ក្រុមប្រជាពលរដ្ឋជាច្រើនរយនាក់មកពីឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រមូលផ្ដុំរួមកម្លាំងគ្នា កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែឧសភា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយឈ្មោះក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូអិលធីឌី ដែលបានចាប់ផ្ដើមចូលទៅធ្វើការដ្ឋាននៅតំបន់នោះ បន្ទាប់ពីក្រុមហ៊ុននោះបានទទួលដីសម្បទានសេដ្ឋកិច្ចប្រមាណ ៦.០០០ហិកតារសម្រាប់ធ្វើដំណាំកសិឧស្សាហកម្មនៅតំបន់ជាយដែនទីនោះមក។
ក្រុមប្រជាពលរដ្ឋជាច្រើនភូមិ បានចោទប្រកាន់ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូអិលធីឌី ថា បានរំលោភទៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋជាច្រើនហិកតារ។
លោក បេត ចន្ធី ជាប្រជាពលរដ្ឋនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែឧសភា ថា អ្នកភូមិរបស់លោកប្រមាណជិត ៣០០នា ក់ បានលើកគ្នាទៅរួមកម្លាំងជាមួយប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនឯកជនមិនឱ្យបន្តធ្វើការដ្ឋានទៀតទេ ដោយសារក្រុមហ៊ុននោះបានរំលោភទៅលើដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនហិកតារ។
លោកបន្តថា ៖ «ប៉ះច្រើន ប៉ះទាំងអស់តំបន់គោកវត្ត។ បើនិយាយរួមទៅ មួយជុំវិញភូមិហើយបែរមកខាងត្បូងភូមិធ្លក។ ខាងខ្ញុំនេះលើកគ្នាទៅសុំមិនឲ្យយក បើនិយាយមិនត្រូវគឺប្រជាពលរដ្ឋបាតុកម្មដេញឱ្យចេញ។ ឥឡូវគេយកកម្លាំងទាងប៉ូលិស ទាំងប៉េអឹមស្អីមកការពារខ្លាចអ្នកស្រុកទៅដេញក្រុមហ៊ុន។ ដេញបានមួយសាហើយ ប្រហែលជា ៣ថ្ងៃ ឥឡូវមកវិញ»។
ចំណែកលោក ភុន វ៉ឹម មេភូមិរំដួលថ្មី ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា អ្នកភូមិរបស់លោកក៏បានលើកគ្នាទៅតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលទើបតែទៅបោះជំរំការដ្ឋាននៅជិតនោះដែរ ៖ «ក្រុមហ៊ុននោះមិនដឹងមកពីណា មកដាក់ប៉ះដីបងប្អូនប្រជាពលរដ្ឋនៅភូមិខ្ញុំហ្នឹងប្រហែលជា ២.០០០ហិកតារដែរ។ វាប៉ះដីភូមិរំដួលចាស់ រំដួលថ្មី ប្រាសាទរំដួល គោកសំរោង និងធ្លក។ បងប្អូនយើងប្រហែលជា ១០០ ទៅ ២០០នាក់ដែរ ទៅអ៊ូអរទៅមិនធ្វើអីគេទេ ឱ្យក្រុមហ៊ុននោះគាត់ចេញពីចំណុចដែលគាត់ដាក់តង់នោះ បងប្អូនគាត់ខឹងណាស់អស់ឆ្នាំងបាយហើយណា!»។
ទោះយ៉ាងណាមិនអាចស្វែងរកការជួបជាមួយតំណាងក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូអិលធីឌី ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះបាននៅឡើយទេ។
អាជ្ញាធរខេត្តឧត្ដរមានជ័យ បានឆ្លើយតបថា គេពុំទាន់បានដឹងពីមូលហេតុនៃការតវ៉ារបស់ប្រជាពលរដ្ឋប្រឆាំងនឹងក្រុមហ៊ុននោះច្បាស់លាស់នៅឡើយទេ។
លោក វ៉ាត ប៉ារ៉ានីន នាយករដ្ឋបាលសាលាខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា នៅតំបន់ដែលក្រុមប្រជាពលរដ្ឋធ្វើការតវ៉ានោះ លោកហាក់ដូចជាពុំទាន់បានដឹងថា មានដីសម្បទានសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុននៅឡើយទេ ហើយលោកកំពុងចាត់ឱ្យមន្ត្រីស្រុកបន្ទាយអំពិល ធ្វើសេចក្ដីរាយការណ៍ជាបន្ទាន់ និងជំហានដំបូង គឺឱ្យមន្ត្រីស្រុកធ្វើការដោះស្រាយ បើសិនជាស្ថានការណ៍តឹងតែង ខេត្តនឹងជួយសម្របសម្រួលទៅតាមស្ថានភាពជាក់ស្ដែងនៅពេលក្រោយ។
លោក វ៉ាត ប៉ារ៉ានីន បន្ថែមថា ៖ «ខ្ញុំអត់ទាន់បានដឹងទេ ពីព្រោះខេត្តឧត្ដរមានជ័យ ដីកន្លែងណាមានសម្បទានសេដ្ឋកិច្ចអីហ្នឹង គឺខ្ញុំក្ដាប់បានជុំ។ ឥឡូវនេះខ្ញុំសូមនិយាយមួយម៉ាត់ឱ្យខ្លីថា កំពុងស្រាវជ្រាវ ព្រោះខ្ញុំទើបនឹងដឹងដំណឹងមុនហ្នឹង ៥នាទីដែរហ្នឹង។ ខ្ញុំកំពុងឱ្យអភិបាលរងស្រុកម្នាក់ លោក ហ៊ីង ហឿន ទៅស្រាវជ្រាវហើយ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា តាមឯកសារដែលគេទើបទទួលបាន គឺក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ខូអិលធីឌី បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦.០០០ហិកតារនៅតំបន់ជាប់ព្រំដែនទីនោះ ដើម្បីដាំដំណាំកសិឧស្សាហកម្មក្នុងរយៈពេល ៩៩ឆ្នាំ ដោយនៅក្នុងនោះតម្រូវឱ្យក្រុមហ៊ុនយកតែដីព្រៃរេចរឹលប៉ុណ្ណោះ មិនធ្វើឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋណាឡើយ៕