ក្រុមហ៊ុនសម្បទានវៀតណាមព្រមកាត់ដីប៉ះពាល់ឲ្យពលរដ្ឋជិត២ពាន់ហិកតារ
2014.03.31

ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ លំផាត់ (Hoang Ann Lumphat) បានព្រមព្រៀងកាត់ចេញផ្ទៃដីមានផលប៉ះពាល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ ខេត្តរតនគិរី ជិត ២ពាន់ហិកតារប្រគល់ឲ្យប្រជាពលរដ្ឋ បន្ទាប់ពីគម្រោងផ្តល់ដីសម្បទាននេះធ្វើឲ្យប្រជាពលរដ្ឋតវ៉ាអស់ជាងបីឆ្នាំកន្លងទៅ។
ប្រជាពលរដ្ឋនៅភូមិចំនួនពីរក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃច័ន្ទ ទី៣១ ខែមីនា ឲ្យដឹងថា អ្នកភូមិបានបញ្ឈប់ការតវ៉ាទាក់ទិនដីត្រៀមបម្រុងដែលក្រុមហ៊ុនបានឈូសឆាយកន្លងទៅនេះ ដោយសារតែដីនោះត្រូវបានភាគីក្រុមហ៊ុនយល់ព្រមកាត់ប្រគល់ឲ្យប្រជាពលរដ្ឋវិញហើយ។
ការប្រគល់ដីនេះ ធ្វើឡើងតាមរយៈអាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃ និងតំណាងក្រុមហ៊ុន។
កាលពីខែកុម្ភៈ កន្លងទៅ ភាគីពាក់ព័ន្ធបានចុះបោះបង្គោលកំណត់ព្រំដីសម្បទានដែលកាត់ចេញដីប្រជាពលរដ្ឋសម្រាប់ទុកត្រៀមបម្រុងធ្វើស្រែចម្ការ ដីវាលចិញ្ចឹមសត្វទីទួលសុវត្ថិភាពនៅគ្រាមានទឹកជំនន់ជាដើម។
ប្រធានភូមិស្រែឈូក លោក ម៉ៃ ចៃ ឲ្យដឹងថា ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ លំផាត់ ទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បទានរបស់ក្រុមហ៊ុនដូនពេញ អាហ្រ្គីកូ (Daun Penh Agrico) បន្ទាប់មកក្រុមហ៊ុននេះបានយល់ព្រមកាត់ដីមានផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន ដើម្បីបញ្ចប់ជម្លោះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន។
លោកបន្តថា កាលពីដើមខែមីនា គ្រឿងចក្រក្រុមហ៊ុនបានឈូសឆាយហួសព្រំដីសម្បទាន ១០០ម៉ែត្រ បន្ទាប់ពីបានវាស់វែងឯកភាពគ្នា ប៉ុន្តែប្រជាពលរដ្ឋបាននាំគ្នានៅបោះបង្គោលនោះឡើងវិញ ហើយមិនមានប្រតិកម្មណាមួយពីភាគីក្រុមហ៊ុនឡើយ៖ «ឥឡូវគេឈប់ហើយៗ។ ដោះស្រាយថា ព្រំប្រទល់ហ្នឹងចុះទៅវាស់វែងទាំងអស់គ្នាហើយនិងសុរិយោដី មានកិច្ចសន្យាព្រមព្រៀងគ្នា ហើយស្នាមមេដៃក្រុមហ៊ុន ហើយនិងអភិបាលស្រុក»។
ក្រសួងបរិស្ថានកាលពីឆ្នាំ២០១១ បានផ្តល់ដីសម្បទានជិត ៩ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់ទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ។ បន្ទាប់មកក្រុមហ៊ុននេះបានឈូសឆាយធ្វើព្រំដីសម្បទានចូលកៀកមកក្បែរភូមិប្រជាពលរដ្ឋហ៊ុមព័ទ្ធយកដីត្រៀមបម្រុងធ្វើស្រែចម្ការ ព្រៃចិញ្ចឹមសត្វ និងទីទួលប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់។
សកម្មភាពឈូសឆាយនេះ ធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់លើកគ្នាទៅបញ្ឈប់មិនឲ្យគ្រឿងចក្របន្តការឈូសឆាយ ក៏ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតឡើងនោះទេ។
អភិបាលស្រុកលំផាត់ ស្តីទី លោក នូ ថេរ កត់សម្គាល់ថា ស្ថិរភាពរស់នៅរបស់អ្នកភូមិបានវិលមករកប្រក្រតីភាពឡើងវិញ បន្ទាប់ពីអ្នកភូមិបានធ្វើការតវ៉ាច្រើនលើកទាក់ទិនសកម្មភាពឈូសឆាយពង្រីកដីសម្បទានរបស់ក្រុមហ៊ុន។
លោកបន្តថា ការប្រគល់ដីជូនប្រជាពលរដ្ឋវិញនេះ ជាផ្នែកមួយបង្ហាញឲ្យឃើញថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍ស្តីពីសម្បទានសេដ្ឋកិច្ច៖ «ការទាមទាររបស់គាត់ ទុកបម្រុងរបស់គាត់តិចជាងហ្នឹងទេ ក៏ប៉ុន្តែការសម្របសម្រួលទៅក្រុមហ៊ុនក៏មិនតឹងតែង អ៊ីចឹងសម្របសម្រួលតាមការចង្អុលរបស់ប្រជាជន គាត់ទារត្រឹមហ្នឹងឲ្យត្រឹមហ្នឹងតែម្តង»។
តំណាងក្រុមហ៊ុន ហ័ង អាញ លំផាត់ លោក ថាច់ ភៀន អះអាងដែរថា ក្រុមហ៊ុនមានចេតនាបញ្ចប់បាតុភាពជាមួយប្រជាពលរដ្ឋដើម្បីធ្វើការអភិវឌ្ឍន៍ដីសម្បទាន។ លោកបញ្ជាក់ដែរថា ការកាត់ដីជូនប្រជាពលរដ្ឋធ្វើឡើងត្រឹមត្រូវជាក់លាក់ មានមន្ត្រីអាជ្ញាធរមូលដ្ឋានចូលរួម៖ «គណៈកម្មការខេត្តយើងគាត់ចុះទៅធ្វើច្បាស់លាស់ណាស់។ បើធ្វើមិនច្បាស់លាស់ វានៅតែមានរឿងអ៊ីចឹង»។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ហៅករណីនេះជាគំរូល្អសម្រាប់ក្រុមហ៊ុនសម្បទានដទៃទៀត ដែលកំពុងមានបញ្ហាប្រឈមផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសក្រុមសហគមន៍ជនជាតិដើមភាគតិច។
លោកចាត់ទុកថា នេះជាទង្វើគោរពសិទ្ធិមនុស្សនិងគោរពច្បាប់ស្តីពីសម្បទានសេដ្ឋកិច្ច៖ «ការដោះស្រាយរបៀបនេះ គឺយើងទទួលបានភាពល្អប្រសើរទាំងអស់គ្នា។ មានន័យថា កាត់បន្ថយជម្លោះ ធ្វើឲ្យក្រុមហ៊ុនមិនមានភាពស្មុគស្មាញផងហើយប្រជាជនសប្បាយចិត្តផង»។
របាយការណ៍អង្កេតរបស់មន្ត្រីអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ជម្លោះរវាងប្រជាពលរដ្ឋសហគមនិងក្រុមហ៊ុនសម្បទានទាក់ទិនផលប៉ះពាល់ប្រជាពលរដ្ឋមានប្រមាណ ២០ករណីមិនទាន់ទទួលបានការដោះស្រាយសមស្របនៅឡើយ៕