នៃ​បឹង​នេះ ធ្វើឡើង​កាលពី​ខែកក្កដា​កន្លង​ទៅ មុន​ការ​បោះឆ្នោត​ជាតិ រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​ច្បាប់​លើ​ជន​ប្រព្រឹត្ត​នៅឡើយ​ទេ។

ពលរដ្ឋ​រស់​រស់នៅ​ឃុំ​ត្រពាំងជោ លោក នៅ ណែម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៧ សីហា​ថា ពលរដ្ឋ​រាប់ពាន់​គ្រួ​សារបាន​ប្រើប្រាស់​ទឹក​បឹង​នេះ​ប្រចាំថ្ងៃ ដោយ​ពលរដ្ឋ​ខ្លះទៀត ទទួលទាន និង​ដាំ​ស្ល ជាដើម​។ លោក​បន្ថែម​ថា ជន​ប្រព្រឹត្ត​ដែល​ចាក់​ដី​រំលោភ​យក​ផ្ទៃ​បឹង​នេះ គឺជា​មន្ត្រី​យោធា​ម្នាក់ ក៏ប៉ុន្តែ​អ្នកភូមិ​មិន​ស្គាល់ឈ្មោះ​និង​មិន​ដឹង​ថា តើ​បុគ្គល​នោះ​ធ្វើការ​នៅ​អង្គភាព​ណា​ទេ​?

លោក នៅ ណែម៖ «វា​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​គេ​មកលេង​ចាក់​ដី​មើលទៅ​បឹង​រាង​តូច លុប​មាត់​ទំនប់​អូរតោង​បាត់​ហើយ។ គាត់​ធ្វើ​ពាណិជ្ជកម្ម និង​ផ្ទះ​បង្គន់​ក្បែរៗ​ហ្នឹង វា​ប៉ះពាល់​ផ្ទះ​ក្បែរៗ​ហ្នឹង បើ​កាយ​ចេញ​វា​ស្អាតស្អំ​ឡើងវិញ វា​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុងភូមិ មួយ​ឃុំ​ត្រពាំង​ជោរ​ប្រើប្រាស់​ទឹក​ហ្នឹង​ទាំងអស់​ប៉ះពាល់»

បឹង​អូរតោង ក៏​ជា​អាង​ស្តុក​ទឹក​យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​ជាង ១០​ភូមិ រស់នៅ​ក្នុង​ឃុំ​ត្រពាំងជោ និង​ឃុំ​អមលាំង ប្រើប្រាស់ ដែល​ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់។ បឹង​នេះ​មាន​ទំហំ​រាប់​រយ​ហិកតារ​ប្រជុំភ្នំ​ខ្ពង់រាប ព័ទ្ធជុំវិញ​រំលេច​ទេសភាព​ស្រស់បំព្រង ដោយមាន​ប្រភព​ទឹក​ហូរ​ចេញពី​ល្អាង​ភ្នំ ខួប​ប្រាំង និង​វស្សា អំណោយផល​ដល់​វិស័យ​ទេសចរ ការ​ធ្វើ​កសិកម្ម និង​នេសាទ​ត្រី​ជាដើម ជាពិសេស​កន្លែង​ត្រី​មេ​ពូជ​ពង​កូន។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការអធិប្បាយ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ១៧ សីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

មេឃុំ​ត្រពាំង​ជោ លោក ទេព ណែម ទទួលស្គាល់​ថា ពិតជា​មានការ​ចាក់​ដី​លុប​បឹង​នេះ ក៏ប៉ុន្តែ​ពេល​នេះ​លោក​ថា បាន​ផ្អាក​ហើយ។

លោក ទេព ណែម៖ «មានអី​គេ​ឈប់​ចាក់​យូរហើយ​តើ បើ​ចង់​ច្បាស់​ប្អូន​សួរ​ទៅ​មេភូមិ»

ទាក់ទង​រឿង​នេះ សកម្មជន​ការពារ​បរិស្ថាន បាន​ចាត់ទុក​ទង្វើ​នេះ​ជា​គំរូ​អាក្រក់​មួយ ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​ធូររលុង និង​អសមត្ថភាព ការពារ​សម្បត្តិ​ជាតិ​របស់​អាជ្ញាធរ​មូលដ្ឋាន។

សកម្មជន​ការពារ​បរិស្ថាន ខេត្តកំពង់ស្ពឺ លោក លីង សារ៉ុម សង្កេត​ឃើញ​ថា ការ​ចាក់ដី​បឹង​នេះ​ឱ្យ​គោករាក់ ទំនងជា​អ្នក​ចាក់​នោះ​ចង់​សង់ផ្ទះ​លម្ហែ និង​សំណង់​អគារ ដើម្បី​រស់នៅ​អចិន្ត្រៃយ៍​ជាប់​ផ្ទៃ​បឹង​នោះ ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​គុណភាព​ទឹក។ លោក​ថា នៅ​គ្រា​ដែល​ផ្ទះ​ឯកជន និង​សំណង់​អាគារ សង់​លយ​ចូល​ផ្ទៃ​ទឹក ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​អគារ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​គុណភាព​ទឹក​បឹង​ទាំងមូល។

លោក លីង សារ៉ុម៖ «វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹក​ពលរដ្ឋ​ប្រើប្រាស់​ប៉ុន្មាន​ភូមិ​នៅ​ម្តុំ​ហ្នឹង ស្រោច​ដំណាំ ពលរដ្ឋ​ភាគច្រើន​ហូប​ទឹក​ហ្នឹង​ទៀត។ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​អភិបាលខេត្ត​ចុះ​ទៅ​មើល និង​កាយ​ដី​ឡើងវិញ ព្រោះ​ដី​ជា​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​បុគ្គល​ណា​យក​ទៅ​ប្រើប្រាស់​បាន​ទេ»

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ដែល​ចុះ​អង្កេត​រឿង​នេះ ពន្យល់​ថា ការ​ចាក់​ដី​លុប​បឹង​នេះ គឺជា​ទង្វើ​ល្មើសច្បាប់ ហើយ​លោក​នឹង​សរសេរ​លិខិត​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បំភ្លឺ​រឿង​នេះ៖ «កាលណា​ចាក់​ដី​មាន​គោលបំណង​ធ្វើ​ផ្ទះ និង​បើកហាង​អី ហើយ​បើសិន​បើក គឺ​ប៉ះពាល់​ហើយ ពលរដ្ឋ​រស់នៅ​ក្បែរៗ​ហ្នឹង ដែល​ប្រើប្រាស់​ទឹក​មិន​សុខចិត្ត​ទេ នឹង​ប្តឹងផ្តល់​ដែរ​។ គាត់​មានការ​ប្តឹងផ្តល់​ដែរ​។ សប្តាហ៍​ក្រោយ​ខ្ញុំ​ដាក់​លិខិត​ទៅ​មន្ទីរ បើ​អត់​មាន​ចំណាត់ការ គឺ​ខ្ញុំ​បន្ត​ទៅ​ក្រសួង​ធនធានទឹក​ទៀត»

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ មាត្រា ២៥៩ និង​មាត្រា ២៦១ ចែង​ថា ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល (.០០០.០០០) ដល់​៥០​លាន​រៀល (៥០.០០០.០០០) និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។